ប្រេងឆៅកម្ពុជា

ក្រុមហ៊ុននាវាដែលលួចដឹកប្រេងចេញពីកម្ពុជា ចេញមុខច្រានចោលការចោទប្រកាន់


ក្រុមហ៊ុន World Tankers Management ដែលជាក្រុមហ៊ុនប្រតិបត្តិករគ្រប់គ្រងលើនាវាដឹកប្រេងមួយគ្រឿង ដែលបានលួចនាំយកប្រេងឆៅរបស់កម្ពុជាទៅកាលពីពេលកន្លងមក បានចេញមកបដិសេធការចោទប្រកាន់មកលើខ្លួន អំពីការលួចដឹកប្រេងចេញពីដែនដឹកកម្ពុជាដោយខុសច្បាប់នេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
នាវាលួចដឹកប្រេងឆៅចេញកម្ពុជាឈ្មោះ MT-Strovolos ដែលជានាវារបស់ក្រុមហ៊ុន​ World Tankers Management

ក្រោយ​ចាប់​រឹបអូស​បាន​ប្រេង​ជិត​៣០​ម៉ឺន​បារ៉ែល ដោយ​កងទ័ពជើងទឹក​ឥណ្ឌូ​នេ​ស៊ី​កាល​ព​ថ្ងៃ​ពុធ ទី​២៥​ខែសីហា ឆ្នាំ​២០២១ ក្រុមហ៊ុន World Tankers Management បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ល្ងាច​ថ្ងៃ​ដដែល ដោយ​បាន​ទាត់​ចោលការ​ចោទប្រកាន់​ដែល​ថា នាវា​របស់​ក្រុមហ៊ុន​ខ្លួន​ឈ្មោះ MT Strovolos បាន​ដឹក​ប្រេង​ចេញពី​កម្ពុជា​ដោយ​ខុសច្បាប់ ព្រមទាំង​មិន​បាន​សុំ​ការ​អនុញ្ញាត​ចូល​សុំ​ចត​ក្នុង​ដែនសមុទ្រ​ឥណ្ឌូ​នេ​ស៊ី​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន​បាន​សរសេរ​ក្នុង​សំ​ណេ​រ​ជា​ភាសា​អង់គ្លេស​ដែល​មាន​ន័យ​ដូច្នេះ​ថា​៖«​យើង​(​ក្រុមហ៊ុន World Tankers Management) សោកស្តាយ​ដែល​បាន​ទទួល​ដំណឹង​ថា សមាជិក​នាវិក​មួយ​ចំនួន​របស់​យើង ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​ចាប់​ឃាត់ខ្លួន​យក​មក​លើគោក​ហើយ​នៅ​តែ​បន្ត​ឃុំខ្លួន​ដដែល​មក​ទល់​ពេល​នេះ ខណៈ​ដែល​នាវិក​មួយ​ចំនួន ដែល​នៅ​សេសសល់ កំពុង​ជាប់​គាំង​នៅ​លើ​នាវា ដែល​មិន​អាច​ចាកចេញ​បាន​»​។

ក្រុមនាវិករបស់នាវា MT-Strovolos ត្រូវអាជ្ញាធរឥណ្ឌូនេស៊ីចាប់ឃាត់ខ្លួន (រូបភាព៖ Indonesian Navy-AP))

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល ក្រុមហ៊ុន​ខាងលើ​នៅ​តែ​បន្ត​បដិសេធ​ដាច់​ណាត់ លើ​ការ​ចោទប្រកាន់​ដែល​ថា ប្រេង​ដែល​ពួក​គេ​ដឹក​ជញ្ជូន​គឺ​ខុសច្បាប់​។

ក្រុមហ៊ុន​អះអាង​ថា នាវា​របស់​ពួក​គេ​បាន​ផ្ទុក​ប្រេង​ឆៅ​ប្រមាណ ៣០​ម៉ឺន​បារ៉ែល នៅ​តំបន់​អប្សរា​ដែន​រុករក​ប្រេង​របស់​កម្ពុជា កាលពី​ថ្ងៃ​ទី ២១​ខែឧសភា ដោយ​គេ​គ្រាន់តែ​ដឹង​ថា ប្រេង​ទាំងនេះ​ជា​របស់​ក្រុមហ៊ុន Kris Energy ហើយ​ក្រុមហ៊ុន Kris Energy ជា​អ្នក​ជួល​ពួក​គេ​មក​ដឹក​ជញ្ជូន​។

យ៉ាងណាមិញ បើ​តាម​ការ​គូសបញ្ជាក់​របស់​ក្រុមហ៊ុន​នាវា​ដឹក​ប្រេង ក្រុមហ៊ុន KrisEnergy បាន​ខកខាន​ក្នុង​ការ​បង់ប្រាក់​ថ្លៃ​ដឹក​ជញ្ជូន​មក​ឲ្យ​ខ្លួន ហើយ​បាន​សម្រេច​ឲ្យ​បញ្ឈប់​ប្រតិបត្តិការ​ភ្លាម​ៗ នៅ​ពេល​ដែល​នាវា​ចូល​សុំ​ចត​ចាក់​ប្រេង និង​ផ្លាស់​ប្តូរ​នាវិក​ក្នុង​ប្រទេស​ថៃ​។

គួរ​ជម្រាប​ថា កងទ័ពជើងទឹក​ឥណ្ឌូ​នេ​ស៊ី​នៅ​ថ្ងៃ​ពុធ​ទី​២៥​សីហា បាន​ចាប់​រឹបអូស​នាវា​ផ្ទុក​ប្រេង​ឆៅ​ខាងលើ និង​នាវិក​ជា​ច្រើន​នាក់​ទៀត ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​លួច​ដឹក​ប្រេង​ឆៅ​ជិត​៣០​ម៉ឺន​បារ៉ែល​ពី​ស្ដុក​បម្រុង​ទុក​ប្រេង​នៅ​កម្ពុជា​។ អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី​ឲ្យ​ដឹង​ទៀត​ថា នាវា​ផ្ទុក​ប្រេង​នេះ គឺ​ត្រូវ​បាន​ជួល​ដោយ​ក្រុមហ៊ុន​សិង្ហ​បុរី KrisEnergy ដែល​ជា​ក្រុមហ៊ុន​បូម​ប្រេង​នៅ​កម្ពុជា​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន KrisEnergy គឺជា​ក្រុមហ៊ុន​តែ​មួយ​គត់​ដែល​ទទួល​បាន​សិទ្ធិ​រុករក​ប្រេង និង​បាន​បូម​ប្រេង​នៅ​កម្ពុជា​ប៉ុន្ដែ ដោយសារ​តែ​ក្រុមហ៊ុន​មាន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ និង​ការ​បូម​ប្រេង​បាន​តិច​ជាង​ការ​រំពឹង​ទុក​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ធ្លាក់ខ្លួន​កាន់តែ​ខ្លាំង​ក្នុង​វិបត្តិ​បំណុល​។ កាលពី​ថ្ងៃ​ទី​៤​ខែមិថុនា Kris Energy បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដោយ​អះអាង​ថា ខ្លួន​គ្មាន​លទ្ធភាព​សងបំណុល​ដល់​ម្ចាស់បំណុល ដែល​ខ្លួន​បាន​ជំពាក់​នោះ​ទេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កាដូធំៗ៤ ដែលវៀតណាមទទួលបានពីដំណើរទស្សនកិច្ចអនុប្រធានាធិបតីអាមេរិក

ព័ត៌មាន
ក្រោយពីបានធ្វើដំណើរដល់ប្រទេសវៀតណាមនៅយប់ថ្ងៃអង្គារ ឃើញថានៅព្រឹកឡើងថ្ងៃពុធទី២៥ ខែសីហា អនុប្រធានាធិបតីអាមេរិកលោកស្រីកាម៉ាឡា ហារីស បានចាប…

ឥណ្ឌានឹងចាប់ផ្តើមនាំចេញវ៉ាក់សាំងកូវីដ-១៩ជាថ្មីនៅឆ្នាំ២០២២

ព័ត៌មាន
នេះជាដំណឹងល្អមួយសម្រាប់ប្រទេសនៅជុំវិញពិភពលោក ដែលកំពុងខ្វះខាតវ៉ាក់សាំងកូវីដ១៩ចាក់ជូនពលរដ្ឋរបស់ខ្លួន ដ្បិតថាប្រទេសឥណ្ឌា ដែលប្រទេសមានរោងច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ