ប្រទេសស្រីលង្កាត្រៀមសុំជំនួយ ៣ ពាន់លានដុល្លារពី IMF

ប្រទេសស្រីលង្កាស្វែងរកថវិកាកម្ចី ៣ពាន់លានដុល្លារបន្ថែមពី IMF ខណៈវិបត្តិសេដ្ឋកិច្ចបន្តជាប់គាំង


ប្រទេសស្រីលង្កាកំពុងពិភាក្សាជាមួយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីខ្ចីប្រាក់យ៉ាងហ៉ោចណាស់ ៣ពាន់លានដុល្លារ តាមរយៈកម្មវិធីផ្តល់ប្រាក់កម្ចីបន្ថែម (EEF) ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលកំពុងកើតមានយ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននៅក្នុងប្រទេសមួយនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Reuters ។
ប្រទេសស្រីលង្កាស្វែងរកថវិកាកម្ចី ៣ពាន់លានដុល្លារបន្ថែមពី IMF ខណៈវិបត្តិសេដ្ឋកិច្ចបន្តជាប់គាំង

ប្រភព​ព័ត៌មាន​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ស្រី​លង្កា រំពឹង​ថា​នឹង​មាន​កិច្ច​ពិភាក្សា​បែន​ទ្វេភាគី​មួយ​ជាមួយ​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) នៅ​ដើមខែ​មិថុនា​នេះ​ហើយ​សង្ឃឹមថា នឹង​ឈាន​ដល់​ការ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ណាមួយ​នៅ​ចុងខែ​មិថុនា​។ ទោះបីជា​បែប​នេះ​ក្តី អ្នកនាំពាក្យ​របស់​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF មិន​ទាន់​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ចំពោះ​សំណើ​របស់​ប្រ​ទស​កោះ​នេះ​នៅឡើយ​ទេ​។

គួរ​រំលឹក​ថា ប្រទេស​ស្រី​លង្កា​បាន​ស្នើ​សុំ​ផែនការ​មូលនិធិ​សង្គ្រោះ ដើម្បី​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន ដែល​កំពុង​អូស​បន្លាយ​ពិសេស បញ្ហា​កង្វះខាត​ប្រេងឥន្ធនៈ​ប្រើប្រាស់ ស្បៀងអាហារ និង​ថ្នាំពេទ្យ​ជាដើម ដ្បិតថា ប្រទេស​នេះ​មិន​មាន​ទុនបម្រុង​អន្តរជាតិ ដើម្បី​ប្រើប្រាស់​សម្រាប់​ការ​នាំ​ចូល​ទំនិញ​សំខាន់​ៗ​ទាំង​អស់នេះ ចំ​ពេល​ដែល​ការ​សងបំណុល​អន្តរជាតិ​ក៏​បាន​បរាជ័យ​ផង​ដែរ​។

សូម​បញ្ជាក់​ថា កម្មវិធី​ផ្ដល់​ប្រាក់​កម្ចី​បន្ថែម​របស់ IMF នឹង​ក្លាយជា​ផែនការ​របស់​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ លើក​ទី ១៧ សម្រាប់​ជួយ​ដល់​ប្រទេស​ស្រី​លង្កា ប៉ុន្ដែ​កម្ចី​នេះ​តម្រូវ​ឱ្យ​ប្រទេស​ដែល​ស្នើ​សុំ ត្រូវធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន​ជា​មុន​សិន "​ដើម្បី​កែតម្រូវ​ភាព​ទន់ខ្សោយ​ដែល​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​នៃ​ប្រទេស​"​។ ជា​ទូទៅ កម្មវិធី​ផ្ដល់​ប្រាក់​កម្ចី​បន្ថែម​របស់ IMF នេះ​មាន​រយៈពេល​អនុគ្រោះ​៣​ឆ្នាំ (​ប្រសិនបើ​អស់​លទ្ធភាព​សងបំណុល​ត្រឡប់​) ហើយ​ការ​ចាប់ផ្ដើម​សងបំណុល គឺ​ចាប់ផ្ដើម​អនុវត្ត​នៅ​រយៈពេល​១​ឆ្នាំ​កន្លះ បន្ទាប់​ពី​កម្ចី​ត្រូវ​បាន​អនុម័ត​។

អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF)​នេះ ក៏​បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា ខ្លួន​បាន​កំពុង​ពិភាក្សា​ជាមួយ​ប្រទេស​ស្រី​លង្កា​សម្រាប់​កញ្ចប់​កំណែទម្រង់​ទូលំទូលាយ​មួយ ប៉ុន្តែ​អង្គការ​នេះ​មិន​បាន​បញ្ជាក់​ពី​ប្រភេទ​នៃ​កម្មវិធី​កម្ចី​ដែល​កំពុង​ចរចា​នោះ​ទេ​។

មួយវិញទៀត នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ស្រី​លង្កា លោក រ៉ា​នី​ល (Ranil Wickremesinghe) ដែល​បាន​ចូល​កាន់​តំណែង​កាលពី​ខែឧសភា​នេះ ជំនួស​លោក ម៉ា​ហីន​ដា រ៉ា​ចា​ប៉ា​ស្កា អតីត​នាយក​រដ្ឋមន្ត្រី​សុំ​លាលែង​ពី​តំណែង​នោះ គ្រោង​នឹង​បង្ហាញ​ថវិកាជាតិ​បណ្តោះអាសន្ន​របស់​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុន​នេះ​។

យ៉ាងណាមិញ រដ្ឋាភិបាល​ស្រី​លង្កា បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​ត្រៀម​ដំឡើង​ពន្ធ​អាករ​លើ​តម្លៃ​ប​ន្ធ (VAT) ពី​៨% មក​ដល់ ១២% ផង​ដែរ ដើម្បី​ជំរុញ​ប្រាក់​ចំណូល​ជាតិ និង​ត្រៀម​ចាប់ផ្តើម​កិច្ច​ពិភាក្សា​ជាមួយ​ម្ចាស់បំណុល និង​អ្នក​ផ្តល់​ប្រាក់​កម្ចី​ទ្វេភាគី ដូច​ជា​ប្រទេស​ចិន និង​ជប៉ុន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ផង​ដែរ​៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរី មេគង្គ លែន បានរៀបចំពិធីយ៉ាងគគ្រឹកគគ្រេងមួយ ដើម្បីជាការទទួលស្វាគមន៍អតិថិជនរបស់ខ្លួន នៅគម្រោងធំទី ២ ហ្គោលឌិនអាវិននូ

ព័ត៌មាន
ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២២ ពិតជាពិសេសខ្លាំងណាស់ បុរី មេគង្គ លែនបានប្រារព្ធពិធីប្រគល់សោរផ្ទះជូនអតិថិជន នៅគម្រោងធំទី២ ហ្គោលឌិន អាវិននូ…

UN ថា ចំនួនអ្នករត់ចេញពីផ្ទះរបស់ខ្លួននៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើងខ្ពស់ដល់ជាង ១ លាននាក់ជាលើកដំបូង

ព័ត៌មាន
អង្គការសហប្រជាជាតិបាននិយាយថា អំពើហិង្សាក្រោយរដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ាបានរុញច្រានចំនួនអ្នករត់ចេញពីផ្ទះសម្បែងរបស់ខ្លួននៅក្នុងប្រទេសមី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ