ធនាគារជាតិដាក់ឱ្យប្រើប្រាស់ជាផ្លូវការសន្ទស្សន៍ថ្លៃលំនៅដ្ឋាន

ធនាគារជាតិដាក់ឱ្យប្រើប្រាស់ជាផ្លូវការសន្ទស្សន៍ថ្លៃលំនៅដ្ឋាន ដើម្បីឆ្លើយតបការលូតលាស់ឆាប់រហ័សនៃវិស័យអចលនទ្រព្យ


ធនាគារជាតិ នៃកម្ពុជា បានសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសន្ទស្សន៍ថ្លៃលំនៅដ្ឋាន ដោយជាការឆ្លើយតបទៅនឹងការលូតលាស់ដ៏ឆាប់រហ័សនៃវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ព្រោះវាអាចបង្កជាហានិភ័យពាក់ព័ន្ធនានាដល់វិស័យផ្សេងទៀត ពិសេសវិស័យហិរញ្ញវត្ថុ ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ចរន្ដសេដ្ឋកិច្ចជាតិ។ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននេះ គឺត្រូវបានបង្កើតឡើងដោយឈរលើទស្សនវិស័យចម្បងៗចំនួន៣ រួមមាន តម្រូវការប្រើប្រាស់ទិន្នន័យ, គុណភាព និងវិសាលភាពទិន្នន័យ និងប្រភពផ្គត់ផ្គង់ទិន្នន័យ។
សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការសន្ទស្សន៍ថ្លៃលំនៅដ្ឋាន នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២

ទស្សនវិស័យចម្បងៗ​ទាំង​អស់នេះ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​សាធារណជន និង​ជា​ពិសេស​សម្រាប់​អ្នក​រៀបចំ​គោលនយោបាយ​សេដ្ឋកិច្ច និង​រូបិយ​វត្ថុ ក្នុង​គោលបំណង​តាមដាន​អ​តុល្យភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ការ​វាយតម្លៃ​ហានិភ័យ​ដែល​កើតឡើង​លើ​វិស័យ​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​មួយ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​

ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានសហការគ្នារៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការសន្ទស្សន៍ថ្លៃលំនៅដ្ឋាន នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២។

គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវលទ្ធផលរបស់សន្ទស្សន៍ថ្លៃលំនៅដ្ឋានឱ្យបានទូលំទូលាយទៅកាន់សាធារណជន ដែលមានតម្រូវការក្នុងការប្រើប្រាស់ទិន្នន័យនេះ ជាពិសេសសម្រាប់អ្នករៀបចំគោលនយោបាយសេដ្ឋកិច្ច និងរូបិយវត្ថុ ក្នុងគោលបំណងតាមដានអតុល្យភាពម៉ាក្រូសេដ្ឋកិច្ច និងវាយតម្លៃហានិភ័យដែលអាចកើតមានលើវិស័យពាក់ព័ន្ធ ពិសេសវិស័យហិរញ្ញវត្ថុតែម្ដង។

សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការសន្ទស្សន៍ថ្លៃលំនៅដ្ឋាន ត្រូវបានរៀបចំដោយឈរលើទស្សនវិស័យចម្បងៗ ៣ដូចជា ទី១. តម្រូវការប្រើប្រាស់ទិន្នន័យ ៖ ការរីកលូតលាស់យ៉ាងឆាប់រហ័សនូវវិស័យអចលនទ្រព្យ និងសំណង់ ស្របពេលវិស័យនេះ បានក្លាយជាសសរស្ដម្ភដ៏សំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលទាមទារឱ្យព័ត៌មាននិងទិន្នន័យសន្ទស្សន៍ថ្លៃលំនៅដ្ឋានត្រូវតែមានភាពរឹងមាំ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា សម្រាប់ជាធាតុចូលសំខាន់ក្នុងការវិភាគ វាយតម្លៃ ចេញវិធានការណ៍ និងរៀបចំផែនការនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ទី២. គុណភាព និងវិសាលភាពទិន្នន័យ ៖ ការអភិវឌ្ឍ ការពង្រឹងគុណភាព និងការពង្រីកវិសាលភាពសន្ទស្សន៍ថ្លៃលំនៅដ្ឋាន ត្រូវតែធ្វើឡើងជាប្រចាំ ដើម្បីឆ្លើយតបទៅតាមការវិវឌ្ឍលឿននូវវិស័យនេះ ដែលអាចបង្កជាហានិភ័យពាក់ព័ន្ធនានាដល់វិស័យផ្សេងទៀត ពិសេសវិស័យហិរញ្ញវត្ថុ ដែលជាប្រភពហិរញ្ញប្បទានដល់វិស័យសេដ្ឋកិច្ចក្នុងស្រុក និងកំណើនសេដ្ឋកិច្ចជារួម។ និងទី៣. ប្រភពផ្គត់ផ្គង់ទិន្នន័យ ៖ ប្រភពផ្គត់ផ្គង់ទិន្នន័យ គឺជាបុរេលក្ខខណ្ឌចាំបាច់ដែលធានាបាននូវស្ថិរភាពក្នុងការផលិតនិងផ្សព្វផ្សាយស្ថិតិនេះ។

បើតាមការគូសបញ្ជាក់របស់ធនាគារជាតិការប្រាស្រ័យទាក់ទងគ្នា និងការយល់ពីគ្នាទៅវិញទៅមក រវាងប្រភពផ្គត់ផ្គង់ទិន្នន័យ អ្នកចងក្រងទិន្នន័យ និងអ្នកប្រើប្រាស់ទិន្នន័យ គឺជាគន្លឹះជោគជ័យនៃការអភិវឌ្ឍសន្ទស្សន៍ថ្លៃលំនៅដ្ឋាន ប្រកបដោយចីរភាព៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងបើកដំណើរការសាកល្បងអាកាសយានដ្ឋានតារាសាគរខេត្តកោះកុង បន្ដពន្យារដល់ចុងឆ្នាំ២០២២

ព័ត៌មាន
គម្រោងបើកដំណើរការសាកល្បងអាកាសយានដ្ឋានតារាសាគរខេត្តកោះកុង នៅក្នុងខែកក្កដាខាងមុខនេះ ត្រូវបានពន្យារពេលទៀតហើយ គឺពន្យារពេលរហូតដល់ចុងឆ្នាំ២០…

នៅក្នុងដៃនាង៖ ទស្សនាវដ្តីសម្រាប់សហគ្រិនស្ត្រី

ព័ត៌មាន
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និង អង្គការផេកកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់នូវទស្សនាវដ្តី នៅក្នុងដៃនាង ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ