គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដភារកម្មទន្លេបាសាក់

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដភារកម្មទន្លេបាសាក់ នឹងសិក្សាបញ្ចប់នៅខែមករាឆ្នាំក្រោយ


ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំកិច្ចពិភាក្សាពិគ្រោះយោបល់ដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបាននិងកំពុងសិក្សាលម្អិតដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) រួមជាមួយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd មុននឹងបញ្ចប់ការសិក្សានេះ ឱ្យបានរួចរាល់ និងគ្រប់ជ្រុងជ្រោយ នៅចុងខែមករា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

តាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កិច្ចពិភាក្សាពិគ្រោះយោបល់ដើម្បីពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ និងលទ្ធផលមួយចំនួន ដែលគម្រោងសិក្សានេះសម្រេចបានកន្លងមក និងពិនិត្យលើផែនការសកម្មភាពនាជំហានបន្ទាប់ផងដែរ។ គិតមកដល់ពេលនេះ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នេះ កំពុងស្ថិតនៅក្នុងដំណាក់កាលទី២នៃការសិក្សាសមិទ្ធិលទ្ធភាព បន្ទាប់ពីទទួលបានចំណារឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ហើយគ្រោងនឹងបញ្ចប់ការសិក្សានេះឱ្យបានរួចរាល់ និងគ្រប់ជ្រុងជ្រោយ នៅដំណាច់ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

ទន្ទឹមនេះ ភាគីពាក់ព័ន្ធបានពិនិត្យ និងពិភាក្សាដោយយកចិត្តទុកដាក់លើការងារបច្ចេកទេសសំខាន់ៗមួយចំនួន រួមទាំងបានពិនិត្យដោយយកចិត្តទុកដាក់លើលទ្ធផលនៃការវិភាគ និងវាយតម្លៃផលប៉ះពាល់នានាលើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួន ដែលអាចរងផលប៉ះពាល់ដោយសារការអភិវឌ្ឍនៃគម្រោងនេះ។ យ៉ាងណាមិញ អង្គប្រជុំក៏បានពិភាក្សា និងផ្តល់អនុសាសន៍ណែនាំលើ ប្លង់បច្ចេកទេសរួមមាន ប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងបង្គុំនៃការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវទឹក ការជ្រើសរើសស្តង់ដារនៃការសាងសង់ គន្លងផ្លូវនាវាចរណ៍ រួមនឹងសន្ទះផ្លូវនាវាចរណ៍ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានផ្តល់អនុសាសន៍ ឱ្យក្រុមការងារបច្ចេកទេសទាំងពីរ បន្តខិតខំអនុវត្តការសិក្សាលម្អិតមួយចំនួនដែលនៅសេសសល់ ឱ្យបានស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវបញ្ចៀសកុំឱ្យមានការប៉ះពាល់ទៅលើសំណង់វត្តអារាម និងសាលារៀនជាដាច់ខាត។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួង ត្រូវធ្វើការសហការជាមួយ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការប៉ាន់ប្រមាណលើតម្លៃបឋម នៃទំហំផលប៉ះពាល់របស់គម្រោងនេះ ដើម្បីលើកយកមកពិនិត្យ និងពិភាក្សានាពេលបន្ទាប់។

សូមជម្រាបដែរថា គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភ័ស្តុភារកម្មទន្លេបាសាក់ ត្រូវបានសិក្សាឡើងក្នុងគោលបំណងដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាឱ្យមានសន្ទុះកើនឡើង មានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត នឹងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើមនៃការដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន ក៏ដូចជាជួយកាត់បន្ថយសម្ពាធជាអតិបរមានៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងងាយស្រួលធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ជួយពង្រឹង និងពង្រីកការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែកាន់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុនផងដែរ៕




អត្ថបទបន្ទាប់


កូរ៉េពិចារណាវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅភាគខាងកើតទន្លេមេគង្គ ក្រោយផ្ដល់កម្ចីសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ

ព័ត៌មាន
ក្រោយចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ឥណទានសម្បទាន ប្រហែល ២៤៦លានដុល្លារ សម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋ…

និយ័តករបរធនបាលកិច្ច រៀបចំកិច្ចប្រជុំបរធនបាលកិច្ចប្រចាំឆ្នាំ២០២២

ព័ត៌មាន
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំ "កិច្ចប្រជុំបរធនបាលកិច្ចប្រចាំឆ្នាំ២០២២" ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ