ប្រមុខការទូតរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ បានអះអាងថា ទីក្រុងមូស្គូមិនសប្បាយចិត្តទាល់តែសោះ ដែលលិខិតចំហរបស់អ៊ុយក្រែនត្រូវបានគេយកទៅចែកចាយពាសពេញពិភពលោក។ លោកបានរិះគន់ថា មនុស្សដែលមានសុជីវធម៌ គេមិនធ្វើទង្វើបែបហ្នឹងឡើយ។ លោកបានសង្កត់ធ្ងន់ទៀតថា សម្រាប់វិមានក្រឹមឡាំងសកម្មភាពដេញជើងបែបនេះបានបង្ហាញយ៉ាងច្បាស់ថា អ៊ុយក្រែនគ្មានឆន្ទៈពិតប្រាកដក្នុងការចរចានោះទេ បើទោះបីជាទីក្រុងគៀវ ព្យាយាមបង្កើតរូបភាពថា ខ្លួនចង់បានសន្តិភាពក៏ដោយ។
ការលើកឡើងរបស់ប្រមុខការទូតរុស្ស៊ីរូបនេះធ្វើឡើងដើម្បីបន្ទរតាមសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលថា លទ្ធផលនៃប្រតិបត្តិការសឹករបស់រុស្ស៊ីមិនមែនកំណត់ដោយតុចរចានោះទេ គឺអាស្រ័យទាំងស្រុងលើសកម្មភាព និងភាពខ្លាំងក្លារបស់យុទ្ធជន ដែលកំពុងប្រយុទ្ធគ្នានៅសមរភូមិជួរមុខ។
សូមរំលឹកថា កាលពីសប្តាហ៍មុនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែនបានចេញលិខិតចំហមួយផ្ញើត្រង់ទៅកាន់លោក ពូទីន ដើម្បីស្នើសុំចរចាទល់មុខគ្នារវាងមេដឹកនាំទាំងពីរ។ ប៉ុន្តែលោក ពូទីន បានទាត់ចោលសំណើនេះភ្លាមៗ ក្នុងអំឡុងពេលចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុងសេនត៍ ភីធើស្ប៊ើក (St. Petersburg) កាលពីថ្ងៃសុក្រ សប្តាហ៍មុន ដោយលោកបានលើកឡើងត្រង់ៗថា លោកមើលមិនឃើញពីផលប្រយោជន៍ណាមួយក្នុងការជួបពិភាក្សាជាមួយលោក ហ្សេឡិនស្គី ឡើយ។
ទោះជាយ៉ាងណា គំនិតផ្ដួចផ្ដើមរបស់លោក ហ្សេឡិនស្គី ត្រូវបានគាំទ្រយ៉ាងពេញទំហឹងពីមេដឹកនាំបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ ប្រទេសទាំង៣ រួមទាំងទីក្រុងគៀវ ថែមទាំងបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃទី៧ ខែមិថុនា ដោយដាក់ចេញនូវលក្ខខណ្ឌចំនួន៥ចំណុច ដែលពួកគេយល់ថា ជាគ្រឹះចាំបាច់សម្រាប់សន្តិភាពដ៏ត្រឹមត្រូវ និងមានស្ថិរភាពយូរអង្វែង។
ជាការឆ្លើយតបភ្លាមៗចំពោះសម្ពាធពីប្លុកអឺរ៉ុប អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ភេសកូវ (Dmitry Peskov) បានប្រកាសទាត់ចោលគំនិតផ្តួចផ្តើមរបស់អឺរ៉ុបទាំងអស់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៨ ខែមិថុនា។ ទន្ទឹមនឹងនេះលោក ភេសកូវ បានចោទប្រកាន់ត្រឡប់ទៅវិញថា មេដឹកនាំអឺរ៉ុបខ្លួនឯងទេ ដែលកំពុងបំផ្លាញឱកាសស្វែងរកសន្តិភាព តាមរយៈការបន្តចាក់សាំងលើភ្លើងបញ្ជូនជំនួយយោធាទៅឱ្យអ៊ុយក្រែន និងរួមគ្នាផលិតអាវុធជំនាន់ថ្មី ក្នុងគោលបំណងប្រឈមមុខដាក់គ្នាលក្ខណៈយុទ្ធសាស្ត្រជាមួយរុស្ស៊ី៕