ហុងគ្រីត្រៀមខ្លួនជាស្រេចក្នុងការទូទាត់ថ្លៃប្រេងរុស្ស៊ី

ហុងគ្រីត្រៀមខ្លួនជាស្រេចក្នុងការទូទាត់ថ្លៃប្រេងរុស្ស៊ីជាប្រាក់រូប្ល ទោះសហភាពអឺរ៉ុបប្រឆាំង


ប្រទេសហុងគ្រី ដែលជាសមាជិកសហភាពអឺរ៉ុបដែរនោះ បាននិយាយនៅថ្ងៃទី ៦ ខែមេសាថា ខ្លួនបានត្រៀមទូទាត់សម្រាប់ការទិញឧស្ម័នរុស្ស៊ី ដោយប្រើប្រាស់ប្រាក់រូប្លរបស់រុស្ស៊ី ស្របទៅតាមការតម្រូវរបស់ទីក្រុងម៉ូស្គូ ដែលឲ្យប្រទេសសហភាពអឺរ៉ុបត្រូវទូទាត់ប្រាក់ថ្លៃទិញឧស្ម័នជាប្រាក់រូប្ល។
ហុងគ្រីត្រៀមខ្លួនជាស្រេចក្នុងការទូទាត់ថ្លៃប្រេងរុស្ស៊ី

ការសម្រេចរបស់ហុងគ្រីនេះ ត្រូវបានគេមើលឃើញថា ហាក់ដើរបែកជួរពីសហភាពអឺរ៉ុប ខណៈដែលសហភាពអឺរ៉ុបកំពុង ស្វែងរកការរួបរួម ដើម្បីប្រឆាំងនឹងការទាមទាររបស់ទីក្រុងម៉ូស្គូ ដែលមានគោលបំណងចង់លើកតម្លៃរូបិយបណ្ណរបស់ខ្លួនឡើងវិញ ក្រោយពីរងការដាំក្បាលចុះដោយសារតែទណ្ឌកម្មពីលោកខាងលិច។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាពេលកន្លងទៅថ្មីនេះ បានព្រមានអឺរ៉ុបថា រុស្ស៊ីនឹងកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័ន ប្រសិនបើអឺរ៉ុបមិនទូរទាត់ការទិញឧស្ម័នជាប្រាក់រូប្លរបស់រុស្ស៊ីទេនោះ ដែលការទាមទាររបស់លោកពូទីនេះ ត្រូវបានគេមើលឃើញធា គឺជាការសងសឹកប្រឡប់ទៅវិញ ជុំវិញការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដែលបានដាក់លើរុស្ស៊ីនាពេលកន្លងមក។ 

ដោយឡែក គណៈកម្មការអឺរ៉ុបវិញបានអះអាងថា កិច្ចសន្យាដែលសហភាពអឺរ៉ុបបានធ្វើឡើងជាមួយរុស្ស៊ីទាក់ទងនឹងការទិញលក់ឧស្ម័ននេះ គឺមានតែការទូទាត់ជាប្រាក់អឺរ៉ូ ឬ ដុល្លារអាមេរិកតែប៉ុណ្ណោះ ដូច្នេះហើយរុស្ស៊ីគួរតែប្រកាន់ខ្ជាប់ទៅតាមកិច្ចសន្យាដែលបានអនុម័ត។ 

ទោះជាយ៉ាងណានេះក្ដី នាយករដ្ឋមន្រ្តីហុងគ្រីលោក Viktor Orban បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃពុធសប្ដាហ៍ថា ប្រទេសហុងគ្រីនឹងចំណាយទូទាត់លើការទិញឧស្ម័នជាប្រាក់រូប្លរុស្ស៊ី តាមការទាមទាររបស់ក្រុមម៉ូស្គូ។

ក្នុងនោះ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានលើកឡើងដែរថា សហភាពអឺរ៉ុប គ្មានអំណាចអ្វី ក្នុងការកិច្ចព្រមព្រៀងទ្វេភាគីរវាងហ៊ុងគ្រីជាមួយនឹងរុស្ស៊ីនោះទេ ដោយកិច្ចសន្យានេះ គឺធ្វើឡើងរវាងក្រុមហ៊ុនរដ្ឋរបស់ហុងគ្រី ជាមួយនឹងក្រុមហ៊ុនហ្គាសរុស្ស៊ី Gazprom។

ទន្ទឹមនឹងចុះញមរុស្ស៊ីលើរឿងទិញប្រេងនេះ ថ្មីៗនេះ ក៏មានដែរប្រទេសហភាពអឺរ៉ុប ដែលចិត្តសឿងហ៊ានចេញមុខមុនគេក្នុងការកាត់ផ្ដាច់ការទិញឧស្ម័នពីរុស្ស៊ី នោះគឺប្រទេសលីទុយអានី ដោយសារតែប្រទេសនេះ តូចមានថាមពលគ្រប់គ្រាន់ដែលអាចជំនួសការនាំចូលឧស្ម័នពីរុស្ស៊ីបាន ប៉ុន្ដែ សម្រាប់ប្រទេសអឺរ៉ុបធំៗផ្សេងៗទៀត គឺមិនងាយស្រួលនោះទេ។

សូមបញ្ជាក់ថា បើទោះបីជា មកទល់ពេលនេះ សហភាពអឺរ៉ុបមិនទាន់មានការដាក់ទណ្ឌកម្មទៅលើប្រេង និងឧស្ម័នពីរុស្ស៊ីក៏ដោយចុះ ប៉ុន្ដែ ចុងក្រោយនេះ សហភាពអឺរ៉ុបក៏បានស្នើឲ្យមានការដាក់ទណ្ឌកម្មទៅលើធ្យូងថ្មនាំចូលពីរុស្ស៊ីផងដែរ។ ការដែលអឺរ៉ុប នៅស្ទាក់ស្ទើរមិនហ៊ានប្រលែងទណ្ឌកម្មលើឧស្ម័នពីរុស្ស៊ី ក៏ដោយសារតែសហភាពអឺរ៉ុបនេះ គឺមានត្រូវពឹងផ្អែកឧស្ម័នពីរុស្ស៊ីធំធេងណាស់ ដើម្បីផ្គង់ការប្រើប្រាស់ក្នុងស្រុក ហើយក៏មិនមានទីផ្សារថ្មី ដើម្បីជំនួសរុស្ស៊ីបានដែរ។ ក្នុងនោះ ប្រទេសអាល្លឺម៉ង់ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនៃសហភាពអឺរ៉ុប គឺពឹងផ្អែកឧស្ម័នពីរុស្ស៊ីខ្លាំងជាងគេ។ ដូច្នេះ ប្រសិនបើសហភាពអឺរ៉ុបហ៊ានតែដាក់ទណ្ឌកម្ម ឬឈប់នាំចូលឧស្ម័នពីរុស្ស៊ី នោះតំបន់មួយនេះ ច្បាស់ជាត្រូវប្រឈមនឹងវិបត្តិថាមពលធ្ងន់ធ្ងរ និងឈានដល់ការកើតមានវិបត្តិសេដ្ឋកិច្ចផងដែរ៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងត្បូងកំពុងស្វែងរកជំនួយផ្នែយោធាបន្ថែមពីអាមេរិក ខណៈស្ថានភាពនៅឧបទ្វីបកូរ៉េកំពុងតានតឹងខ្លាំង

ព័ត៌មាន
នៅក្នុងកិច្ចប្រជុំរវាងគណៈប្រតិភូដែលប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូងលោក យ៉ុន ស៊ូកយែល (Yoon Suk-yeol) បានបញ្ជូនឱ្យទៅជួបទីប្រឹក្សាសន្តិសុ…

រុស្ស៊ីលក់ប្រេងបញ្ចុះតម្លៃឲ្យចិន ប៉ុន្ដែចិនស្ទាក់ស្ទើរចុះកុងត្រាទិញ ព្រោះខ្លាចរងទណ្ឌកម្មពីអាមេរិក

ព័ត៌មាន
ប្រទេសចិនកំពុងជៀសវាងពីការចុះកិច្ចសន្យាទិញប្រេងថ្មីៗរបស់រុស្ស៊ី បើទោះបីជាមានការលក់បញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់ក្ដី។ ស្របពេលដែលប្រទេសចិនបាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ