អតិផរណារបស់អាមេរិក

លោក ចូ បៃដិន អះអាងថា ច្បាប់កាត់បន្ថយអតិផរណាថ្មីរបស់អាមេរិក អាចនឹងត្រូវកែសម្រួលឡើងវិញដើម្បីគាំទ្រដល់ក្រុមហ៊ុនអឺរ៉ុប


ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយប្រាប់ទៅកាន់លោក ម៉ាក្រុង ប្រធានាធិបតីបារាំង អំឡុងពេលលោកម៉ាក្រុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ិនតោនថា ច្បាប់ថ្មីដែលផ្តល់ការលើកទឹកចិត្តសម្រាប់ការផលិតបន្ទះឈីបក្នុងស្រុក ក៏ដូចជាលើកស្ទួយវិស័យថាមពលកកើតឡើងវិញនោះ សំដៅដល់ការកាតបន្ថយអតិផរណានោះ គឺមិនមានគោលបំណងផាត់ក្រុមហ៊ុនអឺរ៉ុបចេញពីទីផ្សារសហរដ្ឋអាមេរិកទេ ហើយថា វានឹងត្រូវត្រួតពិនិត្យ និងកែសម្រួលឡើងវិញផងដែរ ដើម្បីផ្ដល់ការគាំទ្រដល់ក្រុមហ៊ុនអឺរ៉ុប។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ច្បាប់អតិផរណារបស់អាមេរិកគឺមិនមានអ្វីប៉ះពាល់ជាអវិជ្ជមានដល់ក្រុមហ៊ុនអឺរ៉ុបទេ!

ថ្លែងទៅកាន់ប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅសេតវិមាន លោក Biden បាននិយាយថា៖ «នឹងមានការកែប្រែមួយចំនួនដែលយើងអាចធ្វើបាន ដែលជាមូលដ្ឋានអាចធ្វើឱ្យវាងាយស្រួល​សម្រាប់ក្រុមហ៊ុននៃបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបក្នុងការចូលរួមក្នុងទីផ្សារអាមេរិក»។

យ៉ាងណាមិញ លោក Biden មិន​បាន​បញ្ជាក់​លម្អិត​អំពី​អ្វី​ដែល​អាច​ត្រូវ​បាន​ធ្វើ​ឡើងនោះទេ ហើយ​ជម្រើសនៃការកែសម្រួល​នីតិបញ្ញត្តិច្បាប់ គឺមានលក្ខណៈតិចតូចស្តូចស្តើងមែនទែន។ មិនតែប៉ុណ្ណោះ គេក៏រំពឹងតិចណាស់ ដែលថាវិមានកាភីតូលរបស់សហរដ្ឋអាមេរិកអាច​បើកលទ្ធភាព​ក្នុងការជជែកដេញដោល សើរើច្បាប់នេះឡើងវិញនោះ បន្ទាប់ពីពេលថ្មីៗនេះ​គណបក្សសាធារណរដ្ឋ​បានឡើងមកដឹកនាំសភាអាមេរិកជំនួសគណបក្សប្រជាធិបតេយ្យ ក្រោយឈ្នះការបោះឆ្នោតពាក់កណ្ដាលអាណត្តិថ្មីៗនេះ។

​ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសបារាំងកំពុងជំរុញសេតវិមានឱ្យប្រើប្រាស់អំណាចនីតិប្រតិបត្តិ គឺអំណាចប្រធានាធិបតីនោះឯង ដើម្បីធ្វើយ៉ាងណា​បន្ធូរបន្ថយច្បាប់កាត់បន្ថយអតិផរណា ដែលបណ្តាប្រទេសអ៊ឺរ៉ុបបានគូសបញ្ជាក់ថា ច្បាប់នេះ​គឺពិតជាគិតគូរលើផលិតកម្មរបស់ក្រុមហ៊ុនអាមេរិកខ្លាំងជ្រុលពេក និងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើក្រុមហ៊ុនសម្ព័ន្ធមិត្តអឺរ៉ុប។

លោក Chris Coons សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ​បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅខាងក្រៅព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី ១ ខែធ្នូនេះថា ថាតើយន្តការនោះអាចទៅជាយ៉ាងណា និងថាវានឹងមានការប្រែប្រួលផ្លូវច្បាប់ ឬច្បាប់កាត់បន្ថយអតិផរណានោះនឹងត្រូវអនុវត្តយ៉ាងណានោះ គឺលោកមិនច្បាស់នោះទេ»។

ទោះយ៉ាងណា នៅថ្ងៃដដែលនោះ សហរដ្ឋអាមេរិក និងបារាំងក៏បានប្រកាស អំពីការបង្កើតក្រុមការងាររួមគ្នារវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មជុំវិញបញ្ហាថាមពលស្អាតផងដែរ។

គួរជម្រាបថា ច្បាប់ស្តីពីការកាត់បន្ថយអតិផរណា (IRA) ត្រូវបានចុះហត្ថលេខាជាផ្លូវការក្នុងខែសីហាកន្លងទៅដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដោយក្នុងនោះ មានកញ្ចប់​ថវិកាចំនួនជាង ៥២ ពាន់លានដុល្លារ ដើម្បីផ្តល់ការឧបត្ថម្ភធនដ៏សម្បើមក្នុងការផលិតឧស្សាហកម្មបន្ទះឈីបក្នុងស្រុក ដែលវាក៏នឹងជួយឧបត្ថម្ភលើការពង្រីកការស្រាវជ្រាវបច្ចេកវិទ្យានៃផលិតបន្ទះសៀគ្វីកម្រិតខ្ពស់ផងដែរ៕




អត្ថបទបន្ទាប់


ចិនកំពុងអន្ទងចិត្តអឺរ៉ុប ខណៈអឺរ៉ុប និងអាមេរិកកំពុងឃ្នើសចិត្តគ្នារឿងផលប្រយោជន៍សេដ្ឋកិច្ច

ព័ត៌មាន
ប្រធានាធិបតីចិនស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ ទី១ខែធ្នូ បានទទួលជួបមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយរូបទៀតហើយ ស្របពេលដែលប្រធានាធិបតីបារាំង…

EU យល់ព្រមជាបណ្ដោះអាសន្នកំណត់តម្លៃប្រេងរុស្ស៊ីនៅត្រឹម ៦០ ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែល

ព័ត៌មាន
រដ្ឋាភិបាលនៃប្រទេសសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាជាបណ្តោះអាសន្ននៅថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ក្នុងការកំណត់តម្លៃប្រេងឆៅរុស្ស៊ីនៅត្រឹម ៦០ដុល្លារក្នុងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ