បញ្ហាសំរាម​

ពលរដ្ឋសាទរ នឹងការដកហូតសិទ្ធិប្រមូលសំរាម ពីក្រុមហ៊ុនស៊ិនទ្រី និងសង្ឃឹមថា ក្រុមហ៊ុនថ្មីមានសមត្ថភាព និងទំនួលខុសត្រូវជាងមុន


ប្រជាពលរដ្ឋ បានបង្ហាញពី ការគាំទ្រ និងចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចដកហូតសិទ្ធិប្រតិបត្តិការប្រមូលសំរាមពីក្រុមហ៊ុន ស៊ិនទ្រី និងផ្ដល់ឱកាសឲ្យក្រុមហ៊ុនផ្សេងអាចមានសិទ្ធិធ្វើការដេញថ្លៃ សារជាថ្មីដើម្បីទទួលបានសិទ្ធិប្រមូលសំរាម។ ទោះយ៉ាងណា ពលរដ្ឋបានទទូចឲ្យរាជរដ្ឋាភិបាល ធ្វើយ៉ាងណាជ្រើសរើសឲ្យបានក្រុមហ៊ុនដែលមានសមត្ថភាព និងទំនួលខុសត្រូវខ្ពស់ជាងមុន និងមិន​បណ្ដោយឲ្យមានការចងមុងដេញថ្លៃនោះឡើយ។
ឡានដឹកសំរាម​របស់ក្រុមហ៊ុន ស៊ិនទ្រី (រូបភាព៖ ពីក្រុមហ៊ុនស៊ិនទ្រី)
ដោយ

ការ​ប្រកាស​ដក​ហូតសិទ្ធី​ប្រមូលសំរាម​ពីក្រុមហ៊ុន ស៊ិនទ្រីនេះ ត្រូវបានសម្តេច ហ៊ុន សែន ប្រកាសឡើង​កាលពីថ្ងៃទី ២២ ខែតុលា​ឆ្នាំ២០១៩ ក្នុងពិធី​ប្រគល់​សញ្ញាបត្រ​ជូននិស្សិត ជាង​៤ពាន់នាក់ មកពីសាកលវិទ្យាល័យ​បៀលប្រាយ នៅរាជធានីភ្នំពេញ។

បើតាម​ប្រសាសន៍​សម្តេច ហ៊ុន សែន ការដកហូតសិទ្ធិ​ពីក្រុមហ៊ុន​ស៊ិនទ្រីនេះ គឺដើម្បីឲ្យរដ្ឋ​កាន់កាប់​ជាបណ្ដោះអាសន្នសិន ហើយ​ការប្រមូលសំរាម​នៅរាជធានីភ្នំពេញ នឹងត្រូវដាក់​ឲ្យដេញថ្លៃ ជាថ្មី ដោយ​ត្រូវមាន​ក្រុមហ៊ុន ៣ទៅ៤ ក្រុមហ៊ុន ធ្វើការ​ប្រមូលសំរាម​នៅរាជធានីភ្នំពេញ។

សម្ដេច បាន​បញ្ជាក់ទៀងថា ក្រុមហ៊ុន​ស៊ិនទ្រី មានតែមួយ គឺមិនអាច​ប្រមូលសំរាម​នៅភ្នំពេញ មានប្រសិទ្ធភាព​នោះឡើយ ដូច្នេះ វាចាំបាច់​ត្រូមាន​ក្រុមហ៊ុន​យ៉ាងហោចណាស់ ៣ ទៅ៤ ក្រុមហ៊ុនទៀត ទើបជាការល្អ ក្នុងប្រតិបត្តិការ​ចេញប្រមូលសំរាម។

សម្ដេច ហ៊ុន សែន ក៏បាន​ជំរុញ​ឲ្យមាន​ការសិក្សា​បង្កើត​រោងចក្រ​អគ្គិសនី​ដោយបំប្លែង​ពីសំរាម​ផងដែរ បើទោះបីជា​មានតម្លៃ​ថ្លៃក៏ដោយ។

ពលរដ្ឋ​នៅរាជធានីភ្នំពេញ នាពេល​កន្លងមក បាន​រអ៊ូរទាំ​ជារឿយៗ ជុំវិញ​នឹង​បញ្ហាសំរាម​នៅក្នុងរាជធានី​ភ្នំពេញនេះ ដែលពេលខ្លះ​ត្រូវកកស្ទះ ដោយសារតែ​ក្រុមហ៊ុន​ស៊ិនទ្រី ចេញប្រមូលយឺតយ៉ាវ ទុក​រហូត​ធ្វើឲ្យសំរាម​មានក្លិនមិនល្អ ប៉ះពាល់​ដល់​ការរស់នៅរបស់ពលរដ្ឋ​ក្បែរនោះ។

លើសពីនេះទៀត ការប្រមូល និងដឹក​សំរាមទៀតសោត គឺធ្វើឡើង​ដោយ​មិនមាន​ការ​ប្រុងប្រយ័ត្ន និងខ្វះ​បច្ចេកទេស ដោយពេលខ្លះ ឡានដឹកសំរាម​មានធ្លាក់​ជ្រុះសំរាមតាមផ្លូវ និងមានហូរទឹកកខ្វក់​ចេញ​មកក្រៅ ជាមួយនឹងក្លិនមិនល្អ​ភាយ​ចេញមក ធ្វើឲ្យប៉ះពាល់​ដល់អ្នកធ្វើដំណើរ​ថែមទៀតផង។ នេះបើតាម​ការ​លើកឡើង​របស់ពលរដ្ឋ។

យ៉ាងណាមិញ ក្រោយពីបាន​ឮសេចក្ដីប្រកាស​របស់​ប្រមុខរាជរដ្ឋាភិបាល​អំពី​ការដកហូត​សិទ្ធិ​ប្រមូលសំរាម​ពីក្រុមហ៊ុន ស៊ិនទ្រី ប្រជាពលរដ្ឋ​មានការសាទរ​យ៉ាង​ខ្លាំង និងសង្ឃឹមថា រាជរដ្ឋាភិបាល​និងអាចស្វែងរក​បាន​ក្រុមហ៊ុន​ល្អ ដែលមានសមត្ថភាព និងទំនួលខុសត្រូវ​ជាងនេះ។

បញ្ហា​សំរាម​នេះដែរ ក៏ត្រូវបាន​អ្នកជំនាញ​លើកឡើងថា វាក៏បង្កឡើងពីអ្នកចោលសំរាមផងដែរ ដោយអ្នកចោល​សំរាមខ្លះ គ្មានការទទួលខុសត្រូវលើសំរាម​របស់ខ្លួន​ដោយគ្មាន​ការវេចខ្ចប់​បានត្រឹមត្រូវ និងចោលសំរាម​ពាសវាលពាសកាលជាដើម។

គួរបញ្ជាក់ថា គិតមកទល់​ពេលនេះ ក្រុមហ៊ុនស៊ិនទ្រី មានអាយុកាលជាង​១៧​ឆ្នាំមកហើយ ដែល​ទទួលបាន​សិទ្ធិ​ ដើម្បី​សម្អាត និងប្រមូល ដឹកជញ្ជូនសំរាម​ កាកសំណល់ក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុន​មាន​បុគ្គលិក​-​កម្មករ​សរុប​ទាំង​អស់​ប្រមាណ​ជា ២.០០០​នាក់ ដែល​កំពុង​បំរើ​សេវា​កម្ម​សំអាត ប្រមូល ​និង​ដឹក​ជញ្ជូន​សំរាម សំណល់​រឹង​ដែល​ត្រូវ​បាន​បញ្ចេញ​ចោល​ជា រៀង​រាល់​ថ្ងៃ​ប្រហែល​ជា ១.៨០០​តោន​។

បើតាម​សេចក្ដី​ប្រកាសព័ត៌មាន​មួយ របស់​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​គោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីអំពី លទ្ធភាព​ក្នុងការ​កែច្នៃ​សំរាម​សម្រាប់​ផលិតអគ្គិសនី បាន​ឲ្យដឹងថា ស្របពេល​ដែ​កម្ពុជា​មានកំណើនសេដ្ឋកិច្ច និងកំណើន​ប្រជាជន​នៅ​តាមទីក្រុង​ និងទីប្រជុំជន​ ជាពិសេស​ក្នុងរាជធានី​ភ្នំពេញ បរិមាណ​សំរាម និងកាកសំណល់រឹង​មានការកើនឡើង​យ៉ាងខ្លាំង​គួរឲ្យព្រួយបារម្ភ។ ជាក់ស្ដែង ក្នុងរាជធានីភ្នំពេញ ក្នុងអំឡុង​ពេល​៥ឆ្នាំ​ចុងក្រោយនេះ បរិមាណ​សំរាម ជាមធ្យម​មានចំនួន​ប្រមាណ ជាង​២.៨០០ តោន​ក្នុងមួយថ្ងៃ ដែលមានការកើនឡើង​ក្នុងរង្វង់​ពី ១០% ទៅ១៣% ក្នុងមួយឆ្នាំ។ បរិមាណ​សំរាម​ក្នុងទីក្រុង​ត្រូវបាន​ព្យាករណ៍ថា នឹង​មានការកើនឡើង​បន្តទៀត ដែលទាមទារ​ឲ្យមាន​វិធានការ​ក្នុងការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្ចាស់អគារជួលក្នុងក្រុងព្រះសីហនុ «ជួបទុក្ខធំ» ព្រោះខ្សត់ភ្ញៀវ និងតម្លៃជួលដាំក្បាលចុះ

ព័ត៌មាន
បន្ទាប់ពីមាន​សន្ទុះ​កំណើន​យ៉ាងគំហុក ដោយសារតែមានលំហូរនៃវិនិយោគិន ចូលមករកស៊ី និងស្នាក់នៅខេត្តព្រះសីហនុ ឥឡូវនេះ ទីផ្សារ​អចលនទ្រព្យ​ក្នុង…

មន្ត្រីជាន់ខ្ពស់កម្ពុជា៖ កម្ពុជាមិនទាន់បានទទួលសំណើជាផ្លូវការក្នុងការបញ្ជូនកម្មករសំណង់ពីបង់ក្លាដេសមកកាន់កម្ពុជានៅឡើយទេ

ព័ត៌មាន
ស្របពេលដែលវិស័យសំណង់នៅកម្ពុជា បាននឹងកំពុងមានសន្ទុះរីកចម្រើនទៅមុខយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកន្លងនេះ កម្ពុជាត្រូវបានប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ