សហគ្រាស​ឱសថ

សហគ្រាស​ផលិត​ឱសថ​ក្នុង​ស្រុក​កំពុង​ត្រដរ​ខ្យល់​ប្រឈម​នឹង​ឱសថ​នាំ​ចូល


តំណាង​សហគ្រាស​ផលិត​ឱសថ​នៅ​កម្ពុជា បង្ហាញ​ការព្រួយ​បារម្ភ​ដោយសារតែ​សហគ្រាស​ផលិត​ឱសថ​ក្នុង​ស្រុក​មួយ​ចំនួន​បាន​បិទ​ទ្វារ​ជា​បន្ត​បន្ទាប់។ តើ​បណ្ដាល​មក​ពី​​មូលហេតុ​អ្វី?
ឱសថ​ស្ថាន​មួយ​កន្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ។ សហគ្រាស​ឱសថ​ក្នុង​ស្រុក​កំពុង​ជួប​ការ​លំបាក​ប្រឈម​នឹង​ឱសថ​នាំ​ចូល។ រូបភាព៖ ហេង ភារម្យ
ដោយ
អំពី ឱសថ

ក្នុង​មួយឆ្នាំៗ ការ​នាំ​ចូល​ឱសថ ឬ​ថ្នាំ​ពេទ្យ​ពី​ក្រៅ​ប្រទេស​ច្រើន​រាប់​ម៉ឺន​តោន​ បាន​និង​កំពុង​សម្លាប់​សហគ្រាស​ផលិត​ឱសថ នៅ​ប្រទេស​កម្ពុជា​បណ្តើរៗ​ហើយ។

ពី​មុន សហគ្រាស​​ផលិត​​ឱសថ​​នៅ​​កម្ពុជា​មាន​ចំនួន​ជាង​២០​សហគ្រាស ប៉ុន្តែ បច្ចុប្បន្ន​នៅ​សល់​តែ ១៣​សហគ្រាស​ប៉ុណ្ណោះ ដែល​កំពុង​តែ​ដំណើរការ​ផលិត​យ៉ាង​ត្រដាប​ត្រដួស​ជាមួយ ​នឹង​ការ​ប្រកួត​ប្រជែង​នឹង​សហគ្រាស​ផលិត​ឱសថ​ក្នុង​ស្រុក​គ្នា​ឯង និង​ជួប​ប្រកួត​ប្រជែង​ជាមួយនឹង​ការ​នាំចូល​ឱសថ ថ្នាំ​ពេទ្យ​ពី​ក្រៅ​ប្រទេស​ផង ជាពិសេស​ឱសថ​ថ្នាំ​ពេទ្យ​ដែល​នាំចូល​ដោយ​ខុស​ច្បាប់​គ្មាន​គុណភាព។

តំណាង​សហគ្រាស​ផលិត​ឱសថ​នៅ​កម្ពុជា បាន​សម្តែង​ការ​ព្រួយ​​បារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​នាំចូល​ឱសថ ឬ​ថ្នាំ​ពេទ្យ មក​ពី​ក្រៅ​ប្រទេស​រាប់​រយ​តោន​ក្នុង​មួយ​ឆ្នាំ​មក​ចរាចរណ៍​លក់​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ដ៏​តូច​ចង្អៀត​មួយ​នេះ។

ឱសថ​បណ្ឌិត ហៃ លីអ៊ាង ប្រធាន​អគ្គនាយក​សហគ្រាស​ផលិតឱសថ ប៉េប៉េអឹម (PPM)។

បញ្ហា​នេះ​កំពុង​តែ​បង្ក​ការ​លំបាក​ដល់​សហគ្រាស​ផលិត​ឱសថ​ក្នុង​ស្រុក ហើយ​ក៏​បាន​សម្លាប់​សហគ្រាស​ផលិត​ឱសថ​ក្នុង​ស្រុក​បន្តិច​ម្តងៗ ឲ្យ​ឈាន​ទៅ​រក​ការ​ក្ស័យ​ធន នៅ​ថ្ងៃ​ណា​មួយ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ប្រសិន​បើ​រដ្ឋាភិបាល​មិន​មាន​វិធានការ​ណា​មួយ​សមស្រប​ទប់​ស្កាត់ ដើម្បី​ដោះសា្រយ​បញ្ហា​ទាំង​អស់​នេះ​ទេ។

លោក​ឧកញ៉ា ឱសថ​បណ្ឌិត ហៃ លីអ៊ាង ប្រធាន​អគ្គនាយក​សហគ្រាស​ផលិតឱសថ ប៉េប៉េអឹម ដែល​ជា​សហគ្រាស​ផលិត​ឱសថ​នៅ​កម្ពុជា​សម្រាប់​ផលិត​ផ្គត់ផ្គង់​ទីផ្សារ​ក្រៅ​ស្រុក​ដ៏​ធំ​ជាង​គេ​មួយ បាន​អះអាង​ថា ការ​នាំចូល​​ឱសថ​​ពី​​បរទេស​​មក​​កម្ពុជា សព្វ​ថ្ងៃ​នេះ វា​លើស​ពី​តម្រូវការ​ជាក់​ស្តែង​ទៅ​ហើយ ទាមទារ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​​ទប់​​ស្កាត់​​ជា​​បន្ទាន់។ ហើយ​បញ្ហា​នេះ​ដែរ កំពុងតែ​បង្ក​លក្ខណៈ​ដ៏​ស្មុគ​ស្មាញ​ដល់​អ្នក​ផលិត​ឱសថ​​ក្នុង​​ស្រុក ដែល​​ធ្វើ​​ឲ្យ​​សហគ្រាស​​ផលិត​​ឱសថ​​មួយ​​ចំនួន​​បិទ​ទ្វារ​បណ្តើរ​ហើយ។

ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​បាន​ចំណាយ​ទឹក​ប្រាក់​ជា​ផ្លូវការ​ប្រមាណ​ជាង ១០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​នាំចូល​ឱសថ ថ្នាំ​ពេទ្យ​មក​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា។ ចំនួន​នេះវា​អាច​លើស​ពី​១០០​លាន ទៅ ២៥០​លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​នាំចូល​ឱសថ​មក​កម្ពុជា។

បើ​យោង​តាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៥ កម្ពុជា​បាន​នាំ​ចូលឱសថ​ថ្នាំ​ពេទ្យ និង​បរិក្ខារ​ពេទ្យ​ចំនួន​ជាង ៣​ម៉ឺន ៥​ពាន់​តោន គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន ជាង​១១០​លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ​២០១៤ មាន​បរិមាណ​នាំចូល​ថ្នាំ​ពេទ្យ​មក​កម្ពុជា​ជាង ១ម៉ឺ ៨​ពាន់​តោន​ប៉ុណ្ណោះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គួច ម៉េងលី៖ បើក​សាលារៀន​គឺ​ដូច​គ្រប់គ្រង​កូន​ប្រទេស​តូច​មួយ​អ៊ីចឹង​ដែរ

ព័ត៌មាន
វិស័យ​អប់រំ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​វិស័យ​ស្នូល​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស ហើយ​ក្នុង​នោះ​ដែរ ការងារ​ប្រតិបត្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ