កូវីដ១៩ នៅ​កម្ពុជា

ខណៈ​​កូវីដ-១៩​ឆ្លង​ចូល​ដល់​​សហគមន៍ សិស្សានុសិស្ស​​ត្អូញត្អែរ​ថា ការរៀនអនឡាញ​គឺជាការពិបាក​ម្ដងទៀត


សិស្សានុសិស្សមួយ​ចំនួន បាន​និយាយ​​ថា ការ​សិក្សា​អនឡាញ​ជួប​ការលំបាក​ច្រើន រួមមាន សំឡេង​រំខាន ល្បឿន​អ៊ីនធើណែត​យឺត និង​បញ្ហា​បច្ចេកទេស​ផ្សេង ទៀត បន្ទាប់ពី​មាន​ការ​ផ្ទុះឡើង​នូវ​ការឆ្លង​ក្នុង​សហគមន៍​នៃ​មេរោគ​កូវីដ​-១៩ កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ២០២០​នេះ ។
រូប screenshot ពីវីដេអូ​ដែល​លោករដ្ឋមន្ត្រី​ក្រសួងអប់រំ​ បណ្ឌិត ហង់ ជួនណារ៉ុន បង្រៀន​សិស្ស​តាមអនឡាញ នៅលើ​ទំព័រ​ហ្វេសប៊ុក​ក្រសួង ។
ដោយ

ការឆ្លង​​រាលដាល​ចូល​ដល់​សហគមន៍​នៃ​កូវីត​-១៩ ឬ​ដែល​រដ្ឋាភិបាល​​ហៅ​ថាជា «ព្រឹត្តិការណ៍​​សហគមន៍​ ២៨ វិច្ឆិកា» បាន​បណ្តាល​ឲ្យ​ក្រសួង​អប់រំ យុវជន និងកីឡា ផ្អាក​ដំណើរការ​សាលារៀន​មួយរយៈ ជាថ្មីឡើងវិញ ដើម្បី​ការពារ​សុវត្ថិភាព​របស់​សិស្សានុសិស្ស ។ សិស្ស​-និស្សិត​ទាំងអស់​ត្រូវ​បន្ត​ការសិក្សា​ពី​ចម្ងាយ តាមប្រព័ន្ធ​អេឡិចត្រូនិច ឬ​ប្រព័ន្ធ​អនឡាញ ។

ការសិក្សា​តាម​អនឡាញ ជារឿយៗ ប្រឈមនឹង​បញ្ហា​មួយ​ចំនួន ដែល​ទាក់ទងទៅនឹង​ប្រព័ន្ធ​អ៊ីនធើណែត និង​ប្រព័ន្ធ​បច្ចេកទេស ហើយក៏ដោយសារតែ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​មិន​ធ្លាប់​បាន​សិក្សា​តាម​រយៈអនឡាញ​ពី​មុនមក ផងដែរ។ នេះ​បើ​យោងតាម​កិច្ចសម្ភាសន៍​ជាមួយ​សិស្សានុសិស្ស​មួយចំនួន ។

កញ្ញា រិន វិនរតនៈលីសា ជាសិស្សថ្នាក់ទី ១២ នៅវិទ្យាល័យ​ព្រះស៊ីសុវត្ថិ បានប្រាប់ Newsroom Cambodia នាដើម​សប្ដាហ៍​នេះ ថា នៅពេល​កំពុង​រៀន​កញ្ញា​តែងតែ​ឮ​សំឡេង​រំខាន​ជានិច្ច ដោយសារ​ផ្ទះ​របស់​កញ្ញា​នៅជិត​វត្ត និង​ជិត​កន្លែង​ធ្វើ​គ្រឿង​សង្ហារិម ។ ម្យ៉ាងវិញទៀត កញ្ញា​ក៏​មាន​បញ្ហា​ជាមួយនឹង​ប្រព័ន្ធ​អ៊ីនធើណែត ពីព្រោះតំបន់​ដែល​កញ្ញា​រស់នៅ​ បច្ចុប្បន្ន មិន​សូវ​មាន​សេវា​ទូរសព្ទ​ល្អទេ ។

កញ្ញា គឹមលាន ឃិនសិទ្ធិសីម៉ា ជានិស្សិតឆ្នាំទី២ មុខជំនាញច្បាប់ នៅសាកលវិទ្យាល័យ​បៀលប្រាយ បាន​ប្រាប់​ថា កញ្ញា​មាន​ការលំបាក​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​មិត្ត​រួមថ្នាក់ ។

កញ្ញា សីម៉ា និយាយថា ៖ «នៅពេល​ដែល​ខ្ញុំ​មិន​សូវយល់​មេរៀន ខ្ញុំក៏​បើក​សំឡេង​សួរ​លោកគ្រូ ពេលខ្លះ​វា​អាច​កុងសំឡេង​ជាមួយ​មិត្តភក្តិ ហើយ​នៅពេល​ខ្លះ អាច​នឹង​អ៊ីនធើណែត​ខ្សោយ។ មួយវិញ​ទៀត នៅពេល​ត្រូវ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​ជាក្រុម ក្នុង​អំឡុង​ពេល​កូវីត​អ៊ីចឹង ខ្ញុំ​ពិបាក​ទាក់ទង​ទៅ​សមាជិក​ក្នុង​ក្រុម​ជាខ្លាំង ។»

កញ្ញា​​បន្ថែម​ទៀត​ថា ការបង្រៀន​របស់​លោកគ្រូ អ្នកគ្រូ មាន​ការយកចិត្តទុកដាក់​ដូច​ក្នុង​ថ្នាក់ ហើយ​លោកគ្រូ​អ្នកគ្រូ​ក៏បាន​ប្រគល់​មេរៀន និង​ឯកសារ​បាន​គ្រប់គ្រាន់​ផងដែរ ។

កញ្ញា អេង សិទ្ធិធា អាយុ១៩ឆ្នាំ ជានិស្សិត​ឆ្នាំទី៣ មុខ​ជំនាញ​ភាសា​អង់គ្លេស នៅ​វិទ្យាស្ថាន​ភាសា​បរទេស បាន​និយាយ​ថា ការរៀន​តាម​អនឡាញ​មាន​ផលវិជ្ជមាន និង​អវិជ្ជមាន ។

កញ្ញា​បាន​បញ្ជាក់​ថា ផលវិជ្ជមាន គឺកញ្ញា​មិន​ចាំបាច់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​សាលារៀន និង​អាច​គេច​ផុត​ពីការឆ្លង​ជំងឺ​កូវីត-១៩ ។ ប៉ុន្តែ សម្រាប់​ផល​អវិជ្ជមាន កញ្ញាមិនសូវបាន​យក​​ចិត្តទុក​ដាក់​លើ​ការបង្រៀន​របស់​លោកគ្រូ អ្នកគ្រូ ដូច​​នៅ​ក្នុង​ថ្នាក់​ទេ ។

កញ្ញា សិទ្ធិធា បាន​​បន្ត​ថា «ការសិក្សា​តាម​រយៈអនឡាញ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​ស្គាល់​ពី​ខ្លួន​ឯង​ច្បាស់ និង​ខំរៀន​ដោយ​ខ្លួន​ឯង​បន្ថែម ហើយវា​ក៏​ជា​បទពិសោធន៍​ថ្មី​មួយ ឲ្យ​យើង​ស្គាល់​ពី​បច្ចេកទេស​នេះ ផងដែរ។ ខ្ញុំសង្ឃឹម​ថា សាលារៀន​នឹង​បើក​ក្នុង​ពេល​ឆាប់ៗ ព្រោះ​ខ្ញុំ​ចង់រៀន​នៅ​សាលា​ជាង​រៀន​តាម​អនឡាញ ។»

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា បាន​ប្រាប់ Newsroom Cambodia តាមរយៈបណ្តាញ​សង្គម​តេលេក្រាម ថា មាតា​បិតា​ សិស្សានុសិស្ស និង​គ្រប់​ភាគី​ពាក់ព័ន្ធ មាន​ការគាំទ្រ​លើ​សេវា​សិក្សា​ពី​ចម្ងាយ​របស់​ក្រសួង ជាពិសេស ជាមួយ​នឹង​ការផ្សាយ​តាមរយៈ​ទូរទស្សន៍​ជាតិ (ទទក២) ដែល​អាច​បន្ត​ឲ្យ​មាន​ការរៀន និង​បង្រៀន​នៅទីក្រុង និង​ជនបទ ទូទាំង ២៥​ខេត្ត រាជធានី ។

លោក រស់ សុវាចា បាន​អះអាង​ថា លោកគ្រូ អ្នកគ្រូ នៅ​តាម​មូលដ្ឋាន ក៏​បាន​សម្រប​សម្រួល​ការរៀនសូត្រ​តាម​ក្រុម​តូចៗ ដោយ​ប្រើប្រាស់​សន្លឹក កិច្ចការ​ជំនួយ និង​សៀវភៅ​សិក្សាគោល ផងដែរ ។

លោក​អ្នក​នាំពាក្យ​បាន​​បន្ថែម​ថា គ្រួសារ​ដែល​មិនទាន់​មាន​ទូរទស្សន៍​ អាច​រៀនតាម​ទូរទស្សន៍​ជាមួយ​អ្នក​ជិត​ខាង​ជាក្រុមតូចៗ ដោយ​តម្រូវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ រក្សា​គម្លាត​​សុវត្ថិភាព និង អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ៕ 

សោម ពេជ្រច័ន្ទរស្មី  ជាសិក្ខាកាម​សារព័ត៍មាន នៅ Newsroom Cambodia   




អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន Sinovac Biotech នឹងបង្កើនការផលិតវ៉ាក់សាំងកូវីដ-១៩ ទ្វេដង ក្រោយពីទទួលបានការវិនិយោគបន្ថែមជាង៥០០លានដុល្លារ

ព័ត៌មាន
ដោយរំពឹងទទួលបានការអនុម័តដោយអាជ្ញាធរចិន​នៅពីក្រោយ ចំពោះការធ្វើតេស្ដប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩របស់ខ្លួន​នៅដំណាក់កាលចុងក្រោយ ថ្មីៗនេះក្…

កម្ពុជាធ្លាក់ចុះការនាំចេញទៅជប៉ុនជិត ៧% នៅ១០ខែ ឆ្នាំ២០២០

ព័ត៌មាន
ក្នុងរយៈពេល១០ខែដំបូងដើមឆ្នាំ ២០២០ នេះ កម្ពុជាសម្រេចបានការនាំចេញទៅកាន់ប្រទេសជប៉ុនក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជាង ១ពាន់៣រយ លានដុល្លារធ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ