កូវីដ-១៩ នឹងប៉ះពាល់ដល់ថវិកាជាតិនិងកំណើនប្រជាជនអូស្ត្រាលី

កូវីដ-១៩ នឹងប៉ះពាល់ដល់ថវិកាជាតិ និងកំណើនប្រជាជនអូស្ត្រាលីក្នុងរយៈពេលវែង


រដ្ឋាភិបាលអូស្ត្រាលីនៅដើមសប្តាហ៍នេះ បានធ្វើការព្យាករថា ការបិទខ្ទប់ប្រទេសនិងព្រំដែនរបស់អូស្ត្រាលី ដែលបណ្តាលមកពីរោគរាតត្បាតសាកលកូវីដ១៩ នឹងជះផលប៉ះពាល់យូរអង្វែងដល់ថវិកាជាតិ និង កំណើនប្រជាជនរហូតដល់៤០ឆ្នាំទៅមុខទៀត។ ឥទ្ធិល គឺនឹងធ្វើឲ្យអូស្ត្រាលីបន្ដមានឱនភាពថវិកាជាតិរយៈពេលយូរ ហើយចំនួនប្រជាជនវិញក៏កើនយឺតជាងការរំពឹងទុកផងដែរ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
កូវីដ១៩ប៉ះពាល់យូរអង្វែងដល់ប្រទេសអូស្ត្រាលី

របាយការណ៍​ដែល​រដ្ឋាភិបាល​អូស្ត្រាលី ធ្វើការ​សិក្សា​ក្នុង​ឆ្នាំ​២០២១​អំពី​ប៉ះពាល់​លើ​មនុស្ស​ច្រើន​ជំនាន់ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ឱនភាព​ថវិកាជាតិ​នៅ​តែ​បន្ត​កើត​មាន​យ៉ាង​ហោច​ណាស់​រហូត​ដល់ ៤០​ឆ្នាំ​ទៀត​។

របាយការណ៍​ដដែល​បាន​បន្ត​ថា ទោះបីជា​សេដ្ឋកិច្ច​អូស្ត្រាលី​អាច​ងើបឡើង​វិញ​បាន​ប្រសើរ​ជាង​ការ​រំពឹង​ទុក​ក្តី ក៏​កំណើន​នេះ​នឹង​មិន​អាចយ​កមក​ទូទាត់ ជាមួយនឹង​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​កូ​វី​ដ​១៩​បាន​ដែរ ពោល​កញ្ចប់​ថវិកា​ប្រចាំឆ្នាំ នឹង​នៅ​តែ​ទទួល​រង​ការ​ប៉ះទង្គិច សម្រាប់​រយៈពេល​ច្រើន​ឆ្នាំទៅ​មុខ​ទៀត​។ ប៉ះទង្គិច​គឺ​នៅ​ត្រង់​ថា គេ​ត្រូវ​ប្រើប្រាស់​ថវិកា​ដើម្បី​ស្តារ​វិស័យ​ដែល​រង​គ្រោះ ហើយ​គេ​មិន​អាច​ប្រើប្រាស់​ថវិកា ដើម្បី​អភិវឌ្ឍ​វិស័យ​ផ្សេង​ៗ​ទៀត​បាន​នោះ​ទេ​។

ជាមួយ​គ្នា​នេះ អត្រាកំណើន​ប្រជាជន​ក៏​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​មាន​ចំនួន​សរុប​ត្រឹមតែ​ជាង ៣៨​លាន​នាក់​ប៉ុណ្ណោះ​គិត​ត្រឹម​ឆ្នាំ​២០៦១​ខាង​មុខ​នេះ ធ្លាក់​ចុះ​ជាង ២​លាន​នាក់​ធៀប​នឹង​ការ​ព្យាករ​កាលពី​ឆ្នាំ​២០១៥ ដែល​បាន​ព្យាករ​ថា​មាន​ដល់​ជាង ៤០​លាន​នាក់​ត្រឹម​ឆ្នាំ ២០៥៦​។


ប្រការ​នេះ​បាន​សបញ្ជាក់​ឲ្យ​ឃើញ​ថា ទំហំ​សេដ្ឋកិច្ច​អូស្ត្រាលី​នឹង​រួម​តូច​ជាង​មុន ស្រប​ពេល​ដែល​ចំនួន​ប្រជាជន​ក៏​មាន​តិច​ក្នុង​ក្រប​ខណ្ឌ ៤០​ឆ្នាំ​ទៀត ដែល​ធ្វើ​ឲ្យ​អូស្ត្រាលី​បាត់បង់​កម្លាំង​ពលកម្ម​កាន់តែ​ច្រើន​។ បច្ចុប្បន្ន អូស្ត្រាលី​មាន​ប្រជាជន​សរុប​ប្រមាណ ២៦​លាន​នាក់​។ 

គួរ​ជម្រាប​ដែរ​ថា ក្រោយ​បន្ធូរបន្ថយ​ការ​រឹតត្បិត​មិន​បាន​ប៉ុន្មាន​ផង អូស្ត្រាលី​ទើបបាន​ប្រកាស​ដាក់​ក្រុង​ស៊ី​ដ​នី ក្នុង​ការ​បិទ​ខ្ទប់​ជា​ថ្មី ខណៈ​ដែល​តំបន់​ផ្សេង​ៗ​ទៀត​ត្រូវ​បង្កើន​ការ​រឹត​បន្ដឹង​វិធានការ​សុវត្ថិភាព​ឡើង​វិញ បន្ទាប់​ពី​ករណី​ឆ្លង​កូ​វី​ដ​១៩​បាន​ហក់​ឡើងជា​បន្តបន្ទាប់ ព្រមទាំង​បាន រក​ឃើញ​នូវ​មេរោគ​បំប្លែង​ថ្មី​ឌែ​លតា​ផង​ដែរ​។

យ៉ាងណាមិញ​ការ​បិទ​ខ្ទប់​ជា​ញឹកញាប់​របស់​អូស្ត្រាលី ហាក់​បង្ហាញ​ពី​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ទប់ទល់​នឹង​កូ​វី​ដ​១៩ ជាក់ស្តែង មក​ទល់​នឹង​ពេល​នេះ អូស្ត្រាលី​មាន​ករណី​ឆ្លង​សរុប​តែ​ជាង ៣​ម៉ឺន​ករណី​ប៉ុណ្ណោះ ក្នុង​នោះ​អ្នក​ស្លាប់​សរុប​មាន​ជាង ៩០០​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរីផ្ដើមចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលជាប្រវត្តិសាស្ត្រជាមួយនឹងអង់គ្លេស

ព័ត៌មាន
សិង្ហបុរីជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេនៅអាស៊ាន បានប្រកាសពីការចាប់ផ្តើមចរចាកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលជាមួយចក្រភពអង់គ្លេសហើយ ដែ…

ពលរដ្ឋរុស្ស៊ីជាច្រើននៅតែមិនព្រមទៅចាក់វ៉ាក់សាំង មកពីមូលហេតុអ្វី?

ព័ត៌មាន
ប្រទេសរុស្ស៊ីមានវ៉ាក់សាំងកូវីដ-១៩ចំនួន៣ប្រភេទ ដែលអាចចាក់បានទូលំទូលាយសម្រាប់ពលរដ្ឋខ្លួន ប៉ុន្ដែ ពលរដ្ឋរុស្ស៊ីជាច្រើនបាននិយាយថា ពួកគេមិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ