សមិទ្ធផលរបស់ក្រសួងសាធារណការនៅមិនទាន់ឆ្លើយតបតាមផែនការនៅឡើយ និងជំរុញឲ្យពន្លឿនការងារបន្ថែមទៀត

ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ៖ សមិទ្ធផលរបស់ក្រសួងសាធារណការនៅមិនទាន់ឆ្លើយតបតាមផែនការនៅឡើយ និងជំរុញឲ្យពន្លឿនការងារបន្ថែមទៀត


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារដែលក្រសួងសាធារណការ និងដឹកជញ្ជូនសម្រេចបាននៅក្នុងឆ្នាំ២០២២ កន្លងទៅ។ ប៉ុន្ដែ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចអះអាងថា សមិទ្ធផលដែលក្រសួងសាធារណការសម្រេចបានទាំងនេះ មិនទាន់អាចឆ្លើយតបបានទាំងស្រុងទៅនឹងផែនការដែលបានដាក់ចេញកាលពីឆ្នាំ២០២២ នៅឡើយទេ។
ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ៖ សមិទ្ធផលរបស់ក្រសួងសាធារណការនៅមិនទាន់ឆ្លើយតបតាមផែនការនៅឡើយ និងជំរុញឲ្យពន្លឿនការងារបន្ថែមទៀត
ដោយ

នាពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២​ និងលើកទិសដៅ​ការងារសម្រាប់ឆ្នាំ២០២៣ របស់ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឲ្យក្រសួងសាធារណការខិតខំដោះស្រាយបញ្ហា និងពន្លឿនការងារដែលនៅសេសសល់ឲ្យ​បានចប់សព្វគ្រប់ និងទាន់ពេលវេលា ដើម្បីរួមចំណែក​ជួយស្តារ និងជំរុញកំណើន​សេដ្ឋកិច្ចកម្ពុជាឲ្យមានភាពរីកចម្រើន​បន្ថែមទៀត។ ការជំរុញនេះ​ធ្វើឡើងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្កេតឃើញថា សមិទ្ធផលការងារ ដែលក្រសួងសាធារណការសម្រេចបាន កាលពីឆ្នាំ២០២២ នៅសេសសល់ការងារមួយចំនួនមិនទាន់អាចឆ្លើយតបនឹងផែនការដែលបានដាក់ចេញទាំងស្រុងនោះទេ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន កត់សម្គាល់ឃើញថា បើទោះពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មានភាពធូរស្បើយក្តី តែបញ្ហាអស្ថេរភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកលជាពិសេសសង្គ្រាមនៅអ៊ុយក្រែននៅតែបន្តជះឥទ្ធិពលអវិជ្ជមានដល់ការស្ថារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ ក្នុងបរិការណ៍មិនប្រាកដប្រជានេះ រាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ព្រមទាំងប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម ជាវិស័យអាទិភាពនៃគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សំដៅធានាឲ្យបាននូវឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាលើ​ឆាកអន្តរជាតិ និងតំបន់ ការចូលរួមលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការទាក់ទាញការវិនិយោគពីបរទេស។

ដើម្បីរួមចំណែកជាធាតុចូលក្នុងការជំរុញ និងពន្លឿនការអនុវត្តការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូនឲ្យកាន់តែលឿន និងមានប្រសិទ្ធភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានដាក់ចេញយុទ្ធសាស្ត្រមួយចំនួន សំដៅជួយបង្កើនប្រសិទ្ធភាពការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមបង្គាប់របស់ក្រសួងសាធារណការ។ ក្នុងនោះថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចជំរុញឲ្យក្រសួងសាធារណការបន្តសហការឲ្យកាន់តែជិតស្និតជាមួយឧត្តមក្រុមប្រឹក្សាជាតិ ដើម្បីបញ្ចប់ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជា ជំរុញការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមរយៈការរកមធ្យោបាយឈ្នះៗជាមួយប្រទេសជិតខាង ដោះស្រាយបញ្ហាកកស្ទះ និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅច្រកទ្វារព្រំដែនអន្តរជាតិ។ មួយវិញទៀតជំរុញការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងដំណើរការសាងសង់ និងគម្រោងជាអាទិភាព និងជាទិសដៅសម្រាប់ការអភិវឌ្ឍន៍នៅឆ្នាំ២០២៣ ដើម្បីបញ្ចប់ឲ្យបានទាន់ពេលដូចផែនការដែលបានគ្រោងទុក។

បន្ថែមលើនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជំរុញឲ្យក្រសួងសាធារណការបន្តជំរុញការសិក្សាលើគម្រោងសាងសង់ផ្លូវល្បឿនលឿនទៅកាន់តំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ជាពិសេសប៉ូលសេដ្ឋកិច្ចទី៣ ក៏ដូចជាគាំទ្រឲ្យមានការសាងសង់ និងស្តារគុណភាពផ្លូវជាតិ ផ្លូវខេត្ត និងស្ពានសំខាន់ៗបន្ថែមទៀត ដើម្បីធ្វើឲ្យការតភ្ជាប់របស់កម្ពុជាឲ្យកាន់តែមានភាពព្រទាក់ក្រឡាគ្នាទាំងក្នុងក្របខណ្ឌផ្ទៃប្រទេស និងតំបន់។ ជាមួយគ្នានេះ ក្រសួងត្រូវផ្តល់អាទិភាពលើគុណភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ក៏ដូចជាគិតគូពីផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុមកលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ មួយវិញទៀត ត្រូវយកចិត្តទុកដាក់ពន្លឿននីតិវិធីក្នុងការអនុវត្តលើគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដែលត្រូវបានចុះហត្ថលេខារួចហើយលើកម្ចីសម្បទានជាមួយភាគីមិត្ត ជាពិសេសស្ពានមិត្តភាពកម្ពុជា​កូរ៉េពីផ្សារចាស់ទៅអរិយក្សត្រដែលនឹងក្លាយជានិមិត្តរូប(Landmark)របស់កម្ពុជា។

ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានជំរុញឲ្យក្រសួងសាធារណការពន្លឿនការសិក្សាលើគម្រោងផ្លូវរថភ្លើងល្បឿនលឿនធនស្រាលនៅរាជធានីភ្នំពេញ និងក្រុងសៀមរាប និងផ្លូវរថភ្លើងល្បឿលឿនភ្នំពេញ-ប៉ោយប៉ែត ដែលជាគម្រោងអាចនឹងតភ្ជាប់ទៅកាន់ប្រទេសឡាវ ថៃ និងចិន។ បន្ថែមលើនេះឯកឧត្តមជំរុញឲ្យក្រសួងសាធារណការសហការជាដៃគូពាក់ព័ន្ធ និងពន្លឿនការសិក្សា និងរៀបចំគម្រោង និងគោលនយោបាយប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក កំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារកម្មកម្ពុជាផងដែរ៕




អត្ថបទបន្ទាប់


ចេកអំបូងលឿងនៅខេត្តកំពតមានទីផ្សារល្អ ខណៈអាចនាំចេញបានជាង២០ម៉ឺនតោនក្នុងមួយឆ្នាំៗ

ព័ត៌មាន
ប្រធានមន្ទីរកសិកម្មខេត្តកំពតបានអះអាងថា ចេកអំបូងលឿងដែលដាំដុះនៅក្នុងខេត្តកំពត ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារចិនបានប្រម…

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងនិយ័តករបរធនបាលកិច្ច បានរៀបចំ កិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារបន្ត

ព័ត៌មាន
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ