របរប្រាក់សោធន

GMAC ៖ ការអនុវត្ត របបប្រាក់សោធន «នឹងដាក់សម្ពាធហិរញ្ញវត្ថុដល់និយោជក» ព្រមទាំងស្នើឲ្យ ពន្យារពេលអនុវត្ត


សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) កាលពីពេលថ្មីៗនេះ បានលើកឡើងថា និយោជកមានការបារម្ភយ៉ាងខ្លាំងថា ការចូលជាធរមានភ្លាមៗនៃការអនុវត្តរបបប្រាក់សោធន ដែលមានសម្រាប់កម្មករកម្មការិនីនោះ នឹងដាក់សម្ពាធហិរញ្ញវត្ថុបន្ថែមទៀតទៅលើខាងនិយោជក ហើយសមាគមក៏បានស្នើដល់រាជរដ្ឋាភិបាលឲ្យពិចារណាពន្យារពេលអនុវត្តរបបប្រាក់សោធននេះសិន។
កម្មករ​ចេញ​ពី​រោងចក្រ​មួយ​កន្លែង នៅក្នុងរាជធានីភ្នំពេញ ប្រទេស​កម្ពុជា។ រូបភាព​ឯកសារ
ដោយ

តាមសេចក្ដី​ប្រកាស​ព័ត៌មាន របស់​សមាគម​រោងចក្រ​កាត់ដេរ កម្ពុជា ដែលបានផ្សាយ​នាពេល​ថ្មីៗនេះ បាន​ឲ្យដឹងថា ការស្នើ​ឲ្យមានការ​ពន្យារពេល​នៃការអនុវត្ត​របបសន្ដិសុខសង្គម ផ្នែក​ប្រាក់សោធននេះ គឺដោយសារតែ មាន​ក្រុមហ៊ុន​មួយចំនួន​មិនទាន់បាន​រៀបចំផែនការ​ហិរញ្ញវត្ថុ​របស់ពួកគេ​សម្រាប់ឆ្នាំក្រោយ ហើយនិយោជកខ្លះ​ទៀត ក៏នៅមិនទាន់​បានដឹងអំពី​ការអនុវត្តរបប​សោធន​នាពេលខាងមុខនៅឡើយ។ សមាគម​រោងចក្រ​កាត់ដេរ កម្ពុជា ក៏បាន​គូសបញ្ជាក់ទៀតថា និយោជកស្វាគមន៍​យ៉ាងខ្លាំងឲ្យមានការពិចារណា​ពន្យារពេលការអនុវត្តដើម្បី​ធានាថា និយោជក​ទាំងអស់​បានដឹងពេញលេញ​និងអាចរៀបចំ​ផែនការថវិកា​សម្រាប់ការចំណាយ​របស់ពួកគេ។

ខេមបូណូមីស​មិនអាច​ទាក់ទង​ដើម្បីសុំការ​បញ្ជាក់បន្ថែម​ពីឯកឧត្តម ហេង សួរ ​អ្នកនាំពាក្យ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈបានទេ នៅថ្ងៃទី ២០ វិច្ឆិកានេះ ដោយសារ​លោក​មិនបាន​ទទួលទូរស័ព្ទ។ ទោះយ៉ាងណា អ្នកនាំពាក្យ​រូបនេះ ធ្លាប់បាន​ឆ្លើយ​នៅក្នុង​កាសែត​ក្នុងស្រុក​មួយ​កាលពី​ថ្ងៃទី ១៧ វិច្ឆិកាកន្លងទៅនេះថា ច្បាប់​បសស បាន​ចូលជាធរមាន ហើយក្រសួង​ក៏កំពុងតែ​រៀបចំ​សេចក្ដី​ព្រាង​អនុក្រឹត្យ ដើម្បី​ដាក់​ឲ្យដំណើរការ​របប​ប្រាក់សោធននេះដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​នាយក​បេឡា​ជាតិ របប​សន្ដិសុខសង្គម បាន​ថ្លែង​កាលពី​ពេល​ថ្មីៗនេះថា បន្ទាប់ពី​បេឡាជាតិ​របប​សន្ដិសុខសង្គម បាន​ដាក់​ឲ្យដំណើរ​ការ​របបសន្ដិសុខសង្គមផ្នែក​ថែទាំ​សុខភាព និង​ហានិភ័យការងារ ដោយបាន​ជួយសម្រាលបន្ទុកជាច្រើន​ដល់​នយោជិត​វិស័យឯកជន និងមន្ត្រីរាជការរួចមកហើយនោះ ឥឡូវនេះ បេឡាជាតិ​របបសន្ដិសុខសង្គម ក៏គ្រោង​នឹង​ដាក់​ឲ្យដំណើរការនូវ​ផ្នែក​ប្រាក់សោធន​មួយបន្ថែមទៀត ដើម្បី​ជួយសម្រាលបន្ទុក​នយោជិត​នៅពេលចាស់ជរា​ខ្វះលទ្ធភាព​ស្វែងរក​ប្រាក់ចំណូល​។ 

បើតាម​ការគូសបញ្ជាក់ របស់​បេឡាជាតិ​សន្ដិសុខសង្គម ផ្នែក​របបប្រាក់​សោធននេះ គឺសម្រាប់​បុគ្គល​ទាំងឡាយ​ដែល​ស្ថិតនៅ​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ ដោយ​រួមបញ្ចូល​ទាំង​បុគ្គលិក​ធ្វើការ​តាមផ្លូវ​អាកាស និង​នាវា​សមុទ្រ​ព្រមទាំង​អ្នកបម្រើ​ក្នុងផ្ទះ ដោយវា​អាច​នឹង​ត្រូវ​ដាក់​ឲ្យដំណើរការ​នៅ​ឆ្នាំ២០២០​ខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមថវិកា ៩២ពាន់លានដុល្លារ វិនិយោគនៅប្រទេសចំនួន ៦ រួមទាំងកម្ពុជាផងដែរ

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB បានប្រាប់ឲ្យដឹងថា នៅឆ្នាំ២០២២ ខាងមុខនេះ តាមការគ្រោងទុករបស់ធនាគារ ADB មានគម្រោងចំនួន ២៥៥ គម្រោងដែល…

អ្នកជំនាញ៖ ផ្សារភាគហ៊ុនកម្ពុជា មិនរងសម្ពាធពីបញ្ហានយោបាយ និង ការចាកចេញរបស់ជនជាតិចិនទេ!

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យមូលបត្រនៅកម្ពុជា អះអាងថា វិស័យនេះ នៅតែរក្សាបាននូវ ភាពរីកចម្រើន គ្មានសញ្ញាថមថយណាមួយ ដោយសារកត្តានយោបាយមួយចម្អិនកំពឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ