ម្រេចកំពតប្រមូលផលបានជាង៥០%ហើយ

ម្រេចកំពតប្រមូលផលបានជាង៥០%ហើយ ខណៈឆ្នាំនេះមិនព្រួយបារម្ភពីទីផ្សារនាំចេញនោះទេ


ប្រធានសមាគមម្រេចកំពត បានអះអាងថា ម្រេចកំពតឆ្នាំនេះ មិនមានការព្រួយបារម្ភអំពីបញ្ហាទីផ្សារនាំចេញនោះទេ ដោយសារតែការបញ្ជាទិញពីក្រុមហ៊ុនបរទេសមានភាពល្អប្រសើរជាងជាងឆ្នាំមុន ខណៈក្រុមកសិកររបស់សមាគមបានចុះកុងត្រានាំចេញជាមួយក្រុមហ៊ុនរួចរាល់ហើយដែរ។ មកទល់ពេលនេះ ការប្រមូលផលម្រេចកំពត ប្រមូលផលបានប្រមាណជាង ៥០% ហើយ ប៉ុន្ដែ ការប្រមូលផលក៏កំពុង ប្រឈមផលប៉ះពាល់តិចតួចដែរ ដោយសារតែអាកាសធាតុមានភ្លៀងធ្លាក់ច្រើន ពិបាកក្នុងការហាលសម្ងួតម្រេចផងដែរ។
ម្រេចកំពត

លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតបានគូសបញ្ជាក់ថា ទីផ្សារនាំចេញម្រេចកំពតធំជាងគេគឺ ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងទីផ្សារនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីមួយចំនួនដូចជា កូរ៉េខាងត្បូង ជប៉ុន និងកោះតៃវ៉ាន់ជាដើម។ ហើយតម្លៃម្រេចកំពត គឺមិនមានការប្រែប្រួលនោះទេ គឺម្រេចខ្មៅនៅតែមានតម្លៃ ១៥ ដុល្លារ ក្នុង១គីឡូក្រាម រីឯម្រេចក្រហមមានតម្លៃ ២៥ ដុល្លារ ក្នុង១គីឡូក្រាម និងម្រេចសវិញ មានតម្លៃ ២៨ ដុល្លារ ក្នុង១គីឡូក្រាម។

បើតាម លោក ងួន ឡាយ បានគូសបញ្ជាក់បន្ថែមថា ទីផ្សារនាំចេញម្រេចកំពត ឆ្នាំនេះអាចនឹងល្អជាងឆ្នាំមុនផងដែរ ដ្បិតថា កសិករបានចុះកុងត្រាជាមួយក្រុមហ៊ុនដែលប្រមូលទិញរួចរាល់អស់ហើយ។ លោកបានបញ្ជាក់ដែរថា ទីផ្សារនាំចេញ គឺអាចមានឧបសគ្គតិចតួចដែរ ចំពោះកសិករដែលជាម្ចាស់ចម្ការខ្នាតធំមួយចំនួន ដែលពួកគាត់មិនមានទីផ្សារនាំចេញផ្ទាល់ខ្លួន ពីព្រោះថាខាងក្រុមហ៊ុនពួកគាត់ចុះកុងត្រាទិញ តែចំពោះកសិករខ្នាតតូច និងមធ្យម ដែលមានវិញ្ញាបនប័ត្របញ្ជាក់ផលិតផលសម្គាល់ភូមិសាស្រ្ត(GI) ប៉ុណ្ណោះ។

លោក ហែម ត្រូ កសិករដាំម្រេចមួយរូប នៅខេត្តកំពត ក៏បានអះអាងដែរថា សន្ទុះនៃលក់ម្រេចកំពតសម្រាប់ទីផ្សារនាំចេញនៅឆ្នាំនេះ មានភាពរលូនល្អ ដោយក្នុងមួយខែៗអាចនាំចេញចំនួនពីកន្លះតោនទៅ១តោនផងដែរ។ លោក បន្ថែមថា កសិករដាំម្រេចកំពតមកទល់ពេលនេះ ប្រមូលផលបានប្រមាណជាង ៥០% ហើយការប្រមូលផលឆ្នាំនេះ ហាក់មិនសូវខុសគ្នាពីឆ្នាំមុននោះទេ កំណើននៃការប្រមូលផលអាចនឹងមានកំណើនតិចតួចប៉ុណ្ណោះ ដោយសារតែផ្ទៃដីផលិតកម្មរក្សានៅដដែល។ ជាមួយគ្នានោះ ស្ថានភាពនៃការប្រមូលផលពេលបច្ចុប្បន្នហាក់មានផលប៉ះពាល់តិចតួចដែរ ដោយសារតែរដូវវស្សាមានភ្លៀងធ្លាក់ច្រើនដែលនាំឲ្យពិបាកក្នុងការប្រមូលផល ការហាលសម្ងួតម្រចផងដែរ។

បើតាមការបញ្ជាក់ពីប្រធានសមាគមម្រេចកំពត កាលពីឆ្នាំ២០២១ ម្រេចកំពតបាននាំចេញសរុបជាង ១០០តោន ខណៈដែលកាលពីឆ្នាំ២០២០ នាំចេញបានប្រហែលត្រឹមតែ៧០តោនប៉ុណ្ណោះ។

ដោយឡែកបើតាមទិន្នន័យពីក្រសួងកសិកម្មបង្ហាញថា នៅរយៈពេល ៤ខែដំបូងនៅឆ្នាំ២០២២ កម្ពុជាសម្រេចបានការនាំចេញម្រេចទូទៅ សរុបជារួម មានជិត៤ពាន់តោន ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជិត ៨០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនហើយក្នុងនោះ វៀតណាម គឺជាប្រទេស បញ្ជាទិញម្រេចពីកម្ពុជាច្រើនជាងគេបំផុត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា-ចិន និងកម្ពុជា-អាមេរិក មួយណាស្ទុះកើនខ្លាំងជាងមួយណា នៅរយៈពេល៥ខែឆ្នាំនេះ?

ព័ត៌មាន
ដ្បិតថា បច្ចុប្បន្ន ទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិន ហាក់មិនសូវចុះសម្រុងគ្នាក៏ដោយចុះ ប៉ុន្ដែ សម្រាប់កម្ពុជាប្រទេសទាំងពីរនេះ នៅតែជ…

អាមេរិកបន្តដាក់សម្ពាធលើកូរ៉េខាងជើង ស្របពេលដែលទីក្រុងសេអ៊ូលជំរុញឲ្យទីក្រុងប៉េកាំងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើកូរ៉េខាងជើង

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាតូនី ប្លីនខេន (Antony Blinken) បានបញ្ជាក់នៅថ្ងៃទី ១៣មិថុនា សហរដ្ឋអាមេរិកនឹងរក្សាការដាក់សម្ពាធលើប្រទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ