រុស្សីធ្វើសមយុទ្ធយោធាកំពុងបង្កើនការគំរាមកំហែង

រុស្សីចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំជាមួយបេឡារុសនៅក្បែរព្រំដែនអ៊ុយក្រែន


ដូចទៅនឹងការគ្រោងទុក ប្រទេសរុស្សីបានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ខ្លួន ជាមួយនឹងបេឡារុសហើយនៅថ្ងៃព្រហស្បតិ៍ទី១០កុម្ភៈសប្តាហ៍នេះ។ សមយុទ្ធនេះចំណាយពេល១០ថ្ងៃ មានវត្តមានទាហានរុស្ស៊ីប្រហែល៣ម៉ឺននាក់ចូលរួម បូករួមនឹងទាហានរបស់បេឡារុសផងដែរ។ បើតាមអង្គការណាតូ សមយុទ្ធនេះគឺជាការដាក់ពង្រាយទ័ពរបស់រុស្ស៊ីដ៏ធំបំផុតនៅក្រៅប្រទេស ចាប់តាំងពីសង្គ្រាមត្រជាក់បានបិទបញ្ចប់មក។
រុស្សីធ្វើសមយុទ្ធយោធាកំពុងបង្កើនការគំរាមកំហែង
ដោយ

ការធ្វើសមយុទ្ធនេះផងដែរ ធ្វើឡើងស្របពេលដែល មានលទ្ធផលវិជ្ជមានខ្លះៗ ក្រោយការព្យាយាមចរចាការទូត ជាមួយរុស្ស៊ី ប៉ុន្តែស្ថានការណ៍ជាក់ស្តែងនៅតែមិនទាន់ធូរស្រាលនៅឡើយទេ ក្នុងសំណុំរឿងអ៊ុយក្រែន ខណៈនៅអង្គសហប្រជាជាតិឯណោះវិញ ចិននិងអាមេរិក នៅតែបន្តនិយាយមិនត្រូវគ្នាសោះ ជុំវិញបញ្ហាមួយនេះ។

ចាប់ពីថ្ងៃទី១០ ខែកុម្ភៈមក ទាហានបេឡារុស និងទាហានរុស្ស៊ីបានបើកការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល១០ថ្ងៃ នៅភាគខាងត្បូងបេឡារុស ជាប់ព្រំដែនអ៊ុយក្រែន។ ចំណែកឯនៅភាគខាងត្បូងក្នុងតំបន់សមុទ្រខ្មៅឯណោះវិញ កងទ័ពជើងទឹករុស្ស៊ីក៏កំពុងធ្វើសមយុទ្ធដែរ ជាហេតុធ្វើឲ្យអ៊ុយក្រែនអះអាងថា សមយុទ្ធរបស់ទាហានជើងទឹករុស្ស៊ី កំពុងតែរំខានសឹងតែទាំងស្រុង ដល់ការធ្វើចរាចរណ៍របស់នាវាផ្សេងទៀត។

អគ្គលេខាធិការអង្គការណាតូ លោកចេន ស្តូលថិនប៊ឺគ (Jens Stoltenberg) បានចេញមុខមកព្រមានថា ប្រទេសសម្ព័ន្ធមិត្តណាតូ ត្រូវតែត្រៀមខ្លួនធ្វើសង្រ្គាមក្នុងករណីដែលស្ថានការណ៍អាចឈានទៅផ្ទុះសង្គ្រាម ដោយមិនអាចចៀសរួច។ ដោយឡែក លោកស្រីនាយករដ្ឋមន្ត្រីដាណឺម៉ាក បានប្រកាសថា លោកស្រីនឹងអនុញ្ញាត ឲ្យមានវត្តមានកងទ័ពអាមេរិកនៅលើទឹកដីដាណឺម៉ាក ដើម្បីត្រៀមខ្លួន ក្នុងករណីផ្ទុះសង្គ្រាមណាមួយជាមួយរុស្ស៊ីផងដែរ។

ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបានជំរុញប្រជាជនខ្លួនដែលរស់នៅក្នុងប្រទេសអ៊ុយក្រែនឱ្យចាកចេញជាបន្ទាន់ និងកុំធ្វើដំណើរទៅអ៊ុយក្រែនប្រសិនបើមិនចាំបាច់ ដោយសារតែការកើនឡើងនៃការគំរាមកំហែងសកម្មភាពយោធារបស់រុស្ស៊ី។

យ៉ាងណាមិញ កាលពីដើមសប្តាហ៍នេះ លោកពូទីន ធ្លាប់បានសន្យាជាមួយប្រធានាធិបតីបារាំង លោកម៉ាក្រុង ថានឹងមិនធ្វើអ្វី ឲ្យស្ថានការណ៍ទៅជាធ្ងន់ធ្ងរទេ។ យ៉ាងណាក៏ដោយ ការធ្វើសមយុទ្ធយោធានៅពេលនេះ វាបានមកបន្ថែមការព្រួយបារម្ភកាន់តែខ្លាំង ទាក់ទិននឹងលទ្ធភាព នៃការឈ្លានពានអ៊ុយក្រែន ពីសំណាក់ទីក្រុងម៉ូស្កូ។

ជាមួយនឹងស្ថានការណ៍ដ៏តានតឹងនៅអ៊ុយក្រែននេះ ចិននិងអាមេរិកនៅអង្គការសហប្រជាជាតិឯណោះវិញ នៅតែបន្តទាស់សម្ដីគ្នា ជុំវិញវិបត្តិរុស្ស៊ី-អ៊ុយក្រែន។ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានបោះសម្តីថា អាមេរិកសង្ឃឹមថាចិននឹងបញ្ចុះបញ្ចូល ឬជំរុញឱ្យរុស្ស៊ីធ្វើរឿងដែលត្រឹមត្រូវ ស្ដីពីវិបត្តិនៅអ៊ុយក្រែន ដែលប្រការនេះហើយបានធ្វើឱ្យសមភាគីចិន ឆ្លើយតបវិញភ្លាមៗថា ការលើកឡើងរបស់អាមេរិក គឺជាការបន្ថែមភាពតានតឹងនៅក្នុងបញ្ហា ព្រោះចិន គ្មានសិទ្ធិអ្វីទៅលូកដៃក្នុងកិច្ចការរបស់រុស្សីឡើយ។ ចិនបានស្នើឲ្យ ភាគីពាក់ព័ន្ធទាំងអស់ រកដំណោះស្រាយត្រឹមត្រូវមួយតាមផ្លូវការទូត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការកក់ជើងហោះហើរអន្តរជាតិមកកាន់អាស៊ីអាគ្នេយ៍កើនឡើង ខណៈមានការបើកព្រំដែនឡើងវិញ

ព័ត៌មាន
ការងើបឡើងវិញនៃវិស័យទេសចរណ៍នៅតំបន់អាស៊ីអាគ្នេយ៍ហាក់បង្ហាញពីភាពវិជ្ជមានបន្ថែមទៀត ខណៈដែលការកក់ជើងហោះហើរអន្តរជាតិមកកាន់បណ្តាប្រទេសអាស៊ី…

អេសស៊ីជីសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មលើការសិក្សាទិន្នន័យមូលដ្ឋានជីវចម្រុះ

ព័ត៌មាន
ក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា តាមរយៈបុត្រសម្ព័ន្ធរបស់ខ្លួន គឺក្រុមហ៊ុន កំពត ស៊ីមេន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះហត្ថលេខាលើអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ