ចិននិងអាមេរិក

ចិននិងអាមេរិកប្រជែងគ្នាផ្តល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងដល់ប្រទេសនៅអាស៊ាន កំពុងក្លាយជានយោបាយការទូតវ៉ាក់សាំងដំណាក់កាលថ្មីមួយ


នយោបាយការទូតវ៉ាក់សាំងដែលអនុវត្តដោយមហាអំណាចគូប្រជែងទាំងពីរគឺចិន និងសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា បានឈានចូលដល់ដំណាក់កាលថ្មីមួយទៀត ខណៈដែលក្រុមហ៊ុនផលិតវ៉ាក់សាំង របស់ពួកគេបានបញ្ជូនបច្ចេកវិទ្យាដល់ ប្រទេសនៅអាស៊ីអាគ្នេយ៍ ដើម្បីចាប់ផ្តើមផលិតវ៉ាក់សាំងដោយខ្លួនឯងនៅក្នុងស្រុកផ្ទាល់តែម្តង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
មហាអំណាចគូប្រជែងទាំងពីរគឺចិន និងសហរដ្ឋអាមេរិក អំពីរឿង ក្រុមហ៊ុនផលិតវ៉ាក់សាំង កូវីដ១៩
ដោយ

ប្រទេស​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ស្វាគមន៍​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ ព្រោះ​វា​បាន​ផ្តល់​នូវ​ការ​ជំរុញ​កាន់តែ​ធំ​ធែ​ង ដល់​ឧស្សាហកម្ម​ឱសថ​នៅ​ក្នុង​តំបន់ និង​បង្កើត​ការងារ​បាន​ច្រើន​សម្រាប់​ប្រជាជន ជា​ជាង​ការ​ដែល​ត្រូវ​រង់ចាំ​ទទួល​វ៉ាក់សាំង​ដែល​ដឹក​ជញ្ជូន​មក​ស្រាប់​។

គួរ​កត់​សម្គាល់ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ខ្លះ​ថែម​ទាំង​បាន​ចាប់ផ្តើម​ធ្វើតេស្ត​សាកល្បង​វ៉ាក់សាំង នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​រួច​ហើយ​ដែរ ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ នៅ​ក្នុង​ប្រទេស​ដែល​ពួក​គេ​ផលិត​។

ជាក់ស្តែង ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​ឥណ្ឌូ​នេ​ស៊ី ឈ្មោះ អ៊ី​តា​ណា (Etana Biotechnologies) នឹង​ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​ប្រភេទ mRNA ដែល​ជា​ប្រភេទ​ដូច​គ្នា​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Pfizer និង Moderna​។ នេះ​បើ​តាម​ការ​ប្រកាស​ដោយ​អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី កាលពី​ខែ​មុន​នេះ​។

គួរ​បញ្ជាក់​ថា​ក្រុមហ៊ុន ឥណ្ឌូ​នេ​ស៊ី​ខាងលើ​នេះ ក៏​ទទួល​បាន​ជំនួយ​ផ្នែក​បច្ចេកទេស​ផលិត ពី​ក្រុមហ៊ុន​ផលិត​ឱសថ​របស់​ចិន​ឈ្មោះ Walvax Biotechnology​ផង​ដែរ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​ឥណ្ឌូ​នេ​ស៊ី​កំពុងធ្វើការ​សាកល្បង​វ៉ាក់សាំង​ក្នុង​មន្ទីរពិសោធន៍​ក្នុង​ដំណាក់កាល​ទី​៣​។ ក្រោយ​បញ្ចប់​ការ​ពិសោធ និង​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ ក្រុមហ៊ុន​គម្រោង​ផលិត​ថ្នាំ​វ៉ាក់សាំង​ចំនួន ៧០​លាន​ដូ​ស​ជា​រៀង​រាល់​ឆ្នាំ​។

ដោយឡែក បើ​យើង​សង្កេត​មើលទៅ​ឃើញ​ថា តំបន់​អាស៊ាន គឺជា​បេះដូង​នៃ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ទាំងមូល ហើយ​បច្ចុប្បន្ន​តំបន់​នៃ​សមាជិក​ប្រទេស​ទាំង​១០​នេះ បាន​លេចមុខ​លេច​មាត់​ជាងគេ សម្រាប់​ការ​អនុវត្ត​នយោបាយ​ការទូត​វ៉ាក់សាំង របស់​មហាអំណាច​ចិន និង​អា​មេ​រិ​ក​។ ប្រទេស​ចិន​បាន​ផ្តល់​វ៉ាក់សាំង​សរុប​ប្រមាណ​១៩០​លាន​ដូ​ស​ហើយ ដល់​ប្រទេស​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​ហៅ​កាត់​ថា​អាស៊ាន គិត​ត្រឹម​ពាក់កណ្តាល​ខែកញ្ញា​ឆ្នាំ​នេះ​។

ស្រប​ពេល​ដែល​ក្រុង​ប៉េ​កាំ​ង បាន​និង​កំពុង​បន្ត​ផ្តល់ ទាំង​បច្ចេកទេស​ផលិត និង​ទាំង​ថ្នាំ​វ៉ាក់សាំង​ដល់​តំបន់​អាស៊ាន​កាន់តែ​ច្រើន​ឡើង​ៗ សហរដ្ឋអាមេរិក​ឯណោះ​វិញ ក៏​បាន​ចាប់ផ្តើម​អនុវត្ត​នយោបាយ​ការទូត​វ៉ាក់សាំង​របស់​ខ្លួន​ផង​ដែរ​។

ជាក់ស្តែង​កាលពី​ស​ប្តា​ហ៍​មុន ក្រុមហ៊ុន Dynavax Technologies ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ការ​អភិវឌ្ឍ​វ៉ាក់សាំង​ជាមួយ​ក្រុមហ៊ុន Bio Farma ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​។

គួរ​ជម្រាប​ថា មិនមែន​តែ​ឥណ្ឌូ​នេ​ស៊ី​មួយ​ទេ​ដែល​ជា​គោលដៅ​ក្នុង​ការ​ផ្តល់​បច្ចេកទេស និង​សហការ​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១៩​នេះ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ក្រុមហ៊ុន​អា​មេ​រិ​ក​ដទៃ​ទៀត​បាន​និង​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន Vingroup របស់​វៀតណាម​ដើម្បី​ផលិត​វ៉ាក់សាំង​នៅ​ក្នុងស្រុក​ដូច​គ្នា ហើយ​ដែល​បច្ចុប្បន្ន​បាន​ដំណើរការ​សាកល្បង​ដល់​ដំណាក់កាល​ទី​២​ហើយ​។

Vingroup មាន​បំណង​ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​នៅ​រោងចក្រ​ថ្មី​មួយ​ក្នុង​ទីក្រុង​ហាណូយ​នៅ​ដើមឆ្នាំ ២០២២​ខាង​មុខ ដែល​នឹង​អាច​ផលិត​បាន​ដល់ ២០០​លាន​ដូ​ស​ក្នុង​មួយ​ឆ្នាំ​។

សូម​ជម្រាប​ថា ក្នុង​ចំណោម​ប្រទេស​ទាំងអស់​ដែល​ទទួល​បាន​កិច្ចសហការ​ផលិត​វ៉ាក់សាំង មាន​តែ​ប្រទេស​ថៃ​មួយ​ទេ ដែល​បច្ចុប្បន្ន​បាន​ផលិត​ចេញ​ជា​រូបរាង​ជា​ស្ថាពរ និង​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ហើយ​ដែរ​។ នោះ​គឺ​វ៉ាក់សាំង AstraZeneca ដែល​ទទួល​បាន​សិទ្ធិ​ផលិត​ក្នុង​ប្រទេស​ថៃ ដោយ​ក្រុមហ៊ុន ស្យាម​បាយ​អូ​សាយ​អ៊ិ​ន (Siam Bioscience)​។

សូម​រំឭក​បន្ដិច​ថា បុរស​រដ្ឋ​ខ្លាំង​របស់​ចិន លោក​ស៊ី ជី​ន​ពីង ក៏​ធ្លាប់​បាន​អះអាង​ក្ដែ​ង​ៗ​នា​ពេល​ថ្មី​ៗ​នេះ​ដែរ​ថា ប្រទេស​ចិន​នឹង​ពុះពារ​ធ្វើ​យ៉ាងណា​ជំរុញ​ការ​បរិច្ចាគ​វ៉ាក់សាំង​កូ​វី​ដ​១៩ ឲ្យ​បាន​ដល់​ចំនួន ២ ពាន់​លាន​ដូ​ស ទៅ​ឲ្យ​ប្រទេស​នានា ខណៈ​ដែល​ប្រធានាធិបតី​ចិន​រូប​នេះ ក៏​ធ្លាប់​បាន​ប្រកាស​នឹង​ចូលរួម​បរិ​ច្ចាក​គ​ទឹកប្រាក់ ១០០​លាន​ដុល្លារ ទៅ​ឲ្យ​កម្មវិធី​កូ​វ៉ា​ក់ របស់​អង្គការ​សុខភាព​ពិភពលោក​ផង​ដែរ​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយ​ទូរទស្សន៍​រដ្ឋ​របស់​ចិន CCTV​។

ដោយឡែក សហរដ្ឋអាមេរិក​វិញ ក៏​មិន​ឲ្យ​ចាញ់​ចិន​ប៉ុន្មាន​ដែរ ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក​ថ្មី​ៗ​នេះ ក៏​បាន​ប្រកាស​ថា នឹង​ទិញ​វ៉ាក់សាំង Pfizer/BioNtech ចំនួន ៥០០​លាន​ដូ​ស​បន្ថែម​ទៀត ដើម្បី​បរិច្ចាគ​ទៅ​ឲ្យ​ប្រទេស​ក្រីក្រ តាម​រយៈ​យន្ដការ​កូ​វ៉ា​ក់ ហើយ​បើ​គិត​មក​ទល់​ថ្ងៃ​ទី ២២ ខែកញ្ញា​អា​មេ​រិ​កបាន​សន្យា​នឹង​ផ្ដល់​វ៉ាក់សាំង​ជាង ១១០០​លាន​ដូ​ស​ហើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនប្រកាសថារាល់ប្រតិបត្តិការនៃរូបិយវត្ថុអេឡិចត្រូនិកគឺជាអំពើខុសច្បាប់

ព័ត៌មាន
ធនាគារកណ្តាលចិន បានប្រកាសថា រាល់ប្រតិបត្តិការនៃរូបិយវត្ថុអេឡិចត្រូនិក គឺជាអំពើខុសច្បាប់ ដោយបានហាមឃាត់ទៅលើ ការចាយវាយ និងប្រើប្រាស់សេវា…

វិធានការណ៍បិទខ្ទប់នៅប្រទេសតំបន់អាស៊ីអាគ្នេយ៍ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់ខ្សែចង្វាក់ផ្គត់ផ្គង់ទំនិញ

ព័ត៌មាន
ការកើនឡើងនៃការផ្ទុះរាលដាលជំងឺកូវីដ-១៩កាន់តែខ្លាំងក្លា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានបង្កឲ្យមានការប៉ះពាល់ដល់សកម្មភាពរបស់កំពង់ផែ និងបានធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ