ការដកហូតដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប

ដីព្រៃលិចទឹកបឹងទន្លេសាបមួយចំនួនបានដកហូតបណ្ដើរៗហើយ ខណៈអាជ្ញាធរកំពុងស្រាវជ្រាវរកមុខ ជនខិលខូចបន្ត


មកទល់ពេលនេះក្រុមការងារចុះពិនិត្យនិងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប បានចាប់ផ្ដើមដកហូតជាបណ្ដើរៗ នូវដីព្រៃលិចទឹកបឹងទន្លេសាប ដែលត្រូវបានអ្នកមានអំណាច និងជនខិលខូច កាន់កាប់ទន្រ្ទានយកដោយខុសច្បាប់ ក្នុងខេត្តចំនួន៦ រួមមាន ខេត្ត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។
ទិដ្ឋភាពផ្ទៃដីលិចទឹក នៃបឹងទន្លេសាប មើលពីភ្នំក្រោម ខេត្តសៀមរាប(រូបភាពរដ្ឋបាលខេត្តសៀមរាប)

ប្រត្តិបត្តិការចុះត្រួតពិនិត្យ និងស្រាវជ្រាវ​ការទន្ទ្រានយកដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ត្រូវបានចាប់ផ្ដើមឡើងភ្លាមៗ បន្ទាប់ពីមានការបញ្ជាផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ដែលមានការដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។

យោងតាមរបាយការណ៍របស់ក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវ ការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប នៅតាមបណ្ដាខេត្តទាំង៦ ខាងលើ ដែលបានរាយការណ៍ពីសកម្មភាព នៅតាមតំបន់គោលដៅរបស់ខ្លួន សុទ្ធតែបានបញ្ជាក់ថា ពេលនេះក្រុមការងារ បានកំណត់នូវអត្តសញ្ញាណនូវបុគ្គលដែលបានកាន់កាប់ទន្ទ្រានដីព្រៃលិចទឹកទន្លេសាប និងកំពុងស្រាវជ្រាវរកជនខិលខូចបន្តផងដែរ។ បើតាមរបាយការណ៍ដែលបង្ហាញដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១ខេត្តកំពង់ធំ មានករណីកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ ចំនួន ៤០ករណី លើផ្ទៃដីជាង ៣ពាន់៥រយហិកតា។

ដោយឡែក ខេត្តបាត់ដំបង បានរកឃើញផ្ទៃដីជាង ១ម៉ឺនហិកតាឯណោះ ដែលស្ថិតក្នុងស្រុកចំនួន៤ ដូចជាស្រុកមោងឬស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល ដែលត្រូវបានក្រុមជនខិលខូចកាន់កាប់និងទន្រ្ទានខុសច្បាប់។ នេះបើតាមការរាយការណ៍ដោយរដ្ឋបាលខេត្តបាត់ដំបង។ ប្រភពដដែលនេះ បន្ថែមក្រុមការងារចម្រុះបានចុះទៅពិនិត្យកន្លែងគោលដៅជាក់ស្តែង ដើម្បីសិក្សាវាយតម្លៃ ដែលក្រុមល្មើសបានធ្វើការកាប់ទន្ទ្រានព្រៃលិចទឹក ស្ថិតនៅក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលជាទីតាំងស្ថិតនៅក្នុងតំបន់៣ ហើយតាមការពិនិត្យជាក់ស្តែងឃើញថា ផ្ទៃដីក្រោយពីការកាប់ទន្រ្ទានព្រៃលិចទឹកដ៏ធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក ក្នុងនោះមានទាំងគ្រឿងយន្ត ទាំងស្រូវពូជរៀបនឹងសាបព្រោះ នៅទីនោះគឺជាវត្ថុតាងដ៏សំខាន់ដែលក្រុមការងារចម្រុះបានឃើញផ្ទាល់តែម្តង ។

រីឯ ខេត្តសៀមរាបវិញ មានផ្ទៃដីប្រមាណ១រយហិកតា ដែលត្រូវបានកាន់កាប់និងទន្ទ្រានពីសំណាក់ជនខិលខូច ក្នុងចំណោមផ្ទៃដីបឹងសរុបជាង ១២៨ពាន់ហិកតា។ ក្នុងនោះ មានជនសង្ស័យចំនួន ៤៧នាក់ ត្រូវបានអាជ្ញាធរខេត្តសៀមរាបកសាងសុំណុំរឿងបញ្ជូនទៅតុលាការហើយ។ ដោយឡែកសម្រាប់នៅក្នុងភូមិសាស្រ្តស្រុកផ្សេងៗទៀត ក្រុមការងារកំពុងតែចុះពិនិត្យមើលជាក់ស្តែង។ នេះបើតាមការរាយការណ៍ពីទីភ្នាក់ងារព័ត៌មានកម្ពុជា។ ដោយឡែក ខេត្តកំពង់ឆ្នាំង វិញគ្រាន់តែអតីតអភិបាលខេត្តកំពង់ឆ្នាំងម្នាក់ បានកាន់កាប់ទន្រ្ទានដីព្រៃលិចទឹកទន្លេសាប ជាង២ពាន់ហិកតា។

យ៉ាងណាក៏ដោយចុះ នៅខេត្តកំពង់ឆ្នាំងនេះ តាមប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ស្នងការរងនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ស៊ុ សុជាតិ ក៏បានសុខចិត្តប្រគល់ដីព្រៃលិចទឹកចំនួន ៦៧៥ហិកតាមកឲ្យរដ្ឋវិញផងដែរ។

ជុំវិញរឿងការកាប់ទន្ទ្រាព្រៃលិចទឹកទន្លេសាបនេះ ក្រុមការងារខេមបូណូមីស បានទាក់ទងសួរនាំបន្ថែមទៅកាន់ លោក ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ០១ ខែធ្នូនេះ ប៉ុន្ដែ លោកថា នៅមិនទាន់អាចជម្រាបលម្អិតនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា ក្រុមការងារបានកំណត់អត្តសញ្ញាណជនខិលខូចបានបណ្ដើរៗហើយ តែមិនអាចបង្ហាញបាននោះទេព្រោះករណីនេះស្ថិតក្នុងការសិក្សាស្រាវជ្រាវនៅឡើយ។

បើតាមការអះអាងរបស់ ឯកឧត្តម សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកដឹកនាំស្រាវជ្រាវលើករណីនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាមថា នៅសល់ផ្ទៃដីលិចទឹកជាច្រើនហិកតាទៀត ដែលមិនទាន់រកមុខអ្នកទន្រ្ទានឃើញ ខណៈអ្នកជាប់ពាក់ព័ន្ធភាគច្រើនសុទ្ធតែអ្នកមានអំណាច។

សូមបញ្ជាក់ថា បន្ទាប់ពីមានការបញ្ជារបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតក្រុមការងារ ដោយមានការចូលរួមពី ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន , អង្គភាពប្រឆាំងអំពើពុករលួយ, ស្នងការដ្ឋាននគរបាលជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងអភិបាល និងថ្នាក់ដឹកនាំខេត្តជាប់បឹងទន្លេសាបទាំងអស់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រឿងរ៉ាវសំខាន់ៗ ដែលអ្នកគួរដឹងពីការរីករាលដាលនៃមេរោគបំប្លែងថ្មី អូមីក្រុង

ព័ត៌មាន
បន្ទាប់ពីមានការរកឃើញនូវមេរោគកូវីដ១៩បំប្លែងថ្មី អូមីក្រុងរួចមក ពិភពលោកហាក់មានព្រួយបារម្ភខ្លាំង និងបានចាត់វិធានការបន្ទាន់ភ្លាមៗ ដើម្បីទប…

ក្រុមអ្នកជំនាញ៖ វិស័យកសិកម្មលូតលាស់ខ្លាំង អំឡុងកូវីដ-១៩ ប៉ុន្ដែនៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ

ព័ត៌មាន
វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទប់លំនឹងសេដ្ឋកិច្ចកម្ពុជានៅអំឡុងពេលវិបត្តិកូវីដ១៩ តួយ៉ាង របាយការណ៍ក្រសួងកសិកម្មបង្ហាញថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ