Advertisement
Advertisement
Advertisement

ព័ត៌មាន​សំខាន់ៗ ពី «សេដ្ឋកិច្ច​សាកល ព្រឹកនេះ» - ០៤/០២/២០២១ (មានវីដេអូ)


វិវឌ្ឍន៍ថ្មីៗ​ជុំវិញ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា; ក្រុមហ៊ុន​ធំៗ​ផ្អាក​គម្រោង​វិនិយោគ​នៅមីយ៉ាន់ម៉ា; នៅកម្ពុជាវិញ ការចរចា​ FTA ជាមួយ​កូរ៉េខាងត្បូង​ចេញ​ផ្លែផ្កា​ហើយ; កសិដ្ឋាន​មួយ​គ្រោង​នាំចេញ​ត្រីនាគ​និងត្រីលម្អទៅប្រទេសចិន; និង​ព័ត៌មានសំខាន់ៗជាច្រើនទៀត ។
ដោយ
ព្រឹត្តិការណ៍រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា

ព្រឹត្តិការណ៍រដ្ឋប្រហារនៅមីយ៉ាន់ម៉ា - ប្រទេសមហាអំណាចនិងប្រទេសក្នុងតំបន់ណាខ្លះបានប្រតិកម្មតវ៉ាចំពោះការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា?

សហរដ្ឋអាមេរិក - កាលពីថ្ងៃទី២ កុម្ភៈ សារព័ត៌មានជប៉ុនបានដកស្រង់សំដីរបស់លោក Joe Biden ប្រធានាធិបតីទើបចូលកាន់តំណែងថ្មីនៅអាមេរិក ដែលបានថ្លែងថា សហរដ្ឋអាមេរិកថ្កោលទោសយ៉ាងខ្លាំងលើការធ្វើរដ្ឋប្រហារយោធានៅភូមា ដែលជាការក្តិចត្រួយលទ្ធិប្រជាធិបតេយ្យ ដែលទើបនឹងរីកឡើងកាលពីខែវិច្ឆិកាឆ្នាំ២០២០ ក្រោមសំឡេងឆ្នោតរបស់ពលរដ្ឋភូមារាប់លាននាក់ ។ 

អាមេរិកបានអំពាវនាវឲ្យមជ្ឈដ្ឋានអន្តរជាតិនានា និងជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ីក្បែរខាងមីយ៉ាន់ម៉ា ឲ្យរួមជាសម្លេង ដាក់សម្ពាធឲ្យយោធាមីយ៉ាន់ម៉ាប្រគល់អំណាច និងដោះលែងមន្ត្រីធំៗរបស់បក្សប្រជាធិបតេយ្យមីយ៉ាន់ម៉ា រួមទាំងលោកស្រី Aung San Sun Kyi ដែលពួកយោធាបានចាប់បង្ខាំងទុកតាំងពីព្រឹកថ្ងៃចន្ទ។

ទស្សនាវីដេអូ កម្មវិធី «សេដ្ឋកិច្ច​សាកល ព្រឹកនេះ» ថ្ងៃទី4/02/2021

ចិន - ប្រទេសចិនដែលជារឿយៗត្រូវបានគេសង្កេតឃើញថា មានភាពស្និទ្ធស្នាលនឹងពួកយោធាភូមា នៅមិនទាន់មានប្រតិកម្មអ្វីឡើយជុំវិញរដ្ឋប្រហារនៅមីយ៉ាន់ម៉ាលើកនេះ ។ 

ប្រការនេះត្រូវបានសហរដ្ឋអាមេរិកមើលឃើញថា ធ្វើឲ្យមីយ៉ាន់ម៉ាឃ្លាតឆ្ងាយពីសហគមន៍អន្តរជាតិ ហើយបែរទៅមានភាពស្និទ្ធស្នាលនឹងចិន ដែលប្រកាន់របបកុម្មុយនិស្តថែមទៀត។ 

ទោះយ៉ាងណា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបទៅនឹងការលើកឡើងរបស់អាមេរិកថា៖«រាល់សកម្មភាពណាក៏ដោយ សហគមន៍អន្តរជាតិបានអនុវត្តគួរតែធ្វើយ៉ាងណា ចៀសវាងបង្កើនកំដៅដល់ជម្លោះនិងធ្វើឲ្យស្ថានភាពនៅមីយ៉ាន់ម៉ាកាន់តែស្មុគស្មាញ»។ 

យ៉ាងណាក៏ដោយចុះ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ មិនបាន ថ្លែងថ្កោលទោសឲ្យចំៗ ទៅលើការធ្វើរដ្ឋប្រហារយោធានេះទេ ដោយលោកលើកឡើងថា ចិនកំពុងតែសង្កេតតាមដាន ដើម្បីស្វែងយល់ស្ថានការណ៍នយោបាយ នៅភូមាឲ្យបានច្បាស់។ 

អាស៊ាន - កាលពីថ្ងៃចន្ទទី១កុម្ភៈ ភ្លាមៗ ក្រោយពេលរដ្ឋប្រហារកើតឡើង ក្រសួងការបរទេស ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី បានចេញសេចក្តីថ្លែងការណ៍ទទួចឲ្យភាគគីជម្លោះទាំង២នៅភូមា ស្វែងរកដំណោះស្រាយនយោបាយតាមរយៈការចរចាគ្នា និងដោះស្រាយដោយសន្តិវិធី។ 

ផ្ទុយពីនេះ រដ្ឋាភិបាលថៃរបស់លោក Prayut Chan-o-Cha ហាក់ព្យាយាមនៅឆ្ងាយពីស្ថានការណ៍នេះ ដោយមិនចង់សំដែងការយល់ឃើញអ្វីច្រើន ពាក់ព័ន្ធក្នុងបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ានោះទេ ព្រោះស្ថានការណ៍នយោបាយនៅក្នុងប្រទេសរបស់ខ្លួនក៏មិនមានស្ថេរភាពប៉ុន្មានដែរ។ លោក Prayut ថែមទាំងបានផ្តាំទៅអ្នកសារព័ត៌មានឲ្យចុះផ្សាយឲ្យបានត្រឹមត្រូវចៀសវាង ប៉ះពាល់ដល់ទំនាក់ទំនងរវាងថៃនិងមីយ៉ាន់ម៉ា។ 

មិនខុសគ្នាពីរដ្ឋាភិបាលថៃប៉ុន្មានទេ នៅចំពោះមុខរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានថ្លែងក្នុងពីធី បើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន កាលពីថ្ងៃចន្ទទី១កុម្ភៈថា កម្ពុជានឹងមិនធ្វើការអត្ថាធិប្បាយអំពីបញ្ហាផ្ទៃក្នុងរបស់ប្រទេសណាមួយនោះទេ ៕


ក្រុមហ៊ុនធំៗ​ចាប់​ផ្ដើម​ផ្អាក​គម្រោង​វិនិយោគ​នៅ​មីយ៉ាន់ម៉ា ក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ

ក្រុមហ៊ុន​អភិវឌ្ឍ​ឧស្សាហកម្ម​អចលនទ្រព្យ​ដ៏ធំបំផុត​មួយ​របស់​ថៃ បាន​សម្រេច​ផ្អាក​ការងារ​អភិវឌ្ឍន៍​របស់​ខ្លួន​នូវ​គម្រោង​វិនិយោគ​តម្លៃ ១​ពាន់​លាន​ដុល្លារ​នៅ​មីយ៉ាន់ម៉ា ដោយសារតែ​ព្រួយ​បារម្ភ​ថា ការធ្វើរដ្ឋប្រហារដោយយោធា​នៅ​ក្នុង​ប្រទេស​នេះ រួមទាំង​ការដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ អាចនឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​រត់​ចេញ​ពី​ប្រទេស​នេះ។ នេះបើតាម​ការផ្សាយ​ដោយ​សារព័ត៌មាន​ជប៉ុន Nikkei ។

ក្រុមហ៊ុន Amata បានចាប់ផ្ដើមអភិវឌ្ឍសាងសង់លើផ្ទៃប្រមាណ ៨០ហិកតា ក្នុងតំបន់ឧស្សាហកម្មចម្រុះ នៅក្រៅទីក្រុងយ៉ាំងហ្គន នៅក្នុងខែធ្នូ ដោយជំហានដំបូងនេះបានចាយទុនអស់ប្រមាណ ៤លានដុល្លារអាមេរិករួចហើយដែរ ប៉ុន្ដែ ការអភិវឌ្ឍ រួមទាំងរោងចក្រថាមពល នឹងត្រូវផ្អាកដំណើរការសិន។ នេះបើតាមការបញ្ជាក់របស់នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Amata។ 

ការប្រកាសរបស់ក្រុមហ៊ុនថៃខាងលើនេះ គឺជាសញ្ញាមួយនៃផលប៉ះពាល់ ដែលបណ្ដាលមកពីការធ្វើរដ្ឋប្រហារដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលវាអាចនឹងធ្វើឲ្យសកម្មភាពអាជីវកម្មនឹងកាន់តែស្ងប់ស្ងាត់ថែមទៀត។

នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ថៃដដែលនេះ បានគូសបញ្ជាក់ទៀតថា «យើង និងអតិថិជនរបស់យើងមានការព្រួយបារម្ភពីលទ្ធភាព នៃការធ្វើពហិការ ក៏ដូចជាដាក់ទណ្ឌកម្មពីប្រទេសលោកខាងលើលិចមើលមីយ៉ាន់ម៉ា»។ លោកបន្ថែមថា «ការដាក់ទណ្ឌកម្មនេះ វាទំនងជាអាចកើតឡើងមែន ពិសេសពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ហើយបើវាពិតជាកើតឡើងមែននោះ ការវិនិយោគថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា ពិតប្រាកដណាស់នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ»។ 

ទោះយ៉ាងណា តំណាងក្រុមហ៊ុនថៃ Amata លើកឡើងថា ក្រុមហ៊ុនមិនមានជម្រើសអ្វីទេ ក្រៅតែពីការរង់ចាំមើល ពីស្ថានការវិវឌ្ឍបន្ដទៀត។

តាមការរាយការណ៍ ក៏មានក្រុមហ៊ុនអន្តរជាតិមួយចំនួនផ្សេងទៀត ក៏បានផ្អាកប្រតិបត្តិការរបស់ខ្លួនដែរ ដោយសារតែមានការធ្វើរដ្ឋប្រហារយោធាកើតឡើង ខណៈដែលផ្សារមូលបត្រនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏មានការបង្អាក់ខកខានជួញដូរផងដែរ ៕


យោធាមីយ៉ាន់ម៉ា​បើក​ព្រលានយន្តហោះឡើងវិញ

មីយ៉ាន់ម៉ា៖ យោធា​បើក​ព្រលានយន្តហោះ​ឡើង​វិញ​ហើយ​ក្រោយ​បិទ​អស់​២​ថ្ងៃ

ក្រោយផ្អាកដំណើរការអាកាសយានដ្ឋានអន្តរជាតិធំជាងគេក្នុងទីក្រុងយាំងហ្គនអស់ពេល២ថ្ងៃ អាកាសចរណ៍ជាតិមីយ៉ាន់ម៉ាបានសម្រេចឲ្យបើកដំណើរការឡើងវិញចាប់ពីថ្ងៃ ព្រហស្បតិ៍ទី៤កុម្ភៈតទៅ។ នេះបើតាមការជូនដំណឹងរបស់អាកាសចរណ៍ជាតិមីយ៉ាន់ម៉ា។

ដំបូងឡើយនៅល្ងាចថ្ងៃទី៣កុម្ភៈ ថ្នាក់ដឹកនាំអាកាសចរណ៍ជាតិមីយ៉ាន់បានប្រកាសថា ខ្លួននឹងផ្អាកជើងអស់ហើរទាំងអស់រហូតដល់ចុងខែឧសភាឆ្នាំ២០២១។ តែក្រោយមកអាកាសចរណ៍ជាតិមីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសព័ត៌មានវិញថា ខ្លួននឹងបើកឲ្យមានជើងហោះហើរធម្មតាវិញចាប់ពីថ្ងៃទី៤កុម្ភៈនេះតទៅ។

សេចក្តីប្រកាសព័ត៌មាននោះបានរៀបរាប់ថា៖«យើងសូមជូនដំណឹងដល់អ្នកដំណើររបស់យើងថាជើងហោះហើរក្នុងស្រុក និងអន្តរជាតិ នឹងចាប់ផ្តើមឡើងវិញតាមការគ្រោងទុកនៅថ្ងៃទី៤ ខែកុម្ភៈឆ្នាំ ២០២១ ដើម្បីភាពងាយស្រួលដល់អ្នកដំណើរក្នុងអំឡុងពេលរាតត្បាត Covid-19នេះ»។

ជុំវិញការបិទព្រលានយន្តហោះនេះ ត្រូវបានគេមើលឃើញថា ជាការដាក់បញ្ជាពីយោធាមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារលើរដ្ឋាភិបាលលោកស្រី Aung San Su Kyi កាលពីព្រឹកថ្ងៃច័ន្ទ ទី១កុម្ភៈ។ ទន្ទឹមនឹងនេះ ការបញ្ជាឲ្យបើកព្រលានយន្តហោះវិញនេះដែរ ត្រូវបានគេជឿថា ទំនងជាពួកយោធាមើលឃើញពីផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចមីយ៉ាន់ម៉ា ដែលកំពុងសង្កត់សង្កិនរួចស្រេចហើយពីកូវីដ១៩៕


អាជ្ញាធរ​ចិន​បង្ក្រាប​និង​រឹបអូស​បាន​វ៉ាក់សាំង​កូវីដ-១៩​ក្លែង​ក្លាយ​ជាង ៣​ពាន់​ដូស

ប៉ូលីសចិនបានឃាត់ខ្លួនមនុស្សជាង ៨០ នាក់ និងរឹបអូសបានវ៉ាក់សាំងកូវីដ-១៩ ក្លែងក្លាយ ចំនួនជាង៣ពាន់ដូស ដែលនេះជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មវ៉ាក់សាំងក្លែងក្លាយរបស់ចិន។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua ដែលបានចុះផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ។ 

វ៉ាក់សាំងក្លែងក្លាយសរុបទាំង៣ពាន់ដូសនេះ ត្រូវបានអាជ្ញាធររឹបអូសបានពីតំបន់ជាច្រើនក្នុងប្រទេសចិនរួមមាន ទីក្រុងប៉េកាំង ស៊ាងហៃ និងខេត្តសានទុងភាគខាងកើត។ 

អាជ្ញាធរចិនបានឲ្យដឹងដែរថា ជនខិលខូចបានផលិត និងលក់ វ៉ាក់សាំងក្លែងក្លាយនេះ តាំងពីខែកញ្ញាឆ្នាំ២០២០មកម្ល៉េះ ដោយទទួលបានចំណូលយ៉ាងសម្បើមរួចមកហើយ ដោយសារតែតម្រូវការវ៉ាក់សាំងក្នុងទីផ្សារងងឹតមានការហក់ឡើងខ្លាំង។ 

ទោះយ៉ាងណា សារព័ត៌មាន Xinhua មិនបានបញ្ជាក់លំអិតទេ ថា មានវ៉ាក់សាំងក្លែងក្លាយចំនួនប៉ុន្មាន ត្រូវបានលក់ចែកចាយទៅក្រៅប្រទេសរួចហើយ ហើយថាតើ ក្រុមឈ្មួញទុច្ចរិតបានចំណូលប៉ុន្មាន អំពីរបររកស៊ីនេះ ដោយគ្រាន់តែបញ្ជាក់ថា ពួកឈ្មួញបានលក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក្លែងក្លាយនេះ ក្នុងតម្លៃមួយខ្ពស់។ បើតាមចម្លើយសារភាព ជនល្មើសបានយកទឹកអំបិលចាក់បញ្ចូលក្នុងដបបន្លំដូចជាវ៉ាក់សាំងរួចបញ្ចូនទៅលក់នៅក្រៅប្រទេស។

គួរជម្រាបជូនដែរថា អាជ្ញាធរសុខាភិបាលចិន បានសម្រេចផ្តល់អាជ្ញាបណ្ណ តែទៅលើវ៉ាក់សាំងប្រឆាំងកូវីដ-១៩ តែ២ប្រភេទប៉ុណ្ណោះ ជាវ៉ាក់សាំងផលិតដោយមន្ទីរពិសោធន៍ចិន ដែលវ៉ាក់សាំងទាំង២ប្រភេទនោះរួមាន Sinopharm និង Sinovac៕


កិច្ចចរចា​ FTA កម្ពុជា​-កូរ៉េ​ ចេញ​ជាផ្លែផ្កា​ហើយ

FTA កម្ពុជា-កូរ៉េ បិទ​បញ្ចប់​ការចរចា​ជាស្ថាពរ ខណៈអ្នក​ជំនាញ​រំពឹង​ខ្ពស់​សម្រាប់​ទីផ្សារ​នាំចេញ 

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាកូរ៉េត្រូវបានភាគីទាំងពីរ ប្រកាសបិទបញ្ចប់ការចរចាជាស្ថាពរហើយ នៅព្រឹកថ្ងៃទី៣កុម្ភៈឆ្នាំ២០២១ ខណៈដែលអ្នកជំនាញបានរំពឹងខ្ពស់ចំពោះអត្ថប្រយោជន៍ដែលនឹងទទួលបានពីកិច្ចព្រមព្រៀងនេះ។ 

ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ៣ ខែកុម្ភៈ បានប្រកាសពីការបិទបញ្ចាប់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ជាស្ថាព័រហើយ ការការប្រកាសនេះ គឺធ្វើឡើង តាមរយៈប្រព័ន្ធវីដេអូ ក្រោមវត្តមានឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកស្រី យ៉ូ យ៉ុង ហេ រដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសកូរ៉េខាងត្បូង។ 

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េ នឹងផ្តល់ផលចំណេញដល់ការនាំចេញរបស់កម្ពុជាជារួម ដូចជា សំលៀកបំពាក់ កាបូប ស្បែកជើង សម្ភារៈធ្វើដំណើរ ជាដើម។ លោកឧកញ៉ាបានសង្កត់ធ្ងន់ថា អ្វីដែលកម្ពុជាចំណេញច្រើនជាងនេះទៀតគឺ ផលិតផលកសិកម្មដែលកំពុងមានសក្តានុពលដូចជា ស្វាយកែវរមៀត ចេក និងតាង៉ែន ដែលសុទ្ធសឹងតែមានទីផ្សារល្អនៅប្រទេសកូរ៉េ។  

ទោះយ៉ាងណា កម្ពុជាក៏ត្រូវតែផ្តោតលើការផលិតទំនិញ ដែលមានសក្តានុពលរបស់ខ្លូន ឲ្យស្របតាមស្តង់ដារសុវត្ថិភាព ដើម្បីងាយស្រួលប្រកួតប្រជែងទីផ្សារនិងតម្លៃផងដែរ។ 

កន្លងមកក្រសួងពាណិជ្ជកម្មកម្ពុជាធ្លាប់បានសំដែងក្តីរំពឹងខ្ពស់ដែរថា ក្រោយបញ្ចប់ការចរចារចរន្តពាណិជ្ជកម្មនិងស្ថានភាពទីផ្សារសំរាប់ទំនិញរវាងប្រទេសទាំងពីរនឹងបានកាន់តែប្រសើរជាងមុន ហើយកម្ពុជារំពឹងថានឹងអាចបង្កើនការនាំចេញទៅកូរ៉េដូចជា កសិផល, ផលិតផលកសិកម្មកែច្នៃ, សត្វរស់, វាយនភ័ណ្ឌសំលៀកបំពាក់, និងគ្រឿងបង្គុំផ្សេងៗទៀត៕


ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ធ្លាក់ចុះ២៣%

នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសថៃ សម្រេចបានជាងត្រឹមតែជាង ៧ពាន់លានដុល្លារប៉ុណ្ណោះ រអិលធ្លាក់ចុះ២៣% ធៀបនឹងឆ្នាំ២០១៩ ដែលធ្លាប់មានដល់ទៅជាង ៩ពាន់លានដុល្លារ។ នេះបើតាមតួលេខពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលខេមបូណូមីសទទួលបាននៅថ្ងៃទី ០៣ ខែកុម្ភៈ។ ការនាំចេញនាំចូលរវាងប្រទេសទាំងពីរ មានការធ្លាក់ចុះនេះ ត្រូវបានអ្នកជំនាញមើលឃើញថា ដោយសារតែរងនូវឥទ្ធពលអាក្រក់នៃវិបត្តិកូវីដ-១៩ ដែលកំពុងបន្ដយាយីពិភពលោកនៅឡើយ។

តាមរបាយការណ៍ បានឲ្យដឹងទៀតថា សម្រាប់ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសថៃ មានតម្លៃប្រមាណជាង ១ពាន់លានដុល្លារប៉ុណ្ណោះ ដែលមានការធ្លាក់ចុះដល់ទៅ ៤៩% ធៀបនឹងឆ្នាំ២០១៩ ខណៈដែលការនាំចូលពីប្រទេសថៃមកវិញ មានជាង៦ពាន់លានដុល្លារធ្លាក់ចុះ ១៥%។ តាមតួលេខ សបញ្ជាក់ឲ្យឃើញថា កម្ពុជាមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយថៃដល់ទៅ ជិត៥ពាន់លានដុល្លារអាមេរិក ។

មុខទំនិញដែលកម្ពុជានាំចេញទៅទីផ្សារថៃ ភាគច្រើនជាផលិតផលកសិកម្ម ខណៈដែលផលិតផលនាំចូលពីប្រទេសថៃមកវិញមានដូចជា រថយន្ដ ប្រេងឥន្ធនៈ ជីកសិកម្ម ផលិតផលចំណីអាហារ និងគ្រឿងថែសម្រស់ជាដើម។

ដោយឡែក ទាក់ទងនឹងការវិនិយោគវិញ គិតត្រឹមត្រីមាសទី ៣ ឆ្នាំ២០២០ ទឹកប្រាក់នៃការវិនិយោគពីប្រទេសថៃមកកាន់កម្ពុជា មានតម្លៃប្រមាណជាង ៦លានសែនដុល្លារអាមេរិក កើនឡើង៣២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមានតម្លៃជិត៥ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យកត់ត្រាដោយធនាគារជាតិរបស់ថៃ ៕


អាកាសចរណ៍​វៀតណាម ធ្លាក់​ចុះ​ប្រាក់​ចំណេញ ៧៩%

ក្រុមហ៊ុនសាជីវកម្មអាកាសចរណ៍របស់វៀតណាម ដែលប្រតិបត្តិការអាកាសយានដ្ឋានស៊ីវិលចំនួន ២២ នៅក្នុងប្រទេសវៀតណាមនោះ បានបង្ហាញពីរបាយការណ៍ធ្លាក់ចុះប្រាក់ចំណេញសុទ្ធនៅឆ្នាំ២០២០ ដល់ទៅ ៧៩% ពោលគឺទំហំប្រាក់ចំណេញមានមកនៅត្រឹមតែប្រមាណ ៧៤លានដុល្លារអាមេរិកប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម។

ឧស្សាហកម្មអាកាសចរណ៍របស់វៀតណាម ត្រូវបានស្ថាប័នជំនាញរបស់វៀតណាមគឺ SSI Securities Corporation រំពឹងថានៅឆ្នាំ២០២១ នឹងអាចងើបឡើងវិញ ដោយសារតែមានវ៉ាក់សាំងកូវីដ-១៩។ ស្ថាប័នដដែលនេះ បានរំពឹងទុកទៀតថា ប្រាក់ចំណេញសុទ្ធរបស់សាជីវកម្មអាកាសយានដ្ឋានរបស់វៀតណាម អាចនឹងកើនឡើងដល់ទៅ ១៧០% ជាមួយនឹងទំហំទឹកប្រាក់ប្រមាណ ២០០លានដុល្លារអាមេរិក។ ក៏មានស្ថាប័នផ្សេងទៀតដែរ បានព្យាករពីកំណើនប្រាក់ចំណេញសុទ្ធរបស់សាជីវកម្មអាកាសយានដ្ឋានវៀតណាម ថាអាចនឹងមានកំណើនជាមធ្យម ២៤% ចាប់ពីឆ្នាំ២០២៦ ដល់២០៣៥។

នៅឆ្នាំ២០២០ វៀតណាមទទួលបានអ្នកដំណើរតាមផ្លូវអាកាសសរុប ៦៦លាននាក់ ធ្លាក់ចុះ៤៣% ធៀបនឹងឆ្នាំ២០១៩ ដោយសារតែរងផលប៉ះពាល់ដោយសារកូវីដ-១៩ និងបញ្ហាអាកាសធាតុមិនអំណោយផល៕


នាគ​និង​ត្រីលម្អ​ជាង​៤០០​ប្រភេទ​កំពុង​រង់ចាំ​អាជ្ញាបណ្ណ​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង

កសិដ្ឋានចិញ្ចឹមត្រីលម្អមួយ​កន្លែង ដែលមានចិញ្ចឹមត្រីនាគ បបែល និងត្រីរាប់រយប្រភេទទៀត ដោយតម្លៃត្រីនៅក្នុងកសិដ្ឋាននេះ គឺមិនធម្មតាទេ ដោយវាអាចលក់បានខ្ទង់រយដុល្លារ ដល់ម៉ឺនដុល្លារក្នុងមួយក្បាលក៏មានដែរ។ ហើយកសិដ្ឋានមួយនេះ ក៏កំពុងរង់ចាំអាជ្ញាបណ្ណពីរាជរដ្ឋាភិបាល ដើម្បីធ្វើការនាំចេញត្រីទៅលក់នៅក្រៅប្រទេសផងដែរ ។ (មាន​សេចក្ដីរាយការណ៍​វីដេអូ នៅលើ ខេមបូណូមីស) ៕




ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ