ចរន្តភ្ញៀវទេសចរអន្តរជាតិ

តើចរន្តភ្ញៀវទេសចរអន្តរជាតិឆ្នាំ២០២២ មានសម្ទុះងើបឡើងវិញកម្រិតណា?


ចំនួនភ្ញៀវទេសចរបានកើនឡើងទ្វេដងក្នុងឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ ហើយសម្រាប់ឆ្នាំ២០២៣នេះវិញ ចំនួនភ្ញៀវទេសចរអាចនឹងឈានដល់កម្រិតខ្ពស់ដូចមុនពេលមានការរាតត្បាតនៃជំងឺកូវីត១៩ផងដែរ។ កំណើនទេសចរធ្វើដំណើរជាអន្តរជាតិដូចនេះ ក៏ដោយសារតែលក្ខខណ្ឌនៃការធ្វើដំណើរ នៅទូទាំងពិភពលោកត្រូវបានបន្ធូរបន្ថយជាងមុន ជាពិសេសនៅក្នុងប្រទេសចិន។ ទាំងនេះបើតាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក ដែលជាស្ថាប័នមួយចំណុះឱ្យអង្គការសហប្រជាជាតិ។
ចំនួនភ្ញៀវទេសចរអន្តរជាតិកើនឡើងទ្វេដងក្នុងឆ្នាំ២០២២!

ភ្នាក់ងារអង្គការទេសចរណ៍ពិភពលោក ដែលមានទីស្នាក់ការនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញមួយនេះ បានរៀបរាប់នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ចំនួនភ្ញៀវទេសចរកាលពីឆ្នាំ២០២២ មានរហូតដល់ជាង ៩០០លាននាក់ ខ្ពស់ជាងការរំពឹងទុក ខណៈកាលពីឆ្នាំ២០២១គឺមានត្រឹមជាង ៤០០លាននាក់ប៉ុណ្ណោះ។

ប៉ុន្តែចំនួនភ្ញៀវទេសចរអន្តរជាតិកាលពីឆ្នាំ២០២២មានត្រឹមតែ៦៣% នៃតួរលេខដែលបានប្រកាសកាលពីឆ្នាំ២០១៩ប៉ុណ្ណោះ ពោលគឺជាពេលដែលពិភពលោកមិនទាន់ជួបប្រទះនឹងជំងឺកូវីដ១៩។ យ៉ាងណាក៏ដោយ ស្ថាប័នដដែលនេះបានព្យាករណ៍ថា នៅឆ្នាំ២០២៣ ចំនួនទេសចរអាចកើនឡើងដល់កម្រិតចន្លោះពី ៨០% ទៅ ៩៥% នៃចំនួនដែលគេធ្លាប់កត់ត្រាកាលពីឆ្នាំ២០១៩។

អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក លោក ហ្ស៊ូរ៉ាប់ ផូឡូលីកាស្វ៊ីលី (Zurab Pololikashvili) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឆ្នាំ២០២៣នេះជាឆ្នាំប្រកបដោយសុទិដ្ឋិនិយម និងក្ដីរំពឹងសម្រាប់ការកើនឡើងនៃចំនួនភ្ញៀវទេសចរពិភពលោក។ ប្រភពដដែលបានបង្ហាញថា ចំនួនភ្ញៀវទេសចរអន្តរជាតិត្រូវបានគាំទ្រឲ្យងើបឡើងវិញនៅឆ្នាំ២០២៣ ដោយគេជឿថាភ្ញៀវទេសចរមកពីប្រទេសចិន នឹងផ្តល់ផលប្រយោជន៍ជាពិសេសដល់ប្រទេសគោលដៅក្នុងតំបន់អាស៊ី។ ក្នុងពេលជាមួយគ្នានេះ តម្រូវការភ្ញៀវទេសចរមកពីសហរដ្ឋអាមេរិកនៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់អត្ថប្រយោជន៍ដល់គោលដៅទេសចរនានានៅក្នុងតំបន់ ហើយលើសពីនេះអឺរ៉ុប នឹងទទួលបានអត្ថប្រយោជន៍ទាំងអស់នេះផងដែរ។

គួរកត់សម្គាល់ថា កន្លងមកចំនួនភ្ញៀវទេសចរដែលចេញ-ចូលប្រទេសចិន មានដាំក្បាលចុះខ្លាំងធៀបទៅឆ្នាំ២០១៩ ដោយសាររដ្ឋាភិបាលទីក្រុងប៉េកាំងសម្រេចបិទប្រទេសអស់រយៈពេល៣ឆ្នាំ ក្រោមវិធានការទប់ស្កាត់ជំងឺកូវីដ១៩ដ៏តឹងរ៉ឹង។ ការរឹតបន្តឹងនេះបានបន្សល់ទុកចន្លោះប្រហោងធំមួយនៅក្នុងទីផ្សារទេសចរណ៍អាស៊ី ដែលគិតចាប់ពីប្រទេសថៃទៅដល់ប្រទេសជប៉ុន គឺសុទ្ធតែពឹងផ្អែកប្រភពនៃភ្ញៀវទេសចរពីប្រទេសចិនទាំងអស់។

អ្នកវិភាគរំពឹងថា នៅរដូវក្ដៅចុងខែមីនាខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ចិនទំនងជាបង្កើនជើងហោះហើរ និងមានប្រតិបត្តិការមមាញឹកជាងមុន។ ប្រទេសចិន គឺជាទីផ្សារទេសចរណ៍ក្រៅប្រទេសដ៏ធំបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០១៩ ដូចនេះការបន្ធូរបន្ថយនូវច្បាប់ដ៏តឹងរ៉ឹងនៃការធ្វើដំណើរ គឺជាជំហានដ៏សំខាន់ក្នុងការស្ដារ ឡើងវិញនូវវិស័យទេសចរណ៍ទូទាំងពិភពលោក។

ទោះយ៉ាងណា អង្គការទេសចរណ៍អន្តរជាតិបានព្រមានពីបញ្ហាអតិផរណា និងអត្រាការប្រាក់គោលខ្ពស់ បូករួមនឹងវិបត្តិសេដ្ឋកិច្ចសកល អាចរារាំងដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍នៅឆ្នាំ២០២៣ ក៏អាចថាបាន។ នៅក្នុងបរិបទសេដ្ឋកិច្ចដ៏លំបាកពេលនេះ ភ្ញៀវទេសចរភាគច្រើននឹងងាកមកចាប់អារម្មណ៍តំបន់គោលដៅទេសចរណ៍ជិតៗខ្លួន ជាជាងការធ្វើដំណើរវែងឆ្ងាយដែលត្រូវចំណាយអស់ប្រាក់ច្រើន ពោលគឺការធ្វើទេសចរណ៍មាននិន្នាការសន្សំសំចៃជាងមុន៕

អត្ថបទ ៖ សារៀម លក្ខិណា




អត្ថបទបន្ទាប់


ចំនួនប្រជាជនឥណ្ឌានឹងវ៉ាផុតចិននៅឆ្នាំនេះ ខណៈដែលចិនកំពុងមានចំនួនប្រជាជនធ្លាក់ចុះ

ព័ត៌មាន
គិតត្រឹមឆ្នាំ២០២២ចំនួនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៦ទសវត្សរ៍ចុងក្រោយនេះ ដែលវាជាការធ្លាក់ចុះជាប្រវត្តិសាស្ត្រ ដោយប…

តើក្រុមសេដ្ឋវិទូមានពិភាក្សា និងបង្ហាញទស្សនទានសេដ្ឋកិច្ចអ្វីខ្លះ ក្នុងកិច្ចប្រជុំថ្ងៃទីពីរនៃវេទិកាសេដ្ឋកិច្ចសកលឆ្នាំ២០២៣?

ព័ត៌មាន
កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីសដែលផ្តើមរៀបចំពីថ្ងៃទី១៦ដល់ទី២០ខែមករា បានប្រព្រឹត្តិទៅហើយ ដោយទទួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ