វីរកណ្ដុរ ម៉ាហ្គាវ៉ា ចូលនិវត្តន៍ហើយ!

«វីរកណ្ដុរ» Magawa ចូលនិវត្តន៍ បន្ទាប់ពីបោស​សម្អាតមីន​បានផ្ទៃដីជាង ២សែន​​ម៉ែត្រការ៉េ​នៅកម្ពុជា


បន្ទាប់ពីបំពេញ​ការងារ​ហិត​រុករក​មីន​និងគ្រាប់​មិន​ទាន់ផ្ទុះ​អស់រយៈពេល​ ៥ឆ្នាំ នៅ​ខេត្ត​សៀមរាបនៃ​ប្រទេស​កម្ពុជា «វីរកណ្ដុរ» ម៉ាហ្គាវ៉ា (HeroRat Magawa) ត្រូវបាន​អង្គការ​ធ្វើការផ្នែក​បោសសម្អាត​មីន APOPO ប្រកាសថា នឹង​ចូលនិវត្តន៍ហើយ នៅក្នុងខែមិថុនានេះ ។
«វីរកណ្ដុរ» Magawa ចូលនិវត្តន៍ បន្ទាប់ពីបោស​សម្អាតមីន​បានផ្ទៃដីជាង ២សែន​​ម៉ែត្រការ៉េ​នៅកម្ពុជា ។ រូបថត ៖ APOPO
ដោយ

ម៉ាហ្គាវ៉ា គឺជា​កណ្ដុរ​អាហ្វ្រិក ដែលកើតនៅខែ​វិច្ឆិកា ឆ្នាំ២០១៤ នៅ​ប្រទេស​តង់ហ្សានី ហើយ​ត្រូវ​បាន​ចិញ្ចឹម​និង​បង្វឹក​ឲ្យ​ចេះ​ហិត​រុករក​ជាតិ​ផ្ទុះ​ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺននិងស្រាវជ្រាវរបស់អង្គការ APOPO ប្រចាំ​ប្រទេសតង់ហ្សានី ។ កណ្ដុរហិតមីន ម៉ាហ្គាវ៉ា បាន​ផ្លាស់ទីមកកាន់ប្រទេស​កម្ពុជា នៅឆ្នាំ​២០១៦ និង​បាន​ចាប់ផ្ដើម​ការងារ​ហិតរុករក​មីន​និងគ្រាប់​មិន​ទាន់​ផ្ទុះនៅខេត្ត​សៀមរាប ។ 

គិតមកទល់នឹងថ្ងៃនេះ ម៉ាហ្គាវ៉ា បានហិតរកឃើញ​គ្រាប់មីន​ចំនួន ៧១គ្រាប់ និង​គ្រឿង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ ៣៨ដុំ ដែល​ធ្វើ​ឲ្យ ​ម៉ាហ្គាវ៉ា ក្លាយជា «វីរកណ្ដុរ» (HeroRat) ជោគជ័យ​ជាងគេបំផុតរបស់​អង្គការ APOPO ។ យោងតាម​អង្គការ APOPO ក្នុងរយៈពេល ៥ឆ្នាំនេះ វីរកណ្ដុរ ម៉ាហ្គាវ៉ា ជួយ​បោសសម្អាត​គ្រាប់​មីន​នៅលើ​ផ្ទៃដី​បាន ជាង ២២៥.០០០ម៉ែត្រ​ការ៉េ ។

វីរកណ្ដុរហិតមីន ម៉ាហ្គាវ៉ា និងបុគ្គលិក​អង្គការ APOPO នៅខេត្ត​សៀមរាប ប្រទេស​កម្ពុជា ។ រូបថត ៖ APOPO

កាលពីខែកញ្ញា ឆ្នាំទៅមិញ វីរកណ្ដុរ ម៉ាហ្គាវ៉ា បានទទួល​មេដាយ​មាស PDSA Gold Medal ដែលនាំ​ឲ្យ​វា​ក្លាយជា​កណ្ដុរ​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ ៧៧ឆ្នាំរបស់អង្គការ APOPO ដែល​ទទួលបាន​មេដាយ​មាស​ PDSA កិត្តិយស​នេះ ។ 

វីរកណ្ដុរ ម៉ាហ្គាវ៉ា​ កំពុង​បំពេញ​ការងារហិតរុករកគ្រាប់មីន នៅខេត្ត​សៀមរាប ប្រទេសកម្ពុជា ។ រូបថត ៖ APOPO

អង្គការ​មនុស្ស​ធម៌​ដែល​ធ្វើការងារ​ខាង​បោសសម្អាត​គ្រាប់មីន APOPO បានចាប់ផ្ដើម​កម្មវិធីការងារ​នៅ​កម្ពុជា នៅឆ្នាំ២០១៦ ។ សកម្មភាព​បោសសម្អាតមីន​របស់​អង្គការ APOPO ក៏បាន​ដាក់​បញ្ចូល​ការប្រើប្រាស់​វីរកណ្ដុរ ដូច ម៉ាហ្គាវ៉ា ជាច្រើន​ផងដែរ ដែលធ្វើការងារ​រួមគ្នា​ជាមួយ​មនុស្សក្នុង​បេសកកម្ម​បោសសម្អាត​គ្រាប់មីន ។ 

នៅឆ្នាំ២០២០​តែមួយឆ្នាំគត់ APOPO ប្រចាំកម្ពុជា បានបោសសម្អាត​គ្រាប់​មីន​ពី​ផ្ទៃដី​ជាង ៤,៣លាន​ម៉ែត្រការ៉េ ។

កាលពីខែមីនា ឆ្នាំ២០២១ កណ្ដុរ​ហិតរុករកមីន​និងគ្រាប់មិនទាន់ផ្ទុះ ដែលទើបបាន​ហ្វឹកហ្វឺនថ្មីចំនួន ២០ក្បាល ត្រូវបាន​បញ្ជូន​មក​ដល់​កម្ពុជា ដើម្បីចូលរួម​នៅក្នុង​បេសកកម្ម​បោសសម្អាត​មីន​ជាមួយក្រុម​ការងារ ម៉ាហ្គាវ៉ា នៅខេត្ត​សៀមរាប ៕




អត្ថបទបន្ទាប់


វៀតណាមអនុម័ត​​ប្រើវ៉ាក់សាំងចិន Sinopharm, ស្នើឲ្យចិន​ជួយ​ក្នុងការទិញ​វ៉ាក់សាំង

ព័ត៌មាន
ប្រទេសវៀតណាម​ជិត​ខាង​កម្ពុជា​ កាលពីថ្ងៃសុក្រ​កន្លង​ទៅនេះ បាន​សម្រេច​អនុម័ត​ការប្រើប្រាស់​បន្ទាន់​នូវ​វ៉ាក់សាំង​ Sinopharm (ស៊ីណូហ្វាម)…

អ្នកជំនាញកសិកម្ម៖ ពលរដ្ឋគួរជៀសវាងយកដីមានជីជាតិទៅដាំដំណាំស្វាយចន្ទី

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យកសិកម្មសង្កេតឃើញថា ចលនាដាំដំណាំស្វាយចន្ទីរបស់ពលរដ្ឋកម្ពុជានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឲ្យកត់ស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ