Advertisement
ពាណិជ្ជកម្មសេរី​ថៃ ហុងកុង

ថៃ និងហុងកុង បង្ហាញ​ផែនការចុះ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី


ប្រទេសថៃ មានគម្រោងនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយហុងកុង ដែលវាមានគ្របដណ្ដប់លើវិស័យសេវាកម្ម រួមទាំងវិស័យហិរញ្ញវត្ថុបៃតង និងសន្ដិសុខប្រព័ន្ធអ៊ីនធើណែត។ ត្រូវបានស្រង់សម្ដីដោយការសែតបាងកកប៉ុស្ដិ៍ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលថៃបានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង ថៃ និង ហុងកុង នឹងត្រូវបើកការសិក្សា នៅដើមឆ្នាំក្រោយ ហើយអាចចាប់ផ្ដើមចរចានៅឆ្នាំ២០២១ខាងមុខ។
ថៃ និងហុងកុង គ្រោងបង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នា (រូបភាព៖ scmp.com)
ដោយ
Advertisement

លោក កុបស័ក្ដិ ផូត្រាកុល អគ្គលេខាធិការរង​នាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​នយោបាយ បាន​បញ្ជាក់ថា គណៈកម្មការ​ចម្រុះជាន់ខ្ពស់​ហុងកុង-ថៃ (HLJC) បាន​យល់ព្រម​កាលពីថ្ងៃសុក្រ​សប្ដាហន៍មុននេះថា នឹង​បង្កើត​ឲ្យមាន​ការសិក្សា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​រវាង​ថៃ និងហុងកុង នៅ​ខែ​កុម្ភៈ​ឆ្នាំក្រោយនេះ។

គណៈកម្មការ​ចម្រុះជាន់ខ្ពស់​ហុងកុង-ថៃ ត្រូវបានបង្កើតឡើង​ដើម្បី​ជួយ​ពង្រឹង​ទំនាក់ទំនង​រវាង​សេដ្ឋកិច្ច​នៃប្រទេសថៃ និងក្រុង​ហុងកុង។

លោក កុបស័ក្ដិ បន្ថែមថា​ កិច្ចចរចា​ពាណិជ្ជកម្មសេរី​រវាង​ហុងកុង និងថៃ ត្រូវបានរំពឹងថា អាច​នឹង​ចាប់ផ្ដើមឡើង​នៅ​ឆ្នាំ២០២១ ហើយតាមរយៈនេះ កិច្ចព្រមព្រៀងនេះ​គេរំពឹងថា នឹង​ត្រូវបានអនុវត្ត​នៅក្នុង​ឆ្នាំ២០២២-២០២៣ ខាងមុខ។ 

ជាមួយគ្នានេះដែរ នាយកប្រតិបត្តិ​ហុងកុង លោកស្រី Carrie Lam បាន​និយាយថា  លោកស្រី​យល់ឃើញថា កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ គឺជាការបង្កើត​ប្រយោជន៍ធំធេង សម្រាប់ភាគីទាំងពីរ ចំពេល​មានការប្រែប្រួល​ និងប្រកួតប្រជែង​ខ្លាំងក្លា នៅក្នុងទីផ្សារពិភពលោក។

លោកស្រីបានបន្ថែមទៀតថា ទោះបីទីក្រុងហុងកុង​កំពុង​មានភាពវឹកវរ​ក៏ដោយ​ ក៏ប្រទេសថៃ​នៅតែបន្តផ្តល់​ការគាំទ្រ​ផ្នែកសីលធម៌​ដោយជឿជាក់ថា​ទីក្រុងនេះ​នឹងគ្រប់គ្រង​ជម្លោះ​របស់ខ្លួន​បាន​ក្នុងពេលឆាប់ៗនេះ។

លោកស្រី Lam បាន​បញ្ជាក់ទៀតថា ការចុះហត្ថលេខា​លើអនុស្សរណៈ​យោគយល់គ្នា​ចំនួន​៦ កាលពីថ្ងៃសុក្រ​សប្ដាហ៍មុននេះ បានឆ្លុះបញ្ចាំង​ពីការត្រៀមខ្លួន​របស់​ហុងកុង ដើម្បីក្លាយជា​ច្រកទ្វាររបស់ប្រទេសថៃ ទៅកាន់​តំបន់​មហាឆកសមុទ្ររបស់ចិន ហើយ​ប្រទេសថៃ នឹងក្លាយជា​ច្រកចូល​របស់ហុងកុង ទៅកាន់​តំបន់អាស៊ាន។ 

ប្រទេសថៃ និងទីក្រុងហុងកុង បាន​ចុះហត្ថលេខា​អនុស្សរណៈ​យោគយល់គ្នា​ចំនួន​៦ នោះ គឺមានគ្របដណ្ដប់​ទៅលើ​កិច្ចសហការ​លើកស្ទួយការវិនិយោគ, ការបម្លាស់ទី​នៃឧស្សាហកម្ម​ហុងកុង, សេដ្ឋកិច្ចច្នៃប្រឌិត, ការអភិវឌ្ឍ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, កិច្ចសហការហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ធនធានមនុស្ស។

ទន្ទឹមនឹងនេះ លោក ឧបនាយករដ្ឋមន្ត្រី សំឃីត ជូទូស្រ៊ី ពីតាក់ បាន​ឲ្យដឹងដែរថា គណៈកម្មការ​ចម្រុះជាន់ខ្ពស់​ហុងកុង-ថៃ បាន​យល់ព្រម​នឹងជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ពី១៥ ពាន់លាន​ដុល្លារអាមេរិក នៅឆ្នាំនេះ ឲ្យបាន​ដល់​២០​ពាន់លាន​ដុល្លារ​អាមេរិក នៅឆ្នាំក្រោយ។

លោក សំឃីត បាន​គូសបញ្ជាក់ថា ហុងកុង​មានបំណង ផ្លាស់ប្តូរ​ផលិតកម្មរបស់ខ្លួន​មកកាន់ប្រទេសថៃ ដើម្បី​ធ្វើជាមូលដ្ឋាន​សម្រាប់ការនាំចេញ​ទៅកាន់​ប្រទេស​កម្ពុជា​ ឡាវ ម៉ីយ៉ាន់ម៉ា និងវៀតណាម។

បើ​តាម​ក្រុមប្រឹក្សា​វិនិយោគ​របស់ថៃ បាន​ឲ្យដឹងថា ក្នុងរយៈពេល ១០ ខែឆ្នាំ២០១៩នេះ មានគម្រោង​ចំនួន ៣១ គម្រោង ដែលជាការវិនិយោគពី​ទីក្រុងហុងកុង ស្មើនឹងតម្លៃជាទឹកប្រាក់​ ១៥ពាន់លាន​បាត ឬស្មើនឹង​ប្រមាណ​ជិត ៥០០ លាន​ដុល្លារអាមេរិក ត្រូវបាន​អនុម័ត៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា រំពឹងដើមឆ្នាំក្រោយ សម្រាប់ការចុះបញ្ចីក្នុងផ្សារ​មូលបត្រកម្ពុជា

ព័ត៌មាន
ធនាគារអេស៊ីលីដា រំពឹងថា នៅដើមឆ្នាំ ឬក្នុងត្រីមាសទី១ ឆ្នាំ២០២០ ខាងមុខ នឹងអាចបន្តចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីបោះផ្សាយលក់មូល...

ការស្ទង់មតិ៖ វិនិយោគិនជប៉ុន ចាត់ទុកវៀតណាម ជាទិសដៅវិនិយោគល្អបំផុតទី៣ ក្នុងពិភពលោក បន្ទាប់ពីឥណ្ឌា និងចិន

ព័ត៌មាន
ប្រទេសវៀតណាម នៅឆ្នាំនេះ គ្រងបានតំណែងជាទិសដៅវិនិយោគដ៏ទាក់ទាញបំផុតទី៣ សម្រាប់វិនិយោគិនជប៉ុន បន្ទាប់ពីប្រទេសឥណ្ឌា ដែលគ្រងបានតំណែងលេខ១...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ