ប្រទេសចិន - សហភាពអឺរ៉ុប

អ្នកជំនាញថា ការកាត់ផ្តាច់ទំនាក់ទំនងពីប្រទេសចិនគឺមិនអាចទៅរួចទេសម្រាប់សហភាពអឺរ៉ុប


លោក ក្រេស៊ីមៀ ម៉ាខេន (Kresimir Macan) អ្នកវិភាគនយោបាយរបស់ប្រទេសក្រូអាត បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មានស៊ីនហួថា ការផ្តាច់ខ្លួនចេញពីប្រទេសចិនគឺមិនអាចទៅរួចនោះទេ ហើយក៏មិនមែនជាអ្វីដែលអឺរ៉ុបចង់បាននោះដែរ ខណៈដែលអឺរ៉ុបគឺជាដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏ជិតស្និទ្ធរបស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួ។
អ្នកជំនាញថា ការកាត់ផ្តាច់ទំនាក់ទំនងពីប្រទេសចិនគឺមិនអាចទៅរួចទេសម្រាប់សហភាពអឺរ៉ុប

អ្វីដែលលោក ក្រេស៊ីមៀ ម៉ាខេន បានអះអាងខាងលើនេះគឺជាការបន្ទរតាមសេចក្តីថ្លែងការណ៍របស់ប្រធានគណៈកម្មការអឺរ៉ុប គឺលោកស្រី អ៊ឺស៊ូឡា វ៉ុនឌឺ ឡេយិន (Ursula von der Leyen) ដែលបានថ្លែងនៅទីក្រុង ស្ត្រាសប៊ួ (Strasbourg) ប្រទេសបារាំង កាលពីថ្ងៃទី ១៨ ខែមេសាថា ការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មពីចិនគឺច្បាស់ណាស់មិនអាចទៅរួចទេ មិនមែនជាអ្វីគួរឱ្យចង់បានទេ ឬមិនងាយស្រួលទេ សម្រាប់អឺរ៉ុប។

ក្នុងកំឡុងថ្លែងសុន្ទរកថានោះ ប្រធានគណៈកម្មការអឺរ៉ុបរូបនេះបាននិយាយថា ស្ថានភាពអន្តរជាតិ និងសេដ្ឋកិច្ចរបស់ប្រទេសចិន ក៏ដូចជាផលប្រយោជន៍ផ្ទាល់របស់អឺរ៉ុប ធ្វើឱ្យវាកាន់តែមានសារៈសំខាន់សម្រាប់អឺរ៉ុបក្នុងការគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួនឱ្យបានត្រឹមត្រូវជាមួយចិន។ លោកស្រីបានបន្តថា អ៊ឺរ៉ុបត្រូវតែបង្កើតវិធីសាស្រ្តអឺរ៉ុបផ្ទាល់ដោយឡែក ដើម្បីទុកចន្លោះខ្លះសម្រាប់ឱ្យសមាជិកនានាសហការជាមួយដៃគូផ្សេងទៀត។

អ្នកវិភាគ លោក ម៉ាខេន បាននិយាយថា ដោយសារអឺរ៉ុបនិងចិនជាដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏ជិតស្និទ្ធនឹងគ្នានោះ វាជាផលប្រយោជន៍របស់អឺរ៉ុបក្នុងការប្រកាន់ជំហរបែបនេះ។ លោកបានបន្ថែមថា ទាំងអឺរ៉ុប ទាំងចិន សុទ្ធតែត្រូវការគ្នាទៅវិញទៅមក ក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក៏ដូចជាកិច្ចការអន្តរជាតិផងដែរ។

ទីភ្នាក់ងារស្ថិតិរដ្ឋាភិបាលអឺរ៉ុប យូរ៉ូស្តេត (Eurostat) បាននិយាយថា ប្រទេសចិនគឺជាប្រភពដ៏ធំបំផុតនៃការនាំចូលរបស់សហភាពអឺរ៉ុប និងជាអ្នកទិញទំនិញធំបំផុតទី៣របស់សហភាពអឺរ៉ុបក្នុងឆ្នាំ២០២២។ ជាក់ស្ដែង ការនាំចូលនិងការនាំចេញទ្វេភាគីសរុបឈានដល់ជាងជាង ៨៥៦ ប៊ីលាន អឺរ៉ូ ឬប្រហែល ៩៦០ ប៊ីលានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងឱ្យឃើញពីសារៈសំខាន់សេដ្ឋកិច្ចរបស់ប្រទេសចិនចំពោះអឺរ៉ុប។ ជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលបានផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំមុន និងជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យចិនក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់បន្ថែមទៀតសម្រាប់សហភាពអឺរ៉ុប។

លោក ម៉ាខេន បានសាទរចំពោះអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនចំនួន ៤,៥% នៅក្នុងត្រីមាសទីមួយឆ្នាំនេះ ដោយកត់សម្គាល់ថា ធនាគារពិភពលោកបានបង្កើនអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនដល់ ៥,១% សម្រាប់ឆ្នាំ២០២៣ គឺខ្ពស់ជាងការព្យាករកាលពីខែមករារបស់ធនាគារនេះដែលថាមានត្រឹម ៤,៣%។ ទន្ទឹមនឹងនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនថាមាន ៥,២% នៅឆ្នាំនេះ ដែលជាការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងឆ្នាំមុនដែលមានអត្រាកំណើនតែ ៣% ប៉ុណ្ណោះ។

ប្រសិនបើប្រៀបធៀបគ្នាទៅ មូលនិធិ IMF រំពឹងថា អត្រាកំណើនសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះពីអត្រា ៣,៤% ក្នុងឆ្នាំ២០២២ មកនៅត្រឹម ២,៨% នៅឆ្នាំនេះ ហើយអត្រាកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងធ្លាក់ចុះពី ២,១% នៅឆ្នាំ២០២២ មកនៅត្រឹម ១,៦%នៅឆ្នាំនេះ ខណៈដែលសេដ្ឋកិច្ចសហភាពអឺរ៉ុបអាចនឹងធ្លាក់ចុះពីអត្រា ៣,៥% ក្នុងឆ្នាំ២០២២ មកដល់អត្រា ០,៨% នៅឆ្នាំនេះ។

លោក ម៉ាខេន បាននិយាយថា សេដ្ឋកិច្ចចិននឹងបន្តកើនឡើង ហើយលោកគិតថា អនាគតនៃសេដ្ឋកិច្ចចិនមានភាពភ្លឺស្វាង។ លោកបានសង្កត់ធ្ងន់ថា ប្រទេសចិននឹងនៅតែជាក្បាលរថភ្លើងនៃសេដ្ឋកិច្ចពិភពលោកជាដដែល៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ក្រុមហ៊ុនមួយចំនួនថា សេចក្តីព្រាងច្បាប់របស់សហភាពអឺរ៉ុបស្ដីពីទិន្នន័យបានបង្កហានិភ័យដល់អាថ៌កំបាំងពាណិជ្ជកម្ម

ព័ត៌មាន
ក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រសម្រាប់អាជីវកម្មរបស់អាល្លឺម៉ង់ អេសអេភី (SAP) និងក្រុមហ៊ុនវិស្វកម្មអាល្លឺម៉ង់ ស៊ីម៉េន (Siemens) រួមជាមួយ…

សម្ដេច ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជា ដើម្បីទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ