ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា

ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានជាង ២៧ពាន់លានដុល្លារ កើនឡើងជាង២០% នៅឆមាសទី១ឆ្នាំ២០២២


នៅឆមាសទី១ ក្នុងឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ២៧ពាន់លានដុល្លារអាមេរិក មានការកើនឡើងជាង២០% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ដែលបង្ហាញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានជាង ២៧ពាន់លានដុល្លារ កើនឡើងជាង២០% នៅឆមាសទី១ឆ្នាំ២០២២

ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញក្នុងវិស័យនាំចេញផលិតផលកម្ពុជា សុទ្ធតែបានបង្ហាញនូវគំនិតសុទិដ្ឋិនិយម និងការយល់ឃើញពីភាពវិជ្ជមានចំពោះចរន្តសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ពិសេសទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងបណ្ដាប្រទេសដទៃ ដែលជាគោលដៅទីផ្សារ ក្នុងការនាំចេញទំនិញរបស់កម្ពុជា។ ក្នុងនោះ ដៃគូពាណិជ្ជកម្ម​ធំៗ​របស់​កម្ពុជា រួមមាន​ ចិន អាមេរិក សហភាពអឺរ៉ុប វៀតណាម ថៃ និងជប៉ុជាដើម។​

យ៉ាងណាក៏ដោយចុះ បើតាម​អ្នកជំនាញ ការនាំចេញ​ទំនិញសំខាន់ៗ​របស់​កម្ពុជា ត្បិតថា នៅតែរក្សាបានកំណើនជាវិជ្ជមាន​ភាគច្រើន​ក៏ពិតមែន ប៉ុន្ដែ ក៏មានប្រឈមជួបនឹងបញ្ហាជាច្រើន ពិសេស​ គឺបញ្ហាលើការដឹកជញ្ជូនតែម្ដង។

ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានកត់សម្គាល់ថា នៅឆមាសទី១ ឆ្នាំ២០២២នេះ វិស័យនាំចេញស្បែកជើង បានជួបបញ្ហាប្រឈមខ្លះ ពិសេសបញ្ហាថ្លៃដឹកជញ្ជូនកើនឡើង​យ៉ាងគំហុក និងពេលវេលាដឹកជញ្ជូនមានភាពយឺតយ៉ាវជាដើម។ ទោះយ៉ាងណា កម្ពុជា​នៅតែអាចជំនះការលំបាកនេះ ដោយដំណើរការនៃការនាំចេញស្បែកជើង នៅឆមាសទី១ ក្នុងឆ្នាំ២០២២នេះ មានការកើនឡើងពី៣០% ទៅ៣៥% ខណៈការបញ្ជាទិញវិញ គឺមានភាគច្រើន​មកពី អាមេរិក អឺរ៉ុប កាណាដា និងប្រទេសចិន។

ពាក់ព័ន្ធនឹងការនាំចេញនេះដែរ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករ កម្ពុជា កត់សម្គាល់ឃើញថា ដំណើរការនាំចេញអង្ករ ហាក់មានភាពប្រសើរជាងឆ្នាំ២០២១ ខណៈប្រទេសចិន នៅតែជាទីផ្សារធំសម្រាប់នាំចេញអង្ករកម្ពុជា។ បើតាម លោក លន់ យ៉េង នៅឆមាសទី១ ឆ្នាំ២០២២នេះ ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ មានចំនួនសរុបជាង ៣២ម៉ឺនតោន បានកើនឡើងជិត ១៧% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ខណៈការនាំចេញទៅចិន មានជាង៥០% ទៅហើយ នៃការនាំចេញសរុប។ ក្រៅពីនោះ កម្ពុជា​ បាននាំចេញអង្ករទៅកាន់សហគមន៍អឺរ៉ុប ជាង៣២% តំបន់អាស៊ាន ជាង៨% និងទីផ្សារដទៃ ៧%។

ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករ កម្ពុជា ក៏បានបង្ហាញពីការព្រួយបារម្ភចំពោះបញ្ហាប្រឈមមួយចំនួន ដែលបន្តកើតមានក្នុងវិស័យនេះ ដូចជា បញ្ហាថ្លៃដឹកជញ្ជូន និងការចំណាយលើថ្លៃដើមកាន់តែខ្ពស់ ដូចជា ថ្លៃជី-ថ្នាំកសិកម្ម កាន់តែកើនឡើង ជាដើម។

ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម​របស់​កម្ពុជា​នៅឆមាសទី១នេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ចក៏បាន​កត់សម្គាល់ឃើញថា ដ្បិតបច្ចុប្បន្ន បញ្ហាសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានធ្វើឲ្យតម្លៃទំនិញមួយចំនួនឡើងថ្លៃ ដែលជិះឥទ្ធិពលដល់ខ្សែចង្វាក់ផលិតកម្មកម្ពុជា ក៏ប៉ុន្តែ នារយៈពេលប៉ុន្មាន​ខែចុងក្រោយនេះ សកម្មភាពសេដ្ឋកិច្ចកម្ពុជា ហាក់កាន់តែបង្ហាញនូវភាព​វិជ្ជមាន។ លោកបណ្ឌិត គី សិរីវុឌ្ឍន៍ និងលោកបណ្ឌិត ហុង វណ្ណៈ ដែលជាអ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងនៃរាជ្យបណ្ឌិតសភាកម្ពុជា បានគូសបញ្ជាក់ថា ការបើកប្រទេសឡើងវិញ ដែលជំរុញឲ្យវិស័យសំខាន់ៗ ដូចជា វិស័យឧស្សាហកម្ម វិស័យកាត់ដេរ ដំណើរការជាប្រក្រតី ជាដើម សុទ្ធតែជាកត្តាជួយជំរុញនូវកំណើនពាណិជ្ជកម្ម នៅឆមាសទី១ ក្នុងឆ្នាំ២០២២នេះ។ ម្យ៉ាងវិញទៀត អ្នកជំនាញក៏បានបន្ថែមថា កិច្ចការពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ណាស់​នៅក្នុងប្រទេសនីមួយៗ កាលណាទំនាក់ទំនងពាណិជ្ជកម្មទ្វេរភាគី កាន់តែល្អ វានឹងក្លាយជាកត្តាជំរុញឲ្យទំហំពាណិជ្ជកម្ម ប្រទេសនោះកាន់តែមានការកើនឡើង។

សូមបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា មានជាង២៧ពាន់លានដុល្លារអាមេរិក បានកើនឡើង២០%។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញ ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ជាង ១១ពាន់លានដុល្លារ កើនឡើង ៣៤%។ ខណៈការនាំចូលទំនិញមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជាង ១៥ពាន់លានដុល្លារ កើនឡើង ១២%។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


ការលួចបើកល្បែងស៊ីសងអនឡាញខុសច្បាប់ កំពុងបង្កក្តីបារម្ភដល់ល្បែងពាណិជ្ជកម្មស្របច្បាប់

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នាយកដ្ឋានឧស្សាហកម្មនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ការលួចបើកដំណើរការល្បែងស៊ីសងតាមប្រព័ន្ធអេឡិ…

មន្ត្រីជាន់ខ្ពស់អាមេរិកថា «សភាអាមេរិកកំពុងពិនិត្យ» លើសំណើសុំបន្ដ GSP សម្រាប់កម្ពុជា

ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកឡើងវិញទៅកាន់សហរដ្ឋអាមេរិក ឲ្យបន្តផ្តល់ឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់កម្ពុជាដើម្បីជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ