វិធានការជុំទី៩

រាជរដ្ឋាភិបាលសម្រេចដាក់ចេញវិធានការជុំទី៩ហើយ! មាន៤ចំណុចសំខាន់ដែលអ្នកគួរដឹង!


រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ២០២១ បានសម្រេចដាក់ចេញនូវវិធានការជុំទី៩ ដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម ដែលបានបណ្ដាលមកពីមេរោគរាតត្បាតកូវីដ-១៩ ដែលកំពុងបន្ដបោកបក់កាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសជាច្រើនផ្សេងទៀតនៅជុំវិញពិភពលោក។ វិធានការជុំទី៩នេះ ក៏មិនសូវខុសគ្នាពីវិធានការទាំង៨ជុំនាពេលកន្លងមកដែរ គឺនៅបន្ដជួយដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ, ក្នុងវិស័យទេសចរណ៍, អាជីវកម្មអាកាសចរណ៍ និងគ្រួសារក្រីក្រ និងងាយរងគ្រោះជាដើម។
សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាព៖ ទំព័រហ្វេសប៊ុក នាយករដ្ឋមន្ត្រី)
ដោយ

នៅក្នុងវិធានការជុំទី៩នេះ មានមានគោលបំណង​ចម្បង​៤ចំណុច​សំខាន់ៗ រួមមាន៖

ទី១, កាត់បន្ថយ​ផលប៉ះពាល់​មកលើ​ស្ថានភាព​សង្គម-សេដ្ឋកិច្ច និងហានិភ័យ នៃការឆ្លង​រាលដាល​នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ក្នុងលក្ខណៈទ្រង់ទ្រាយធំ។

ទី២,បន្ដ​សុពលភាព​នៃវិធានការ​ដែលបាន​ដាក់ចេញ​នាពេលកន្លងមក ដែលនឹងផុត​កំណត់​សម្រាប់​ការអនុវត្ត​ក្នុងពេល​ឆាប់ៗខាងមុខ

ទី៣, បន្ដដាក់ចេញ​ និងអនុវត្ត​វិធានការទ្រទ្រង់ និងស្ដារ​អាជីវកម្ម និងធុរកិច្ចឲ្យងើបឡើងវិញ ដើម្បី​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច សំដៅបង្កើត​ឲ្យបាន​ភាពស៊ាំសង្គម-សេដ្ឋកិច្ច​នៅក្នុង​បរិការណ៍​នៃការ​វិវឌ្ឍ​នៃជំងឺកូវីដ-១៩។

និងទី៤ បន្ដជួយទំនុកបម្រុង​ដល់ជីវភាព​ប្រចាំថ្ងៃ​របស់​​គ្រួសារ​ក្រីក្រ និងងាយរងគ្រោះតាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់។

កម្មកររោងចក្រ​កាត់ដេរវាយនភណ្ឌ និងវិស័យទេសចរណ៍​បន្ដទទួលបាន​ប្រាក់ឧបត្ថម្ភចំនួន​​៣ខែបន្ដទៀត

នៅក្នុងវិធានការ​ជុំទី៩នេះ សម្រាប់​កម្មករនិយោជិតរោងចក្រ​កាត់ដេរ​វាយនភណ្ឌ​, ស្បែកជើង​,ផលិតផល​​ធ្វើដំណើរ និងកាបូប ដែលត្រូវបាន​ព្យួរការងារ និង​ទទួលបាន​​ការអនុញ្ញាត​ពី​ក្រសួងការងារ នឹងទទួលបាន​ថវិកាឧបត្ថម្ភ​ចំនួន​​៤០​ដុល្លារ​ក្នុងមួយ​ខែ ចាប់ពីខែកក្កដា ដល់ខែ​កញ្ញា ឆ្នាំ២០២១។ ម្ចាស់រោងចក្រ​សហគ្រាស​ក្នុងវិស័យនេះ ត្រូវបន្ថែម​ចំនួន​៣០​ដុល្លារ សម្រាប់​កម្មករ​និយោជិត​ ០១នាក់។ សរុបទៅកម្មករនិយោជិត​​ម្នាក់ ​ទទួលបាន​៧០​ដុល្លារក្នុងមួយខែ។

ដោយឡែក សម្រាប់​កម្មកនិយោជិត​ក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារ​ទេសចរណ៍ និងអាជីវកម្ម​ក្នុងវិស័យ​ទេសចរណ៍ ក៏ទទួលបាន​ប្រាក់ឧបត្ថម្ភពីរដ្ឋ​៤០​ដុល្លារក្នុងមួយខែដែរ ចាប់ពីខែ​កក្កដា ដល់ខែកញ្ញាឆ្នាំ២០២១។

ក្រៅពីនេះចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន​ទេសចរណ៍ ​ដែលបាន​ចុះបញ្ជី​នៅអគ្គនាយកដ្ឋាន​ពន្ធដារ និងមានសកម្មភាព​អាជីវកម្ម​​នៅ​រាជធានីភ្នំពេញ ខេត្ត​សៀមរាប ខេត្តព្រះសីហនុ ខេត្ត​កែប ខេត្តកំពត និងក្រុងបាវិត​ និងក្រុងប៉ោយប៉ែត ក៏ទទួលបាន​ការលើកលែងពន្ធ​​ប្រចាំខែគ្រប់ប្រភេទ​​សម្រាប់​រយៈពេល​៣ខែ ដូចគ្នាដែរ។ ជាមួយគ្នានេះ ក៏មានការ​លើកលែង​​ការបង់វិភាគទានរបបសន្ដិសុខសង្គម និងបន្ដពន្យារពេល​ការចាប់ផ្ដើមអនុវត្ត​របប​សន្ដិសុខសង្គម​ផ្នែកសោធន​រយៈពេល​៦ខែបន្ដទៀត។

វិស័យអាកាសចរណ៍ឯណោះវិញ ក៏ទទួលបាន​ការលើកលែង​ការបង់ពន្ធ​អប្បបរមា សម្រាប់​រយៈពេល​៣ខែបន្ថែមទៀតដែរ ចាប់ពីខែ​កក្កដា​ដល់ខែកញ្ញា ព្រមទាំង​អាចបន្ដ​ពន្យារការបង់​ប្រាក់ជំពាក់​កម្រៃអាកាសចរស៊ីវិ​ល​រយៈពេល​៣ខែបន្ថែមទៀត ចាប់ពីខែ​កក្កដា​ដល់ខែ​កញ្ញាឆ្នាំ២០២១។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅវិធានការជុំទី៩នេះ វិស័យ​ដឹកជញ្ជូន និងឡូជីស្ទិក​ក៏ទទួលបាន​ការលើកលែង​កម្រៃ​អាជ្ញាបណ្ណ​ជើងសារគយ​​​សម្រាប់​ឆ្នាំ២០២១ និងឆ្នាំ២០២២ដែរ ហើយការលើកលែ​ងនេះ គឺផ្អែកលើការវាយតម្លៃជាក់ស្ដែង។

ចំពោះ​គ្រួសារ​ក្រីក្រ និងងាយរងគ្រោះវិញ​នៅអំឡុងពេលកូវីដ១៩​នេះ រាជរដ្ឋាភិបាល​ក៏បន្ដ​ឧបត្ថម្ភ​សាច់ប្រាក់​សម្រាប់រយៈពេល​៣ខែបន្ថែមទៀត ចាប់ពីខែ​កក្កដា ដល់ខែកញ្ញឆ្នាំ២០២១។

សូមបញ្ជាក់ថា បើតាម​ការកត់សម្គាល់​របស់រាជរដ្ឋាភិបាល ទោះបីជា​រាជរដ្ឋាភិបាល​បន្ដ​កិច្ចខិតប្រឹងប្រែងទប់ទល់នឹងកូវីដ-១៩ ក៏ដូចជា​ការសម្រុក​ការចាក់វ៉ាក់សាំងក៏ពិតមែន ប៉ុន្ដែ ស្ថានភាព​សេដ្ឋកិច្ច​-សង្គម​​នៅតែរងផលប៉ះពាល់។ ជាក់ស្ដែង វិស័យ​ដូចជា​កាត់ដេរវាយនភណ្ឌ, អាកាសចរណ៍, ទេសចរណ៍ គឺសុទ្ធសឹងតែបាននិងកំពុង​រងផលប៉ះពាល់​ខ្លាំងជាងគេ ពីវិបត្តិនៃជំងឺកូវីដ-១៩នេះ។ បន្ថែមពីនេះ ពលរដ្ឋ​គ្រប់ស្រទាប ពិសេស​គ្រួសារ​ក្រីក្រ និងងាយរងគ្រោះ ក៏នៅតែប្រឈមនឹង​បញ្ហា​លំបាក​ផ្សេងៗ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់ពួកគេដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ីបន្ថែមថវិកា ៣៦ពាន់លានដុល្លារជួយពលរដ្ឋ ចំពេលប្រទេសបន្ដការបិទខ្ទប់

ព័ត៌មាន
រដ្ឋាភិបាលម៉ាឡេស៊ីក្រោមការដឹកនាំដោយនាយករដ្ឋមន្ត្រី លោក ម៉ូយីស៊ីន យ៉ាឌីន នៅ ដើមសប្ដាហ៍នេះ បានបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជាង ៣៦ពាន់…

ថៃបន្ដបញ្ចេញថវិកា ២៣០លានដុល្លារបន្ថែមទៀត នៅអំឡុងពេលអនុវត្តវិធានការរឹតត្បិត

ព័ត៌មាន
ក្រោយបង្កើនការរិតបន្ដឹងឡើងវិញនូវវិធានការសុវត្ថិភាពកូវីដ១៩ក្នុងក្រុងបាងកក រដ្ឋាភិបាលថៃបានបញ្ចេញថវិកាជំនួយបន្ថែមប្រមាណ ២៣០លានដុល្លារទៀត ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ