អត្ថបទក្រុមហ៊ុន

សហគ្រិនខ្មែរ ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយធនាគារសហគ្រាសធុនតូចនិងមធ្យម កម្ពុជា ដើម្បីចូលរួមលើកកម្ពស់និងអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម


ដើម្បីបន្តកិច្ចគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងជាពិសេស ដើម្បីចូលរួមគាំទ្រដំណើការ ធុរកិច្ចកម្ពុជាប្រកបដោយនិរន្តរភាព សហគ្រិនខ្មែរ បានសហការជាមួយ ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដើម្បីបង្កើនការអនុវត្តសកម្មភាពក្នុងភាពជាដៃគូសហការ ក្នុងគោលដៅចូលរួមលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
សហគ្រិនខ្មែរ ចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការជាមួយ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដើម្បីចូលរួមលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម

ស្ថិតក្រោមកិច្ចសហប្រតិបត្តិការនេះ សហគ្រិនខ្មែរ និង ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា បាន​រួមគ្នាផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈ (១)​ការចូលរួមជាមួយគ្នាក្នុងសកម្មភាព និងកម្មវិធី​ដែល​រៀបចំ​ឡើងក្នុងគោលបំណងលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ឬសហគ្រិនភាពនៅ​កម្ពុជា (២)​ធនាគាសហគ្រាសធុនតូច និងមធ្យម កម្ពុជានឹងផ្តល់ ឥណទានដោយគ្មានទ្រព្យបញ្ចាំ រហូតដល់ ៥០.០០០ ដុល្លារអាមេរិក ដល់សហគ្រាសធុនតូច និងមធ្យម ណាដែលទទួលបានជ័យលាភី ចំណាត់ថ្នាក់ A និង B ក្នុងការប្រកួតប្រជែង​ក្នុង​កម្មវិធី​ ដែលបានរៀបចំឡើងដោយសហគ្រិនខ្មែរ និងត្រូវបានសហគ្រិនខ្មែរណែនាំមកទទួល​ឥណទាននៅ ធនាគារ​សហគ្រាសធុនតូច និងមធ្យម កម្ពុជា តាមលក្ខន្ដិកដែលធនាគាបានកំណត់ (៣) សហគ្រិន​ខ្មែរ នឹង​ពួត​ដៃ​គ្នា​ជាមួយ​ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា​ ដើម្បីធ្វើការលើកកម្ពស់ និងបង្កើនលទ្ធភាព ទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុន​តូច និងមធ្យម​នៅកម្ពុជា (៤)ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និង សហគ្រិនខ្មែរ នឹងធ្វើសកម្មភាពផ្សព្វផ្សាយរួមគ្នា ដើម្បីចែករំលែកព័ត៌មានស្តីពី លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិនៃ សហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ “ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង សហគ្រិនខ្មែរ និងធនគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ជាព្រឹត្ដិការណ៍ដ៏សំខាន់មួយនៅក្នុងប្រព័ន្ធអេកូឡូស៊ី​សហគ្រិនភាព ដែលកិច្ចសហប្រតិបត្ដិការនេះ នឹងពង្រឹងការគំាទ្រដល់ សហគ្រិនធុរកិច្ចបង្កើតថ្មី និង​សហគ្រាសធុនតូចនិងមធ្យម ក្នុងប្រទេសកម្ពុជា ក្នុងការទទួលបានហិរញ្ញប្បទាន។ លើសពីនេះទៅទៀត ​សហគ្រិនខ្មែរ ក៏សូមលើកទឹកចិត្ដ ធនាគារពាណិជ្ជទាំងអស់ ដើម្បីគាំទ្រគោលនយោបាយរបស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ហិរញ្ញប្បទាន ដូចជា សម្រួលនីតិវិធី និងបន្ធូរលក្ខន្ដិកសម្រាប់តម្រូវការហិរញ្ញប្បទានរបស់ធុរកិច្ចបង្កើតថ្មី និង​សហគ្រាសធុនតូចនិងមធ្យម ដែលកិច្ចការនេះនឹងចូលរួមចំណែកក្នុងការបង្កើតសេដ្ឋកិច្ចបែបថ្មីនៅកម្ពុជា។”

លោក លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា បានលើកឡើងថា៖ “ធនាគារសហគ្រាស​ធុនតូច និងមធ្យមកម្ពុជាបាននឹងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពទាក់ទាញ រួមមានការផ្តល់​ឥណទាន​ដែល​មាន​តម្លៃ​ទាប និងលក្ខខណ្ឌអនុគ្រោះដែលផ្តល់ភាពងាយស្រួលនៅលើទីផ្សារ។ នៅចំពោះមុខ ធនាគារ​សហគ្រាសធុនតូច និងមធ្យមកម្ពុជា​ មានផែនការអភិវឌ្ឍបណ្តាញចែកចាយ​ឱ្យបានទូលំទូលាយ​បន្ថែម​ទៀត​​សម្រាប់​អតិថិជនគោលដៅ និងដើម្បីផ្តល់ភាពងាយស្រួល ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ធនាគារនឹងវិនិយោគបន្ថែម​លើ​ការ​បើក​សាខាថ្មី និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ជាពិសេសការចាប់ដៃគូសហការជាមួយស្ថាប័នផ្សេងៗ ក្នុងគោលបំណងបំរើសេវាកម្មជូនដល់អតិថិជនដែលជាសហគ្រាសធុនតូច និងមធ្យម ឱ្យបានកាន់តែល្អប្រសើរ”។ 

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់ ក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់​ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមដើម្បីពង្រីកប្រតិបត្ដិការអាជីវកម្មរបស់ខ្លួន ដែលបញ្ហានេះនៅបន្ដជាឧបសគ្គចំបងមួយ ក្នុងចំណោមឧបសគ្គផ្សេងៗ​នៅក្នុងប្រទេសកម្ពុជា។ ដោយគួបផ្សំនឹងការបណ្ដុះបណ្ដាលសមត្ថភាព សហគ្រិនខ្មែរសង្ឃឹមថាការ​សម្របសម្រួលក្នុងការទទួល​បានហិរញ្ញប្បទានប្រសើរជាងមុននឹងជួយលើកកម្ពស់អេកូឡូស៊ីធុរកិច្ច​ក្នុងប្រទេសកម្ពុជា។

លោក លឹម អូន ក៏បានបន្ថែមផងដែរថា៖ “ជាក់ស្តែង នៅពេលនេះ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បាន​ចុះ​ហត្ថលេខា​​លើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសហគ្រិនខ្មែរ ដើម្បីរួមចំណែកក្នុងការកសាងសហគ្រិនភាព ជាពិសេសការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រិន ក៍ដូចជាសហគ្រាសធុនតូច និងមធ្យម ដែលធ្លាប់
ទទួលបាន​ការ​បណ្តុះបណ្តាលពីសហគ្រិនខ្មែរ ឱ្យមានលទ្ធភាពចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់ខ្លួនបានដោយជោគជ័យ”។

ក្នុងនាមជាស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលធ្វើការគាំទ្រប្រព័ន្ធអេកូឡូស៊ី​សហគ្រិនភាពក្នុងប្រទេសកម្ពុជា និងក្នុងនាមជាធនាគារពាណិជ្ជ ក៏ដូចជា ធនាគារគោលនយោបាយផង សហគ្រិនខ្មែរ និង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នឹងបន្ដខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងការ​ពង្រឹងភាពប្រកួតប្រជែង និងនវានុវត្ដន៍ និង ផ្តល់ភាពងាយស្រួល​ដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ក្នុងការទទួលបានឥណទានដែលមានតម្លៃសមរម្យ ៕

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកសហគ្រិនខ្មែរ តាមរយៈ

- អាសយដ្ឋាន៖ 3A-F, ជាន់ទី៣ អគារ TK Royal One, មហាវិថីសហព័ន្ធរុស្សី, ភ្នំពេញ,​​​ ប្រទេសកម្ពុជា
- លេខទូរស័ព្ទ៖ +៨៥៥ ២៣​ ៩០០ ៨៥៥ ។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តាមរយៈ

- អាសយដ្ឋាន៖ អគារលេខ៣០ ផ្លូវប៉ាស្ទ័រ (៥១) កែងផ្លូវព្រៃនគរ (១២៦) សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
- លេខទូរស័ព្ទ៖ +៨៥៥ ៩៦ ៨១១ ១១១៨ ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្ទះលំហែបែបស្រុកស្រែ «ក្រៀលរីសត» លាក់ខ្លួនក្បែរតំបន់ទេសភាពជាយដែនស្រស់ត្រកាលនាខេត្តកំពត ដែលភ្ញៀវទេសចរមិនគួរមើលរំលង

ព័ត៌មាន
«ក្រៀល- The Crane Resort» គឺជារីសតផ្ទះលំហែបែបធម្មជាតិថ្មីសន្លាងមួយ ហ៊ុមព័ទ្ធដោយទេសភាពស្រស់បំព្រង នៃតំបន់ទល់ដែនខេត្តកំពត ដោយផ្តល់ឱ្យនូវប…

អូស្រ្តាលីជំរុញការវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារនៅកម្ពុជា

ព័ត៌មាន
ប្រទេសអូស្រ្តាលី នឹងចូលរួមជំរុញការវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារ នៅកម្ពុជា ដើម្បីរួមចំណែកដល់ការរក្សាឱ្យបាននូវសុវត្ថិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ