ការនាំចូលសត្វជ្រូក និងសាច់ជ្រូកខុសច្បាប់

ការនាំចូលសត្វជ្រូក និងសាច់ជ្រូកខុសច្បាប់នៅតែបន្តក្ដីកង្វល់ដល់ក្រុមចិញ្ចឹមជ្រូកក្នុងស្រុក


បញ្ហានៃការនាំចូលជ្រូករស់ខុសច្បាប់ពីបណ្ដាប្រទេសជិតខាង នៅតែជាបញ្ហាប្រឈមខ្លាំងសម្រាប់ក្រុមអ្នកចិញ្ចឹមជ្រូកក្នុងស្រុក បើទោះបី កន្លងមក ក្រសួងកសិកម្ម រួមទាំង ស្ថាប័នពាក់ព័ន្ធ បានរួមគ្នាធ្វើកិច្ចការច្រើនមកហើយលើរឿងនេះ ពិសេសការលើកកម្ពស់ការចិញ្ចឹមក្នុងស្រុក និងទប់ស្កាត់ការនាំចូលជ្រូករស់ក៏ដោយ។
សកម្មភាពនាំចូលសត្វជ្រូក

ទោះ​យ៉ាងណា បច្ចុប្បន្ន​នេះ សកម្មភាព​នៃ​ការ​នាំ​ចូល​សត្វ​ជ្រូក និង​សាច់​ជ្រូក ដោយ​ខុសច្បាប់​ពី​ប្រទេស​ជិតខាង នៅ​តែ​មាន​បន្ដ​កើត​មាន​ជា​ហូ​ហែរ​ដដែល ពិសេស​ការ​នាំ​ចូល​ពី​ប្រទេស​វៀតណាម តាម​ច្រករបៀង​មួយ​ចំនួន ក្នុង​ខេត្តស្វាយរៀង ដែល​ជា​ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម​តែ​ម្ដង​។ ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ ចំពោះ​ទីផ្សារ​ជ្រូក​រស់ និង​សាច់​ជ្រូក​របស់​កសិករ​ខ្មែរ ខណៈ​សកម្មភាព​នៃ​ការ​នាំ​ចូល​សត្វ​ជ្រូក និង​សាច់​ជ្រូក​ខុសច្បាប់ ពី​ប្រទេស​ជិតខាង​ចូល​មក​កម្ពុជា នៅ​តែ​បន្ត បើ​ទោះបីជា​មានការ​បង្ក្រាប​ពី​ខាង​អាជ្ញាធរ​យ៉ាងណា​ក្ដី​។

លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា បាន​អះអាង​ប្រាប់​សារព័ត៌មាន​ឌី​ជី​ថ​ល​ខេ​ម​បូ​ណូ​មី​ស​ថា ពិត​ណាស់ សព្វថ្ងៃ សកម្មភាព​នៃ​ការ​នាំ​ចូល​ជ្រូក​ខុសច្បាប់​នៅ​តែ​បន្ត​កើត​មាន ជា​រៀងរាល់ថ្ងៃ ពិសេស​ការ​នាំ​ចូល​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​។ បើ​តាម​លោក ស្រ៊ុ​ន ពៅ ដ្បិត​ស្ថានភាព​ក្នុង​វិស័យ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា នៅ​មាន​ភាព​នឹងនរ​នៅឡើយ តែ​សកម្មភាព​នៃ​ការ​នាំ​ចូល​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​វៀតណាម ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​មួយ​ចំនួន​ដល់ទី​ផ្សារ​ជ្រូក​រស់ និង​ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ដែរ ខណៈ​សព្វថ្ងៃ ទីផ្សារ​ជ្រូក​រស់នៅ​តែ​រក្សា​តម្លៃ ពី ១​ម៉ឺន​២​ពាន់​រៀល ទៅ​១​ម៉ឺន​៣​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​ដដែល​។ ក៏​ប៉ុន្តែ ថ្លៃដើម​នៃ​ការ​ចិញ្ចឹម​វិញ​បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់ ដែល​អាច​ប៉ះពាល់​ការ​ចិញ្ចឹម និង​សេ​ដ្ច​កិច្ច​របស់​ប្រជាពលរដ្ឋ​។

ដោយឡែក លោក មៀ​ច ពុទ្ធា កសិករ​ចិញ្ចឹម​ជ្រូក​ម្នាក់ នៅ​ក្នុង​ខេត្តពោធិ៍សាត់ បាន​គូសបញ្ជាក់ ថា ការ​ចិញ្ចឹម​ជ្រូក នា​ពេល​បច្ចុប្បន្ន មាន​សភាព​ជា​ធម្មតា និង​មិន​មាន​អ្វី​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ ខណៈ​តម្លៃ​ជ្រូក​រស់​វិញ ទើបតែ​ប្រសើរ​ឡើង នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ដែល​មាន​តម្លៃ​ចន្លោះ ១​ម៉ឺន​១​ពាន់​រៀល ទៅ​១​ម៉ឺន​២​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​។ យ៉ាងណា​ក៏​ដោយ កសិករ​រូប​នេះ ក៏​បាន​កត់សម្គាល់​ឃើញ​ថា បច្ចុប្បន្ន សកម្មភាព​នៃ​ការ​នាំ​ចូល​ជ្រូក​រស់​ខុសច្បាប់​ពី​ខាងក្រៅ នៅ​តែ​បន្ត​ដែល​ជា​ក្ដី​ព្រួយបារម្ភ​សម្រាប់​កសិករ ព្រោះ​បញ្ហា​នេះ​អាច​ប៉ះពាល់​ដល់ទី​ផ្សារ​ជ្រូក​ក្នុងស្រុក គួប​ផ្សំ​ថ្លៃដើម​កាន់តែ​ខ្ពស់​ដែល​ធ្វើ​ឲ្យ​កសិករ​ប្រឈម​នឹង​ការ​ខាតបង់​។

ជុំវិញ​បញ្ហា​នេះ ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង បាន​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​នេះ មាន​អាជីវករ​មួយ​ចំនួន​បាន​លួច​នាំ​ចូល​សត្វ​ជ្រូក សាច់​ជ្រូក និង​ផលិតផល​សាច់​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​ជិតខាង ចូល​មក​ខេត្តស្វាយរៀង តាម​ច្រករបៀង​មួយ​ចំនួន ដោយ​មិន​បាន​ត្រួតពិនិត្យ​សុខភាព​សត្វ​ឲ្យ​បាន​ត្រឹមត្រូវ និង​មួយ​ផ្នែក​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពី​ការ​បង់ពន្ធ​ចូល​ថវិកាជាតិ​។ ឯកឧត្តម​អភិបាល​ខេត្តស្វាយរៀង បាន​គូសបញ្ជាក់​ដូច្នេះ​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​បញ្ហា​កើត​មាន​អសកម្ម​ខាងលើ រដ្ឋបាល​ខេត្តស្វាយរៀង បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​នៅ​តាម​ច្រកព្រំដែន ត្រូវ​ផ្ដល់​កិច្ចសហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ការ​ចូលរួម​ទប់ស្កាត់ និង​ចាត់វិធានការ​ទប់ស្កាត់​ការ​នាំ​ចូល​សត្វ​ជ្រូក និង​សាច់​ជ្រូក ដែល​គ្មាន​ការ​អនុញ្ញាត​។ សារព័ត៌មាន​ឌី​ជី​ថ​ល​ខេ​ម​បូ​ណូ​មី​ស ក៏​បាន​ទាក់ទង​ទៅ​ឯកឧត្តម តាន់ ផា​ន់​ណា​រ៉ា អគ្គនាយក​នៃ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតផល​សត្វ​ដែរ ជុំវិញ​បញ្ហា​នេះ ប៉ុន្ដែ មិន​ទាន់​មានការ​ឆ្លើយ​តប​នោះ​ទេ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន វិស័យ​ចិញ្ចឹម​ជ្រូក​នៅ​ក្នុង​ប្រទេស​កម្ពុជា មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ និង​អាច​ផ្គត់ផ្គង់​ជ្រូក​រស់​ដោយ​ខ្លួនឯង នៅ​លើ​ទីផ្សារ​ក្នុងស្រុក ដោយ​មិន​ចាំបាច់​នាំ​ចូល​ជ្រូក​រស់​ពី​ខាងក្រៅ​។ ជាក់ស្ដែង បច្ចុប្បន្ន ជា​មធ្យម កម្ពុជា មាន​តម្រូវការ​ជ្រូក​រស់​លើ​ទីផ្សារ ប្រមាណ ៨​ពាន់​ក្បាល ក្នុង​មួយ​ថ្ងៃ ខណៈ​កម្ពុជា មាន​លទ្ធភាព​ផ្គត់ផ្គង់​ជ្រូក​រស់ ដោយ​ខ្លួនឯង​១០០​ភាគរយ​។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​ពី​លោក ស្រ៊ុ​ន ពៅ ប្រធាន​សមាគម​ចិញ្ចឹមសត្វ​កម្ពុជា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកំពង់ផែពហុបំណងតម្លៃ១,៥ពាន់លានដុល្លារនៅខេត្តកំពត នឹងដើរតួនាទីសំខាន់អ្វីខ្លះសម្រាប់សេដ្ឋកិច្ចកម្ពុជា?

ព័ត៌មាន
មជ្ឈមណ្ឌភស្តុភារកម្ម និងកំពង់ផែពហុបំណងខេត្តកំពត ដែលមានទុនវិនិយោគប្រមាណ១ពាន់៥រយលានដុល្លារអាមេរិក បានបើកការដ្ឋានសាងសង់ហើយនៅព្រឹកថ្ងៃទី៥ …

ការសាងសង់រោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់សម្រេចបានជិត១០០% ហើយ

ព័ត៌មាន
ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្តម៉ាក Ford ផ្តាច់មុខនៅកម្ពុជាបានបញ្ជាក់ថា ការសាងសង់រោងចក្រផ្គុំ និងដំឡើងរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ