បំណុលសាធារណរបស់កម្ពុជា

កម្ពុជាចុះកិច្ចព្រមព្រៀងខ្ចីបំណុលពីបរទេសបន្ថែមជាង១,២ពាន់លានដុល្លារ កើនជិត៣០០% នៅ៩ខែឆ្នាំនេះ


រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងទទួលកម្ចីសម្បទានពីប្រទេស និងដៃគូអភិវឌ្ឍន៍នានាជាង១ពាន់២រយលានដុល្លារអាមេរិកនៅ៩ខែឆ្នាំ២០២២ កើនឡើងជិត៣០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគូសបញ្ជាក់ថា គោលដៅនៃការចុះកិច្ចព្រមព្រៀងលើកម្ចីទាំងនេះ គឺដើម្បីបំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល និងសំដៅរួមចំណែកទ្រទ្រង់ចីរភាពកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច។
កម្ពុជាចុះកិច្ចព្រមព្រៀងខ្ចីបំណុលពីបរទេសបន្ថែមជាង១,២ពាន់លានដុល្លារ កើនជិត៣០០% នៅ៩ខែឆ្នាំនេះ

គិតត្រឹមត្រីមាសទី៣ឆ្នាំ២០២២ សន្និធិបំណុលសាធារណៈរបស់កម្ពុជាមានទំហំជាង ៩ពាន់លានដុល្លារ ខណៈនៅឆ្នាំ២០២៣ ខាងមុខ កម្ពុជាគ្រោងខ្ចីបំណុលជាង២ពាន់លានដុល្លារអាមេរិកបន្ថែមទៀត។ អ្នកជំនាញសេដ្ឋកិច្ចអះអាងថា បំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន នៅតែស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាននៅឡើយ ហើយកម្ពុជាក៏នៅតែមានលទ្ធភាពក្នុងការខ្ចីបំណុលបន្ថែមផងដែរ ដើម្បីប្រើប្រាស់ក្នុងការអភិវឌ្ឍប្រទេសពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច។

ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញឲ្យឃើញថា នៅ៩ខែឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីពីដៃកូអភិវឌ្ឍន៍នានាចំនួនជាង១ពាន់២១៧លានដុល្លារអាមេរិក ឬប្រហែលនឹង៩៤៩ SDR ដែលស្មើនឹង៥៩% នៃពិដានដែលច្បាប់អនុញ្ញាត១ពាន់៦រយលាន SDR។ ចំនួនហិរញ្ញប្បទានសម្បទាននេះមានការកើនឡើងជិត៣០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមឥណទានទាំងនេះកម្ពុជាទទួលបានក្រោមក្របខណ្ឌទ្វេភាគីប្រមាណ៦៨% និងពហុភាគី៣២%។ ដោយឡែក ចំពោះសន្និធិបំណុលរបស់កម្ពុជាវិញ គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំនេះ មានជិត៩ពាន់៥រយលានដុល្លារ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា កត្តាដែលជំរុញឲ្យកម្ចីសម្បទានពីបរទេសរបស់កម្ពុជានៅ៩ខែកន្លងមកនេះមានការកើនឡើងខ្លាំង គឺដោយសាររាជរដ្ឋាភិបាលមានតម្រូវការទុនជាចាំបាច់សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យកំណើនរយៈពេលវែងនៃសេដ្ឋកិច្ច ដែលជាគោលនយោបាយសារពើពន្ធរបស់រាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ដោយសារការកៀរទុនក្នុងស្រុកនៅមានកម្រិត ដែលជាហេតុជំរុញឲ្យរាជរដ្ឋាភិបាលត្រូវបន្តងាកទៅកៀរគរទុនពីក្រៅស្រុក សម្រាប់បម្រើឲ្យការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។ ទោះយ៉ាងណា សម្រាប់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បំណុលសាធារណៈក្នុងកម្រិតប៉ុណ្ណេះ មិនបានដាក់បន្ទុកធ្ងន់ធ្ងរពេកនោះទេដល់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺរាជរដ្ឋាភិបាលនៅតែមានលទ្ធភាពក្នុងខ្ចីបំណុលបន្ថែមទៀតដើម្បីយកមកអភិវឌ្ឍប្រទេសជាតិ។

បើតាមការគូសបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឥណទានថ្មីទាំងនេះសុទ្ធសឹងជាឥណទានដែលមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាធម្យមប្រមាណ៤២%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានទាំងនេះ គឺដើម្បីបំពេញតម្រូវហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលសំដៅរួមចំណែកទ្រទ្រង់ចីរភាពកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។

ជាមួយគ្នានេះនៅរយៈពេល៩ខែឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានដកសាច់ប្រាក់ពីឥណទានទាំងនេះចំនួន១ពាន់លានដុល្លារអាមេរិក ហើយសាច់ប្រាក់ទាំងនេះត្រូវបានប្រើប្រាស់ភាគច្រើនលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលមានប្រមាណ៥៤% និងវិស័យអាទិភាពចំពោះមុខមិនហេដ្ឋារចនាសម្ព័ន្ធ៤៦%។

គួរបញ្ជាក់ដែរថា ចាប់ពីត្រីមាសទី១ដល់ត្រីមាសទី៣ឆ្នាំ២០២២ កម្ពុជាបានទូទាត់បំណុលជូនដៃគូអភិវឌ្ឍន៍បានជាង ៤០៤លានដុល្លារអាមេរិក កើនឡើងប្រមាណ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងក្របខណ្ឌបំណុលទ្វេភាគី ប្រទេសដែលជាម្ចាស់បំណុលធំបំផុតរបស់កម្ពុជា រួមគឺប្រទេសចិនមានដល់ទៅ ៤១% បន្ទាប់មក គឺជប៉ុនមាន១០% ខណៈកូរ៉េខាងត្បូង ៥% និងបារាំង ៥%។

បើតាមសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៣ ដែលទើបអនុម័តកាលពីថ្ងៃទី២៨ ខែតុលា នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា មានផែនការនឹងបង្កើនទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍បន្ថែមទៀត រហូតដល់១ពាន់៧រយលាន SDR (ជាតម្លៃរូបិយវត្ថុដែលកំណត់ដោយ IMF) ដែលស្មើនឹងប្រមាណជិត២ពាន់៣រយលានដុល្លារអាមេរិក។ រាជរដ្ឋាភិបាលកម្ពុជាអះអាងថា ការបង្កើនទំហំកម្ចីនេះ វានឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌកដល់កម្ពុជាទេ ពោលគឺជាទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈកម្ពុជានៅតែត្រូវបានវាយតម្លៃថាមានចីរភាព និងហានិភ័យកម្រិតទាបដដែល។

ទោះបីកម្រិតបំណុលសាធារណរបស់កម្ពុជាមានការកើនឡើងក៏ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវាយតម្លៃថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជានៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្ដី។ ក្រសួងអះអាងថា ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺដោយសារកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏ត្រឹមត្រូវ និងរឹងមាំ៕




អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិសម្រេចបានជាង ៤៨ពាន់លានដុល្លារ កើនឡើង ១២% នៅ១១ខែឆ្នាំនេះ

ព័ត៌មាន
នៅរយៈពេល១១ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៤៨ពាន់លានដុល្លារ មា…

តៃវ៉ាន់ស្នើឱ្យធនាគាររដ្ឋរបស់ខ្លួនចាត់ចែងឱ្យបានត្រឹមត្រូវចំពោះផលប៉ះពាល់នៃទំនាក់ទំនងជាមួយចិនដីគោក

ព័ត៌មាន
កោះតៃវ៉ាន់បានស្នើសុំឱ្យធនាគារដែលគ្រប់គ្រងដោយរដ្ឋទាំងអស់ដោះស្រាយបញ្ហារបស់ពួកគេឱ្យបានត្រឹមត្រូវ ចំពោះការតទល់នឹងប្រទេសចិន នៅចំពេលមានភាពតាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ