ប្រទេសស្រីលង្កាត្រៀមខ្លួនចរចា

ប្រទេសស្រីលង្កាត្រៀមខ្លួនចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិនៅសប្ដាហ៍នេះ


រដ្ឋាភិបាលប្រទេសស្រីលង្កាដែលជំពាក់បំណុលគេ វណ្ឌកនឹងមានកិច្ចចរចានៅសប្តាហ៍នេះ នៅទីក្រុងវ៉ាស៊ីនតោនជាមួយនឹងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) សម្រាប់កម្មវិធីជំនួយ ដើម្បីទប់ទល់នឹងការតវ៉ានៅប្រទេសនេះ ក៏ដូចជាការប្រឆាំងនឹងការសម្រេចចិត្តបញ្ឈប់ការសងបំណុលបរទេសរបស់ខ្លួនផងដែរ។ នេះជាលើកទី១៧ហើយដែលប្រទេសស្រីលង្កាបានស្វែងរកខ្សែជីវិតហិរញ្ញវត្ថុពីមូលនិធិ IMF ដែលប្រទេសនេះមានជំពាក់បំណុលច្រើនបំផុតទី២ នៅទ្វីបអាស៊ី បន្ទាប់ពីប្រទេសប៉ាគីស្ថាន។
ប្រទេសស្រីលង្កាជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ខ្លាំង

ទោះជាយ៉ាងណា ស្រីលង្កាគឺជាប្រទេសទី១ ដែលត្រូវបានគេរំពឹងថា នឹងធ្វើឱ្យក្រុមម្ចាស់មូលបត្របំណុល មានការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ដូចជានឹងកាត់បន្ថយអត្រាការប្រាក់ខ្លះៗ សម្រាប់បំណុលដែលប្រទេសនេះបានជំពាក់ជាដើម។

លោក ណា​ន់​ដា​ឡា​ល់ វី​រ៉ា​ស៊ី​ង​ហេ (Nandalal Weerasinghe) ជា​មន្ត្រី​ធនាគារកណ្តាល​ជើង​ចាស់ និង​ជា​សេដ្ឋវិទូ​ម្នាក់​ដែល​បាន​ចូល​និវត្តន៍​ក្នុង​ខែ​នេះ ប៉ុន្ដែ​ត្រូវ​បាន​រដ្ឋាភិបាល​ស្រី​លង្កា​តែងតាំង​ឱ្យធ្វើ​ជា​ទេសាភិបាល​ធនាគារកណ្តាល​ប្រទេស​ស្រី​លង្កា​នោះ បាន​បង្ហាញ​ទស្សនៈ​ក្នុង​ការ​ធ្វើ​ឱ្យ​ម្ចាស់បំណុល​ជួយ​សម្រាលទុក្ខ​លំបាក​នេះ​។ លោក​ថា បន្ទាប់​ពី​ធនាគារកណ្ដាល​ស្រី​លង្កា​បាន​ដំឡើង​អត្រា​ការ​ប្រាក់​ពី​៧,៥% មក​ដល់​១៤,៥%​រួច​មក វា​នឹង​ផ្ញើ​សារ​ដ៏​ច្បាស់លាស់​មួយ ដល់​វិនិយោគិន​អន្តរជាតិ ដល់​ម្ចាស់បំណុល​របស់​ពួក​គេ និង​ដល់ទី​ផ្សា​រថា ពួក​គេ​ត្រូវ​តែ​ជួយ​ស្រី​លង្កា​ដើម្បី​រើខ្លួន​ចេញពី​វិបត្តិ​នេះ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

ប្រទេស​ស្រី​លង្កា បាន​និង​កំពុង​ប្រឈម​នឹង​វិបត្តិ​ជា​ប្រវត្តិសាស្ត្រ​ទាំង​ក្នុង​ឱនភាព​ពាណិជ្ជកម្ម និង​ថវិកា ហើយ​វិធី​ខ្ចី​បំណុល​ថ្មី ដើម្បី​សងបំណុល​ចាស់ គឺ​អាច​ធ្វើ​ទៅ​បាន​លុះត្រាតែ ស្ថាប័ន​ទីភ្នាក់ងារ​វាយតម្លៃ ផ្ដល់​ចំណាត់ថ្នាក់​ក្នុង​កម្រិត​ល្អ​មួយ​សម្រាប់​ប្រទេស​នេះ​ដែរ ទើប​ម្ចាស់បំណុល​ថ្មី​ៗ​អាច​ឲ្យ​ខ្ចី​។ ក៏​ប៉ុន្ដែ តាំងពី​ស្ថាប័ន​វាយតម្លៃ​តម្លៃ​ធំ​ៗ​ចំនួន​៣ បាន​ទម្លាក់​ចំណាត់ថ្នាក់​អធិបតេយ្យភាព​ស្រី​លង្កា តាំងពី​ដើមឆ្នាំ​២០២០​មក ទ្វារ​ទីផ្សារ​មូលធន​សម្រាប់​ប្រទេស​នេះ ត្រូវ​បាន​បិទ​ជិតឈឹង​តែ​ម្ដង​។ ដូច្នេះ ហើយ​ទើប​ឥឡូវនេះ រដ្ឋាភិបាល​ស្រី​លង្កា​កំពុង​តាម​សុំ​ចរចា​ជាមួយ IMF ធនាគារពិភពលោក និង​ធនាគារ ADB ជាដើម ដើម្បី​ឲ្យ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ទាំងនេះ ផ្ដល់​មូលនិធិ ដើម្បី​ឲ្យ​ខ្លួន​បាន​សង្គ្រោះ​សេដ្ឋកិច្ច​ដែល​កំពុង​ជាប់​គាំង​ក្នុង​វិបត្តិ​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០២០ ចំណូល​រដ្ឋាភិបាល​ស្រី​លង្កា​ប្រហែល​ជិត​៧០% ត្រូវ​បាន​ឆ្ពោះទៅ​រក​ការ​ប្រើប្រាស់​ដើម្បី​ទូទាត់​សងបំណុល បន្ទាប់​ពី​ប្រទេស​នេះ មាន​វិធានការ​កាត់​បន្ថយពន្ធ​។ ជាមួយ​គ្នា​នេះ ឱនភាព​ថវិកា​ក៏​មាន​កាន់តែ​អាក្រក់​ខ្លាំង​ឡើង ដោយ​មាន​ដល់​១០% នៃ GDP នៅ​ឆ្នាំ​២០២១ និង​២០២២​។

មាន​កត្តា​ច្រើន​យ៉ាង​ណាស់ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ស្រី​លង្កា​ធ្លាក់​ចូល​ជ្រោះ​នៃ​វិបត្តិ​ដូច​មក​ទល់​ពេល​នេះ​។ ក្នុង​នោះ កត្តា​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​ចំណូល​ពី​វិស័យ​ទេសចរណ៍​របស់​ស្រី​លង្កា​ធ្លាក់​ចុះ​យ៉ាង​គំហុក ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ បាត់បង់​នូវ​ប្រភព​សាច់ប្រាក់​ជា​រូបិយ​វត្ថុ​បរទេស ដើម្បី​ប្រើប្រាស់​ជា​ទុនបម្រុង​អន្តរជាតិ ដើម្បី​ប្រើប្រាស់​សម្រាប់​ការ​នាំ​ចូល​ទំនិញ​។ តួយ៉ាង គិត​ត្រឹម​ចុងខែ​មីនា កន្លង​ទៅ​នេះ ទុនបម្រុង​អន្តរជាតិ របស់​ប្រទេស​ស្រី​លង្កា​ដែល​មាន​ទំហំ GDP ៨១​ពាន់​លាន​ដុល្លារ​នោះ បាន​ធ្លាក់​មក​នៅ​ត្រឹមតែ​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ខណៈ​ដែល​កាលពី​ចុងឆ្នាំ​២០១៩​ធ្លាប់​មាន​ដល់​ទៅ​ជាង​៧​ពាន់​៦​រយ​លាន​ដុល្លារ​។

អតិផរណា​នៅ​ស្រី​លង្កា​បាន​កើន​កាន់តែ​ខ្លាំង​ឡើង ទំនិញប្រើប្រាស់​សំខាន់​ៗ​ដូច​ជា​ចំណីអាហារ ប្រេងឥន្ធនៈ និង​ថ្នាំសង្កូវ​នានា ក៏​ជួប​បញ្ហា​ខ្វះខាត​ផង​ដែរ ដោយសារ​តែ​មិន​មាន​ទុនបម្រុង​ដើម្បី​នាំ​ចូល​។ ជាក់ស្ដែង គិត​ត្រឹម​ខែមីនា អតិផរណា​ទំនិញ​ចំណីអាហារ​បាន​កើនឡើង​ដល់​៣០%​។ បញ្ហា​នេះ ក៏​កំពុង​កើត​មានការ​ផ្ទុះ​បាតុកម្ម​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​កាន់តែ​ខ្លាំង​ផង​ដែរ ប៉ុន្ដែ ប្រ​ធានា​ធី​បតីស្រី​លង្កា លោក រ៉ា​ចា​ប៉ាក​សា បាន​អះអាង​រួច​ហើយ​ថា លោក​នឹង​មិន​ចុះ​ចេញពី​តំណែង​នោះ​ឡើយ បើ​ទោះបីជា​រដ្ឋមន្ត្រី​សំខាន់​ៗ​ជា​ច្រើន​រូប​បាន​លាលែង​តំណែង​រួច​អស់​ទៅ​ហើយ​ក្ដី​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ៊ុយក្រែនរត់រកជំនួយពី IMF និង G7 ដើម្បីត្រៀមគិតគូរការស្ថារប្រទេសឡើងវិញក្រោយសង្គ្រាមឈ្លានពានរបស់រុស្ស៊ី

ព័ត៌មាន
ប្រទេសអ៊ុយក្រែន នៅដើមសប្តាហ៍នេះកំពុងខ្នះខ្នែងរត់រកប្រទេសលោកខាងលិច និងស្ថាប័នអន្តរជាតិ ឲ្យជួយផ្ដល់ធនធានថវិកាមួយចំនួនធំ ដើម្បីទុកជាទុនត្រៀ…

រោងចក្រនៅសៀងហៃជួបការលំបាកជាមួយនឹងការចាប់ផ្តើមបើកឡើងវិញ ខណៈការរំខានផ្នែកដឹកជញ្ជូននៅតែមាន

ព័ត៌មាន
ក្រុមហ៊ុនផលិតរួមទាំងក្រុមហ៊ុន Tesla កាលពីថ្ងៃចន្ទបានចាប់ផ្តើមរៀបចំ ដើម្បីបើករោងចក្រផលិតនៅទីក្រុងសៀងហៃរបស់ពួកគេឡើងវិញ ខណៈដែលទីក្រុងដែល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ