ការចុះបញ្ជីអាជីវកម្មតាមអនឡាញ

ក្រសួងពាណិជ្ជកម្មបន្ដពន្យារពេល២ថ្ងៃទៀតសម្រាប់ការចុះបញ្ជីអាជីវកម្មតាមអនឡាញ


នៅប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមអ្នកលក់ទំនិញតាមអនឡាញរាប់រយនាក់ បានសម្រុកនាំគ្នាទៅស្នើសុំចុះបញ្ជី និងស្នើសុំអាជ្ញាបណ្ណអាជីវកម្មនៅក្រសួងពាណិជ្ជកម្ម ខណៈដែលការចាប់ផ្ដើមផាកពិន័យដំបូងឡើងយត្រូវចាប់ផ្ដើមអនុវត្តនៅថ្ងៃ ទី១ ខែកក្កដា។ ប៉ុន្ដែ ដោយមើលឃើញពីអ្នកមិនទាន់បានមកចុះបញ្ជីអាជីវកម្មនៅមានច្រើន ក្រសួងបានពន្យារពេលចាប់ផ្ដើមអនុវត្តការផាកពិន័យ២ថ្ងៃបន្ថែមទៀត ពោលគឺ ការផាកពិន័យនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែកក្កដាវិញ។ នេះបើតាមសេចក្ដីជូនដំណឹងថ្មីចុងក្រោយមួយរបស់ក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ល្ងាច​ថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា ដោយ​សង្កេត​ឃើញ​ថា អាជីវករ សហគ្រាស​ឯកបុគ្គល និង​ក្រុមហ៊ុន​ជា​ច្រើន​លើសលុប បាន​មក​ក្រសួងពាណិជ្ជកម្ម ដើម្បី​ដាក់​ពាក្យ​ស្នើ​សុំ​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក ក្រសួង​បាន​សម្រេច​ពន្យារពេល​កាលបរិច្ឆេទ​ការ​ផាកពិន័យ រហូត​ដល់​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ៥​ល្ងាច​។

ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី ៣០ មិថុនា ថា រយៈពេល​១​ស​ប្ដា​ហ៍​ចុង​ក្រោយ​នៃ​ថ្ងៃ​ឱសានវាទ​សម្រាប់​ការ​ពន្យារពេល​ចុះបញ្ជី​អាជីវកម្ម​តាម​អន​ឡាញ​នេះ ឃើញ​ថា មាន​សម្ទុះ​អាជីវករ​ដែល​រកស៊ី​តាម​អន​ឡាញ យ៉ាងច្រើន​កុះករ បាន​មក​ស្នើ​សុំ​ការ​ចុះបញ្ជី​ពី​ក្រសួងពាណិជ្ជកម្ម ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ មាន​អ្នក​មក​ស្នើ​សុំ​ចុះបញ្ជី​អាជីវកម្ម ប្រមាណ ៦០០​នាក់ ឯណោះ​។

ក្រុម​អ្នកលក់​អន​ឡាញ​យ៉ាងច្រើន​កុះករ​បាន​សម្រុក​ទៅ​ចុះបញ្ជី​អាជីវកម្ម ព្រោះ​បារម្ភ​ពី​ការ​ផាកពិន័យ ដោយ​អាជ្ញាធរ ដោយ​ក្នុង​នោះ​ម្ចាស់​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡ​ញ ប្រឈម​នឹង​ការ​ផាកពិន័យ​១០​លាន​រៀល ឬ​ត្រូវ​បញ្ឈប់​អាជីវកម្ម​ផង​ដែរ ប្រសិនបើ​រក​ឃើញ​ថា មិន​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ត្រឹមត្រូវ​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​អន្តរក្រសួង​ស្ដី​ពី​ច្បាប់ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

យ៉ាងណាមិញ ក្រុម​អាជីវករ​រកស៊ី​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​បាន​មក​ចុះបញ្ជី​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក នៅ​ក្រសួង​ពាណិជ​ញ្ជ​កម្ម បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​សមី​ថា ការ​ស្នើ​សុំ​លិខិតអនុញ្ញាត ឬ​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច គឺជា​រឿង​ល្អ​សម្រាប់​ក្រុម​អាជីវករ​ដែល​រកស៊ី​តាម​អន​ឡាញ ទាំង​ម្ចាស់​អាជីវកម្ម និង​អតិថិជន ផ្ទាល់ ពិសេស​ជួយ​ការពារ​អតិថិជន​ឲ្យ​រួច​ផុត​ពី​ការ​បោកប្រាស់​ណាមួយ ពី​ក្រុម​ទុចរិត​ផង​ដែរ​។ ខណៈ​ចំនួន​ទឹកប្រាក់​សម្រាប់​បង់ពន្ធ​និង​នីតិវិធី​នៃ​ការ​ស្នើ​សុំ​លិខិត ឬ​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​វិញ ត្រូវ​បាន​ក្រុម​អាជីវករ បញ្ជាក់​ថា មាន​តម្លៃ​សមរម្យ និង​មាន​ភាព​ងាយស្រួល ព្រោះ​ពួក​គាត់​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​ការ​ចុះបញ្ជី និង​មាន​រយៈពេល​វែង​គឺ​រហូត​ដល់​ទៅ​២​ឆ្នាំ ឯណោះ​។

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ក៏​បាន​គូសបញ្ជាក់​ទៀត​ថា ដោយ​សង្កេត​ឃើញ​ថា រហូត​មក​ដល់​ពេល​នេះ មាន​ក្រុម​អាជីវកម្ម​អន​ឡាញ យ៉ាងច្រើន​មិន​ទាន់​បាន​មក​ស្នើ​សុំ​លិខិតអនុញ្ញាត ឬ​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ស្រប​ពេល​ថ្ងៃ​ឱសានវាទ​មក​ដល់ ដូច្នេះ ក្រសួង​នឹង​ខិតខំ​ស្វែងរក​វិធី​បន្ថែម និង​ធ្វើ​យ៉ាងណា ដើម្បី​សម្រួល​ដល់​ម្ចាស់​អាជីវកម្ម​អន​ឡាញ អាច​ដាក់​ពាក្យ​ស្នើ​សុំ​លិខិត ឬ​បណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ដូច​ជា ការ​សម្រួល​ឲ្យ​អាជីវករ​តាម​បណ្ដា​ខេត្ត អាច​ទៅ​ចុះបញ្ជី​ពាណិជ្ជកម្ម នៅ​តាម​មន្ទីរ​ពាណិជ្ជកម្ម​តាម​បណ្ដា​ខេត្ត​របស់​ខ្លួន ជាដើម​។

ឯកឧត្តម ប៉ែន សុ​វិជាតិ ក៏​បាន​បញ្ជាក់​ទៀត​ថា មិនមែន​គ្រប់​អាជីវកម្ម​អន​ឡាញ​សុទ្ធតែ​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​នោះ​ទេ ដោយ​ក្នុង​នោះ ក្រសួង​ក៏​មានការ​លើកលែង​លើ​អាជីវកម្ម​ចំនួន ៦​ប្រភេទ​ដែរ​។ អាជីវកម្ម​តាម​អន​ឡាញ ដែល​ត្រូវ​បាន​លើកលែង ដោយ​មិន​ចាំបាច់​មក​ចុះបញ្ជី​នោះ រួម​មាន​៖ ទី​១.​អាជីវកម្ម​ដែល​គ្រាន់តែ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​ទំនិញ ឬ​សេវា​របស់​ខ្លួន ដូច​ជា ការ​ផ្សព្វផ្សាយ​ទំនិញ​កសិផល​ល្អ ប៉ុន្ដែ​មិន​បាន​ប្រកាស​អំពី​តម្លៃ​របស់​កសិផល​។

ទី​២. ការ​កក់​បម្រុង​ទុក​នូវ​សេវា ដែល​មិន​មានការ​កក់​ប្រាក់ គឺ​អាច​ផ្ដល់​ព័ត៌មាន​ផ្សេង​ៗ សម្រាប់​អតិថិជន ឬ​អ្នក​ប្រើប្រាស់​។ មាន​ន័យ​ថា មានការ​ជជែក​ជាមួយ​អ្នកទិញ​បាន ប៉ុន្ដែ​មិន​មាន​សេវា​កក់​ប្រាក់​ឡើយ ជា​រួម​គឺ​មិន​មាន​បង្កើត​សំណើ​នៃ​កិច្ចសន្យា​នោះ​ទេ ដូច្នេះ​ក៏​មិន​ចាំបាច់​ចុះបញ្ជី នោះ​ដែរ​។ ទី​៣. ការ​លក់ទំនិញ ឬ​សេវា របស់​រូបវន្តបុគ្គល ដែល​មាន​ផល​របប​ក្រោម​កម្រិត​ផល​របប​ជា​អ្នក​ជាប់ពន្ធ​តូច​។ មាន​ន័យ​ថា ប្រសិនបើ​អ្នក​រកស៊ី ស្ថិត​នៅ​ការ​រកស៊ី​ក្រោម​កម្រិត​ផល​របប​ជា​អ្នក​ជាប់ពន្ធ​តូច (​ក្រោម ២៥០​លាន​រៀល​ក្នុង​១​ឆ្នាំ​)​។ ទី​៤. ការ​លក់ទំនិញ ឬ​ផ្ដល់​សេវា ដែល​មាន​លក្ខណៈ​គ្រួសារ​តាម​រដូវ​កាល​។ ទី​៥. ការ​លក់ទំនិញ​ជា​ស្នាដៃ​សិល្បៈ​។ និង​ទី​៦. ការ​បង្ហាត់បង្រៀន​សិស្ស តាម​ប្រព័ន្ធ​អន​ឡាញ​ជា​ឯកជន ឬ​ការ​បង្ហាត់បង្រៀន ជា​សិក្ខាសាលា ជាដើម​៕




អត្ថបទបន្ទាប់


ទុនវិនិយោគសំណង់ធ្លាក់ចុះ៦៦%នៅត្រីមាសទី១ឆ្នាំ២០២២ ប៉ុន្ដែអ្នកជំនាញថាមិនប៉ះពាល់ខ្លាំងដល់វិស័យអចលនទ្រព្យឡើយ

ព័ត៌មាន
ការអនុម័តគម្រោងសំណង់នានា នៅកម្ពុជាគិតក្នុងត្រីមាសទី១ឆ្នាំ២០២២ មានការធ្លាក់ចុះទុនវិនិយោគដល់ទៅ ៦៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន …

រុស្សីថានឹងឆ្លើយតបម៉ឹងម៉ាត់បំផុត បើណាតូហ៊ានបង្កើតមូលដ្ឋានទ័ពក្នុងប្រទេសហ្វាំងឡង់ និងស៊ុយអែត

ព័ត៌មាន
មិនទាន់បានមួយថ្ងៃស្រួលបួលផង បុរសខ្លាំងរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយដោយឥតលាក់លាមកាលពីថ្ងៃពុធនេះថា រុស្សីនឹងធ្វើការឆ្លើយតបយ៉ាងសមស្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ