Advertisement
ផ្សារលក់ទំនិញគ្រឿងសំណង់ Global House

មហាសេដ្ឋី លី យ៉ុងផាត់ បោះទុន ១០លានដុល្លារ បង្កើតផ្សារលក់គ្រឿងសំណង់ និងសម្ភារលំនៅដ្ឋាន និងត្រៀមបើកផ្លូវការដើមខែធ្នូ


ផ្សារលក់ទំនិញគ្រឿងសំណង់ និងសម្ភារសម្រាប់លំនៅដ្ឋាន Global House ដ៏ធំមួយតម្លៃជាង ១០លានដុល្លារអាមេរិក នឹងបើកដំណើរការលក់ជាផ្លូវការ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ ផ្សារនេះ គឺជាការវិនិយោគរួមគ្នារវាងវិនិយោគិនក្នុងស្រុកដ៏ល្បីល្បាញ គឺឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group ជាមួយនឹងក្រុមហ៊ុនថៃ Siam Global House នៅលើផ្ទៃដីជិត ១០ហិកតា មានទីតាំងស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺស្ថិតនៅក្បែរផ្សារទំនើបម៉ាក្រូ និងផ្សារទំនើបអ៊ីអន២។
អ្នក​ឧកញ៉ា លី យ៉ុងផាត់ ម្ចាស់​ភាគហ៊ុន​វិនិយោគ​ផ្សារ​លក់​គ្រឿង​សំណង់​និង​សម្ភារៈ​លំនៅដ្ឋាន Global House។
ដោយ
Advertisement

ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់​ អគ្គនាយក​ក្រុមហ៊ុន LYP Group បានឲ្យ​ដឹងថា ការចាប់ដៃ​គូជា​មួយនឹង​ក្រុមហ៊ុន​មកពី​ប្រទេស​ថៃនេះ គឺជារឿង​មួយ​ដ៏ត្រឹម​ត្រូវ​បំផុត ស្រប​ទៅនឹង​ប្រទេស​កម្ពុជា​យើង​កំពុង​តែមាន​ការ​អភិវឌ្ឍ​យ៉ាង​លឿន​រហ័ស។ អ្នកឧកញ៉ា បន្ថែម​ទៀតថា នៅអនាគត​ខាង​មុខ ក្រុមហ៊ុន​ទាំងពីរ​ក៏បាន​ពិភាក្សា​គ្នា​ផងដែរ ថា​នឹងអាច​ឈាន​ទៅពង្រីក​សាខា​ហាង​លក់​ទំនិញ Global House នេះ នៅតាម​បណ្ដា​ខេត្តមួយ​ចំនួន​ទៀត នៅប្រទេស​កម្ពុជា។

បើតាម​ការបញ្ជាក់​ពីឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ផ្សារ Gobal House នេះ មានលក់​ទំនិញ​រហូត​ដល់ជាង ១០ម៉ឺនមុខ ដែល​ភាគ​ច្រើន​គឺជា​ផលិតផល​គ្រឿង​សំណង់ និងសម្ភារ​ប្រើប្រាស់​ក្នុង​គេហដ្ឋាន។ កិច្ច​សហការ​វិនិយោគ​រួមគ្នា​នេះ ត្រូវបាន​ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ អះអាងថា ខាងភាគី​ថៃ មានភាគ​ហ៊ុន ៥៥% និងខាង​ក្រុមហ៊ុន LYP របស់​អ្នក​ឧកញ៉ា មាន​ចំណែក​ភាគ​ហ៊ុន ៤៥%។ 

ជាមួយ​គ្នា​នេះដែរ លោក អាប្រាសិត រូជីគាត កាំចន (Apisit Rujikeatkamjorn) ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន Siam Global House បានលើក​ឡើង​ដែរថា ការសម្រេច​ចិត្ត​ចាប់​ដៃគូ​ជាមួយ​នឹង​ក្រុមហ៊ុន LYP ក្នុងការ​នាំ​យក​ផ្សារ Global House មក​​កម្ពុជានេះ គឺដោយ​សារតែ​ភាគី​ថៃ បាន​សម្លឹង​ឃើញ​ពីកំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ដែលមាន​ការលូត​លាស់​ជា​លំដាប់ ធៀប​ជាមួយ​នឹងបណ្ដា​ប្រទេស​នៅ​ក្នុងតំបន់​អាស៊ាន។

ពិសេស​ជាងនេះ​ទៀត​នោះ ដោយសារ​តែក្រុម​ហ៊ុន អិលវ៉ាយភី គ្រុប មានកេរ្ដិ៍​ឈ្មោះ​លេចធ្លោ​នៅ​កម្ពុជា និងមាន​ប្រតិបត្តិ​​អាជីវកម្ម​ជាច្រើន​នៅ​កម្ពុជា ដូច្នេះ នេះជា​ឱកាស​ដ៏ល្អ​សម្រាប់​ការចូល​មក​កាន់​ទីផ្សារ​កម្ពុជារបស់ Global House។ 

លោក​បាន​បញ្ជាក់​ពីលក្ខណៈ​ពិសេសរបស់​ផ្សា Global House នៅកម្ពុជា​​យ៉ាង​​ដូច្នេះថា « ហាង Global House នៅ​ភ្នំពេញនេះ គឺយើង​មាន​លក់ទំនិញ​រាប់​ម៉ឺនមុខ ដែលមាន​ច្រើន​ជាង​ហាង Global House នៅប្រទេស​ថៃទៅ​ទៀត។ ហើយនៅ​ទីនេះ រាល់អ្វី​ដែល​ទាក់ទង​នឹងការ​ប្រើប្រាស់​ដើម្បី​សាងសង់ តុបតែ និងសម្ភារ​ប្រើប្រាស់​នៅ​ក្នុងគេហដ្ឋាន​របស់​អ្នក អ្នកអាច​មក​រកមើល​ទិញ​នៅ​ទីនេះ គឺយើង​មាន​លក់​គ្រប់​មុខ​ទាំងអស់​តែម្ដង»។

ផ្សារ Global House ត្រូវបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៧ ក្នុងប្រទេស​ថៃ ដោយ​ទទួល​បាន​ភាព​ជោគជ័យ​ ភាពជឿជាក់ និងការទទួល​ស្គាល់​ពីសំណាក់​ប្រជាជន​នៅក្នុង​ប្រទេស​ថៃ និងបាន​ពង្រីក​សាខា​របស់​ខ្លួននៅក្នុង​ប្រទេស​ថៃ​រហូត​ដល់​ជាង ៦០សាខា។ 

សូមជម្រាប​ដែរថា នៅទឹក​ដីតំបន់​ខណ្ឌ​សែន​សុខ​នេះ ក្រៅពីផ្សារ​លក់​ទំនិញ Global House នេះ ក្រុមហ៊ុន LYP Group បាន​សាង​សង់​រួច​រាល់ និងកំពុង​សាងសង់​នូវ​គម្រោង​ជា​ច្រើន ដូចជា​ផ្សារ​លក់​ទំនិញ​បោះដុំ ម៉ាក្រូ សាលមហា​សន្និបាត និងពិព័រណ៍​សែន​សុខ ដែលកំពុង​បើកដំណើរ​ការនាពេល​បច្ចុប្បន្ន និងគម្រោង​សួន​ដៃណូស័រ Jurassic Kingdom និងបុរី​លំនៅដ្ឋាន​ដ៏​ប្រណីត ដឹ ព្រីមៀរលែន​សែន​សុខ ដែលកំពុង​ដំណើរ​ការ​សាងសង់​យ៉ាង​មាញឹក៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ចំណាយអស់ ១២លានដុល្លារ ស្ដារថ្មី ផ្លូវយន្ដហោះឡើងចុះ ប្រវែង​​៣គីឡូ​ម៉ែត្រ

ព័ត៌មាន
ក្រោយពីចំណាយពេលអស់ប្រមាណជាងកន្លះឆ្នាំ គម្រោងកែលម្អអ៊ុតផ្លូវរត់យន្ដហោះថ្មី ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានបញ្ចប់រួចរាល់ហើយ ដោយ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ