វិបត្តិសេដ្ឋកិច្ចស្រីលង្កា

មូលហេតុធំៗ ដែលនាំឲ្យសេដ្ឋកិច្ចស្រីលង្កាធ្លាក់ចូលក្នុងវិបត្តិ


ហេតុអ្វីសេដ្ឋកិច្ចស្រីលង្កាដើរមកដល់ដំណាក់កាលនេះ? សេដ្ឋកិច្ចស្រីលង្កាមិនមែនទើបតែមកជួបវិបត្តិនៅពេលមានសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងនោះទេ។ ប៉ុន្ដែ សេដ្ឋកិច្ចប្រទេសនេះបានចាប់ផ្ដើមដើរអូសជើងខ្លាំងមែនទែន គឺនៅអំឡុងពេលដែលមានការលុកលុយចូលនៃវិបត្តិជំងឺរាតត្បាតកូវីដ១៩។
មូលហេតុធំៗ ដែលនាំឲ្យមានវិបត្តិសេដ្ឋកិច្ចនៅស្រីលង្កា

អតិផរណា​កើនឡើង​គំហុក ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​ចុះ​ទន់ខ្សោយ ការ​កាត់​បន្ថយពន្ធ និង​មេរោគ​ឆ្លង​រាតត្បាត គឺជា​កត្តា​ចម្បង ដែល​រុញច្រាន​ឲ្យ​ឧស្សាហកម្ម​ទេសចរណ៍ និង​ការ​ផ្ញើ​ប្រាក់​ពី​ពលករ​នៅ​ក្រៅប្រទេស​ម​មានការ​ដាំ​ក្បាល​ចុះ​ខ្លាំង​។ បញ្ហា​ទាំង​អស់នេះ បាន​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ស្រី​លង្កា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ​។ នេះ​បើ​តាម​ការ​រាយការណ៍​ពី​សារព័ត៌មាន​អា​ល្លឺ​ម៉​ង់ DW​។

អតិផរណា​តម្លៃ​ម្ហូបអាហារ​នៅ​ប្រទេស​ស្រី​លង្កា​កាលពី​ខែមករា​ដើមឆ្នាំ​នេះ បាន​កើន​ដល់​២៥% ដែល​ជា​អត្រា​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ឡើយ​។ បញ្ហា​ខ្វះ​សាច់ប្រាក់​បរទេស ឬ​ទុនបម្រុង​អន្តរជាតិ ក្នុង​ការ​ទ្រទ្រង់​ដល់​ការ​នាំ​ចូល​ទំនិញ ក៏​ជា​ការ​រួមចំណែក​ធំ​មួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ស្រី​លង្កា​ធ្លាក់​ចូល​មាត់ជ្រោះ​នៃ​វិបត្តិ ដោយ​វា​បាន​នាំ​ឲ្យ​មាន​បញ្ហា​កង្វះ​ស្បៀងអាហារ និង​ប្រេងឥន្ធនៈ​ប្រើប្រាស់​យ៉ាង​ខ្លាំង​។ តួយ៉ាង ទុនបម្រុង​អន្តរជាតិ របស់​ប្រទេស​ដី​កោះ​មួយ​នេះ បាន​ធ្លាក់​ចុះ​ប្រហែល​៧០% តាំងពី​ខែមករា​ឆ្នាំ​២០២០​មក ដោយ​មាន​ត្រឹមតែ ជាង​២​ពាន់​៣​រយ​លាន​ដុល្លារ​ប៉ុណ្ណោះ ក្នុង​ខែកុម្ភៈ ខណៈ​ដែល​ខ្លួន​ត្រូវ​សងបំណុល​ប្រហែល​៤​ពាន់​លាន​ដុល្លារ​នៅ​ក្នុងឆ្នាំនេះ​។

បញ្ហា​មួយទៀត ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ស្រី​លង្កា​ដើរ​ដល់​ដំណាក់កាល​នេះ គឺ ការ​កាត់​បន្ថយពន្ធ និង​រង​សម្ពាធ​ហិរញ្ញវត្ថុ​សាធារណៈ​។ លោក រ៉ា​ចា​ប៉ាក់​សា ប្រធានាធិបតី​ស្រី​លង្កា​ធ្លាប់​បាន​សន្យា​កាលពី​អំឡុង​ពេល​លោក​ធ្វើ​យុទ្ធនាការ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ថា លោក​នឹង​កាត់​ពន្ធ​ពាក់កណ្ដាល​នៃ​អាករ​លើ​តម្លៃបន្ថែម (VAT) ១៥% ព្រមទាំង​បាន​លុប​ចោល​ពន្ធ​មួយ​ចំនួន​ទៀត ដើម្បី​ជា​មធ្យោបាយ​បង្កើន​ការ​ប្រើប្រាស់ និង​ជំរុញ​កំណើន​។ ក៏​ប៉ុន្ដែ ការ​កាត់​បន្ថយពន្ធ​ទាំង​អស់នេះ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នេះ បាត់បង់​ចំណូល​យ៉ាងច្រើន ធ្វើ​ឲ្យ​មាន​សម្ពាធ​ហិរញ្ញវត្ថុ​សាធារណៈ ខណៈ​ដែល​ប្រទេស​ស្រី​លង្កា​ក៏​បាន​ជំពាក់​បំណុល​ក្រាស់​ក្រាល​រួច​ទៅ​ហើយ​នោះ​ពិសេស​បំណុល​ចិន​។

បំណុល​សាធារណៈ​របស់​ស្រី​លង្កា ដែល​មិន​មាន​ភាព​ច្បាស់លាស់​តាំងពី​មុន​ពេល​មាន​មេរោគ​កូ​វី​ដ​១៩​រាតត្បាត​នោះ ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា បាន​កើនឡើង​ពី ៩៤% នៃ GDP នៅ​ឆ្នាំ​២០១៩ មក​ដល់ ១១៩% នៃ​GDP នៅ​ក្នុង​ឆ្នាំ​២០២១​។

ស្ថិត​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត នា​បច្ចុប្បន្ន​នេះ ស្រី​លង្កា កំពុង​តែ​ស្វែងរក​ជំនួយ​ហិរញ្ញវត្ថុ​ដើម្បី​អន្តរ​គម​ន៍​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច ពី​ប្រទេស​ចិន និង​ដៃគូ​អភិវឌ្ឍ​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ​។ ដោយ​កន្លង​ទៅ​នេះ ស្រី​លង្កា​បាន​ពិភាក្សា​ខ្ចីប្រាក់​បន្ថែម​ពី​ប្រទេស​ចិន ២​ពាន់​៥​រយ​លាន​ដុល្លារ​ទៀត ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច ហើយ​ក៏​កំពុង​បោះដៃ​សុំ​ជំនួយ​បន្ទាន់​ពី​ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និង​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ផង​ដែរ ប៉ុន្ដែ នៅ​មិន​ទាន់​មាន​ដំណឹង​ឆ្លើយ​តប​ពី​ស្ថាប័នហិរញ្ញវត្ថុ​ទាំង​អស់នោះ​នៅឡើយ​ទេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិសេដ្ឋកិច្ចស្រីលង្កា៖ រដ្ឋមន្ត្រីមួយចំនួនរបស់ស្រីលង្កាស្នើសុំលាលែងពីតំណែង

ព័ត៌មាន
រដ្ឋមន្ត្រីមួយចំនួនរបស់ស្រីលង្កាស្នើសុំលាលែងពីតំណែង ខណៈវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីមួយរូបរបស់ស្រីលង្កាបានឲ្យដឹងថា រដ្ឋមន្ត្រីមួ…

ឡាវមានចក្ខុវិស័យក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មសម្រាប់អាស៊ាន តាមរយៈការតភ្ជាប់ផ្លូវដែក

ព័ត៌មាន
ប្រទេសឡាវដែលជារដ្ឋគ្រប់គ្រងដោយឯកបក្សដ៏តូចមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះមានចក្ខុវិស័យចង់អភិវឌ្ឍខ្លួនឱ្យទៅជាមជ្ឈមណ្ឌលផ្គត់ផ្គង់ផ្នែកភស្តុភារ (…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ