អាមេរិក-ហ្វីលីពីន

លោកចូ បៃដិន ប្រាប់លោកម៉ាកូសថា ការប្តេជ្ញារបស់អាមេរិកដើម្បីការពារហ្វីលីពីនគឺ«ម៉ឺងម៉ាត់»


ការឆ្លើយតបទៅនឹងការពង្រីកឥទ្ធិពលយ៉ាងឆាប់រហ័សលើផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់របស់ពិភពលោក ក៏ដូចជាការក្រសោបយកបន្តិចម្តងៗនូវបណ្ដាកោះយុទ្ធសាស្ត្រជាច្រើនក្នុងសមុទ្រចិនខាងត្បូង ដោយប្រទេសចិន សុទ្ធសឹងជាប្រធានបទដែលមេដឹកនាំហ្វីលីពីន លោក ហ្វើឌីណង់ ម៉ាកូស យកទៅពិភាក្សាគ្នាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅសេតវិមាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបារាំង AFP។
លោក ចូ បៃដិន ថា ការប្តេជ្ញារបស់អាមេរិកដើម្បីការពារហ្វីលីពីនគឺ«ម៉ឺងម៉ាត់»

លោក ហ្វើឌីណង់ ម៉ាកូស ប្រធានាធិបតីនៃប្រទេសហ្វីលីពីន កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបួនថ្ងៃនៅសហរដ្ឋអាមេរិក។ អំឡុងពេលនោះ លោកមានជំនួបកំពូលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ។ កិច្ចប្រជុំនេះបានកើតឡើងបន្ទាប់ពីមេដឹកនាំកូរ៉េខាងត្បូង លោក យូន ស៊ុកយើល ទើបតែបញ្ចប់ដំណើរទស្សនកិច្ចនៅអាមេរិកកាលពីសប្តាហ៍មុន។

ក្នុងជំនួបជាមួយប្រធានាធិបតីហ្វីលីពីន, ប្រធានាធិបតីអាមេរិក លោក បៃដិន បានគូសបញ្ជាក់ជាថ្មីថា កាប្តេជ្ញាការពារសម្ព័ន្ធមិត្តហ្វីលីពីនគឺ«ម៉ឺងម៉ាត់»។ អំឡុងពេលនោះ លោក ម៉ាកូស បាននិយាយសំដៅដល់«ពេលវេលាដ៏លំបាក» ហើយបានថ្លែងថា ប្រទេសហ្វីលីពីន កំពុងស្ថិតនៅក្នុងតំបន់មួយដែល«អាចនិយាយបានថាប្រកបទៅដោយស្ថានភាពភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន»។

លោកបានបន្ថែមសម្ដីផ្ទាល់ថា៖ «ដូច្នេះវាជារឿងធម្មតាសម្រាប់ហ្វីលីពីនក្នុងការសម្លឹងមើលទៅដៃគូក្នុងសម្ព័ន្ធភាពតែមួយគត់របស់ខ្លួននៅក្នុងពិភពលោក ដើម្បីពង្រឹង និងដើម្បីកំណត់ឡើងវិញ នូវទំនាក់ទំនងដែលយើងមាន និងតួនាទីរបស់យើង ក្នុងងការប្រឈមមុខនឹងភាពតានតឹងខ្លាំងឡើង ដែលយើងឃើញនៅពេលនេះនៅជុំវិញសមុទ្រចិនភាគខាងត្បូង និងតំបន់អាស៊ីប៉ាស៊ីហ្វិក»។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ម៉ាកូស បានកើតឡើងក្នុងកម្រិតមួយខ្ពស់និងស្វាហាប់ជាលើកដំបូងរវាងប្រទេសទាំងពីរក្នុងរយៈពេលជាច្រើនទសវត្សន៍មកនេះ។ មន្ត្រីអាមេរិកដដែលបាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា «យើងកំពុងស្ថិតនៅក្នុងរយៈពេលនៃការឆ្លើយតបដ៏ជ្រាលជ្រៅមួយ បើនិយាយចំពោះការងាររបស់យើងជាមួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។

ជាការពិត សំឡេងកន្តឹងកំពុងបន្លឺឡើងសម្រាប់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអាស៊ីនានារបស់ខ្លួន នៅពេលដែលប្រទេសចិនធ្វើចលនាប្រកបដោយទំនុកចិត្តជាងមុនក្នុងការទាមទារអធិបតេយ្យភាពនៅលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងស្រុង ដោយមិនអើពើនឹងសេចក្តីសម្រេចជាអន្តរជាតិដែលថាការទាមទារនោះគ្មានមូលដ្ឋានផ្លូវច្បាប់។

ភាពតានតឹង រួមផ្សំជាមួយនឹងការសំលៀងដាវជាប្រចាំដាក់កោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងដែលប្រទេសចិនប៉ុនប៉ងចូលកាន់កាប់ដោយចាត់ទុកថាជាផ្នែកមួយរបស់ខ្លួន បានជំរុញឱ្យរដ្ឋបាលលោក បៃឌិន បង្កើនសមត្ថភាពយោធារបស់ខ្លួនយ៉ាងឆាប់រហ័ស។ ប្រទេសហ្វីលីពីន ដែលស្ថិតនៅជិតផ្លូវសមុទ្រសំខាន់ៗ និងជិតកោះតៃវ៉ាន់ ទទួលបានការចាប់អារម្មណ៍ជាពិសេស។

មុនពេលធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក ម៉ាកូស បានផ្តល់សញ្ញាថា លោកមានក្ដីបារម្ភថាប្រទេសលោកជាប់ខ្លួនក្នុងជម្លោះរវាងប្រទេសមហាអំណាច។ លោកប្រធានាធិបតីហ្វីលីពីនបានប្រាប់អ្នកសារព័ត៌មានថា៖ «យើងនឹងមិនអនុញ្ញាតឲ្យហ្វីលីពីនត្រូវបានគេប្រើជាទីតាំងសម្រាប់សកម្មភាពយោធាណាមួយឡើយ»។

ទោះបីជាយ៉ាងណានេះក្ដី នាពេលថ្មីៗនេះ ហ្វីលីពីនបានសម្រេចផ្តល់មូលដ្ឋានយោធាចំនួនបួនទៀត បន្ថែមពីលើទីតាំងដែលមានស្រាប់ចំនួនប្រាំ ទៅឱ្យកងកម្លាំងសហរដ្ឋអាមេរិកប្រើប្រាស់។ មូលដ្ឋានមួយក្នុងចំណោមប្រាំបួននោះ ស្ថិតនៅជិតប្រជុំកោះស្ព្រាតលី ដែលកំពុងមានជម្លោះជាមួយចិនតែម្តង៕




អត្ថបទបន្ទាប់


អាមេរិកអាចនឹងខ្វះលុយសងបំណុលនៅថ្ងៃទី ១ ខែមិថុនា ប្រសិនបើគ្មានការដំឡើងកម្រិតបំណុល

ព័ត៌មាន
កាលពីថ្ងៃចន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានកោះហៅមេដឹកនាំកំពូលៗនៃសភាទាំងពីរថ្នាក់ ឱ្យទៅសេតវិមាននៅសប្តាហ៍ក្រោយ បន្ទាប់ពីក្រ…

ធនាគារអាមេរិក First Republic ដួលរលំ និងក្លាយជាធនាគាររងគ្រោះក្ស័យធនទី៣ហើយ ក្នុងរយៈពេល ២ ខែមកនេះ

ព័ត៌មាន
បណ្ដានិយតករសហរដ្ឋអាមេរិកបានរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់ធនាគារ ហ្វើស រីផាប់ប្លិក (First Republic) កាលពីថ្ងៃចន្ទ ហើយលក់ទៅឱ្យក្រុមហ៊ុនហិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ