អង់គ្លេស

លោកស្រី Liz Truss ថា នឹងពិចារណាបន្ថយពន្ធលើតម្លៃបន្ថែម ៥% ប្រសិនបើបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអង់គ្លេស


លោកស្រី លីស ត្រាស់ (Liz Truss) ដែលជាអ្នកនាំមុខគេក្នុងការក្លាយជានយករដ្ឋមន្ត្រីអង់គ្លេសនោះកំពុងតែពិចារណាកាត់បន្ថយពន្ធលើតម្លៃបន្ថែម(VAT) នៅទូទាំងក្រុមប្រឹក្សាភិបាលចំនួន៥% ប្រសិនបើលោកស្រីក្លាយជានាយករដ្ឋមន្ត្រី ដើម្បីដោះស្រាយវិបត្តិតម្លៃនៃការរស់នៅ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Telegraph កាលពីថ្ងៃសៅរ៍។
លោកស្រី Liz Truss ថា នឹងពិចារណាបន្ថយពន្ធលើតម្លៃបន្ថែម ៥% ប្រសិនបើបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអង់គ្លេស

នៅក្នុងយុទ្ធនាការរកសំឡេងគាំទ្រជានាយករដ្ឋមន្ត្រីអង់គ្លេសនោះ លោកស្រី លីស ត្រាស់ បាននិយាយថា លោកស្រីកំពុងពិចារណាផែនការកាត់បន្ថយពន្ធលើតម្លៃបន្ថែម ដែលលោកស្រីចាត់ទុកជាជម្រើស«ដ៏ធំ»មួយក្នុងចំណោមជម្រើសផ្សេងៗទៀត រួមទាំងការកាត់បន្ថយពន្ធលើតម្លៃបន្ថែម ២.៥% ពីអត្រាពន្ធស្តង់ដារបច្ចុប្បន្ន២០%។ នេះបើតាមកាសែត Telegraph បានស្រង់ប្រភពមិនបញ្ចេញឈ្មោះមួយ។

ព័ត៌មាន Telegraph បាននិយាយថា ការកាត់បន្ថយ ៥% នៃពន្ធលើតម្លៃបន្ថែមនឹងជួយសង្គ្រោះគ្រួសារបានជាមធ្យមជាង១,៣០០ផោន ឬប្រហែលនឹង១,៥២៧ដុល្លារក្នុងមួយឆ្នាំ ហើយនឹងធ្វើឱ្យរដ្ឋាភិបាលខាតពន្ធចំនួន៣,២ពាន់លានផោនក្នុង១ខែ។ នេះបើតាមការវិភាគរបស់ក្រុមអ្នកវិភាគនៅវិទ្យាស្ថានសម្រាប់ការសិក្សាពីសារពើពន្ធ។

ដោយឡែក កាសែត Times បានរាយការណ៍ដែរថា លោកស្រី Truss ក៏កំពុងពិចារណាកាត់បន្ថយជាបន្ទាន់ចំពោះពន្ធលើប្រាក់ចំណូលនិងពន្ធលើតម្លៃបន្ថែមនេះផងដែរ។ កាសែតនេះបាននិយាយថា សម្ព័ន្ធមិត្តមួយចំនួនរបស់លោកស្រី ជឿថា ប្រាក់ឧបត្ថម្ភផ្ទាល់ខ្លួនក្នុងអត្រាដូចបានបញ្ជាក់ខាងលើនេះគួរតែត្រូវបានដកចេញវិញ។

រដ្ឋាភិបាលអង់គ្លេសបាននិងកំពុងប្រឈមនឹងការអំពាវនាវកាន់តែខ្លាំងឡើងសុំឱ្យផ្តល់ជំនួយហិរញ្ញវត្ថុភ្លាមៗដល់គ្រួសារដោយសារតែវិក័្កយប័ត្រថាមពលគ្រោងនឹងកើនឡើង ៨០% ពោលគឺឡើងដល់ជាមធ្យម ៣,៥៤៩ផោនក្នុងមួយឆ្នាំចាប់ពីខែតុលា តទៅ។

វិក្ក័យប័ត្រថាមពលចេះតែកើនឡើងខ្លាំងដោយសារការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននេះ បានជំរុញឱ្យអតិផរណាអង់គ្លេសឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល៤០ឆ្នាំមកនេះ ប៉ុន្តែការឆ្លើយតបរបស់រដ្ឋាភិបាលនេះត្រូវបានរាំងស្ទះដោយសារតែការប្រណាំងប្រជែងគ្នាក្នុងការស្នងតំណែងលោក បូរិស ចនសុន ដែលនឹងសម្រេចរួចរាល់នៅថ្ងៃទី៥ ខែកញ្ញា ខាងមុខនេះ។

រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ពេលនេះខ្លួនកំពុងរៀបចំជម្រើសនៃកញ្ចប់គាំទ្រចំណាយសម្រាប់ជីវភាពរស់នៅដើម្បីឱ្យនាយករដ្ឋមន្ត្រីថ្មីខាងមុខនេះធ្វើការពិចារណាពីកញ្ចប់ថវិកានេះ ហើយកាសែត Telegraph បាននិយាយថា យុទ្ធនាការរបស់លោកស្រី Truss ក៏កំពុងពិចារណាលើការបន្តកាត់បន្ថយពន្ធ៥%ទៅលើពន្ធប្រេងឥន្ធនៈផងដែរ។

ប្រភពយុទ្ធនាការរបស់លោកស្រី Truss បាននិយាយថា លោកស្រី Truss នឹងពិចារណាជម្រើសជួយមនុស្ស ប៉ុន្តែវានឹងមិនត្រឹមត្រូវនោះទេសម្រាប់លោកស្រីក្នុងការប្រកាសពីផែនការរបស់លោកស្រីមុនពេលលោកស្រីត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រី ឬបានឃើញការពិតទាំងអស់។

លោកស្រី ត្រាស់ បាននិយាយថា លោកស្រីគាំទ្រការកាត់បន្ថយពន្ធ ដើម្បីពង្រីកសេដ្ឋកិច្ច ហើយអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក រីស៊ី ស៊ូណាក (Rishi Sunak) និងគូប្រជែងរបស់លោកស្រី ត្រាស់ ក្នុងតំណែងនាយករដ្ឋមន្ត្រីនេះ ក៏បានសន្យាគាំទ្រដោយផ្ទាល់បន្ថែមទៀត ដើម្បីជួយគ្រួសារដែលជួបបញ្ហាជាមួយវិក័្កយប័ត្រថាមពលដែលចេះតែកើនឡើងនេះ។

លោក Johnson បានសរសេរនៅក្នុងអត្ថបទមួយតាមអ៊ីមែលកាលពីថ្ងៃអាទិត្យថា នៅខែក្រោយនេះអ្នកណាដែលបន្តតំណែងពីលោក គឺរដ្ឋាភិបាលនោះនឹងប្រកាសកញ្ចប់ជំនួយហិរញ្ញវត្ថុដ៏ធំមួយទៀត៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ម្ចាស់អាជីវកម្មរាប់ពាន់នាក់ ជួបជុំគ្នាក្នុងមហាសន្និបាត BNI កម្ពុជា ឆ្នាំ ២០២២ ដើម្បីកសាងទំនាក់ទំនងអាជីវកម្ម

ព័ត៌មាន
ពិធីជួបជុំដ៏ធំមួយក្នុងចំណោមម្ចាស់អាជីវកម្មរាប់ពាន់នាក់ បានធ្វើឡើងនៅចុងសប្ដាហ៍នេះ ក្នុងកម្មវិធី មហាសន្និបាត BNI កម្ពុជា ឆ្នាំ ២០២២ ដើម្ប…

មនុស្សជំនិតលោកពូទីនថា រុស្ស៊ីនឹងមិនបញ្ឈប់សង្គ្រាមឡើយ ទោះបីអ៊ុយក្រែនលែងចង់ចូលអង្គការណាតូក្តី

ព័ត៌មាន
ដៃគូជំនិតរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃសុក្រ ទី២៦ ខែសីហា ថា ទីក្រុងមូស្គូនឹងមិនបញ្ឈប់ប្រតិបត្តិការយោធាក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ