កម្ពុជានឹងរៀបចំបុណ្យចូលឆ្នាំ

កម្ពុជានឹងរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរឡើងវិញ ក្រោយផ្អាក២ឆ្នាំដោយសារកូវីដ១៩ ចំពេលប្រេងឥន្ធនៈកំពុងឡើងថ្លៃខ្ពស់


បន្ទាប់ពីខកខានរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរអស់រយៈពេល២ឆ្នាំ ដោយសារតែការរំខាននៃជំងឺកូវីដ-១៩ នៅឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសឲ្យប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរដូចធម្មតាឡើងវិញ។ ទន្ទឹមនឹងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការព្រួយបារម្ភខ្លះៗដែរ អំពីបញ្ហាប្រេងសាំងឡើងថ្លៃនាពេលបច្ចុប្បន្ន ដោយសារសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ដែលវាអាចនឹងជះឥទ្ធិពលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ទេសចរណ៍​ដើរ​កម្សាន្ត​នៅ​មុខប្រាង្គ​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប ព្រះរាជាណាចក្រ​កម្ពុជា។

ទោះបីជា កម្ពុជា នៅ​មិន​ទាន់​រួច​ផុត​ពី​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វី​ដ​-១៩​ក៏​ដោយ​ចុះ តែ សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ថា ឆ្នាំ​នេះ​កម្ពុជា អាច​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ឡើង​វិញ​បាន​ដូច​ធម្មតា​។ ថ្លែង​នា​ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​ត្រចៀក ច្រមុះ និង​បំពង់ក នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង នា​ថ្ងៃ​ទី​២៨ ខែមីនា សម្ដេច ហ៊ុន សែន បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ការ​អនុញ្ញាត​ឲ្យ​រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ដោយសារ​តែ​សម្ដេច​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា ស្ទើរ​១០០​ភាគរយ ក្នុង​ចំណោម​ប្រជាជន​សរុប ១៦​លាន​នាក់ សុទ្ធតែ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ គ្រប់​២​ដូ​ស ម្យ៉ាងវិញទៀត នា​រយៈពេល​ចុង​ក្រោយ​នេះ ករណី​ឆ្លង​កូ​វី​ដ​-១៩ ប្រចាំ​ថ្ងៃ​នៅ​កម្ពុជា ក៏​ហាក់​មានការ​ថមថយ​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ បើ​ប្រៀប​ទៅ​នឹង​បណ្ដា​ប្រទេស​ដទៃ​ក្នុង​តំបន់​។ 

ជាក់ស្ដែង យោង​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២៨ ខែមីនា ករណី​ឆ្លង​កូ​វី​ដ​-១៩ នៅ​កម្ពុជា មាន​តែ​ជាង ៥០​នាក់ ប៉ុណ្ណោះ ខណៈ​មិន​មាន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​នោះ​ទេ​។ ទោះជា​បែប​នេះ​ក្ដី សម្ដេច​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​មានការ​ព្រួយបារម្ភ​ខ្លះ​ដែរ អំពី​បញ្ហា​សាំង​ឡើងថ្លៃ ដែល​បណ្ដាល​មក​ពី​សង្គ្រាម​រវាង​រុ​ស្សី និង​អ៊ុយ​ក្រែ​ន ដ្បិតថា ប្រេងសាំង​ឡើងថ្លៃ វា​អាច​ជា​ការ​ដាក់​សម្ពាធ​បន្ថែម​លើ​ការ​ចំណាយ​របស់​ពលរដ្ឋ​។

ទោះជា​បែប​នេះ​ក្ដី សម្ដេច ហ៊ុន សែន ក៏​បាន​គូសបញ្ជាក់​ទៀត​ថា បញ្ហា​សាំង​ឡើងថ្លៃ​ក៏​មិនមែន​ជា​បញ្ហា​ប្រឈម​ខ្លាំង​ឡើយ សម្រាប់​ពលរដ្ឋ​កម្ពុជា ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត ឬ​ទៅ​ស្រុក​កំណើត នា​ឱកាស​បុណ្យចូលឆ្នាំ ដោយ​សម្ដេច​បាន​អះអាង​ថា មក​ដល់​ពេល​នេះ សណ្ឋាគារ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​ភ្ញៀវ​ទេសចរ កក់​រួច​អស់​ទៅ​ហើយ សម្រាប់​សម្រាក​កម្សាន្ត នា​ឱកាស​បុណ្យចូលឆ្នាំ រយៈពេល​៣​ថ្ងៃ ពោល​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២២​។

ជុំវិញ​បញ្ហា​នេះ លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ខ្លះ​ដែរ អំពី​ការ​ឡើង​ខ្ពស់​នៃ​តម្លៃ​ប្រេងសាំង នា​ពេល​បច្ចុប្បន្ន ថា​អាច​នឹង​ជា​បន្ទុក​បន្ថែម​លើ​ជីវភាព​ពលរដ្ឋ​កម្ពុជា ពិសេស​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ តែ​ម្ដង​។ បើ​តាម​បណ្ឌិត ហុង វណ្ណៈ បច្ចុប្បន្ន ទាំង​តម្លៃ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត នៅ​តែ​មាន​តម្លៃ​ខ្ពស់ ពិសេស​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ មិន​ទាន់​មានការ​ថមថយ​នៅឡើយ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ និង​ពលរដ្ឋ​ខ្មែរ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ នា​ពេល​ខាង​មុខ​។ ជាមួយ​គ្នា​នេះ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​រូប​នេះ ក៏​បាន​ក្រើនរំលឹក​ផង​ដែរ ដល់​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​គិតគូ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ ក្នុង​ការ​ចំណាយ​ណា​ដែល​ចាំបាច់ ចៀសវាង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​មានការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្សី ទៅ​លើ​អ៊ុយ​ក្រែ​ន បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​លើ​ពិភពលោក​ឡើង​ខ្ពស់​ជា​បន្តបន្ទាប់ រួម​ទាំង​តម្លៃ​ប្រេង​នៅ​កម្ពុជា ផង​ដែរ​។ ជាក់ស្ដែង យោង​តាម​ក្រសួងពាណិជ្ជកម្ម បច្ចុប្បន្ន តម្លៃ​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត បាន​កើនឡើង​ដល់ ៥.៣០០​រៀល​ក្នុង​មួយ​លី​ត្រ​។ យ៉ាងណាមិញ កាលពី​ពេល​ថ្មី​ៗ អន្តរក្រសួង គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល បាន​ព្រមាន​ផង​ដែរ លើ​ស្ថានីយ​លក់រាយ​ប្រេងឥន្ធនៈ​ណា ដែល​មិន​ដាក់​លក់​សាំង​ធម្មតា និង​ប្រេងម៉ាស៊ូត សម្រាប់​លក់​ជា​ប្រចាំ ហើយ​លក់​តែ​ប្រេងសាំង​ស៊ុប​ពែរ​តែ​មួយ​មុខ និង​លក់​លើស​ពី​តម្លៃ​កំណត់ នឹង​ត្រូវ​រង​ការ​ពិន័យ​ចំនួន ៤​លាន​រៀល ហើយ​ប្រសិនបើ​មិន​រៀល​ចាល នឹង​ត្រូវ​បិទ​អាជីវកម្ម តែ​ម្ដង​។ ការ​ព្រមាន​របស់​អន្តរក្រសួង បែប​នេះ បន្ទាប់​ពី​មាន​ស្ថានីយប្រេងឥន្ធនៈ មួយ​ចំនួន បាន​លក់​តែ​ប្រេងសាំង​ស៊ុប​ពែរ ហើយ​ក៏​មាន​ស្ថានីយ​ខ្លះ បាន​លក់​សាំង​លើស​ពី​តម្លៃ​ដែល​ក្រសួងពាណិជ្ជកម្ម​បាន​កំណត់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ មេយប៊ែង ផ្តល់ជូនឥណទានអត្រាការប្រាក់ចាប់ពី 6.88% លើគេហដ្ឋានកំពុងសាងសង់ សម្រាប់អតិថិជនបុរី ប៉េង ហួត

ព័ត៌មាន
កាលពីថ្ងៃទី23 ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ បុរី ប៉េង ហួត និងធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី បានចុះហត្ថលេខាលើភាពជាដៃគូនៃកិច្ច…

អ្នកជំនាញ៖ ការកកស្ទះការដឹកជញ្ជូនទំនិញតាមព្រំដែនចិន និងវៀតណាម មិនជះឥទ្ធិពលអាក្រក់ខ្លាំងដល់កម្ពុជា ដូចករណីប្រេងឡើងថ្លៃនោះឡើយ

ព័ត៌មាន
ប្រទេសចិន និងវៀតណាម បច្ចុប្បន្នកំពុងប្រឈមមុខនឹងការឆ្លងមេរោគកូវីដ១៩កាន់តែខ្លាំង ខណៈដែលការអនុវត្តវិធានការតឹងរ៉ឹងពិសេសនៅប្រទេសចិន គឺបន្ដធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ