កញ្ចប់ថវិកាជួយពលរដ្ឋរងគ្រោះដោយសារកូវីដ១៩

រដ្ឋត្រៀមកញ្ចប់ថវិកាជួយគ្រួសារក្រីក្រ និងអាជីកម្ម ដែលរងផលប៉ះពាល់ពីកូវីដ១៩ បន្តទៀតសម្រាប់ឆ្នាំ២០២២


ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៩ខែបន្ថែមទៀតនៅឆ្នាំ២០២២។ ជាមួយគ្នានេះរដ្ឋាភិបាល ក៏នឹងបន្តអនុវត្តការអនុគ្រោះពន្ធដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ និងអាកាសចរណ៍ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ផងដែរ។
ទិដ្ឋភាពប្រជាជនទទួលអំណោយពីរាជរដ្ឋាភិបាល
ដោយ

ការ​ប្រកាស​អះអាង​បែប​នេះ ធ្វើ​ឡើង​ក្នុង​កម្មវិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ «​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុង​ការ​រស់នៅ​ជាមួយ​កូ​វី​ដ​-១៩​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​សម្រាប់​ឆ្នាំ​២០២១-២០២៣» ដែល​ជា​យន្តការ​ស្តារ​និង​ជំរុញ​ភាព​ធន់​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច​ឲ្យ​មាន​ភាព​រីក​ចម្រើន​ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន​។

នា​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ «​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការ​រស់នៅ​ជាមួយ​កូ​វី​ដ​-១៩​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​សម្រាប់​ឆ្នាំ​២០២១-២០២៣»​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ ឆ្នាំ​២០២១ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​គូសបញ្ជាក់​ថា កម្ពុជា​នឹង​លែង​មានការ​ដាក់​ចេញ​វិធានការ​ជួយ​អាជីវកម្ម និង​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ដោយសា​រវិបត្ត​កូ​វី​ដ​-១៩ ដែល​កម្ពុជា​បាន​ដាក់​ចេញ​១០​ជុំ​កន្លង​មក​ទៀត​ហើយ​ចាប់ពី​ឆ្នាំ​២០២២ តទៅ​។

ទោះបី​គ្មាន​វិធានការ​នេះ​ក៏​ពិតមែន តែ​មិន​មាន​ន័យ​ថា គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ និង​អា​ជី​កម្ម​មួយ​ចំនួន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ លែង​ទទួល​បានការ​ជួយ​ជ្រោមជ្រែង និង​អនុគ្រោះ​ផ្នែក​ពន្ធ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ទេ​។ ពោល​គឺ​ពួក​គេ​នៅ​តែ​អាច​ទទួល​បានការ​ជួយ​ពី​រាជរដ្ឋាភិបាល​ដដែល​តាម​រយៈ​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា ដែល​បាន​ដាក់​ចេញ​ខាងលើ​។

បើ​តាម​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រាជរដ្ឋាភិបាល​នឹង​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ដោយសារ​កូ​វី​ដ​-១៩ ចំនួន​៩​ខែ​បន្ថែម​ទៀត ដោយ​អនុវត្ត​ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​២០២២ ដើម្បី​ជួយ​សម្រួល​បន្ទុក​ជីវភាព​រស់នៅ​របស់​គ្រួសារ​ទាំងនោះ​។ ទន្ទឹង​នឹង​នេះ រដ្ឋាភិបាល នឹង​បន្ត​អនុវត្ត​កម្មវិធី​អនុគ្រោះ​ផ្នែក​ពន្ធ​ដល់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ និង​អាកាសចរណ៍​បន្ថែម​ទៀត ដើម្បី​ត្រៀម​ស្តារ និង​ជំរុញ​កំណើន​វិស័យ​ទេសចរណ៍​កម្ពុជា​។

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន បាន​គូសបញ្ជាក់​បន្ថែម​ទៀត​ថា ដើម្បី​ជួយ​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​សក្តានុពល ដែល​ជា​ជ​ន្ទ​ល់​ដ៏​រឹង​មាំ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា រាជរដ្ឋាភិបាល​បាន​ត្រៀម​កញ្ចប់​ថវិកា​ចំនួន​២៥០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ផ្តល់​ឥណទាន​ដល់​វិស័យ​ទាំងនោះ ជាមួយ​អត្រា​ការ​ប្រាក់​ទាប​ក្នុង​ក​ម្រិ​ក​ប្រកួតប្រជែង​។ វិស័យ​ដែល​នឹង​ទទួល​បាន​ឥណទាន​ត្រង់ តាម​រយៈ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម រួម​មាន​វិស័យ​កសិកម្ម ទេសចរណ៍ និង​វិស័យ​សក្តានុពល​មួយ​ចំនួន​ទៀត​។

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន រំពឹង​ថា តាមរ​យៈសរ​ស្តម្ភ ៣​រួម​មានការ​ស្តារ​ឡើង​វិញ ការ​កែទម្រង់ និង​ការ​កសាង​ភាព​ធន់ នៃ​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​សេដ្ឋកិច្ច​ខាងលើ វា​មិន​ត្រឹមតែ​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​មាន​កំណើន​ប្រកបដោយ​ភាពរឹងមាំ ចីរភាព និង​បរិ​យា​បន្ន​នោះ​ទេ តែ​ក៏​នឹង​ជំរុញ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​និ​នា​បន​កម្ម​សេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ទៀត​ផង​ដែរ​។ ជា​ពិសេស​វា​នឹង​ជួយ​បង្កើន​ពិពិធ​កម្ម​សេដ្ឋកិច្ច​និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ដើម្បី​ចាប់​យក​កាលានុវត្តភាព​ថ្មី​ៗ​ដែល​កំពុង​លេចឡើង​ក្នុង​និន្នាការ​តំបន់ និង​សកលលោក​។ 

វិបត្តិ​កូ​វី​ដ​-១៩ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មកនេះ វា​បង្ហាញ​ទាំង​ភាព​ផុត​ស្រួយ​នៃ​វិស័យសេដ្ឋកិច្ច និង​ភាព​ខ្លាំង​របស់​វិស័យ​មួយ​ចំនួន​។ ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សង្កេត​ឃើញ​ថា វិស័យ​កសិកម្ម​នៅ​តែ​អាច​ឈរជើង​បាន​យ៉ាង​រឹង​មាំ​ជាមួយ​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ទោះបី​កម្ពុជា​និង​ពិភពលោក​ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩​។ កត្តា​នេះ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុង​ការ​ជំរុញ​និង​អភិវឌ្ឍន៍​វិស័យ ដែល​ជា​ជ​ន្ទ​ល់​សម្រាប់​សេដ្ឋកិច្ច​កម្ពុ​ជាមួយ​នេះ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគ្រិនខ្មែរ រៀបចំកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២១

ព័ត៌មាន
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ សហគ្រិនខ្មែរ បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២១ ក្នុងគោលបំណងលើកស្ទួយវិស័យសហគ្រិនភាព នៅកម្ពុ…

ធនាគារជាតិជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសេដ្ឋកិច្ចដើម្បីលើកស្ទួយការអភិវឌ្ឍន៍វិស័យ SME នៅកម្ពុជា

ព័ត៌មាន
វិស័យសហគ្រាសធុនតូច និង មធ្យម (SME) ពិតជាវិស័យដែលមានសក្តានុពលក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ