EU ដាក់ទណ្ឌកម្មមន្ត្រីមីយ៉ាន់ម៉ា

EU ដាក់ទណ្ឌកម្មមន្ត្រីមីយ៉ាន់ម៉ា២២នាក់ និងក្រុមហ៊ុនឧស្ម័ន ជុំវិញការជួយផ្គត់ផ្គង់មូលនិធិដល់ក្រុមយោធា


សហភាពអឺរ៉ុបដាក់ទណ្ឌកម្មមន្ត្រីមីយ៉ាន់ម៉ា ២២ នាក់ និង ក្រុមហ៊ុនឧស្ម័ន ជុំវិញការជួយផ្គត់ផ្គង់មូលនិធិដល់ក្រុមយោធា។ សហភាពអឺរ៉ុបនៅថ្ងៃចន្ទសប្ដាហ៍នេះ បានដាក់ទណ្ឌកម្មលើមន្ត្រីកំពូលៗមួយចំនួនរបស់ប្រទេសមីយ៉ាន់ម៉ា និង លើក្រុមហ៊ុនប្រេង និង ឧស្ម័នរបស់រដ្ឋ ដោយសារតែពួកគេទាំងនេះ បានផ្តល់ជំនួយមូលនិធិដល់ក្រុមយោធា ដែលបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅក្នុងប្រទេសកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
អណ្តូងខួងប្រេង

តាមរយៈទណ្ឌកម្មដែលបានដាក់នោះ សហភាពអឺរ៉ុបបានបង្កកទ្រព្យសម្បត្តិ និងហាមប្រាមការធ្វើដំណើរលើមនុស្ស ២២ នាក់ និងបានអនុវត្តវិធានការរឹតត្បិតលើក្រុមហ៊ុនចំនួន ៤ រួមទាំងក្រុមហ៊ុនរដ្ឋ និងឯកជន។

ក្រុមហ៊ុនទាំងនោះ រួមមានសហគ្រាសរដ្ឋ Myanma Oil and Gas Enterprise ដែលជាដៃគូបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Total Energies និង Chevron នៅក្នុងគម្រោងទាញយកឧស្ម័ននៅឈូងសមុទ្រទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា និងក្នុងតំបន់ឧស្ម័ន Yadana។ ក៏ប៉ុន្តែ កាលពីខែមុន ក្រុមហ៊ុន Total និង Chevron បាននិយាយថា ពួកគេកំពុងតែដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាហើយ ដោយសារតែមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលប្រព្រឹត្តិដោយយោធា។

ក្នុងនោះ រូបិយប័ណ្ណបរទេសក្នុងប្រទេសមីយ៉ាន់ម៉ាប្រហែល៥០% គឺបានមកពីប្រាក់ចំណូលឧស្ម័នធម្មជាតិ ដោយក្នុងនោះ សហគ្រាសរដ្ឋ Myanma Oil and Gas Enterprise រំពឹងថានឹងរកបានចំណូលប្រហែល ១ពាន់៥រយលានដុល្លារពីគម្រោងនៅសមុទ្រ និងបំពង់បង្ហូរប្រេងនៅមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០២១-២០២២ នេះបើយោងតាមការព្យាករណ៍របស់អាជ្ញាធរប្រទេសនេះ។ 

ការដាក់ទណ្ឌកម្មលើសហគ្រាសរដ្ឋ Myanma Oil and Gas Enterprise កើតឡើងបន្ទាប់ពីការធ្វើយុទ្ធនាការអស់រយៈពេលជាយូរមកហើយពីក្រុមសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ា និងជុំវិញពិភពលោក ។ ការដាក់ទណ្ឌកម្មនេះត្រូវបានគេចាត់ទុកថា នឹងកាត់ផ្តាច់ប្រភពចំណូលដ៏សំខាន់នៃមូលនិធិរបស់ក្រុមយោធាមីយ៉ាន់ម៉ា។

ដោយឡែកលោក John Sifton នាយកផ្នែកតស៊ូមតិប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានសាទរចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ដោយលោកបានមើលឃើញថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងសហគ្រាសរដ្ឋ គឺពិតជាមានសារៈសំខាន់ ដោយសារតែប្រាក់ចំណូលរបស់សហគ្រាសនេះបានផ្គត់ផ្គង់ទៅដល់រដ្ឋប្រហារយោធា។

គិតមកទល់ពេលនេះ សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើអ្នកពាក់ព័ន្ធចំនួន ៦៥នាក់ហើយ រួមទាំងស្ថាប័នចំនួន១០ផ្សេងទៀត ដែលជាអង្គការ ទីភ្នាក់ងារ ក្រុមហ៊ុន ឬធនគារ ដែលទាក់ទងនឹងបញ្ហារំលោភបំពានសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ានេះ៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនគ្រោងកាត់បន្ថយការយកពន្ធបន្ថែមទៀតនៅឆ្នាំនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដែលកើនយឺត

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិនលោក លីវ គុន(Liu Kun) បាននិយាយនៅថ្ងៃអង្គារទី២២កុម្ភៈថា ប្រទេសចិននឹងបង្ហាញគម្រោងកាត់បន្ថយការយកពន្ធ និងកម្រៃអាក…

ចិនចេញបដិសេធរឿងបាញ់ឡាស៊ែរដាក់យន្ដហោះអូស្ត្រាលី ខណៈអូស្ត្រាលីទាមទារឲ្យបើកការស៊ើបអង្កេត

ព័ត៌មាន
ប្រទេសចិន បានចេញមកបដិសេធការអះអាងរបស់អូស្ត្រាលីដែលថា នាវាចម្បាំងរបស់ខ្លួនបានបាញ់កាំរស្មីឡាស៊ែរទៅលើយន្តហោះស៊ើបការណ៍អូស្រ្តាលី កាលពីថ្ងៃព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ