Advertisement
ការ​លើក​កម្ពស់​ប្រាក់​រៀល

អ្នក​ជំនាញ​រំពឹង​ថា ដុល្លារូបនីយកម្ម​នឹង​អាច​ថយ​ចុះ​មក​នៅ​៦០% ក្នុង​ពេល​៥​ឆ្នាំ​ទៀត!


អ្នក​ជំនាញ​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា បើ​កម្ពុជា​អាច​បន្ថយ​ដុល្លារូបនីយកម្ម ឬ​ហៅថា​ការ​ទូទាត់​ដោយ​ប្រើប្រាស់​ក្រដាស​ប្រាក់​ដុល្លារ ពី​ជាង ៨០% នា​ពេល​បច្ចុប្បន្ន ឲ្យ​ថយ​ចុះ​មក​នៅ​ជាង ៦០% ទៅ ៧០% ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​នេះ នោះ​វា​ជា​ភាព​ជោគជ័យ​មួយ​របស់​កម្ពុជា។ យ៉ាង​ណា​ក៏​ដោយ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា ដើម្បី​ឲ្យ​កម្រិត​ដុល្លារូបនីយកម្ម​របស់​កម្ពុជា នឹង​មាន​ការ​ថយ​ចុះ​ប្រសើរ​ជាង​មុន ចាំបាច់​ត្រូវ​ធ្វើ​ឡើង​ដោយ​សន្សឹមៗ ទើប​អាច​ធានា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋ
អ្នក​ជំនាញ​រំពឹង​ថា ដុល្លារូបនីយកម្ម​នឹង​អាច​ថយ​ចុះ​មក​នៅ​៦០% ក្នុង​ពេល​៥​ឆ្នាំ​ទៀត។
ដោយ
Advertisement

បើ​តាម​របាយការណ៍​ពី​ធនាគារ​ជាតិ ប្រទេស​កម្ពុជា​ត្រូវ​បាន​ដឹង​ថា កំពុង​មាន​កម្រិត​ដុល្លារូបនីយកម្ម​ខ្ពស់ បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង ដូចជា ថៃ​និង​វៀតណាម ពោល​គឺ​មាន​ប្រមាណ ៨៣% កំពុង​ចរាចរ​លើ​ការ​ទូទាត់​នានា​ក្នុង​ទីផ្សារ ហើយ​ប្រាក់​ដុល្លារ​អាមេរិក​ភាគ​ច្រើន ដែល​បាន​និង​កំពុង​បន្ត​ហូរ​ចូល​មក​កម្ពុជា គឺ​តាមរយៈ​ជំនួយ ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស ចំណូល​ពី​ការ​នាំ​ចេញ​និង​ទេសចរណ៍។ 

លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អេ អឹម ខេ បាន​លើក​ឡើង​ថា ការ​ប្រើប្រាស់​ប្រាក់​រៀល​នា​ពេល​បច្ចុប្បន្ន មាន​សន្ទុះ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ តួយ៉ាង ទឹក​ប្រាក់​បញ្ញើ​ជា​ប្រាក់​រៀល​នៅ​ក្នុង​គ្រឹះស្ថាន អេ អឹម ខេ មាន​ប្រមាណ ៧០% ខណៈ​ដែល​ប្រាក់​កម្ចី​ជា​ប្រាក់​រៀល​មាន ៧៥%។ 

លោក គា បូរាណ បាន​គូស​បញ្ជាក់​ទៀត​ថា ដើម្បី​កាត់​បន្ថយ​កម្រិត​ដុល្លារូបនីយ​កម្ម​នៅ​កម្ពុជា ចាំបាច់​ត្រូវ​ពង្រីក​ការ​ប្រើប្រាស់​ប្រាក់​រៀល​ឲ្យ​បាន​ទូលំ​ទូលាយ តែ​យើង​ក៏​មិន​អាច​ធ្វើ​វា​ទៅ​លឿន​គំហុក​ពេក និង​រឹតត្បិត​មិន​ទទួល​យក​ប្រាក់​ដុល្លារ​នោះ​ដែរ។ រាជរដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ពង្រីក​ចំណេះ​ដឹង​បន្ថែម ដល់​ប្រជាពលរដ្ឋ​ឲ្យ​និយ​មប្រើប្រាស់​ប្រាក់​រៀល និង​ស្រឡាញ់​ប្រាក់​រៀល នោះ​ទើប​ចំណេញ​ដល់​សេដ្ឋកិច្ច។ 

យ៉ាង​ណា​ក៏​ដោយ​ចុះ លោក គា បូរាណ សង្ឃឹម​ថា ប្រសិន​បើ​រាជ​រដ្ឋាភិបាល​អាច​កាត់​បន្ថយ​កម្រិត​ដុល្លារូបនីយ​កម្ម​នៅ​កម្ពុជា ឲ្យ​ថយ​ចុះ​ពី ៨៣% នា​ពេល​បច្ចុប្បន្ន ឲ្យ​ថយ​ចុះ​មក​នៅ​ត្រឹម​តែ​ជាង ៦០ ឬ ៧០% នៅ​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​ទៀត​នេះ នោះគឺ​ជា​ជោគជ័យ​មួយ​ល្អ​បំផុត​សម្រាប់​កម្ពុជា។ 

លោក គា បូរាណ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ មិន​បាន​និយម​ប្រើប្រាស់​ក្រដាស​ប្រាក់​ជាតិ​របស់​ខ្លួន​ឯង ក៏​ផ្ដល់​នូវ​ភាព​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ផង​ដែរ។ តួយ៉ាង ប្រទេស​ដែល​ការ​ប្រើប្រាស់​ក្រដាស​ប្រាក់​ជាតិ​ផ្ទាល់​ខ្លួន​បាន​ទូលំ​ទូលាយ ប្រទេស​នោះ​នឹង​មាន​លទ្ធភាព​កំណត់​គោលនយោបាយ​នាំ​ចេញ​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​តម្លៃ​នាំ​ចេញ​ទាប និង​អាច​ភាព​ប្រកួត​ប្រជែង​ទីផ្សារ​បាន។ ដោយ​ឡែក សម្រាប់​ប្រទេស​កម្ពុជា​យើង នា​ពេល​បច្ចុប្បន្ន​នេះ ជាក់​ស្ដែង វា​ដូចជា​លំបាក​ធ្វើ​បន្តិច ដោយសារ​តែ​យើង​មាន​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​សម្រាប់​ទូទាត់​ច្រើន​ពេក»។ 

លោក​ជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា ដុល្លារូបនីយ​កម្ម​នឹង​កាន់​តែ​មាន​ការ​ថយ​ចុះ​ជាង​មុន នៅ​ពេល​អនាគត ស្របពេល​ដែល​ការ​និយម​ប្រើប្រាស់​ប្រាក់​រៀល​កាន់​តែ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ 

យ៉ាង​ណា​ក៏​ដោយ​ចុះ លោក​ជំទាវ​បាន​គូស​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​ក៏​មិន​អាច​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​ប្រាក់​រៀល​លឿន​ពេក ឬ​គំហុក​ពេក​នោះ​ដែរ ព្រោះ​ថា ​វា​អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច។ ដូច្នេះ បច្ចុប្បន្ន ធនាគារ​ជាតិ​បាន​លើក​ទឹក​ចិត្ត និង​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​មាន​ទំនុក​ចិត្ត​លើ​ប្រាក់​រៀល ត្រូវ​ស្រឡាញ់​ប្រាក់​រៀល ជា​ជាង​ការ​ប្រើ​វិធានការ​រដ្ឋបាល។

លោកជំទាវ​បាន​បក​ស្រាយ​យ៉ាង​ដូច្នេះ​ថា «ការ​បើក​ចំហ​ឲ្យ​មាន​ការ​ទូទាត់​ដោយ​ប្រើប្រាស់​ក្រដាស​ប្រាក់​ដុល្លារ នៅ​កម្ពុជា ក៏​ជា​រឿង​មួយ​ល្អ​ដែរ ដល់​សេដ្ឋកិច្ច ប៉ុន្ដែ សម្រាប់​ការ​ប្រើប្រាស់​ក្រដាស​ប្រាក់​របស់​ជាតិ ក៏​ជា​រឿង​មួយ​ចាំបាច់​ត្រូវតែ​មាន ហើយ​ការ​វិវត្ត​នេះ យើង​នឹង​ធ្វើ​ឡើង​សន្សឹមៗ​ដោយ​ប្រុង​ប្រយ័ត្ន ព្រោះថា ជា​ឧទាហរណ៍ ប្រសិន​បើ​ស្អែក ធនាគារជាតិ​ប្រកាស​មិន​ឲ្យ​មាន​ការ​ចរាចរ​រូបិយប័ណ្ណ​បរទេស​នៅ​ក្នុង​ស្រុក វា​មិនត្រឹម​តែ​ប៉ះពាល់​ដល់​លុយ​ដុល្លារ​នោះ​ទេ តែ​លុយ​បាត លុយ​ដុង លុយ​គីប ដែល​កំពុង​ចរាចរ​នៅ​តាម​តំបន់​ព្រំដែន​ក៏​ត្រូវ​ប៉ះពាល់​ដែរ។ ហើយ​បើ​យើង​អនុវត្ត​ភ្លាមៗ​បែប​នេះ អាជីវករ​និង​ក្រុមហ៊ុន​នានា​ក៏​នឹង​រង​ការ​ប៉ះពាល់​ដូច​គ្នា​ដែរ»។ 

សូម​ជម្រាប​ថា បើ​តាម​លោក Daiju Aiba អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA-RI) បាន​ឲ្យ​ដឹង​ថា ប្រាក់​រៀល​ត្រូវ​បាន​ប្រើប្រាស់​ភាគ​ច្រើន​ក្នុង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ ជាពិសេស នៅ​តាម​តំបន់​ជនបទ ហើយ​ប្រាក់​បញ្ញើ​ជា​រៀល​ក្នុង​ប្រព័ន្ធ​ធនាគារ​មាន​ការ​កើន​ឡើង​ជា​លំដាប់។ បើ​តាម​ទស្សនៈ​របស់​អ្នកស្រាវជ្រាវ​រូប​នេះ តាម​រយៈ​ការ​លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល នឹង​ជួយ​កាត់​បន្ថយ​ដុល្លារូបនីយ​កម្ម​នៅ​កម្ពុជា​នៅ​ពេល​អនាគត​ជាក់​ជា​មិន​ខាន៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ​ចង់​សហការ​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​រថយន្ដ​នៅ​កម្ពុជា​បន្ថែម​ទៀត

ព័ត៌មាន
ភាគី​ថៃ​​បាន​ស្នើ​ស្វែងរក​កិច្ច​សហការ​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​រថយន្ដ​នៅ​កម្ពុជា​បន្ថែម​ទៀត ស្រប​ពេល​ដែល​បច្ចុប្បន្ន​ទើប​តែ​មាន...

ស្ថាប័ន​រូបិយ​វត្ថុ​​អន្តរជាតិ IMF ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​ខ្លាំង​ក្នុង​ឆ្នាំ​២០១៨

ព័ត៌មាន
ស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ​ដែល​ហៅ​កាត់​ថា IMF បាន​រក្សា​​ការ​ព្យាករ​​ថា សេដ្ឋកិច្ច​​របស់​ប្រទេស​កម្ពុជា​នៅ​​រក្សា​បាន​កំណើន​ក្នុង​រ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ