សង្គ្រាមពាណិជ្ជកម្ម​អាមេរិក-ចិន

ថៃ កំពុងត្រៀមជើងព្រួលច្បាមយកឱកាសមាស នៅក្នុងជម្លោះពាណិជ្ជកម្មអាមេរិក-ចិន


មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃ បានអះអាងថា ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន អាចនឹងកើតឡើងជាថ្មីម្តងទៀត ដែលអាចជះឥទ្ធិពលទាំងល្អ និងអាក្រក់ដល់សេដ្ឋកិច្ចថៃ ដូច្នេះហើយ ថៃត្រូវតែតាមដានឲ្យបានដិតដល់ និងត្រៀមខ្លួនឲ្យបានរួចរាល់ ក្នុងការផ្លាស់ប្តូរបញ្ហា ឲ្យក្លាយទៅជាឱកាសមាស សម្រាប់ការធ្វើជំនួញពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានថៃ The Nation។
ថៃ កំពុងត្រៀមជើងព្រួលច្បាមយកឱកាសមាស នៅក្នុងជម្លោះពាណិជ្ជកម្មអាមេរិក-ចិន
ដោយ

លោកស្រី ភីមឆាណុក វុន ករ ផុន អគ្គនាយករង​ការិយាល័យ​គោលនយោបាយ និងយុទ្ធសាស្រ្ត​ពាណិជ្ជកម្ម​ថៃ​បានបញ្ជាក់ថា ទាំងរាជរដ្ឋាភិបាលថៃ​ ក៏ដូចជា​វិស័យឯកជន កំពុងឃ្លាំមើលពី បញ្ហានៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង មហាអំណាច​សេដ្ឋកិច្ចទាំង​២នេះ ហើយក៏សហការគ្នា ធ្វើការព្រាង​គម្រោង​ជំរុញ​ការនាំចេញ ដើម្បីដោះស្រាយ​បញ្ហាប្រឈមនេះ។

លោកស្រីបន្តថា ថៃ ត្រូវតែ​ចាំមើលពី​ស្ថានការណ៍លំបាកនេះ ជាពិសេស មុនពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិកថ្មី ព្រោះគ្មាន​នរណា​​អាចប៉ាន់ស្មានពី ការបោះ​ជំហាន​របស់​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ​បាននោះទេ ហើយអាមេរិក អាចនឹង​ចាត់វិធានការ​ពិសេស យ៉ាងតិចណាស់​៣វិធានការ ទៅលើ​ប្រទេសចិន និងបណ្តាប្រទេស​ដទៃទៀត ដូចជា ការដំឡើង​ពន្ធលើការ​នាំចូល​ទំនិញជាដើម។

អនុប្រធាន​សភាពាណិជ្ជកម្ម​ថៃ បានបង្ហាញក្តីរំពឹងថា ថៃ​អាចនឹងកែប្រែ​បញ្ហានេះ​ឲ្យទៅជា​ឱកាស ដែលអាចកេង​ចំណេញ​បាន ជាពិសេសគឺ ឱកាស​បង្ហាញ​ខ្លួនថា​ជាប្រទេស ដែលអាចដើរតួ​ជា ខ្សែច្រវាក់​ផ្គត់ផ្គង់​ដ៏សម្បូរបែប សម្រាប់វិស័យ​ឧស្សាហកម្ម​ផ្សេងៗ ដោយសារតែ​ក្រុមហ៊ុន​ចិន ចាប់ផ្តើមផ្លាស់​ប្តូរខ្សែច្រវាក់​ផលិតកម្ម​របស់ខ្លួន មកកាន់​ប្រទេសថៃ និងបណ្តាប្រទេស​ក្នុង​តំបន់ហើយ។

តួយ៉ាង បន្ទាប់ពី​អាមេរិក​ចោទប្រកាន់ថា ចិន​ជាអ្នកបង្ក​ឲ្យមាន ការផ្ទុះរីករាលដាល​នៃមេរោគ​កូវីដ-១៩នោះ ប្រទេសចិន ត្រូវបង្ខំចិត្ត​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម នៅក្នុងប្រទេស​ក្បែរខាង ដើម្បីទិញ​យកផលិតផល​កសិកម្ម ក្នុងនោះ ថៃ​ក៏បាន​នាំចេញទុរេន​ទៅកាន់​ចិនផងដែរ។

គួរជម្រាបដែរថា ជុំវិញ​បញ្ហា​ជម្លោះពាណិជ្ជកម្ម​សកល លោក ដូណាល់ ត្រាំ បានគំរាម​ដំឡើងពន្ធ​ថ្មី បន្ថែមទៀត​ទៅលើ ទំនិញចិន ដោយចាត់ទុកជា ការសងសឹក​ចំពោះ​ការរីក​រាលដាលនៃ មេរោគ​កូវីដ-១៩ ដែលអាមេរិក​ចោទថា​ ផ្ទុះសាយភាយ​ចេញមកពី​មន្ទីរពិសោធន៍​របស់​ប្រទេស​ចិន តែ ចិន បដិសេធចំពោះ​ការចោទ​ប្រកាន់​នេះ យ៉ាងណាក៏ដោយ កាលពីពេល​ថ្មីៗនេះ ប្រទេសចិន ក៏បានដាក់​ចេញនូវ ការលើកលែងពន្ធ​ថ្មីមួយ សម្រាប់ទំនិញ​នាំចូលមកពី អាមេរិក ចំនួន ៧៩មុខ សម្រាប់រយៈ​ពេល ១ឆ្នាំពេញផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញវិធានការស្រោចស្រង់កំណើនសេដ្ឋកិច្ចជុំទី៤

ព័ត៌មាន
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ចេញនូវវិធានការជុំទី៤ ដើម្បីកាត់បន្ថយផលប៉ះពាល់នានាដែលអាជីវកម្ម ក៏ដូច…

អត្រាអត់ការងារនៅអាមេរិកនឹងកើនឡើងដល់ ២០% ក្នុងខែឧសភានេះ

ព័ត៌មាន
សេដ្ឋកិច្ចវិទូជាន់ខ្ពស់ ដែលជាទីប្រឹក្សាសេដ្ឋកិច្ចសេតវិមានអាមេរិក បានគូសបញ្ជាក់ថា អត្រាអត់ការងារនៅអាមេរិក អាចនឹងកើនដល់ ២០% ក្នុងខែឧសភាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ