វិស័យបូមប្រេងកម្ពុជា

ក្រុមហ៊ុនមកពីកាណាដាមួយកំពុងសិក្សាលទ្ធភាពក្នុងការបូមប្រេងបន្តពីក្រុមហ៊ុន KrisEnergy


វិស័យបូមប្រេងរបស់កម្ពុជា ដែលបានជាប់គាំងជាង១ឆ្នាំ ហាក់មានក្ដីសង្ឃឹមឡើងវិញបន្ដិចហើយ បន្ទាប់ពីមានក្រុមហ៊ុនមួយមកពីប្រទេសកាណាដាបានបង្ហាញបំណងចង់វិនិយោគលើវិស័យនេះ បន្តពីក្រុមហ៊ុន KrisEnergy ដែលរាជរដ្ឋាភិបាលទើបបញ្ចប់កិច្ចព្រមព្រៀង ក្រោយក្រុមហ៊ុនសិង្ហបុរីមួយនេះក្ស័យធន។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានប្រេងកាត បច្ចុប្បន្នក្រុមហ៊ុនកាណាមួយនេះ កំពុងសិក្សាទិន្នន័យ ដែលក្រុមហ៊ុននានាបានសិក្សាកន្លងមក ដើម្បីវាយតម្លៃពីលទ្ធភាពក្នុងការបន្តប្រតិបត្តិការបូមប្រេងក្នុងប្លុក A របស់កម្ពុជា។
វិស័យបូមប្រេងរបស់កម្ពុជា

ក្រៅពីក្រុមហ៊ុននេះ ក៏មានក្រុមហ៊ុនមកពីប្រទេសមួយចំនួនបានបង្ហាញបំណង​ចង់រុករក និងបូមប្រេងនៅកម្ពុជាផងដែរ។

ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល​បានបញ្ជាក់ប្រាប់ខេមបូណូមីសថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់កិច្ចព្រមព្រៀង​ជាមួយក្រុមហ៊ុនរុករក និងបូមប្រេង KrisEnergy ដែលជួបបញ្ហាក្ស័យធន​រួចហើយ។ ហើយបច្ចុប្បន្នកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុន​មកពីកាណាដាដែលមានឈ្មោះថា EnerCam Resources Co. Ltd សិក្សាពីលទ្ធភាពក្នុងការបន្តប្រតិបត្តិការ​បូមប្រេងពីប្លុក A បន្តពីក្រុមហ៊ុន​សិង្ហបុរី KrisEnergy។ មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា បច្ចុប្បន្នការសិក្សាមិនទាន់បញ្ចប់នៅឡើយទេ ដោយក្រុមហ៊ុន EnerCam កំពុងសិក្សាទិន្នន័យ ដែលក្រុមហ៊ុន​នានាបានសិក្សាកន្លងមក ដើម្បីឈាន​ទៅវាយតម្លៃ និងរៀបចំផែនការបូមប្រេងនៅប្លុក A បន្តពីក្រុមហ៊ុន KrisEnergy។

ឯកឧត្តមសង្កត់ធ្ងន់ថា ទោះបីក្រុមហ៊ុន EnerCam បានបញ្ចប់ការសិក្សា​ ក៏មិនទាន់ប្រាកដថា រាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនមកពីកាណាដានេះ មកបូមប្រេងនៅកម្ពុជានោះដែរ។ ទោះយ៉ាងណា សម្រាប់កម្ពុជាវត្តមានរបស់ក្រុមហ៊ុននេះ វាជាការផ្តល់ក្តីសង្ឃឹមដល់ការរស់ឡើងវិញ​នៃប្រតិបត្តិបូមប្រេង​នៅកម្ពុជា ដែលបានជាប់គាំងអស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ។

ឯកឧត្តម ជៀប សួរ បានបន្តទៀតថា ក្រោយតម្លៃប្រេងឥន្ធនៈ​សកលបានហក់ឡើងថ្លៃជាបន្តបន្ទាប់ និងក្រោយពេលរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន ឃើញថា ក្រៅពីក្រុមហ៊ុន EnerCam របស់កាណាដា ក៏មានក្រុមហ៊ុនមកពីប្រទេសផ្សេងៗមួយចំនួនបានបង្ហាញបំណងចង់សិក្សា និងរុករកប្រភពប្រេងនៅប្លុក​ផ្សេងៗនៅកម្ពុជាផងដែរ។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy ជាអ្នករុករក និងបូមប្រេងពីប្លុក A ក្នុងតំបន់អប្សរា នៃឈូងសមុទ្រកម្ពុជា​កាលពីអំឡុងឆ្នាំ២០១៧។ ក្រោយមកនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសពីការទទួលបានដំណក់ប្រេងដំបូងជាប្រវត្តិសាស្ត្រ ដែលត្រូវបានទាញយកដោយក្រុមហ៊ុនរបស់សិង្ហបុរីនេះ។ បច្ចុប្បន្នដំណក់ប្រេង​ដំបូងនេះ ត្រូវបានដំកល់ទុកនៅវិមានឈ្នះ-ឈ្នះ។ ក្រោយមកនៅអំឡុងខែមិថុនា ឆ្នាំ២០២១ ប្រតិបត្តិការបូមប្រេងពីប្លុក A ត្រូវបានផ្អាក​ដំណើរការរហូតមកដល់បច្ចុប្បន្ន ក្រោយក្រុមហ៊ុន KrisEnergy ក្ស័យធន ហើយប្រេងដែល​បូមបានជិត​៣០ម៉ឺនបារ៉ែល ក៏ត្រូវបាន​កប៉ាល់ MT Strovolos ដែលជាជាដៃគូររកស៊ីជាមួយក្រុមហុន KrisEnergy លួចដឹកចេញពីកម្ពុជា ទៅដល់ឥណ្ឌូនេស៊ីផងដែរ។ មកទល់ពេលនេះមានរយៈពេល​ជាង១ឆ្នាំហើយ ដែលប្រេង​ជិត​៣០ម៉ឺនបារ៉ែលនោះ ត្រូវបានអាជ្ញាធរ​ឥណ្ឌូនេស៊ីរឹបអូសទុក និងកំពុងតែបន្ដដំណើរការ​ដោះស្រាយពាក់ព័ន្ធនឹងនីតិវិធីច្បាប់ជាមួយខាងភាគីកម្ពុជានៅឡើយ៕




អត្ថបទបន្ទាប់


សហគ្រិនខ្មែរ បានរៀបចំកម្មវិធីជំនួបដៃគូសហការលើកដំបូង ដើម្បីពង្រឹងភាពជាដៃគូ និងស្វែងរកកិច្ចសហការបន្ថែម

ព័ត៌មាន
នាល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ សហគ្រិនខ្មែរ ដែលត្រូវបានបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “ជំនួបដៃគូ” នៅសណ្ឋ…

លោកស៊ី ជីនពីងព្រមានលោកចូបៃឌិនថា «កុំប្រលែងលេងជាមួយភ្លើង» ក្នុងសំណុំរឿងកោះតៃវ៉ាន់

ព័ត៌មាន
ប្រមុខដឹកនាំកំពូលនៃប្រទេសធំៗទាំងពីរនៃពិភពលោក កាលពីយប់ថ្ងៃព្រហស្បតិ៍បានជួបជជែកគ្នាជាថ្មីម្តងទៀតតាមប្រព័ន្ធទូរសព្ទ ដែលជាជំនួបដ៏កម្រមួយ រវា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ