ទីក្រុង​តន្ត្រី​នៃ​សហរដ្ឋ​អាមេរិក

Nashville ជា​"ទីក្រុង​តន្ត្រី​"ដ៏​ល្បី​ល្បាញ​របស់​សហរដ្ឋ​អាមេរិក


Nashville ជា​ទីក្រុង​នៃ​រដ្ឋ Tennessee ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋ​អាមេរិក។ ទីក្រុង​ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ ១លាន ៩សែន​នាក់​នេះ ល្បីល្បាញ​ខ្លាំង​បំផុត​ដោយសារកេរ្តិ៍​ឈ្មោះ​តន្ត្រី country music ដែល​មាន​ដើម​កំណើត​ចេញ​ពី​ទីក្រុង​តូច​មួយ​នេះ។
ទិដ្ឋភាព​ទីក្រុង Nashville នៃ​រដ្ឋ Tennessee របស់​សហរដ្ឋ​អាមេរិក។ រូបភាពពី គេហ​ទំព័រ ClaimFame
ដោយ

ទាក់ទង​នឹង​ country music ប្រសិន​បើ​លោក​អ្នក​មាន​ឱកាស​ទៅ​ទស្សនា​ទីក្រុង​​ Nashville មាន​ទីកន្លែង​ចំនួន​៣ ដែល​លោក​អ្នក​មិន​គួរ​រំលង ដូចជា តំបន់​ Lower Broadway ហាង Bluebird Cafe និងសាល​មហោស្រព Ryman Auditorium។

តំបន់ Lower Broadway នៅកណ្ដាល​ទីក្រុង​តែម្ដង ដែល​នៅ​ពេល​រាត្រី​ តំបន់​នេះ​ជា​ទីប្រជុំ​ទៅ​ដោយ​បារ និង​ភោជនីយដ្ឋាន​ អម​ដោយ​ការ​ប្រគំ​តន្ត្រី​​ផ្ទាល់​​ រាល់​រាត្រី គ្រប់​ហាង គ្រប់​បារ។

អ្នក​ចម្រៀង តន្ត្រីករ​ នៅតំបន់​នេះ ជួបជុំ​គ្នា​ជា​ក្រុម​ប្រគំ​តន្ត្រី country music ដើម្បី​ផ្សព្វផ្សាយ​ស្នាដៃ​ចម្រៀង​របស់​ពួកគេផង បង្អួត​ country music ដល់​ភ្ញៀវ​ទេសចរផង ហើយ​ការ​សម្ដែង​របស់​ពួកគេ​ គឺ​មិន​តម្រូវ​ឲ្យ​​អ្នក​ចូលទស្សនា​ទិញ​សំបុត្រ​អ្វី​នោះ​ទេ ដោយ​ភ្ញៀវ​គ្រាន់​តែ​ពិសារ​ស្រាបៀរ និង​ផ្ដល់​ជា tip ទៅតាម​សទ្ធា ដល់​ក្រុម​ភ្លេង។

នៅ​តំបន់ Lower Broadway នេះ គឺ​អ៊ូរអរ​ខ្លាំង​ណាស់ ហើយ​បើ​លោក​អ្នក​បាន​ទៅ​កម្សាន្ត​នៅទីនេះ សូម​កុំ​ចូល​តែ​ហាង​មួយ ឬ​បារ​តែ​មួយ គឺ​គួរតែ​ចូល​ឲ្យ​បានច្រើន​កន្លែង​តាម​ដែល​អាច​ធ្វើ​ទៅបាន ដើម្បី​រីករាយ​ជាមួយ​តន្ត្រី country music ដែល​ជា​មោទនភាព​របស់​ប្រជាជន​រស់នៅ​ក្នុងទីក្រុង Nashville នេះ។

កន្លែង​មួយ​ទៀត ដែល​អ្នកគួរទៅទស្សនា​ផង​ដែរ គឺ​ Bluebird Cafe។ នៅទីនេះ ជាកន្លែង​ជួបជុំ​គ្នា​នៃ​អ្នក​និពន្ធ​ទំនុក​ភ្លេង អ្នក​និពន្ធ​បទ​ចម្រៀង និង​អ្នក​ចម្រៀង​​ល្បីៗ។ ហាង​ Bluebird Cafe នេះ មែនទែនទៅ ប្រៀប​​ដូច​ជា​កន្លែង​ដែល​អ្នក​និពន្ធ​ភ្លេង ចម្រៀង និង​អ្នក​ចម្រៀង គេ​បង្អួត​ស្នាដៃ​គ្នា ឲ្យ​អតិថិជន​ស្ដាប់​ ច្រៀងតាម និង​ទះដៃ​សាទរ។

ប៉ុន្តែ សម្រាប់​អ្នក​ចង់​ចូល​កន្លែងនេះ គឺ​គួរតែ​កក់​កន្លែងទុក​ជាមុន បើ​មិន​ដូច្នេះ​ទេ ប្រាកដ​ជា​គ្មាន​កន្លែង​អង្គុយ​ហើយ។

Bluebird Cafe ជា​ទីប្រជុំ​ទៅដោយ​អ្នក​និពន្ធ​ភ្លេង​និង​ចម្រៀង​ល្បីៗ នៅ​ក្រុង Nashville សហរដ្ឋ​អាមេរិក។

កន្លែងមួយ​ទៀត គឺ​សាល​មហោស្រព Ryman Auditorium ដែល​ជាសំណង់​ប្រវត្តិសាស្ត្រ​តំណាង​ឲ្យ​កំណើត​នៃ​តន្ត្រី​និង​ចម្រៀង country music របស់​ទីក្រុង​ Nashville។ សាល​នេះ មាន​ប្រវត្តិ​កកើត​តាំង​ពី​ឆ្នាំ​​១៨៨៥ ដែល​កាល​នោះ​ កសាង​ដោយ​ធុរជន​មួយ​រូប​ឈ្មោះ Thomas G. Ryman។ 

សាល​មហោស្រព Ryman Auditorium នេះ ធ្លាប់​ទទួល​អ្នក​ចម្រៀង​ តារា​សម្ដែង សកម្មជន និង​អ្នក​នយោបាយ​ល្បីៗ​ជាច្រើន​នាក់ ក្នុងនោះ​មាន​ទាំង​លោក​ប្រធានាធិបតី Theodore Roosevelt និង​តារា​កំប្លែង Charlie Chaplin ផង​ដែរ។ 

សាលមហោស្រព​ Ryman Auditorium នៃ​ទីក្រុង Nashville។

នៅឆ្នាំ​១៩៤៣ សាល​មហោស្រព​នេះបាន​ក្លាយ​ជា​ស្ទូឌីយ៉ូ​ផ្សាយ​ផ្ទាល់​របស់​កម្មវិធី​វិទ្យុ​ដ៏​ល្បី​ល្បាញ​បំផុត​របស់​ពិភព​លោក គឺ​កម្មវិធី Grand Ole Opry ហើយ​កម្មវិធី​នេះ​ថត​និង​ផ្សាយ​ផ្ទាល់​ចេញ​ពី​ទីនេះ អស់រយៈពេល​៣១​ឆ្នាំ។ 

នៅដើម​ទសវត្សរ៍​ឆ្នាំ​៧០ ពេល​ដែល​កម្មវិធី​វិទ្យុ Opry ប្ដូរ​ទីកន្លែង សាលមហោស្រព Ryman បាន​ក្លាយជា​ទីស្ងាត់​ជ្រងំ និង​ត្រូវ​បាន​គេ​បំភ្លេច​ចោល មិន​តែ​ប៉ុណ្ណោះ គ្រា​នោះគេ​ប៉ុនប៉ង​នឹង​បំផ្លាញ​វា​ចោល​ទៅទៀត។ 

ទិដ្ឋភាព​ខាង​ក្នុង​នៃ​សាល​មហោស្រព Ryman Auditorium ជាប្រវត្តិសាស្ត្រ​របស់​ទីក្រុង Nashville។

ប៉ុន្តែ ប្រជាជន​រស់នៅ​ក្នុង​ទីក្រុង​ Nashville បាន​ជួសជុល​និង​កែ​លម្អ​សាលមហោស្រព​នេះ​ឡើង​វិញ នៅ​ទសវត្សរ៍ឆ្នាំ​៩០ ដែល​ធ្វើ​ឲ្យ​សាល​ប្រវត្តិសាស្ត្រ​មួយ​នេះ​បន្ត​​បង្កើត​ភាព​ល្បីល្បាញ​រហូត​ដល់​សព្វថ្ងៃ។

ទីក្រុង Nashville នៅមាន​ទីកន្លែង​ជាច្រើន​ទៀត ដែល​លោក​អ្នក​គួរ​ទស្សនា ប៉ុន្តែ ក្នុង​អត្ថបទ​នេះ យើង​សូម​លើក​យក​ត្រឹមតែ​ទីកន្លែង​នានា ដែលទាក់ទង​នឹង​តន្ត្រី​និង​ចម្រៀង country music តែ​ប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដាក រៀបចំក្រុមកសិករដាំ ខ្ញី ខ្ជាយ ល្មៀត រំដេង ស្លឹកគ្រៃ…ដែលទីផ្សារក្នុងស្រុកកំពុងត្រូវប៉ាន់ខ្លាំង

ព័ត៌មាន
បើទោះបីកម្ពុជាមានប្រជាជនប្រមាណជាង៨០ភាគរយជាកសិករក៏ដោយ ប៉ុន្តែ កម្ពុជានៅតែនាំចូលបន្លែពីក្រៅប្រទេសចំនួន២០០តោនក្នុងមួយថ្ងៃ ដោយ​ចំណាយទឹកប្រា…

សហគ្រិន​រូប​នេះ​បង្កើត «BanhJi» ជួយ SME ឲ្យទទួលបានកម្ចី ដោយមិនបាច់មានទ្រព្យបញ្ចាំ

ព័ត៌មាន
សហគ្រាសខ្នាត និង មធ្យម (SME) តែងតែប្រឈមនឹងបញ្ហាខ្វះដើមទុន ដើម្បីពង្រីកអាជីវកម្ម ដែលធ្វើឲ្យអាជីវកម្មរបស់ពួកគេ បោះជំហាន​យឺតយ៉ាវ។ ការរង់ចាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ