វ៉ាក់សាំងកូវីដ-១៩ពិភពលោក

ពិភពលោកជំរុញការផលិត និងចាក់វ៉ាក់សាំងកាន់តែខ្លាំង ចំពេលមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីៗក៏បន្ដកើតឡើងច្រើនដែរ


អ្នកជំនាញសុខាភិបាលជាច្រើនធ្លាប់បានលើកឡើងថា ជំងឺកូវីដ-១៩អាចនឹងថមថយឥទ្ធិពលជាមួយនឹងវត្តមានវ៉ាក់សាំងបង្ការកូវីដ-១៩ដែលបាននិងកំពុងផលិត ចែកចាយ និងចាក់ជូនមនុស្សជាច្រើននៅទូទាំងពិភពលោក ប៉ុន្ដែ មេរោគបំប្លែងខ្លួនថ្មីក៏កំពុងពង្រីកសាយភាយគួរឲ្យបារម្ភណាស់ដែរ។
រូបតំណាង
ដោយ

អ្វី​ដែល​គេ​ចាប់អារម្មណ៍​នោះ ចំ​ពេល​ដែល​ពិភពលោក​សម្រុក​ចាក់​វ៉ាក់សាំង បញ្ហា​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ៗ មាន​ទាំង​មេរោគ​កូ​វី​ដ​កូនកាត់​ផង កំពុង​បង្កក្ដី​បារម្ភ​កាន់តែ​ខ្លាំង​ថែម​ទៀត​ចំពោះ​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​នេះ ដ្បិតថា​វា​មាន​កំរិត​គ្រោះថ្នាក់​ខ្ពស់​ជាង វិ​រុស​ដើម​របស់​វា​រាប់​សិប​ដង ហើយ​គេ​ក៏​មិន​ទាន់​ដឹង​ប្រាកដ​ច្បាស់​នៅឡើយ​ទេ ថា​តើ​វ៉ាក់សាំង​នឹង​កម្ចាត់​មេរោគ​បំប្លែង​ខ្លួន​ថ្មី​នេះ​បាន​ក្នុង​កម្រិត​ណា​នោះ​។


តើ​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​បណ្ដា​ប្រទេស​ធំ​ៗ​ក្នុង​ពិភពលោក​វិ​វត្ត​ដល់​ណា​ហើយ? 

យើង​និយាយ​ពី​ដំណើរការ​ចាក់​វ៉ាក់សាំង​នៅ​ជុំវិញ​ពិភពលោក ដោយ​ផ្តើមនិយាយ​ដំបូង​ពី​ប្រទេស​ធំ​ៗ​ជា​មុន​សិន​។ បើ​យើង​មើលទៅ​លើ​ទិន្នន័យ​ដែល​បង្ហាញ​ដោយសារ​ព័ត៌មាន Bloomberg ឃើញ​ថា ប្រទេស​ចិន​កំពុង​ឈរ​នៅ​លើ​កំពូល​តារាង​ក្នុង​នាម​ជា​ប្រទេស ដែល​មានការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​ដល់​ពលរដ្ឋ​របស់​ខ្លួន​ច្រើន​ជាងគេ​បំផុត​ក្នុង​ពិភពលោក និង​តាម​ពីក្រោយ​ដោយ​សហរដ្ឋអាមេរិក  អឺរ៉ុប និង ឥណ្ឌា​។ ជាក់ស្ដែង គិត​ត្រឹម​ដើមខែ​មិថុនា​នេះ ប្រទេស​ចិន​សម្រេច​បានការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​របស់​ខ្លួន​នៅ​ទូ​ទាំង​ប្រទេស​បាន​ជាង ៦៦០​លាន​ដូ​សរួច​ហើយ​។

ទោះបី​កូ​វី​ដ​១៩​កំពុង​កម្រើក​ឡើងជា​ថ្មី​នៅ​ខេត្ត​មួយ​ចំនួន​របស់​ចិន​ក្តី តួលេខ​ប្រចាំ​ថ្ងៃ​បាន​បង្ហាញ​ថា ចិន​អាច​មាន​សមត្ថភាព​បន្ត​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ខ្លួន​បាន​ច្រើន​ដដែល ពោល​គឺ​ក្នុង​រង្វង់ ២០​លាន​ដូ​ស​ក្នុង​មួយ​ថ្ងៃ ខណៈ​ដែល​តាម​ការ​ព្យាករ​ពី​អ្នកជំនាញ​សុខាភិបាល គិត​ត្រឹម​ចុងឆ្នាំ​២០២១ ការ​ផលិត​វ៉ាក់សាំង​នៅ​ប្រទេស​ចិន​នឹង​កើនឡើង​ដល់ ៣​ពាន់​លាន​ដូ​ស​។

ដោយឡែក​បើ​យើង​ក្រឡេក​ទៅ​មើល​ដំណើរការ​ចាក់​វ៉ាក់សាំង​នៅ​អា​មេ​រិ​ក និង ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ឯណោះ​វិញ ឃើញ​ថា​មាន​ចំនួន​ប្រកៀក​ប្រកិត​គ្នា​មែនទែន ពោល​បើ​គិត​មក​ទល់​ពេល​នេះ សហរដ្ឋអាមេរិក​សម្រេច​កម្មវិធី​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​បាន​ជាង ២៩០​លាន​ដូ​ស ស្រប​ពេល​ដែល​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ចាក់​បាន​ចំនួន​ជាង ២៥០​លាន​ដូ​ស​។

រីឯ ប្រទេស​ឥណ្ឌា ឯណោះ​វិញ ដែល​កំពុង​មមាញឹក​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​កូ​វី​ដ​១៩​ផង​នោះ បាន​សម្រេចការ​ចាក់​វ៉ាក់សាំង​ជិត ២២០​លាន​ដូ​ស​ហើយ ប៉ុន្តែ​វា​ជា​ចំនួន​តិចតួច​ក្នុង​នាម​ឥណ្ឌា​ជា​ប្រទេស​អ្នក​ផលិត​វ៉ាក់សាំង​ដ៏​ធំ​មួយ បើ​ធៀប​នឹង​ប្រជាជន​ដ៏​ច្រើន​លើសលប់​របស់​ខ្លួន​។ 

ស្ថានការណ៍​កូ​វី​ដ​-១៩ និង​ដំណើរការ​ចាក់​វ៉ាក់សាំង​នៅ​កម្ពុជា និង​ប្រទេស​ក្បែរ​ខាង​វិញ​វិ​វត្ត​យ៉ាងណា​ដែរ?

ឥឡូវនេះ​យើង​ចាក​ចេញពី​ដំណើរការ​ចាក់​វ៉ាក់សាំង​នៅ​បណ្តា​ប្រទេស​ធំ​ៗ​ក្នុង​ពិភពលោក ដោយ​យើង​ងាក​មក​ចាប់អារម្មណ៍​ពី​ប្រទេស​ក្នុង​តំបន់​របស់​យើង​វិញ​ម្តង មាន​ដូច​ជា​ប្រទេស​ថៃ វៀតណាម និង កម្ពុជា ទោះបី​មិន​មាន​លទ្ធភាព​ចាក់​វ៉ាក់សាំង​ក្នុង​ចំនួន​ច្រើន​រាប់រយ​លាន​ដូ​ស​ដូច​ប្រទេស​ធំ​ៗ​ដែល​បាន​រៀបរាប់​ខាងលើ​ក៏​ពិតមែន ក៏​ប៉ុន្តែ​ប្រទេស​ទាំង​អស់នេះ​បាន​ខ្នះខ្នែង​មែនទែន ធ្វើ​យ៉ាងណា​ធានា​ឲ្យ​បាន​ថា​ពលរដ្ឋ​របស់​ខ្លួន​អាច​ទទួល​បាន​វ៉ាក់សាំង​គ្រប់គ្រាន់​ស្រប​ពេល​ដែល​ប្រទេស​ទាំង​បី​ខាងលើ​នេះ កម្ពុជា វៀតណាម ថៃ កំពុង​មាន​កំណើន​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ ជា​បន្តបន្ទាប់​អស់​ពេល​ជា​ច្រើន​ខែ​មក​ហើយ​។

ជាមួយ​គ្នា​នេះ វៀតណាម​ដែល​ធ្លាប់​ជា​ប្រទេស​ទប់ស្កាត់​កូ​វី​ដ​១៩​បាន​ប្រសើរ​ជាងគេ ពេល​នេះ​កំពុង​រង​ទុក្ខ​ធំ ដោយសារ​ទើបតែ​បាន​ប្រទះ​ឃើញ​រី​រុស​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ថ្មី មាន​កម្រិត​គ្រោះថ្នាក់​ខ្ពស់ ដែល​ជា​ប្រភេទ​មេរោគ​កូនកាត់ ហើយ​ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា​ជា​មូលហេតុ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​នៅ​វៀតណាម​កើនឡើង​ទ្វេ​ដង​ត្រឹម​រយៈពេល​មួយ​ខែ​។ លើស​ពី​នេះ វៀតណាម​កំពុង​ខ្សត់​វ៉ាក់សាំង​សម្រាប់​ប្រើប្រាស់ ដោយ​គិត​មក​ត្រឹម​ខែមិថុនា​នេះ ប្រទេស​ក្បែរ​ខាង​កម្ពុជា​យើង​មួយ​នេះ ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​របស់​ខ្លួន​បាន​ជាង ១​លាន​នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​ជិត​១០០​លាន​នាក់​របស់​ខ្លួន​។ ប្រការ​នេះ​ហើយ បាន​ជំរុញ​ឲ្យ​ក្រសួងសុខាភិបាល​វៀតណាម តាម​ចែចូវ​ចង់​នាំ​យក​បច្ចេកវិទ្យា​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១៩​មក​ក្នុង​ប្រទេស​របស់​ខ្លួន ដើម្បី​អាច​ផលិត​ផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​កម្មវិធី COVAX ផង និង​សម្រាប់​ខ្លួនឯង​ផង​។

មិន​ទាន់​ទៅ​ណា​ឆ្ងាយ​នោះ​ទេ ចេញពី​វៀតណាម យើង​ងាក​មក​ចាប់អារម្មណ៍​នឹង​ប្រទេស​ក្បែរ​ខាង​កម្ពុជា​យើង​មួយទៀត គឺ​ប្រទេស​ថៃ​។

ថៃ​ហាក់​បង្ហាញ​ពី​សញ្ញា​ល្អ​ជាង​វៀតណាម​ជុំវិញ​កម្មវិធី​ចាក់​វ៉ាក់សាំង ក៏​ប៉ុន្តែ​បើ​និយាយ​ពី​ការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ​វិញ ថៃ​ក៏​មិន​គ្រាន់បើ​ប៉ុន្មាន​ដែរ ពោល​គឺ​នៅ​មាន​ចំនួន​ឆ្លង​កូ​វី​ដរាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​។

មក​ដល់​ពេល​នេះ​ថៃ ចាក់​វ៉ាក់សាំង​បាន ជាង​៣​លាន​៦​សែន​ដូ​ស​ហើយ ស្មើនឹង​២,៦% នៃ​ពលរដ្ឋ​សរុប ចំនួន​នេះ គឺ​ច្រើន​ជាង​ប្រទេស​វៀតណាម ដោយសារ​តែ​ថៃ​មិន​បាន​ពឹងផ្អែក​លើ​វ៉ាក់សាំង​នាំ​មក​ពី​ប្រទេស​លោក​ខាងលិច​ដូច​វៀតណាម​នោះ​ទេ​។ បច្ចុប្បន្ន ថៃ​បាន​អនុម័ត និង​ប្រើប្រាស់​វ៉ាក់សាំង​ចម្រុះ ទាំង​វ៉ាក់សាំង​ពី​លោក​ខាងលិច វ៉ាក់សាំង​របស់​ចិន ហើយ​ថែម​ទាំង​ឈាន​ទៅ​ទិញ​សិទ្ធិ​ផលិត និង ចែកចាយ​វ៉ាក់សាំង AstraZeneca ដោយ​ខ្លួនឯង​ថែម​ទៀត​។

បើ​និយាយ​ពី​កម្ពុជា​យើង​វិញ ឃើញ​ថា ដំណើរការ​ចាក់​វ៉ាក់សាំង កំពុង​តែ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ខណៈ​ដែល​វ៉ាក់សាំង​ដែល​កម្ពុជា​ប្រើប្រាស់​ក៏​ត្រូវ​បាន​ដឹក​មក​ដល់​ទឹកដី​កម្ពុជា​ជា​បន្តបន្ទាប់​ផង​ដែរ​។ ក៏​ប៉ុន្ដែ ក្រៅ​តែ​ពី​ប្រភេទ វ៉ាក់សាំង AstraZeneca ផលិត​នៅ​ឥណ្ឌា ឬ​ហៅ​ឈ្មោះ​ថា កូ​វី​សៀ​ល ដែល​ជា​ជំនួយ​ពី​កម្មវិធី​កូ​វ៉ា​ក់​របស់​អង្ក​ការ​សុខភាព​ពិភពលោក កម្ពុជា​កំពុង​ចាក់​វ៉ាក់សាំង​តែ​ពី​ប្រភេទ​ប៉ុណ្ណោះ ដែល​បាន​មក​ពី​ជំនួយ និង ការ​បញ្ជា​ទិញ​ពី​ប្រទេស​មហាមិត្ត​ចិន រួម​មាន Sinopharm និង Sinovac​។ ក្នុង​នោះ សម្រាប់​វ៉ាក់សាំង Sinovac កម្ពុជា​ទទួល​បាន​នៅ​ក្នុង​ដៃ ចំនួន​៤​លាន​ដូ​សរួច​ហើយ​។

ជាក់ស្តែង គិត​ត្រឹម​ថ្ងៃ​ទី​១​ខែមិថុនា កម្ពុជា​សម្រេចការ​ចាក់​វ៉ាក់សាំង​បាន​ជាង ២៦%​ហើយ ស្មើនឹង​ពលរដ្ឋ​ជាង​២​លាន​៦​សែន​នាក់ ធៀប​នឹង​ផែនការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ឲ្យ​បាន​ទាំងអស់ ១០​លាន​នាក់​។ 

វ៉ាក់សាំង​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​កើន​ដល​៦​ប្រភេទ​ហើយ

ងាក​មក​មើល​ពី​បច្ចុប្បន្នភាព វ៉ាក់សាំង​ដែល​អង្គការ​សុខភាព​ពិភពលោក បាន​ទទួលស្គាល់​និង អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​ក្រប​ខណ្ឌ​បន្ទាន់​វិញ​ម្ដង​។

គិត​ត្រឹម​ដើមខែ​មិថុនា​នេះ អង្គការ​សុខភាព​ពិភពលោក​បាន​ទទួលស្គាល់ និង អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​ក្រប​ខណ្ឌ​បន្ទាន់ នូវ​វ៉ាក់សាំង​ចំនួន​៦​ប្រភេទ​ហើយ ដោយ​បេក្ខភាព​វ៉ាក់សាំង​ដែល​ទើបតែ​បាន​ដាក់​បញ្ចូល​ក្នុង​ប​ញ្ចី​ចុង​ក្រោយ​នេះ គឺជា​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ (Sinovac)​។

Sinovac គឺជា​វ៉ាក់សាំង​ចិន​ទី​ពីរ​ហើយ ដែល​ទទួល​បានការ​អនុម័ត​សម្រាប់​ការ​ប្រើប្រាស់​បន្ទាន់ ពី WHO បន្ទាប់​ពី វ៉ាក់សាំង​របស់​ចិន​មួយ​ប្រភេទ​ទៀត គឺ ស៊ី​ណូ​ហ្វា​ម (Sinopharm) បាន​ត្រូវ WHO ផ្ដល់​ការ​អនុម័ត​ឲ្យ​ប្រើប្រាស់​បន្ទាន់ កាលពី​ខែឧសភា​កន្លង​ទៅ​នេះ​។

សូម​ជម្រាប​ថា មក​ទល់​ពេល​នេះ មាន​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ ចំនួន​៦​ប្រភេទ​ហើយ ដែល​ទទួលស្គាល់​ដោយ WHO រួម​មាន Moderna, Pfizer BioNTech, Johnson & Johnson, AstraZeneca, Sinopharm និង​ចុង​ក្រោយ Sinovac៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរចិនកំពុងព្យាយាមបញ្ជៀសដំរីមួយហ្វូង ដែលកំពុងធ្វើដំណើរចូលជិតដល់ទីក្រុង

ព័ត៌មាន
ដំរីព្រៃមួយហ្វូង ដែលមានចំនួន១៥ក្បាល ដែលបានធ្វើដំណើរអស់រាប់រយគីឡូម៉ែត្រ ពីតំបន់អភរក្សធម្មជាតិមួយនៅភាគនិរតីនៃប្រទេសចិន បានទៅជិតដល់ទីក្រ…

ថៃអនុម័តកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជាង ៤ពាន់លានដុល្លារបន្ថែមទៀត ក្រោយកូវីដ-១៩មិនថមថយ

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃ នៅដើមសប្តាហ៍នេះបានអនុម័តកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចថ្មីមួយទៀត ដែលគិតជាទឹកប្រាក់ប្រមាណ ១៤០ពាន់លានបាត ឬស្មើជាង ៤ពាន់៥រយលា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ