សេដ្ឋកិច្ចចិន

ហេតុអ្វីកំណើនសេដ្ឋកិច្ចចិនក្នុងខែកក្កដាចុះខ្សោយខ្លាំងហួសការរំពឹងទុកកាលពីខែកក្កដា?


ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិនមានស្ថានភាពចុះខ្សោយខ្លាំងហួសពីការរំពឹងទុកកាលពីខែកក្កដា ដោយសារតែករណីឆ្លងកូវីដ១៩ថ្មីៗនៅបន្តអុកឡុកមិនដាច់សោះ ក្នុងសហគមន៍នៃប្រទេសចិន ស្ទើរទូទាំងប្រទេស។ ប្រការនេះ បានបង្កការរឹតត្បិតលើការចំណាយរបស់ពលរដ្ឋទាំងការចំណាយប្រើប្រាស់ អាជីវកម្ម និងសេវាកម្ម ហើយបញ្ហាទាំងនេះ ក៏កំពុងធ្វើឱ្យមានចក្ខុវិស័យកំណើនសេដ្ឋកិច្ចចិនកាន់តែមានភាពមិនច្បាស់់លាស់បន្ថែមទៀត។ នេះបើតាមការចុះផ្សាយមួយដោយសារព័ត៌មាន Bloomberg។
កំណើនសេដ្ឋកិច្ចចិនក្នុងខែកក្កដាធ្លាក់ចុះខ្លាំងមិននឹកស្មានដល់

ការិយាល័យស្ថិតិជាតិចិនបានបញ្ចេញ​របាយការណ៍នៅ​ថ្ងៃ​ចន្ទទី១៥​ខែសីហាថា ផលិតកម្មឧស្សាហកម្ម​បានកើនឡើង ៣,៨% ក៏ពិតមែនធៀបនឹង​ខែក​ក្កដាឆ្នាំមុន ប៉ុន្តែបើធៀបនឹង​ខែមិថុនា ចំនួននេះមានការទាបជាងបន្ដិច ពោលគឺកំណើនកាលពីខែមិថុនាមានចំនួន ៣,៩%។ កំណើននេះគឺខុសទាំងស្រុងពីការព្យាករ​របស់ក្រុមអ្នកសេដ្ឋកិច្ចចិន ដែលថានឹងមានការកើនឡើង៤,៣%។

បន្ថែមពីលើនេះ ការលក់រាយ​បានកើនឡើងក្នុងល្បឿនយឺត​ជាងការរំពឹងទុករបស់រដ្ឋចិន ពោលគឺបានកើនឡើងថែ ២,៧%ប៉ុណ្ណោះ ខណៈដែលការវិនិយោគទ្រព្យសកម្ម​បានកើនឡើង ៥,៧% ក្នុងរយៈពេល​ប្រាំពីរខែ​ដំបូង​នៃឆ្នាំនេះ។ អត្រានេះក៏ខុសទាំងស្រុង​ពីការប៉ាន់ស្មាន​របស់​ទីក្រុងប៉េកាំង ដែលថា ការវិនិយោគទ្រព្យសកម្មអាចមានជាង ៦,២%។

ទន្ទឹមនេះលំហូរនៃចរន្ដ​ឡាន​ដឹកទំនិញ​មានកំរិតទាបនៅក្នុងខែកក្កដា បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈវិស័យអចលនទ្រព្យវិញ គេសង្កេតឃើញថា ការលក់ផ្ទះ​ក៏បានធ្លាក់ចុះផងដែរ បើធៀបនឹងឆ្នាំទៅមិញ។ រីឯ ភាពគ្មានការងារធ្វើនៅក្នុងប្រទេសចិន​មានដល់អត្រា ៥,៤%។

ការប្តេជ្ញាចិត្តមិនប្រួលប្រែ របស់រដ្ឋាភិបាលទីក្រុងប៉េកាំងចំពោះគោលនយោបាយគ្មានកូវីដ១៩ បានធ្វើឱ្យប្រទេសនេះ បន្ដជួបការលំបាកក្នុងការរក្សានូវវឌ្ឍនភាពសេដ្ឋកិច្ច និងធ្វើឱ្យអ្វីៗស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ មិនច្បាស់លាស់ក៏ដោយសារតែ ភាពភ័យខ្លាចក្នុងការរឹតបន្តឹងនិងការបិទខ្ទប់ម្តង​ហើយម្តងទៀត នៅតែបន្តកើតមានក្នុងសហគមន៍ ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ អាជីវករ និងពិសេសអ្នកវិនិយោគ។

ជាក់ស្តែង បើទោះបីករណីឆ្លងនៅទីក្រុងសៀងហៃ និងខេត្តជុំវិញ​នោះ​បានចាប់ផ្តើមធ្លាក់ចុះកាលពីខែមុនក៏ដោយ តែតួលេខបានកើនឡើងនៅតំបន់​ជាច្រើនផ្សេងទៀតរួមទាំងខេត្តភាគខាងកើត ដូចជា ខេត្តអានហុយ ស៊ីអាន និងមជ្ឈមណ្ឌល​ផលិតកម្ម​ដ៏ធំ​គឺ ខេត្តហ្វូស៊ី។

ដោយឡែក ចាប់តាំងពី​ចូលដល់ខែសីហាមក ករណីឆ្លងកូវីដ១៩​ថ្មីៗ​ត្រូវបាន​រកឃើញ​នៅ​លើកោះ ហៃណាន ជាកន្លែងដែលអាជ្ញាធរបានរាំងខ្ទប់សម្រាប់អ្នកមកសម្រាកលំហែកាយ ផ្អាកជើងហោះហើរ និងបិទអាជីវកម្មនៅលើកោះមួយនេះផងដែរ។

សូមជម្រាបថា ចាប់តាំងពីចូលដល់ដើមត្រីមាសទី៣ឆ្នាំនេះមករដ្ឋអំណាចចិន ហាក់មិនសូវជាអួតអាងពីការសម្រេចឱ្យ​បានកំណើនសេដ្ឋកិច្ចរង្វង់ ៥,៥% ដូចធ្លាប់បានតាំងចិត្តពីមុនឡើយ។ ជាមួយនឹងកិច្ចប្រជុំការិយាល័យ​នយោបាយកំពូលកាលពីខែកក្កដា​កន្លងទៅ ប៉េកាំងត្រឹមតែ​បានអំពាវនាវថា ធ្វើយ៉ាងណាសម្រេចឱ្យ «លទ្ធផលល្អបំផុត» តាមដែលអាចធ្វើទៅបាន សម្រាប់កំណើនសេដ្ឋកិច្ច ជាជាងការលើកឡើងពីគោលដៅសេដ្ឋកិច្ចជាតិជាក់លាក់មួយ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនប្រេងយក្សរបស់អារ៉ាប៊ីសាអូឌីត Aramco រកបានប្រាក់ចំណេញ ៨៨ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុនថាមពលអារ៉ាប៊ីសាអូឌីត Aramco បានអះអាងថា ប្រាក់ចំណេញរបស់ខ្លួនបានកើន ឡើង ៩០% មានដល់ជិត៥០ពាន់លានដុល្លារ នៅក្នុងត្រីមាសទី ២ឆ្នា…

តម្លៃប្រេងឆៅធ្លាក់ចុះជិត ១ ដុល្លារក្នុងមួយធុងបារ៉ែល ក្រោយការបង្ហាញទិន្នន័យសេដ្ឋកិច្ចចិនធ្លាក់ចុះគួរឱ្យព្រួយបារម្ភ

ព័ត៌មាន
តម្លៃប្រេងបានធ្លាក់ចុះជាលើកទី២នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រោយការបើកបង្ហាញឡើងនូវទិន្នសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងចុះទន់ខ្សោយ បានបង្កឱ្យមានការព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ