Advertisement
លក្ខណ​សម្បត្តិ​នៃ​ក្រុមហ៊ុន​សេវា​អចលនវត្ថុ

លក្ខណ​សម្បត្តិ​៧​យ៉ាង​របស់​ក្រុមហ៊ុន​បម្រើ​សេវា​អចលនវត្ថុ​ដែល​អ្នក​ត្រូវ​ពិនិត្យ​មើល!


សព្វ​ថ្ងៃ​នេះ ខណៈដែល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ការរីក​លូត​លាស់​ខ្លាំង ចំនួន​ក្រុមហ៊ុន​បម្រើ​សេវា​អចលនវត្ថុ (ទិញ​ លក់ ឬ​ជួល​ដីធ្លី​និង​ផ្ទះ) ក៏​មាន​ច្រើន​ និង​កើន​ឡើង​ឥត​ឈប់។ ប៉ុន្តែ ប្រសិន​បើ​ត្រូវការ​ពឹងពាក់ ឬ​ប្រើ​សេវា​របស់​ក្រុមហ៊ុន​បម្រើ​សេវា​ផ្នែក​អចលនវត្ថុ​ណា​មួយ តើ​លោក​អ្នក​ត្រូវ​មើល​ទៅ​លើ​លក្ខណ​សម្បត្តិអ្វី​ខ្លះ​របស់​ក្រុមហ៊ុន​នោះ?
ឧកញ៉ា នួន រិទ្ធី ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ KFA។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច បង្ហាញ​​ថា ​គិត​រហូត​មក​ត្រឹម​ដំណាច់​ខែ​ឧសភា​ឆ្នាំ​២០១៧ ក្រសួង​បាន​ផ្តល់​វិញ្ញាបនបត្រ​វិជ្ជាជីវៈ និង​អាជ្ញាប័ណ្ណ​សេវាកម្ម​វាយ​តម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ ដល់​ក្រុមហ៊ុន​ជាតិ​និង​អន្តរ​ជាតិ​សរុប ២៥៥​ក្រុមហ៊ុន។

ដើម្បី​ជា​ជំនួយ​ដល់​លោក​អ្នក​ក្នុង​ការសម្រេចចិត្ត​ជ្រើសរើស​ក្រុមហ៊ុន​បម្រើ​សេវា​ផ្នែក​អចលនទ្រព្យ​​ឲ្យ​បាន​ត្រឹមត្រូវ លោក​ឧកញ៉ា នួន រិទ្ធី ស្ថាបនិក​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​បម្រើ​សេវា​អចលនវត្ថុ​ KFA បាន​ផ្ដល់​ជា​គន្លឹះ​មួយ​ចំនួន។

លោក​ឧកញ៉ាថា ដើម្បី​ជ្រើសរើស​ប្រើ​សេវា​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ណា​មួយ លោក​អ្នក​ត្រូវ​ពិនិត្យ​មើល​ទៅ​លក្ខណសម្បត្តិ​ ៧​យ៉ាង​របស់​ក្រុមហ៊ុន​នោះ៖

អគារ​ភ្លោះ The Bridge ដែល​មាន​កម្ពស់ ៤៥ជាន់ គ្រោង​នឹង​បើក​ឲ្យ​ដំណើរការ​នៅ​ដើម​ឆ្នាំ​២០១៨។

១. យើង​ត្រូវ​មើល​ទៅ​លើ​ profile ឬ​ប្រវត្តិ​របស់​ក្រុមហ៊ុន ថា​តើ​ក្រុមហ៊ុន​នោះ​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​ដែរ ឬ​ទេ? តើ​ក្រុមហ៊ុន​នោះ​មាន​បុគ្គល​ប៉ុន្មាន​នាក់​ជា​ជំហរ​ពីក្រោយ ហើយ​តើ​បុគ្គល​ក្នុង​ជួរ​ប្រតិបត្តិ​មាន​បទ​ពិសោធន៍ ឬ​ប្រវត្តិ​យ៉ាង​ណា​ដែរ? 

២. តើ​ក្រុមហ៊ុន​នោះ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ដែរ ឬ​ទេ? គឺ​អាជ្ញាប័ណ្ណ​ដែល​ចេញ​ដោយ​រដ្ឋាភិបាល ពោលគឺ​សាមី​ក្រសួង ដើម្បី​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​អាជីវកម្ម​ផ្នែក​នេះ។

៣. ធនធាន​របស់​ក្រុមហ៊ុន គឺ​សំខាន់​ណាស់ ព្រោះ​ថា នៅ​ក្នុង​សេវាកម្ម​អចលនវត្ថុ ប្រសិន​បើ​ក្រុមហ៊ុន​មួយ​មិន​មាន​ធនធាន​មនុស្ស​ត្រឹមត្រូវ​ទេ វា​នឹង​ធ្វើ​ឲ្យ​មាន​ការខាតបង់​ទាំង​សង​ខាង គឺ​ទាំង​អតិថិជន ទាំង​ម្ចាស់​ទ្រព្យ។ មានន័យថា ការចរចា​ដែល​គ្មាន​បទ​ពិសោធន៍ នឹង​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ដល់​គូ​ភាគី​ទាំង​សង​ខាង។ 

៤. ទីតាំង​ក្រុមហ៊ុន។ តើ​ក្រុមហ៊ុន​នោះ​មាន​ទីតាំង​ត្រឹមត្រូវ​ដែរ ឬទេ? ឬ​ក៏​ក្រុមហ៊ុន​នោះ​រកស៊ី​ក្នុង​លក្ខខណ្ឌ​មួយ​ដែល​គេ​ហៅ​ថា លើក​កញ្ជើ ឬ​ឆបោក។ អ្នក​ខ្លះ គ្មាន​ទីតាំង​ច្បាស់លាស់​អីទេ គ្រាន់តែ​គាត់​បាន​គម្រោង​អ្វី​មួយ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​គាត់ រួចហើយ​ក៏​រើ​ទីតាំង ឬ​បិទ​ទីតាំង​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ 

៥. ការចូលរួម​របស់​ក្រុមហ៊ុន​ជាមួយ​នឹង​សង្គម។ តើ​ក្រុមហ៊ុន​នោះ​មាន​ការចូលរួម​អ្វី​ខ្លះ​ជាមួយ​សង្គម? តើ​អតិថិជន​ដែល​ប្រើ​សេវា​កម្ម​ក្រុមហ៊ុន​នោះ​បាន​ចូលរួម​ចំណែក​ដល់​ផ្នែក​ណា​មួយ​នៃ​សង្គម? មានន័យថា បើ​ក្រុមហ៊ុន​នោះ​បានចូលរួម​ចំណែក​ជួយ​ដល់​សង្គម គឺ​ការប្រើប្រាស់​សេវា​កម្ម​ក្រុមហ៊ុន​នោះ​ ក៏​ដូចគ្នា​នឹង​អតិថិជន​បាន​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម​ដែរ។

៦. ក្រុមហ៊ុន​សេវា​កម្ម​អចលនវត្ថុ​ ត្រូវ​តែ​មាន​ការធានា​រ៉ាប់រង​វិជ្ជាជីវៈ ដោយ​មាន​ការកំណត់​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ ដែលតម្រូវ​ឲ្យ​ក្រុមហ៊ុន​មាន​ធានារ៉ាប់រងទៅ​លើ​អាជីវកម្ម​ដែល​ខ្លួន​បាន​ធ្វើ ដូចជា ការវាយ​តម្លៃ​អចលនវត្ថុ ឬ​ការ​គ្រប់គ្រង​អាផាតមិន​ ជាដើម ត្រូវតែ​មាន​ធានារ៉ាប់រង ចេញ​ពី​ធនាគារ​មួយ​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​អតិថិជន។

៧. ចំណុច​សំខាន់​បំផុត គឺ​ការ​ទទួល​ខុស​ត្រូវ។ ទោះបី​មាន​ក្រដាស​ស្នាម​ត្រឹមត្រូវ​ក្ដី ត្រូវ​មើល​ទៅ​លើ​ថា​ តើ​អគ្គនាយក​ក្រុមហ៊ុន​នោះ​មាន​ឆន្ទៈ​ទទួល​ខុសត្រូវ​ខ្ពស់​ទេ ប្រសិន​បើ​​ការអនុវត្ត​របស់​ខ្លួន​ខុស​ពី​ក្រម​វិជ្ជាជីវៈ​មុខ​ជំនួញ ឬ​ជំនាញ​របស់​គាត់។ 

ទាំង​៧​ចំណុច​ខាង​លើ​នេះ ជា​អ្វី​ដែល​លោក​ឧកញ៉ា នួន រិទ្ធី ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​បម្រើ​សេវា​កម្ម​អចលនវត្ថុ បាន​ផ្ដល់​ជា​យោបល់​ក្នុង​ករណី​ដែល​លោក​អ្នក​ត្រូវ​ជ្រើសរើស​យក​សេវា​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ណា​មួយ៕




អត្ថបទបន្ទាប់


ក្រុង​ហូជីមិញ​ជួល​ក្រុមហ៊ុន​ឯកជន​បូម​ទឹក​​ភ្លៀង​ដែល​ជន់​លិច​​ផ្លូវ

ព័ត៌មាន
មិនមែន​តែ​នៅ​ភ្នំពេញ​ទេដែល​ផ្លូវ​នានា​ត្រូវ​ជន់​លិច​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្ដងៗ... ទិដ្ឋភាព​ផ្លូវ​លិច​លង់​ដោយ​ទឹកភ្លៀង​ដូច​ក្នុ...

មហាសេដ្ឋី​ចិន ជេក ម៉ា៖ «ខ្ញុំ​គ្មាន​ពេល​ចាយ​លុយ​ទេ!»

ព័ត៌មាន
តាម​មើល​ទៅ មហាសេដ្ឋី​ចិន​ដែល​ជា​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​នៅ​អាស៊ី លោក ជេក ម៉ា (Jack Ma) ទំនង​ជា​គ្មាន​ពេល​ចាយ​លុយ​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ