ជំនួញ​បោកប្រាស់!

ជំនួញ​បោក​ប្រាស់​៣​ប្រភេទ​ដែល​ពលរដ្ឋ​គួរ​ប្រុង​ប្រយ័ត្ន!!!


មុខ​ជំនួញ​នីមួយៗ តែងតែ​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​សម្បើម​សម្រាប់​ពលរដ្ឋ និង​សង្គមជាតិ ប៉ុន្តែ បើ​សិន​ជំនួញ​នោះ​ក្លាយ​ជា​សកម្មភាព​បោក​ប្រាស់ ពិត​ណាស់ វា​នឹង​បង្ក​ការ​ឈឺចាប់​ដល់​អ្នក​ដែល​ចាញ់​បោក​គេ។ ជាបទពិសោធន៍​កន្លង​មក គេឃើញ​មាន​ជំនួញ​បោកប្រាស់​៣​ប្រភេទ ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា ហើយ​ដែល​ពលរដ្ឋ​គ្រប់​រូប​គួរ​តែ​ប្រុង​ប្រយ័ត្ន។
ប្រជាពលរដ្ឋ​ខ្លះ​ដែល​ខ្វះ​ការ​យល់ដឹង និង​ចង់​មាន​បាន​ពេក ត្រូវបាន​ចាញ់​បោក​ក្រុម​ឈ្មួញ​ទុច្ចរិត។
ដោយ

ទី១ មុខ​របរ​ Network ឬ​បណ្ដាញ

កន្លង​មក មាន​ជំនួញ​មួយ ដែល​គេ​តែង​ឲ្យ​ឈ្មោះ​ថា «Network» ឬ​ជា​ភាសា​ខ្មែរ ថា «បណ្តាញ» បាន​បោកប្រាស់​យុវជន​ខ្មែរ ឲ្យ​ខាត​ពេល​វេលា និង​លុយ​កាក់​ជា​ច្រើន ព្រមទាំង​បង្ក​ជម្លោះ​យ៉ាង​សម្បើម​ផង​ដែរ។ 

កញ្ញា ជា មីនា គ្រូ​បង្រៀន​នៅ​សាលាឯកជន​មួយ​នៅ​ទីក្រុង​ភ្នំពេញ បាន​ប្រាប់ ខេមបូណូមីស ថា កញ្ញា​ត្រូវ​បាន​មិត្ត​ភក្តិ​អូស​ទាញ​ឲ្យ​ចូលរួម​ក្នុង​ជំនួញ Network ដែល​ធ្វើ​ឲ្យ​នាង​ត្រូវ​ចំណាយ​លុយ និង​ពេល​វេលា​ចូលរួម ដោយ​ពុំ​ទទួល​ផល​ប្រយោជន៍​អ្វី​មក​វិញ​ឡើយ។

កញ្ញា​បញ្ជាក់​បែប​នេះ​ថា៖ «គេ​ប្រាប់​ខ្ញុំ​ថា យើង​មិនមែន​ជា​បុគ្គលិក​ទេ តែ​យើង​ក្លាយ​ជា​ដៃគូ​ជំនួញ​របស់​គេ។ ពេល​ទៅ​ដំបូង គេ​ឲ្យ​យើង​បង់​លុយ​មុន​១០​ដុល្លារ ដើម្បី​បើក​កុង (ATM) បន្ទាប់​មក គេ​ឲ្យ​ទៅ​សិក្ខា​សាលា​ស្តាប់​គេ​ម្តង គេ​ក៏​គិត​លុយ​ពី​យើង​១៥​ដុល្លារ​ទៀត ដើម្បី​ចំណាយ​លើ​ថ្លៃ​អាហារ និង​ជួល​អគារ។ មួយ​ទៀត គេ​ឲ្យ​យើង​ទៅ​រក​មិត្ត​ភក្តិ​ចូល​ជា​សមាជិក​គេ ដោយ​រក​បាន​ម្នាក់ គេ​ឲ្យ​លុយ​កុំមីស្យុង​ម្នាក់ បើ​ពីរ​នាក់ គេ​ឲ្យ​គិត​តាម​ហ្នឹង»។

បើ​តាម​កញ្ញា មីនា វាគ្មិន​ដែល​ឡើង​និយាយ​ក្នុង​សិក្ខាសាលា​នោះ តែងតែ​និយាយ​ពីរឿង​ជោគជ័យ​របស់​ខ្លួន ដែល​មាន​លុយ​ក្នុង​កាត ATM ច្រើន បាន​មក​ពី​សមាជិក​ផ្សេង​ទៀត និង​អួត​ថា គាត់​នឹង ​ក្លាយ​ជា​មហាសេដ្ឋី​ក្នុង​រយៈពេល​ដ៏​ខ្លី ដោយ​មិន​បាច់​មាន​ដើម​ទុន​អ្វី​ច្រើន។

តាម​ពិត​ទៅ មុខ​ព្រួញ​របស់​ជំនួញ Network ច្រើន​តែ​បាញ់​ឆ្ពោះ​ទៅ​ក្រុម​គោលដៅ ដូចជា៖ និស្សិត​ឆ្នាំ​ទី១ និង​គ្រូ​បង្រៀន ដែល​សម្បូរ​បណ្តាញ​ច្រើន ដើម្បី​ពួកគេ​ទទួល​បាន​សមាជិក​កាន់​តែ​ច្រើន ជា​ថ្នូរ​នឹង​ប្រាក់​កុំមីស្យុង (ប្រាក់​កម្រៃ​ជើង​សារ) ដែល​សមាជិក​ខ្លួន​បង់​លុយ​ចូល​សិក្ខាសាលា ឬ​ធ្វើ​កាត​សមាជិក។

លោក​ ប៊ុត សំណាង និស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ បានអះអាងថា លោក ទើបតែចូលក្នុងក្រុម Network នេះ បាន២ខែប៉ុណ្ណោះ ប៉ុន្តែ លោកត្រូវចំណាយថ្លៃកាតសមាជិក ចូលសិក្ខាសាលាអស់សរុប ៥០ដុល្លារ ដោយមិនទទួលបានអ្វីសោះ។ លោកបញ្ជាក់ថា៖ «គ្រូខ្ញុំ គាត់ប្រាប់ថា ផលិតផលសុខភាពគេល្អណាស់ គ្រាន់តែយកទៅលក់បន្ត បានកាន់តែច្រើន គឺបានចំណេញកាន់តែច្រើន តែមិនអ៊ីចឹងណា គ្រាន់តែចូលទៅមិនបានប៉ុន្មានផង អស់លុយមិនចេះតិច»។ 

ទី២ ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ទៅ​ពិនិត្យ​សុខភាព​ដោយ​មិន​បង់​ប្រាក់ 

ពួកគេ (ក្រុម​អ្នក​បោក​ប្រាស់) ​បាន​​ប្រើប្រាស់​យុវជន​ឲ្យ​ចែកចាយ​ខិត្តប័ណ្ណ​នៅ​ទី​សាធារណៈ ដោយ​ដាក់​ថា មាន​ម៉ាស៊ីន​ទំនើប​សម្រាប់​ស្កែន​ពិនិត្យ​សុខភាព​ដោយ​មិន​គិត​ថ្លៃ។ តាម​ពិត​ទៅ ការ​ពិនិត្យ​នោះ ពិត​ជា​មិន​គិត​ថ្លៃ​មែន ប៉ុន្តែ រាល់​ពលរដ្ឋ​ដែល​ទៅ​ពិនិត្យ​ជំងឺ តែង​ទទួល​លទ្ធផល​ថា មាន​ជំងឺ​ពី ៥ ទៅ ១០​មុខ និង​ខ្លះ​ច្រើន​ជាង​នេះ​ទៀត​ផង។ បន្ទាប់​មក ពួកគេ​ក៏​ប្រើ​មាត់​ដ៏​ប៉ិន​ប្រសប់​របស់​ពួកគេ ដើម្បី​បំភ័យ​ពលរដ្ឋ ថា បើ​មិន​ទិញ​ថ្នាំ​ព្យាបាល អ្នក​នឹង​ស្លាប់។ បន្ទាប់​មក ពួកគេ​ក៏​សប្បាយ​លក់​ថ្នាំ​ជា​ច្រើន​ប្រភេទ​ក្នុង​តម្លៃ​ថ្លៃ។ រូបភាព​បោក​ប្រាស់​នេះ មិនមែន​កើត​ឡើង​តែ​នៅ​ភ្នំពេញ​នោះ​ទេ ប៉ុន្តែ សកម្មភាព​នេះ បាន​ចរាចរណ៍​ទៅ​ដល់​ជនបទ​ហើយ។ 

លោក ណេត ណុំ ពលរដ្ឋ​រស់នៅ​ឃុំ​ត្បែង​ខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ភាគ​ខាង​ជើង​ភ្នំពេញ​ប្រមាណ​៥០​គីឡូម៉ែត្រ បាន​រៀបរាប់​ថា លោក​និង​សមាជិក​គ្រួសារ​ត្រូវ​បាន​មេភូមិ អញ្ជើញ​ឲ្យ​ទៅ​ពិនិត្យ​សុខភាព ជាមួយ​ឧបករណ៍​ស្កែន​របស់​ឈ្មួញ​នៅ​ផ្ទះ​មេ​ភូមិ។

លោក​បញ្ជាក់​ប្រាប់ ខេមបូណូមីស ថា៖ «ឈ្មួញ​នេះ បាន​ជិះឡាន ដោយ​ក្នុង​ឡាន​របស់​គេ​មាន​ថ្នាំ​ពេទ្យ និង​ឧបករណ៍​ស្កែន​មេដៃ​មួយ។ បន្ទាប់​មក ពួក​គេ​បាន​ពឹង​មេភូមិ​ឲ្យ​ហៅ​ពលរដ្ឋ ទៅ​ពិនិត្យ​សុខភាព​អត់​យក​លុយ។ ម៉ាស៊ីន​គេ​នោះ ស្កែនតែ​មេដៃ​សោះ តែ​រក​ឃើញ​ម្នាក់ៗ​មាន​ជំងឺ​មិន​ក្រោម​៥​មុខ​ទេ។ គេ​ទៅ​ពេទ្យ​បូម​ឈាម​ផង ពិនិត្យ​នេះ ពិនិត្យ​នោះ គេ​រក​ឃើញ​ជំងឺ១ ឬ​២​អី តែ​ឧបករណ៍​នេះ អី​ក៏​ពូកែ​ម៉្លេះ ស្កែន​មេដៃ ចេញ​ក្រដាស​មួយ​សុទ្ធ​តែ​ជំងឺ។ បន្ទាប់​មក ពួកគេ​យក​ថ្នាំ​ជា​ច្រើន លក់​ឲ្យ​ខ្ញុំ​និង​អ្នក​ផ្សេង​ទៀត គេ​ថា ខ្លះ​ត្រូវ​ទិញ​៥០​ដុល្លារ ខ្លះ​ត្រូវ​ទិញ​១៥០​ដុល្លារ តែ​អត់​មាន​នរណា​ទិញ ក្រោយ​មក ពួកគេ​ទម្លាក់​តម្លៃ​មក​១០​ដុល្លារ និង​ខ្លះ​២០​ដុល្លារ តែ​នៅតែ​អត់​អ្នក​ទិញ ពួកវា​ក៏​ឡើង​ឡាន​ទៅ​បាត់​ទៅ»។

ទី៣ ការ​ដាក់​ប្រាក់​ផ្ញើ​ជា​ថ្នូរ​នឹង​ការ​ប្រាក់​ខ្ពស់ជាង​ធនាគារ ឬ​មីក្រូ​ហិរញ្ញ​វត្ថុ

មាន​​ជំនួញ​​មួយ​ប្រភេទ​ទៀត ដែល​បាន​បោក​ប្រាស់​ពលរដ្ឋ​ជា​ទ្រង់ទ្រាយ​ធំ​ស្ទើរ​ទូទាំង​ប្រទេស និង​មាន​ទឹក​ប្រាក់​រាប់​សិប​​លាន​ដុល្លារ។ រូបភាព​ជំនួញ​នោះ គឺ​គេ​មាន​ឈ្មួញ ដែល​ស្លៀកពាក់​ទាន់​សម័យ និង​​ជិះ​រថយន្ត​ទំនើប​ទៅ​ជួប​មេភូមិ ឬ អ្នក​មាន​មុខ​មាត់​ក្នុង​ភូមិ​ឃុំ ដើម្បី​បញ្ចុះ​បញ្ចូល​អ្នក​ទាំង​នោះ ឲ្យ​ដើរ​បញ្ចុះ​បញ្ចូល​បន្ត ដើម្បី​ឲ្យ​ពលរដ្ឋ​យក​លុយ​មក​ផ្ញើ​ក្រុមហ៊ុន ជាថ្នូរ​នឹង​ការ​ប្រាក់​ខ្ពស់​ជាង​ផ្ញើ​នៅ​មីក្រូ​ហិរញ្ញវត្ថុ ឬ ធនាគារ​ទៀត​ផង។

ពលរដ្ឋ​នៅ​ឃុំ​ត្បែង​ខ្ពស់ ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​សារព័ត៌មាន ខេមបូណូមីស ថា ពួកគេ​មួយ​ចំនួន​បាន​ដាក់​ប្រាក់​ក្នុង​ក្រុមហ៊ុន​ទាំង​នោះ ដោយ​ទទួល​បាន​ការ​ប្រាក់​ខ្ពស់​ក្នុង​មួយ​ខែៗ។ អ្នកខ្លះ ដាក់​លុយ​៣​ពាន់​ដុល្លារ ទទួល​បាន​ការ​ប្រាក់​៣០០​ដុល្លារ​ក្នុង​មួយ​ខែ។ តពី​មាត់​មួយ​ទៅ​មាត់​មួយ បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​ជា​ច្រើន យក​លុយ ឬ​អ្នក​ខ្លះ​ដាក់​ប្លង់​ដី​ផ្ទះ​ទៅ​ធនាគារ ដើម្បី​យក​លុយ មក​ចងការ​ឲ្យ​ក្រុមហ៊ុន ដែល​មិន​ស្គាល់​ប្រវត្តិ​ច្បាស់​លាស់ យ៉ាង​គគ្រឹក​គគ្រេង​តែ​ម្តង។

ប៉ុន្តែ ចាប់​ពី​ខែ​ទី៤ ឬ​ទី​៥​ទៅ លុយ​ដើម​របស់​ពលរដ្ឋ​ទាំង​អស់ ត្រូវ​បាន​ឈ្មួញ​កើប​យក​ទៅ​ទាំង​អស់ បន្សល់​ទុក​តែ​ទឹក​ភ្នែក​របស់​ពលរដ្ឋ ដែល​ខ្លះ​អស់​៦​ម៉ឺន​ដុល្លារ ខ្លះ​អស់​២​ម៉ឺន​ដុល្លារ និង​ខ្លះ​ទៀត ត្រូវ​លក់​របស់​របរ​កេរ​ដូនតា​សង​ត្រឡប់​ទៅ​ធនាគារ​វិញ។

ករណី​ខាង​លើ​នេះ មិន​មែន​កើត​ឡើង​តែ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​នោះ​ទេ តែ​វា​បាន​កើត​ឡើង​នៅ​ក្នុង​ភូមិ​តាប្រាប់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ត​កណ្តាល ខាង​លិច​ភ្នំ​បាសិត​ផងដែរ។

អ្នកស្រី ឆេង ស្រីណា កម្មករ​រោងចក្រ​នៅ​ភូមិ​នេះ បាន​ប្រាប់ ខេមបូណូមីស ថា អ្នកស្រី​បាន​ចាញ់​បោក​ក្រុមហ៊ុន​ប្រភេទ​នេះ អស់ ៥​ពាន់​ដុល្លារ។

អ្នកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​យក​ប្លង់​ស្រែ​ដាក់​ធនាគារ​៥​ពាន់​ដុល្លារ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ខ្ចី ព្រោះ​វា​ថា ឲ្យ​ការ​ប្រាក់​ច្រើន តែ​បាន​ច្រើន​មែន ពីរ​បី​ខែ​ដំបូង ដល់​ខែ​បន្ត​បន្ទាប់​ទៀត វា​រត់​បាត់។ មិន​មែន​ខ្ញុំ​ម្នាក់​ឯង​ទេ មាន​អ្នក​ភូមិ គេ​ដាក់​លុយ​ច្រើន​ណាស់ ខ្ញុំ​ទៅ​តាម​គេ​ដែរ​ហ្នឹង»។ 

តាមពិត មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​រកស៊ី​ត្រឹមត្រូវ​នៅ​កម្ពុជា ប៉ុន្តែ​ក៏​មាន​ក្រុមហ៊ុន​មិន​តិច​ដែរ ដែល​បាន​ឆ្លៀត​បោក​ប្រាស់​ពលរដ្ឋ។ បើ​តាម​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់ ធ្លាប់​មាន​ប្រសាសន៍​ថា កន្លង​មក មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​លើក​ស្លាក​ប៉ាណូ លក់​ផ្ទះ ឬ​លក់​ដី ប៉ុន្តែ តាមពិត ពួកគេ​នោះ​ពុំ​មាន​ដី ឬ​ផ្ទះ​អ្វី​ឡើយ។ ហើយ​នៅ​ពេល​ទទួល​បាន​ប្រាក់​កក់ ពួកគេ​យក​លុយ​រត់​ទៅ​បាត់។ 

ឯកឧត្តម​រដ្ឋមន្រ្តី ថែមទាំង​បាន​អំពាវនាវ​ដល់​ពលរដ្ឋ និង​មន្រ្តី​រាជការ​ទាំង​អស់ ត្រូវ​ត្រួត​ពិនិត្យ ស្រាវជ្រាវ និង​សាកសួរ​អាជ្ញាធរ​មូលដ្ឋាន​ជាមុន មុន​នឹង​ទិញ​ផ្ទះ ឬ​ដី​នៅ​ទីតាំង​ណា​មួយ ដើម្បី​ជៀសវាង​ការ​ចាញ់​បោក​គេ។

ក្រៅពី​វិស័យ​អចលនទ្រព្យ ក៏​មាន​ក្រុមហ៊ុន​រកស៊ី​លើ​វិស័យ​ផ្សេង​ទៀត ដែល​បាន​និង​កំពុង​ធ្វើ​សកម្មភាព​បោក​ប្រាស់​ពលរដ្ឋ។ ដូច្នេះ សូម​ពលរដ្ឋ​ទាំងអស់​ប្រុង​ប្រយ័ត្ន​ឲ្យ​ខ្ពស់​បំផុត ដើម្បី​ចៀសវាង​ការ​ចាញ់​បោក​អស់​លុយ​កាក់ ឬ ចំណាយ​ពេល​អត់​ប្រយោជន៍​ជាមួយ​ជំនួញ​គ្មាន​សីលធម៌​ទាំង​នោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម​មាន​ចំនួន​ស្រ្តី​ជា​អ្នក​ដឹកនាំ​ធុរកិច្ច​ច្រើន​ជាង​គេ​នៅ​ក្នុង​តំបន់

ព័ត៌មាន
ស្ត្រី​នៅ​ក្នុង​ប្រទេស​វៀតណាម​ដែល​កាន់​មុខ​តំណែង​ដឹកនាំ​នៅ​ក្នុង​វិស័យ​ធុរកិច្ច មាន​ចំនួន​ច្រើន​ជាង​គេ​ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ផ្សេងៗ…

ពាណិជ្ជកម្ម​ត្បូង​ពេជ្រ​ឆ្នាំ​២០១៧ កើន​ជាង​២០%

ព័ត៌មាន
របាយការណ៍​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៧ ការ​ធ្វើ​ពាណិជ្ជកម្ម​ត្បូង​​ពេជ្រ​មាន​កំណើន​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​ទំហំ​ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ