ភូមិសាស្ត្រនយោបាយ

ហេតុអ្វីចិនបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងតំបន់ជាមួយប្រទេសកោះនៅប៉ាស៊ីហ្វិក?


ប្រទេសកោះនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកទាំង១០ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានច្រានចោលបំណងរបស់ប្រទេសចិនក្នុងការបង្កើតកិច្ចព្រមព្រៀងតំបន់រួមគ្នាមួយ ដោយសារបារម្ភខ្លាចថា កិច្ចព្រមព្រៀងបែបនេះអាចទាញពួគេឲ្យស្ថិតនៅក្រោម ដែនអំណាចនិងឥទ្ធិពលរបស់ទីក្រុងប៉េកាំង ខណៈដែលតំបន់ប៉ាស៊ីហ្វិកនេះ កំពុងមានការប្រទាញប្រទូងឥទ្ធិពលគ្នាកាន់តែខ្លាំងរវាងប្រទេសចិន និងអាមេរិក ក៏ដូចជាប្រទេសសម្ព័ន្ធមិត្តអាមេរិកផ្សេងទៀតផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
ចិនបរាជ័យបង្កើតកិច្ចព្រមព្រៀងនៅប៉ាស៊ីហ្វិក!

កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​របស់​ចិន និង​ក្រុម​ប្រទេស​កោះ​ទាំង​១០​នៅ​ប៉ា​ស៊ី​ហ្វិ​ក​ដែល​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វី​ជី​កាលពី​ថ្ងៃ​ចន្ទ បាន​បិទ​បញ្ចប់​ដោយ​គ្មាន​ការ​សម្រេច​កិច្ចព្រមព្រៀង​អ្វី​ទាំងអស់​។ ការ​បរាជ័យ​នៃ​កិច្ចប្រជុំ​នេះ ក៏​ដោយសារ ក្រុម​ប្រទេស​ទាំងនេះ មិន​បាន​រក​ឃើញ​លទ្ធផល​ដូច​តាម​បំណង​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង ដែល​ចង់បាន​កិច្ចព្រមព្រៀង​កម្រិត​តំបន់​។ បើ​តាម​ប្រភព​ពី​ប្រទេស​ចូលរួម​កិច្ចប្រជុំ​បាន​បញ្ជាក់​ថា ការ​ដែល​មិន​មាន​លទ្ធផល​អ្វី​សោះ​នេះ គឺ​ដោយសារ​តែ​មិន​មានការ​ឯកភាព​ជា​ឯកច្ឆន្ទ​រវាង​ប្រទេស​ដែល​ចូលរួម​។

លោក ដា​វី​ដ ប៉ានូ​លេ​អូ​(David Panuelo) ប្រធាន​សហព័ន្ធ​នៃ​រដ្ឋ​មីក្រូ​នេ​ស៊ី​បាន​បញ្ជាក់​ថា កិច្ចព្រមព្រៀង​របស់​ចិន មាន​ភាព​មិន​សមរម្យ និង​អាច​ធ្វើ​ឲ្យ​ឥទ្ធិពល​របស់​ប៉េ​កាំ​ង​គ្របដណ្តប់​ក្នុង​ប្រព័ន្ធ​រដ្ឋាភិបាល​និង ការ​គ្រប់គ្រង​សេដ្ឋកិច្ច ពិសេស​ក្នុង​ឧស្សាហកម្ម​សំខាន់​ៗ​។ ដោយឡែក ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ គឺ​នាយក​រដ្ឋមន្ត្រី​ហ្វី​ជី លោក Frank Bainimarama បាន​និយាយ​បន្ទាប់​ពី​កិច្ចប្រជុំ​ថា​៖ ដូច​រាល់ដង​ដែរ គេ​ចាត់​ទុក​ការ​យល់​ស្រប​ជា​ឯកច្ឆន្ទ គឺជា​រឿង​សំខាន់​។ លោក​បន្ត​ថា ការ​សិក្សា​ពី​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ត្រូវការ​ធ្វើ​ឲ្យ​បាន​ទូលំទូលាយ​ជាង​នេះ មុន​ពេល​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​តំបន់​ថ្មី​ណាមួយ​។

គួរ​ជម្រាប​ថា ប្រទេស​ដែល​ហាក់​សំដែង​ការ​ព្រួយបារម្ភ​នឹង​កិច្ចព្រមព្រៀង​របស់​ចិន​ខ្លាំង​ជាងគេ រួម​មាន ប៉ា​ពូ​ញូ​គី​ណេ កោះ​សា​ម័​រ និង​សហព័ន្ធ​នៃ​រដ្ឋ​មីក្រូ​នេ​ស៊ី​។

យ៉ាងណាមិញ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ហ្វី​ជី​លោក ឈៀន បូ​(Qian Bo) បាន​ប្រាប់​AFP ថា មានការ​គាំទ្រ​ជា​ទូទៅ​ពី​ប្រទេស​ទាំង​១០ ប៉ុន្តែ​ក៏​នៅ​មានការ​ព្រួយបារម្ភ​លើ​បញ្ហា​ជាក់លាក់​មួយ​ចំនួន ដោយ​លោក​បាន​បដិសេធ​មិន​បង្ហើប​ថា​ជា​បញ្ហា​អ្វី​នោះ​ទេ​។ ឯកអគ្គរដ្ឋទូត​ចិន​រូប​នេះ​បន្ត​ថា យ៉ាងណា​ក៏​ដោយ​ប្រទេស​ទាំង​១០ បាន​យល់ព្រម​ពិភាក្សា​ពី​កិច្ចព្រមព្រៀង​នេះ នៅ​ពេល​ក្រោយ រហូត​ដល់​អាច​សម្រេច​បានជា​កិច្ចព្រមព្រៀង​កំរិត​តំបន់​មួយ​។

បើ​តាម​ការ​រំពឹង​ទុក ទីក្រុង​ប៉េ​កាំ​ង​នឹង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​រាប់​សិប​លាន​ដុល្លារ តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន​-​ប៉ា​ស៊ី​ហ្វិ​ក​ដ៏​មាន​សក្តានុពល​មួយ គួប​ផ្សំ​នឹង​ការ​បើកផ្លូវ​ចូល​ទៅ​កាន់ ទីផ្សារ​ដ៏​ធំ​របស់​ចិន សម្រាប់​ប្រទេស​ជា​សមាជិក​។

សូម​ជម្រាប​ថា ប្រទេស​ចិន​កំពុង​បង្កើន​សកម្មភាព និង​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ខាងត្បូង តាម​រយៈ​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​សន្តិសុខ​ទ្វេភាគី​ជាមួយ​បណ្តា​ប្រទេស​កោះ​ក្នុង​តំបន់​។ ទាំងនេះ​គឺជា​ការ​ប្រកួតប្រជែង​ឥទ្ធិពល​ដោយ​ផ្ទាល់ ជាមួយ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​នៅ​ក្នុង​តំបន់ ហើយ​វា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​យុទ្ធសាស្ត្រ​សំខាន់​បំផុត​មួយ​របស់​ប៉េ​កាំ​ង ក្នុង​ការ​បង្កើន​ឥទ្ធិពល​នៅ​ប៉ា​ស៊ី​ហ្វិ​ក​ផង​ដែរ​។

ប្រសិនបើ​គេ​អាច​សម្រេច​កិច្ចព្រមព្រៀង​ទាំង​ទ្វេភាគី និង​ពហុភាគី​កាន់​ច្រើន នោះ​មិនយូរ​មិនឆាប់ គេ​នឹង​ឃើញ​វត្ត​មានការ​វិនិយោគ និង​ពិសេស​កងទ័ព​របស់​ចិន​នៅ​ប៉ា​ស៊ី​ហ្វិ​ក​កាន់តែ​ច្រើន​។ តាម​រយៈ​កិច្ចព្រមព្រៀងទ្វេភាគី ដែល​ចិន​បាន​ចុះ​រួច​ជាមួយ​កោះ​សូ​ឡូ​ម៉ុង និង​សា​ម័​រ ចិន​នឹង​ផ្តល់​ឲ្យ​ប្រទេស​កោះ​ទាំង​ពីរ​នេះ នូវ​ការ​បណ្តុះបណ្តាល​យោធា​ប៉ូ​លី​ស ការ​ចូលរួម​ក្នុង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ពង្រីក​ទំនាក់ទំនង​នយោបាយ ពង្រីក​ការ​ធ្វើ​នាវាចរ​ក្នុង​ដែនសមុទ្រ​កាន់តែ​ធំ​ជាង​មុន និង​ទទួល​បាន​ធនធានធម្មជាតិ​កាន់តែ​ច្រើន​ទាំង​នៅ​លើ​ដី និង​ក្នុង​ទឹក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមស្ថាប័នអ្នកវិភាគធំៗទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចចិនឆ្នាំនេះ ក្រោយមើលឃើញពីឥទ្ធិពលរបស់កូវីដ១៩រាតត្បាត

ព័ត៌មាន
ក្រុមអ្នកវិភាគមកពីវិស័យឯកជនជាច្រើនបានបន្ទាបការព្យាកររបស់ពួកគេសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងឆ្នាំនេះ ក្រោយបានមើលឃើញពីការឆ្លងរា…

អ្នកជំនាញ៖ ប្រទេសចិនគួរងាកទៅពង្រឹងទំនាក់ទំនងជាមួយអាស៊ានឲ្យខ្លាំង ខណៈអាមេរិកក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌា

ព័ត៌មាន
ពាណិជ្ជកម្មចេះតែកើនឡើងយ៉ាងឆាប់រហ័សរវាងឥណ្ឌា និងសហរដ្ឋអាមេរិកបានធ្វើឱ្យប្រទេសចិនមានការភ្ញាក់ផ្អើល និងកង្វល់កាន់តែខ្លាំងថា រដ្ឋការរបស់លោក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ