ឧកញ៉ា ម៉ុង ឫទ្ធី លើកទឹកចិត្តដល់កសិករ «កុំអស់សង្ឃឹមក្នុងការធ្វើកសិកម្ម!»

អ្នកជំនាញចាស់វស្សាផ្នែកកសិកម្ម ឧកញ៉ា ម៉ុង ឫទ្ធី លើកទឹកចិត្តដល់កសិករ «កុំអស់សង្ឃឹមក្នុងការធ្វើកសិកម្ម!»


វិស័យកសិកម្មត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យសំខាន់ៗ ដទៃទៀត សម្រាប់ជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជា ខណៈវិស័យនេះនៅតែមានសក្ដានុពលខ្ពស់ បើទោះបីជា បាននិងកំពុងជួបបញ្ហាប្រឈមជាច្រើនក្ដី។ យ៉ាងណាក៏ដោយចុះ អ្នកជំនាញចាស់វស្សាផ្នែកកសិកម្ម ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានលើកទឹកចិត្តដល់ប្រជាកសិករកុំឱ្យអស់សង្ឃឹមក្នុងការធ្វើកសិកម្ម ដោយសារតែនៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់ប្រជាកសិករ និងមានគោលនយោបាយច្រើនសម្រាប់ជួយដល់កសិករក្នុងការធ្វើកសិកម្មផងដែរ។
ឧកញ៉ា ម៉ុង ឫទ្ធី លើកទឹកចិត្តដល់កសិករ «កុំអស់សង្ឃឹមក្នុងការធ្វើកសិកម្ម!»
ដោយ

ឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី អ្នកជំនាញផ្នែកកសិកម្ម និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន ជំរុញលើកទឹកចិត្តដល់ប្រជាកសិករកុំអស់សង្ឃឹមឱ្យសោះក្នុងការធ្វើកសិកម្មរបស់ខ្លួន ដោយអ្នកជំនាញ រូបនេះ បានលើកឡើងថា នៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានជំរុញលើកទឹកចិត្តដល់ប្រជាកសិករជាច្រើននៅក្នុងវិស័យកសិកម្ម និងមានគោលនយោបាយច្បាស់លាស់ផងដែរ ក្នុងការជួយប្រជាកសិករក្នុងការធ្វើដំណាំកសិកម្ម។ ទោះយ៉ាងណាក៏ដោយចុះ ឧកញ៉ា ម៉ុង ឫទ្ធី អះអាងថា លោកមិនគាំទ្រឱ្យប្រជាកសិករទៅខ្ចីបុលគេ ដើម្បីយកមកធ្វើកសិកម្មនោះទេ បើទោះបីការខ្ចីបុលនោះ មានការប្រាក់ខ្ពស់ឬទាបយ៉ាងណាក៏ដោយ ពីព្រោះថា វាអាចនឹងមានការពិបាកក្នុងការស្វែករកផលចំណេញមកវិញ។ ឧកញ៉ា ម៉ុង ឫទ្ធី លើកទឹកចិត្តឱ្យកសិករខិតខំស្វែងរកមធ្យោបាយណាមួយ ធ្វើទៅតាមលទ្ធភាពរបស់ខ្លួនដែលអាចធ្វើបាន។

បន្ថែមពីនេះ អ្នកជំនាញចាស់វស្សាផ្នែកកសិកម្មរូបនេះ ក៏បានបង្ហាញនូវគំនិតសុទិដ្ឋិនិយម ចង់ឱ្យប្រជាកសិករដាំដំណាំផ្លែឈើហូបផ្លែណាមួយដែលខ្លួនពេញចិត្តឱ្យបានច្រើន ដើម្បីយកទៅផ្គត់ផ្គង់នៅក្នុងទីផ្សារ ដោយហេតុថា បច្ចុប្បន្នគឺមានទីផ្សារច្រើនសម្រាប់ផ្គត់ផ្គង់លក់ដូរផងដែរ។ ជាក់ស្តែង បើតាម ឧកញ៉ា ម៉ុង ឫទ្ធី ផលិតផលផ្លែឈើនៅក្នុងតំបន់កសិក-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ អាចទទួលបានចំណូលប្រមាណ ២០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗផងដែរ ដូច្នេះ ប្រសិនជាកសិករងាកមកដាំដំណាំផ្លែឈើហូបផ្លែទាំងនេះ គឺនឹងអាចជួយទ្រទ្រង់ជីវភាពរបស់ពួកគាត់បានផងដែរ។

សូមជម្រាបថា បើតាមក្រសួងសេដ្ឋកិច្ច វិស័យកសិកម្មត្រូវបានរំពឹងថានៅបន្តនិន្នាការកើនឡើងក្នុងអត្រា ១,១% ក្នុងឆ្នាំ២០២៣ ធៀបនឹង ០,៧% ក្នុងឆ្នាំ ២០២២ ដោយសារការរំពឹងទុកលើការបន្តរក្សាកំណើនល្អប្រសើរនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ ស្របពេលដែលអនុវិស័យនេសាទ ត្រូវបានរំពឹងថានឹងងើបឡើងវិញ។ តួយ៉ាង អនុវិស័យដំណាំត្រូវបានរំពឹងថា នឹងបន្តកើនឡើង ដោយសារការរំពឹងទុកកំណើនល្អប្រសើរនៃការនាំចេញផលិតផលកសិកម្ម ជាពិសេសដំណាំរួមផ្សំ និងឧស្សាហកម្មដែលនឹងបន្តជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គួបផ្សំជាមួយនឹងការបង្កើនការវិនិយោគរបស់រាជរដ្ឋាភិបាល ជាពិសេសការផ្តល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក៕




អត្ថបទបន្ទាប់


ប្រធានាធិបតីអាមេរិកថា ការបាញ់ទម្លាក់បាឡុងចារកម្មចិន មិនបានធ្វើឱ្យទំនាក់ទំនងវ៉ាស៊ិនតោន និងប៉េកាំងចុះអន់ថយឡើយ

ព័ត៌មាន
ក្រោយមានទស្សនៈលើកឡើងចម្រុះអំពីទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកក្រោយការបាញ់ទម្លាក់បាឡុងចិន ប្រធានាធិបតីលោកចូ បៃដិន បានចេញមុខមកអះអាង…

ប្រមុខ UN ព្រមានថា និន្នាការពិភពលោកកំពុងឆ្ពោះទៅរក «សង្គ្រាមធំមួយ» ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ព័ត៌មាន
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃទី៦ខែកុម្ភៈ បានចេញមកព្រមានប្រាប់ប្រទេសនានាក្នុងពិភពលោកថា ការអូសបន្លាយ និងការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ