ឱកាសវិនិយោគនៅកម្ពុជា

ក្រុមវិនិយោគិនបារាំងបង្ហាញពីបំណងបង្កើនឱកាសវិនិយោគនៅកម្ពុជា តាមរយៈ«វេទិកាធុរកិច្ចបារាំង-កម្ពុជា»


ក្រុមអ្នកវិនិយោគជាច្រើនក្រុមហ៊ុនមកពីប្រទេសបារាំង បាននិងកំពុងសម្លឹងរកសក្ដានុពល សម្រាប់ការវិនិយោគបន្ថែមនៅកម្ពុជា តាមរយៈការរៀបចំ «វេទិកាធុរកិច្ចបារាំង-កម្ពុជា» នៅពេលខាងមុខ ដែលអាចជួយបង្កើននូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបារាំងបានបន្ថែមមួយកម្រិតទៀត។
ក្រុមអ្នកវិនិយោគជាច្រើនក្រុមហ៊ុនមកពីប្រទេសបារាំង

ក្រុមអ្នកជំនាញបានអះអាងថា តាមរយៈ«វេទិកាធុរកិច្ចបារាំង-កម្ពុជា» ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៩-១០ មិថុនា ឆ្នាំ២០២២ ខាងមុខនេះ នឹងកាន់តែធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-បារាំង ប្រសើរឡើង ពិសេសវិនិយោគិនបារាំង កាន់តែច្រើននឹងអាចស្វែងយល់ពីឱកាសវិនោយោគបន្ថែមនៅកម្ពុជាតាមរយៈវេទិកានេះ។

មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) និងគណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្ម បរទេសនៃប្រទេសបារាំងប្រចាំកម្ពុជា (CCE) នឹងរៀបចំកម្មពិធី «វេទិកាធុរកិច្ចបារាំង-កម្ពុជា» ជាលើកដំបូងបង្អស់ នៅថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ក្រោមវត្តមានរបស់ លោក ហ្វ្រង់ស័រ កូប៊ីន (Françols Corbin) តំណាងពិសេសរបស់ រដ្ឋមន្ត្រី ទទួលបន្ទុកផ្នែកកិច្ចការអឺរ៉ុប និងការបរទេស សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ាន។ បើតាមប្រកាសព័ត៌មាន ក្រុមហ៊ុនជាង ២៥០មកពីប្រទេសអាស៊ាន និងបារាំង ត្រូវបានរំពឹងថានឹងមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លើសពីនេះ «វេទិកាធុរកិច្ចបារាំង-កម្ពុជា» នឹងបង្ហាញពីបរិបទអំណោយផលរបស់កម្ពុជាសម្រាប់ធុរកិច្ច ហើយក៏ដូចជាបង្ហាញថា កម្ពុជា ជាច្រកដែលមានភាពងាយស្រួល មានភាពប្រកួតប្រជែងខ្ពស់ និងមានប្រសិទ្ធភាព សម្រាប់ក្រុមហ៊ុន ក្នុងការនាំចេញ ទៅកាន់ទីផ្សារអាស៊ី និងពិភពលោកផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី«វេទិកាធុរកិច្ចបារាំង-កម្ពុជា» នៅថ្ងៃទី១ មិថុនា ឆ្នាំ២០២២ លោក Arnaud Darc (អាណូដ ដាក) ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ការរៀបចំ«វេទិកាធុរកិច្ចបារាំង-កម្ពុជា» មានគោលបំណងសំខាន់ គឺដើម្បីបង្កើនឱកាសឲ្យក្រុមវិនិយោគកម្ពុជា និងបារាំង ស្វែងយល់ពីគ្នាទៅវិញទៅមកពីឱកាសវិនិយោគ ក៏ដូចជា ការបង្កើននូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ផងដែរ។ លោក អាណូដ បានកត់សម្គាល់ឃើញថា នៅឆ្នាំ១៩៩៣ គឺជាឆ្នាំដែលប្រទេសកម្ពុជា ចាប់ផ្ដើមមអភិវឌ្ឍលើវិស័យធុរកិច្ចឡើងវិញ ហើយប្រទេសបារាំង គឺជាដៃគូឈរលើចំណាត់ថ្នាក់លេខមួយ ក្នុងការជួយស្ដារវិស័យធុរកិច្ចនៅកម្ពុជា។ លោក អាណូដ ក៏បានបង្ហាញនូវក្ដីរំពឹងយ៉ាងមុតមាំដែរថា តាមរយៈ«វេទិកាធុរកិច្ចបារាំង-កម្ពុជា» នឹងកាន់តែធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-បារាំង ប្រសើរឡើងបន្ថែម ពិសេសវិនិយោគិនបារាំង កាន់តែច្រើននឹងអាចស្វែងយល់ពីឱកាសវិនោយោគបន្ថែមនៅកម្ពុជា។

ដោយឡែក លោក Soreasmey Ke Bin(សុរស្មី កេប៊ីន) ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា បានគូសបញ្ជាក់ថា ការលុបចោលនូវការធ្វើចត្តាឡីស័ក និងវិធានការផ្សេងៗ របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាការបង្កនូវលក្ខណៈងាយស្រួលជាងបណ្ដាប្រទេសដទៃ ដូចជា ថៃ វៀតណាម និងភូមា ជាដើម ដែលធ្វើឲ្យក្រុមអ្នកវិនិយោគមកពីបារាំង ក៏ដូចជា វិនិយោគក្នុងតំបន់ អាចចូលមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។

ជាមួយគ្នានោះ លោក Philippe Baudry (ភីលីព បាឌ្រី) អ្នកជំនាញសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំកម្ពុជា ក៏បានបង្ហាញនូវរំពឹងទុកថា តាមរយៈវេទិកាធុរកិច្ចបារាំង-កម្ពុជា នឹងធ្វើឲ្យមានការកើនឡើងនូវទំហំវិនិយោគរវាងកម្ពុជា-បារាំង ព្រោះវេទិកានេះ គឺមានគោលដៅទាក់ទាញវិនិយោគិនបារាំងមកកម្ពុជា។ លោកចង់ឃើញប្រភេទធុរកិច្ចថ្មីៗ ថែមទៀត ព្រោះបច្ចុប្បន្នកម្ពុជា បាននាំចេញទៅបារាំង ភាគច្រើន ដូចជា សម្លៀកបំពាក់ សម្បែកជើង និងផលិតកសិកម្ម ដូចជាអង្ករ ជាដើម ខណៈបារាំង នាំទំនិញមកកម្ពុជាវិញ ភាគច្រើនមានដូចជា ថ្នាំពេទ្យ ចំណីអាហារ និងបរិក្ខាបច្ចេកទេស។

យោងតាមរបាយកាណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា នៅរយៈពេល ៤ខែ ក្នុងឆ្នាំ២០២២ កម្ពុជា បាននាំទំនិញទៅបារាំង ក្នុងទំហំទឹកប្រាក់ ១៣៣លានដុល្លារ។ ខណៈ ទំនិញដែលកម្ពុជានាំចូលពីប្រទេសបារាំងវិញ មានទំហំទឹកប្រាក់ ៤៣លានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃត្រៀមកញ្ចប់ថវិកាចំណាយ ៩៣ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ក្នុងការពន្លឿនសេដ្ឋកិច្ច

ព័ត៌មាន
រាជរដ្ឋាភិបាលថៃនៅពីថ្ងៃទី ៣១ឧសភា បានស្នើឲ្យមានការកញ្ចប់ថវិកាចំណាយមួយច្រើនជាងមុនដោយមានប្រហែល ៩៣ ពាន់លានដុល្លារ នៅក្នុងសេចក្តីព្រាងកញ្ចប់ថ…

អ្នកជំនាញរំពឹងថា តម្រូវការផ្នែកអាហារ និងភេសជ្ជៈនៅកម្ពុជានឹងមានការកើនឡើងច្រើននៅចុងឆ្នាំនេះ

ព័ត៌មាន
បន្ទាប់ពីជំងឺកូវីដ១៩ រីករាលដាលក្នុងប្រទេសកម្ពុជាមានភាពថមថយមក យើងឃើញថាគ្រប់វិស័យទាំងអស់មានការបើកដំណើរការឡើងវិញ ជាពិសេសវិស័យទេសចរណ៍…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ