ទេសចរណ៍-​សួនសត្វ

សួន​សត្វ​ធំ​ជាង​គេ​ទី១​នៅ​ក្បែរ​ភ្នំពេញ​ចេញ​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ជា​ផ្លូវការ​ហើយ!


សួន​សត្វ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា និង​ជា​ព្រៃ​កម្សាន្ត​ភ្នំពេញ​ទី​មួយ ដែល​មាន​ឈ្មោះ​ថា ភ្នំពេញ​សាហ្វារី នឹង​ចាប់​បើក​ដំណើរការ​ឲ្យ​ប្រជាជន​ចូល​ទស្សនា​កម្សាន្ត នៅ​ចុង​ឆ្នាំ​២០១៧ និង​ដើម​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ហើយ។ សម្រាប់​តម្លៃ​សំបុត្រ​ចូល​ទស្សនា​សួន​សត្វ​ដ៏​ធំ​នេះ ត្រូវ​បាន​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​សួន​សត្វ​នេះ ប្រាប់​ឲ្យ​ដឹង​ថា សម្រាប់​ក្មេង សំបុត្រ​៦​ដុល្លារ ទៅ ៨​ដុល្លារ និង​មនុស្ស​ធំ​តម្លៃ ១០ ទៅ ១២​ដុល្លារ​អាមេរិក អាច​ទស្សនា​កម្សាន្ត​ពេញ​មួយ​ថ្ងៃ​តែ​ម្តង។
សួន​សត្វ​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា បើក​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​នៅ​ចុង​ឆ្នាំ​២០១៧​នេះ។
ដោយ

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក Jare. Khan man អ្នក​គ្រប់គ្រង​ទូទៅ សួនសត្វ ភ្នំពេញ សាហ្វារី បាន​ឲ្យ​ដឹង​ថា សួន​សត្វ​ថ្មី​នេះ បាន​វិនិយោគ​សាងសង់​ក្នុង​ទឹក​ប្រាក់​អស់​ប្រមាណ​ជាង ១០​លាន​ដុល្លារ​អាមេរិក។ 

សួន​សត្វ​ដ៏​ធំ​ជាង​គេ​មួយ​នេះ សាងសង់​នៅ​លើ​ផ្ទៃ​ដី​ជាង ៦០​ហិកតា ក្នុង​ជំហាន​ទី១ ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​រចនាបថ​ដ៏​សម្បូរ​បែប​លំនាំ​តាម​សម័យ​អង្គរ ទាំង​ក្នុង​និង​ក្រៅ អម​ជាមួយ​នឹង​ព្រៃឈើ​រាប់​សិប​ហិកតា ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​សម្រាក​លំហែ​កាយ។

សួន​សត្វ​ដ៏​ធំ​មួយ​នេះ អភិវឌ្ឍ​សាងសង់​ដោយ​ឯកឧត្តម​ អ្នក​ឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​អ្នក​ឧកញ៉ា លី យ៉ុង ផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ប្រមាណ ១៨​គីឡូម៉ែត្រ ពី​រាជ​ធានី​ភ្នំពេញ។

ទិដ្ឋភាព​ខ្លះ​​នៃ​សួន​សត្វ​ សាហ្វារី ភ្នំពេញ។

លោក Jare Khan man បាន​បញ្ជាក់ លក្ខណៈ​ពិសេស​របស់​សួន​សត្វ ភ្នំពេញ សាហ្វារី ចែកចេញ​ជា​បួន​តំបន់​សំខាន់ៗ មាន​ដូចជា ទី១ កន្លែង​សម្តែង​សត្វ​ខ្លា ទី២ កន្លែង​សម្តែង​សត្វ​ក្រពើ ទី៣ កន្លែង​សម្តែង​សត្វ​ស្វា អ៊ូរ៉ង់អ៊ូតង់ និង​ទី៤ កន្លែង​សម្តែង​សត្វ​សេក​មក​ពី​អាហ្វ្រិក និង​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត។

លោក​បន្ត​ថា ក្រៅពី​បួន​ទីតាំង​សំខាន់ៗ​ខាង​លើ​នេះ នៅ​មាន​កន្លែង​សត្វ​ជា​ច្រើន​ប្រភេទ​ទៀត​សម្រាប់​ទស្សនា ហើយ​ក៏​មាន​សួន​ទឹក​សម្រាប់​ជិះ​ទូក​កម្សាន្ត មាន​រថភ្លើង​ជិះ​មើល​សត្វ និង​កន្លែង​ក្មេង​លេង​ផង​ដែរ។

ទិដ្ឋភាព​ខ្លះ​​នៃ​សួន​សត្វ​ សាហ្វារី ភ្នំពេញ។

លោក Jare សង្ឃឹម​ថា នៅពេល​ដែល​សួន​សត្វ​ដ៏​ធំ​នេះ​ដំណើរការ​ជា​ផ្លូវការ​វា​មិន​ត្រឹម​តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ វា​ក៏​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ក្រៅ​ប្រទេស មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា​យើង​ផង​ដែរ ដោយសារ​តែ​វា​ជា​សួន​សត្វ​ធំ​ទី១​នៅ​ភ្នំពេញ។ 

បច្ចុប្បន្ន សួន​សត្វ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ជា​ច្រើន​ទាក់ទងមក ដើម្បី​នាំ​​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​សួន​សត្វ​នេះ​ផង​ដែរ។

ទិដ្ឋភាព​ខ្លះ​​នៃ​សួន​សត្វ​ សាហ្វារី ភ្នំពេញ។

លោក​បញ្ជាក់​ថា ក្រុមហ៊ុន​លោក​នឹង​ខិតខំ​ផ្សព្វផ្សាយ​និង​ជំរុញ​វិស័យ​ទេសចរណ៍​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចម្រើន។ ហើយ​តាមរយៈ​ការ​វិនិយោគ​សួន​សត្វ​នេះ ក្រុមហ៊ុន​នឹង​ធ្វើ​ឲ្យ​កន្លែង​នេះ ក្លាយ​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ពោល​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​សម្រាប់​រាជ​ធានី​ភ្នំពេញ ក៏ដូចជា​ប្រទេស​កម្ពុជា និង​អន្តរជាតិ ផង​ដែរ។

សូម​ជម្រាប​ផង​ដែរ​ថា ការ​វិនិយោគ​សួន​សត្វ​កម្សាន្ត​ដ៏​ធំ​នេះ ស្ថិត​នៅ​ក្នុង​គម្រោង​វិនិយោគ​ជា​ច្រើន​ដែល​កំពុង​ដំណើរការ​ក្នុង​​ទីក្រុង​រណប របស់​អ្នក​ឧកញ៉ា លី យ៉ុង​ផាត់។ ជាក់ស្តែង ក្រុមហ៊ុន​ទើប​តែ​ប្រកាស​វិនិយោគ​គម្រោង​ថ្មី​មួយ​ទៀត​ទៅ​លើ​សួន​ទឹក​កម្សាន្ត​ដ៏​ទំនើប​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា ហើយ​ក៏​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី ក្នុង​ទឹក​បា្រក់ ៣០​លាន​ដុល្លារ​អាមេរិក ដែល​នឹង​ចាប់​ផ្តើម​សាងសង់​ក្នុង​ខែ​នេះ​ហើយ នៅ​ទល់​មុខ​នឹង​សួន​សត្វ​ភ្នំពេញ​នេះ៕ 

ទិដ្ឋភាព​ខ្លះ​​នៃ​សួន​សត្វ​ សាហ្វារី ភ្នំពេញ។
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៩​ខែ​ឆ្នាំ​នេះ កម្ពុជា​នាំ​ចេញ​ទៅ​អាមេរិក​ជាង​២២០០​លាន​ដុល្លារ

ព័ត៌មាន
គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ ទំហំ​នៃ​ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អាមេរិក​មាន​ប្រមាណ​ជាង ២២៨៥…

ឧកញ៉ា សៀ ឫទ្ធី៖ វិស័យ​៣ ដែល​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ​មាន​សក្ដានុពល​ខ្លាំង​បំផុត​នៅ​អនាគត

ព័ត៌មាន
ខេត្ត​​ព្រះសីហនុ ធ្លាប់​តែ​ជា​ខេត្ត​ទិសដៅ​ទេសចរណ៍​និង​មាន​ការ​ប្រែប្រួល​កំណើន​ទេសចរ​ទៅ​តាម​រដូវកាល ប៉ុន្ដែ បច្ចុប្បន្ន​នេះ ខេត្ត​ជាប់​ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ