តុលាការអន្តរជាតិ

តុលាការអន្តរជាតិបង្គាប់ឲ្យរុស្ស៊ីឈប់ឈ្លានពានអ៊ុយក្រែនជាបន្ទាន់


តុលាការយុត្តិធម៌អន្តរជាតិ ICJ កាលពីថ្ងៃពុធទី១៦ខែមីនា បានបង្គាប់ឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ព្រមទាំងបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់កម្លាំងទ័ពរបស់ទីក្រុងម៉ូស្គូទៅលើទីក្រុងកៀវ។ ការទាមទាររបស់តុលាការយុត្តិធម៌អន្តរជាតិ ធ្លាក់មកចំពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំម្តងទៀតនៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាពីវិបត្តិក្នុងប្រទេសអ៊ុយក្រែន។
តុលាការអន្តរជាតិបង្គាប់ឲ្យរុស្ស៊ីឈប់ឈ្លានពានអ៊ុយក្រែនជាបន្ទាន់

សេចក្តីសម្រេច​លេខ ១៣-២ ចុះ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២២ របស់​តុលាការ​យុត្តិធម៌ ICJ បាន​បង្គាប់​ឲ្យ​រុ​ស្ស៊ី​ផ្អាក​ជា​បន្ទាន់​នូវ​ប្រតិបត្តិការ​យោធា ដែល​ខ្លួន​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​លើ​ទឹកដី​អ៊ុយ​ក្រែ​ន​។ សេចក្តីសម្រេច​ដដែល​បន្ថែម​ថា រុ​ស្ស៊ី​ក៏​ត្រូវ​តែ​ធានា​ឲ្យ​បាន​ថា កងកម្លាំង​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន ឬ​គាំទ្រ​ដោយ​ទីក្រុង​ម៉ូ​ស្គូ មិន​គួរ​បន្ត​ប្រតិបត្តិការ​យោធា​ឡើយ​។ ត្រង់​ចំណុច​នេះ ICJ ទំនងជា​ចង់​សំដៅ​ដល់​ក្រុម​ឧទ្ទាម​ផ្តាច់​ទឹកដី​និយម​ក្នុង​តំបន់ ដុន​បាស ដែល​រុ​ស្ស៊ី​ប្រកាស​ទទួលស្គាល់​ជា​រដ្ឋ​ឯករាជ្យ មុន​ពេល​ចូល​វាតទី​លើ​អ៊ុយ​ក្រែ​ន​។

អ៊ុយ​ក្រែ​ន​បាន​ប្តឹង​រុ​ស្ស៊ី នាំ​យក​សំណុំរឿង​នៅ​តុលាការ ICJ ភ្លាម​ៗ​បន្ទាប់​ពី​ការ​លុកលុយ​របស់​រុ​ស្ស៊ី​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៤​ខែកុម្ភៈ ដោយ​និយាយ​ថា ការ​លើកទ័ព​ចូល​ឈ្លានពាន​របស់​ទីក្រុង​ម៉ូ​ស្គូ ក្រោម​ហេតុផល​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន គឺ​គ្រាន់តែ​ជា​លេស​របស់​រុ​ស្ស៊ី ដែល​គ្មាន​មូលដ្ឋាន​។  

កាលពី​ដើមខែ​នេះ អំឡុង​សវនាការ​របស់ ICJ អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា គ្មាន​ការ​គំរាមកំហែង​នៃ​អំពើ​ប្រល័យពូជសាសន៍​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​នោះ​ទេ ហើយ​លើស​ពី​នេះ អនុសញ្ញា​ស្តី​ពី​អំពើ​ប្រល័យពូជសាសន៍​ឆ្នាំ​១៩៤៨ របស់​អង្គការសហប្រជាជាតិ ដែល​ប្រទេស​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ជា​ប្រទេស​ហត្ថលេខី​ដែរ​នោះ ក៏​មិន​បាន​អនុញ្ញាត​ឱ្យ​មានការ​ឈ្លានពាន​ណាមួយ ដើម្បី​ទៅ​ការ​រារាំង​អំពើ​ប្រល័យពូជសាសន៍​ដែរ​។

គួរ​ជម្រាប​ថា នៅ​មុន​ពេល​ស្ថានការណ៍​ដល់​ដំណាក់កាល​នេះ កងកម្លាំង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​បំបែក​ខ្លួន ដែល​គាំទ្រ​ដោយ​រុ​ស្ស៊ី​នៅ​ក្នុង​តំបន់ Donbass ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ឆ្នា​២០១៤​មក​ម្ល៉េះ​។ ក្រុង​កៀវ និង​សម្ព័ន្ធមិត្ត​របស់​លោក​ខាងលិច​បាន​ច្រាន​ចោលការ​អះអាង​របស់​ទីក្រុង​មូ​ស្គូ អំពី​អំពើ​ប្រល័យពូជសាសន៍​ក្នុង​តំបន់​នោះ​។ 

ដោយឡែក ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​គ្រោង​នឹង​បើក​កិច្ចប្រជុំ​ម្តងទៀត ដើម្បី​បោះ​ឆ្នោត​នៅ​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​នេះ លើ​ការ​ផ្តល់​ជំនួយ​និង​ស្តី​ពី​ការ​ការពារ​ជន​ស៊ី​វិល​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ ក្រុមប្រឹក្សាសន្តិសុខ ទំនងជា​នឹង​មិន​មានការ​បោះ​ឆ្នោត​ឲ្យ បញ្ចប់​ការ​ប្រយុទ្ធ​គ្នា ឬ​ការ​ដកទ័ព​របស់​រុ​ស្ស៊ី​នោះ​ទេ ព្រោះ​គេ​បានដឹង​ច្បាស់​ហើយ​ថា រុ​ស្ស៊ី​ប្រាកដជា​ប្រើ​សិទ្ធិ​របស់​ខ្លួន ក្នុង​នាម​ជា​សមាជិក​អចិន្ត្រៃយ៍ ដើម្បី​វេតូ​(Veto) លើ​សេចក្ដីសម្រេច​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីជប៉ុននឹងមកទស្សនកិច្ចផ្លូវការនៅកម្ពុជានៅសប្ដាហ៍ក្រោយនេះ

ព័ត៌មាន
បើមិនមានអ្វីប្រែប្រួលទេ តាមការគ្រោងទុក នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន នឹងដឹកនាំគណៈប្រតិ…

អារ៉ាប៊ីសាអូឌីត កំពុងរងសម្ពាធពីលោកខាងលិច និងត្រូវប្រឈមមុខជាមួយរុស្ស៊ី និងចិនកាន់តែខ្លាំង ជុំវិញរឿងផ្គត់ផ្គង់ប្រេង

ព័ត៌មាន
សហរដ្ឋអាមេរិក និងអង់គ្លេសកំពុងបង្កើនការដាក់សម្ពាធទៅលើប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីឱ្យបូមប្រេងបន្ថែមទៀតដើម្បីផ្គត់ផ្គង់ទៅឲ្យពួកគេ ហើយត្រូវចូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ