វិបត្តិអតិផរណាដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ

ពិភពលោកកំពុងប្រទះវិបត្តិអតិផរណាដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ ខណៈសេណារីយ៉ូអាក្រក់ជាងនេះក៏អាចកើតឡើង


បច្ចុប្បន្នមនុស្សជាតិនៅទូទាំងពិភពលោក កំពុងជួបប្រទះអតិផរណា កើនឡើងដល់កំរិតមួយ ដែលគេមិនធ្លាប់បានឃើញអស់ពេលជាច្រើនទសវត្សរ៍ចុងក្រោយនេះ ជាហេតុធ្វើឱ្យតម្លៃទំនិញប្រើប្រាស់ចាំបាច់នានា អាហារ ថ្លៃចំណាយស្នាក់នៅ និងធ្វើដំណើរឡើងថ្លៃកប់ពពក។ ការអូសបន្លាយ និងវិបត្តិផ្ទួនៗ ធ្វើឱ្យគេសន្មតថា នេះមិនមែនជាចំណុចអាក្រក់បំផុតទេ ពោលគឺ សេណារីយ៉ូអាក្រក់ ដែលជះផលលំបាកជាងនេះទៀត ក៏អាចកើតឡើងបានដែរនាពេលខាងមុខនេះ។ តើមូលហេតុអ្វីធ្វើឱ្យមនុស្សជាតិដើរមកដល់ដំណាក់កាលនេះ? ចម្លើយពីរម៉ាត់យ៉ាងខ្លី នោះគឺ ជំងឺរាតត្បាត និងភ្លើងសង្គ្រាម។
ពិភពលោកកំពុងប្រទះវិបត្តិអតិផរណាដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ

ធ្លាប់តែរីករាយនឹងសេដ្ឋកិច្ចមានកំណើនល្អ តម្លៃទំនិញ និងអតិផរណាទាប តែយុគ្គសម័យបែបនេះត្រូវបានបិទបញ្ចប់ត្រឹមពីចុងឆ្នាំ២០១៩ ជាពេលដែលជំងឺរាតត្បាតសកលកូវីដ១៩ចាប់ផ្តើមផ្ទុះឡើងនៅពាសពេញប្រទេសទូទាំងពិភពលោក។ ជាពេលវេលាដ៏លំបាកក្រៃលែង ដែលរដ្ឋាភិបាលត្រូវបង្ខំចិត្តបិទសព្វបិទគ្រប់ នូវអាជីវកម្ម សេវាកម្ម និងសកម្មភាពសេដ្ឋកិច្ចនានា ហើយត្រូវចំបាច់ឱ្យរដ្ឋបញ្ចេញលុយរាប់សិបពាន់លាន ជួយដល់សេដ្ឋកិច្ច​និយាយជារួម និងជួយដល់ពលរដ្ឋនិយាយដោយឡែក។

កញ្ចប់ជំនួយរបស់រដ្ឋ អាចសង្គ្រោះមនុស្សពីទុក្ខលំបាក ជួយអាជីវកម្មពីការទួលរលំខ្លះពិតមែន ប៉ុន្ដែសកម្មភាពបិទខ្ទប់អំឡុងពេលកូវីដ បានធ្វើឲ្យ​សកម្មភាពសេដ្ឋកិច្ចជាប់គាំង ខ្សែចង្វាក់ផ្គត់ផ្គាត់ត្រូវដាច់ខ្យល់ស្លាប់ ហើយតម្រូវការក៏ធ្លាក់ចុះទៅតាមនោះដែរ។

ទោះយ៉ាងណា នៅត្រឹមឆ្នាំ២០២១ ការបិទខ្ទប់ត្រូវបានដកចេញ ចរន្តសេដ្ឋកិច្ចចាប់ដំណើរការឡើងវិញក្នុងល្បឿនលឿនគួរសម មានន័យថា សកម្មភាពតម្រូវការ ក៏ចាប់ផ្តើមមានច្រើនឡើងវិញ។ ការណ៍នេះបង្កបញ្ហាដោយឡែកមួយទៀត គឺរោងចក្រដែលទើបតែចាប់ដំណើរការឡើងវិញ មិនបានបំពេញតាមតម្រូវការដ៏ច្រើនលើសលុបបាន។ ម៉្យាងដោយសារកង្វះខាតកម្លាំងពលកម្ម ការដឹកជញ្ជូនមិនទាន់ពេលវេលា និងបានធ្វើឱ្យ​តម្លៃថាមពល ពិសេសឥន្ធនៈឡើងថ្លៃ។

មិនទាន់សម្រួលស្ថានការណ៍​បានស្រួលបួលផង ស្រាប់តែ​ខែកុម្ភៈដើមឆ្នាំ២០២២ រុស្ស៊ីចាប់ទន្ទ្រានឈ្លានពានអ៊ុយក្រែន បង្កចលាចល រុញឱ្យលោកខាងលិចទម្លាក់ទណ្ឌកម្មលើរុស្ស៊ី ដែលជាអ្នកនាំចេញថាមពលដ៏ធំ ធ្វើឱ្យប្រេង និងឧស្ម័នហាក់ឡើងកាន់តែថ្លៃមួយរំពេចបន្ថែមទៀត។

ថាមពលកើនថ្លៃ អ្វីៗក៏ឡើងថ្លៃ អតិផរណាឡើងដល់២ខ្ទង់ បានធ្វើឱ្យវិសមភាពទូទាំង​ពិភពលោកកាន់តែធ្ងន់ធ្ងរ។ ខណៈពេលដែលអ្នកមានទ្រព្យ​សម្បត្តិ​ច្រើន អាចសន្សំប្រាក់បានច្រើន អំឡុងពេលនៃការបិទខ្ទប់ អ្នកក្រខំរកមិនបានអ្វីសោះ កុំថាឡើយដល់សន្សំ។ ហេតុនេះនៅពេលទើបងើបចេញពីវិបត្តិមួយមិនបានប៉ុន្មាន គេត្រូវតស៊ូដើម្បីរកដំណោះស្រាយសម្រាប់វិបត្តិមួយទៀត ដើម្បីតែចំអែតក្រពះ។

ប៉ុន្ដែ ការលំបាកទាំងនេះ នឹងមិនទាន់បញ្ចប់ត្រឹមនេះឡើយ ពោលគឺវាអាចនឹងអាក្រក់ជាងនេះទៅទៀត។ មនុស្សជាតិអាចប្រទះស្ថានការណ៍កាន់តែអាក្រក់ ជាមួយនឹងរដូវរងាកំពុងចូលមកដល់នៅ អឌ្ឍគោលខាងជើងនៃផែនដី ការចំណាយលើការរស់នៅនឹងរឹតត្បិតជាងមុនទៀត ខណៈដែលថ្លៃសាំង និងឧស្ម័នហ្គាសកើនឡើង។ កម្មករ​ចេញធ្វើ​កូដកម្ម​ ក្នុង​វិស័យ​នានា​ ចាប់​ពី​ផ្នែក​ថែទាំ​សុខភាព​រហូត​ដល់​វិស័យ​អាកាសចរណ៍ ​ដើម្បី​ទាមទារ​ឱ្យ​តម្លើងប្រាក់​ឈ្នួល​សមស្របទៅតាម អតិផរណា។ ជាក់ស្ដែង ការធ្វើកូដកម្មនេះ គេឃើញមានកើតឡើងនៅតាមប្រទេសជឿនលឿនជាច្រើនរាប់តាំងពីអង់គ្លេស អាល្លឺម៉ង់ បារាំង និងកូរ៉េខាងត្បូងជាដើម។

សម្រាប់ប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដូចអាមេរិក បារាំង និងអាល្លឺម៉ង់ បានបញ្ចេញសាច់ប្រាក់រាប់ពាន់លាន សម្រាប់ជួយដល់ពលរដ្ឋ ខណៈអាមេរិកព្យាយាមតម្លើងអត្រាការប្រាក់គោលដើម្បីទប់អតិផរណា។ តែយ៉ាងណា​អ្នករងគ្រោះគឺប្រទេសក្រីក្រ ដែលពឹងលើការនាំចូល ខណៈដែលបច្ចុប្បន្នស្បៀងអាហារកំពុងឡើងថ្លៃជាបន្ដបន្ទាប់។

សូមជម្រាបថា កម្មវិធីស្បៀងអាហារពិភពលោកប៉ាន់​ប្រមាណ​ថា មនុស្ស៧០លាននាក់បន្ថែមទៀតនៅទូទាំងពិភពលោកកំពុងខិតទៅរក ភាពអត់ឃ្លានចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅអ៊ុយក្រែនមក ជាអ្វីដែលគេបានចាត់ទុកថា ជារលកយក្សស៊ូណាមិនៃភាពអត់ឃ្លាន។

ធនាគារកណ្តាលនៅជុំវិញញពិភពលោកបានចាប់ផ្តើមការដំឡើងអត្រាការប្រាក់យ៉ាងគំហុក ដើម្បីកាត់បន្ថយអតិផរណា។ នៅឆ្នាំក្រោយ ​មូលនិធិរូបិយវត្ថុអន្តរជាតិ​រំពឹងថា អតិផរណាពិភពលោកនឹងធ្លាក់ចុះមកត្រឹម ៤,៧% ពោលគឺតិចជាងពាក់កណ្តាលនៃកម្រិតបច្ចុប្បន្ន​៕




អត្ថបទបន្ទាប់


ក្រោយពីតម្លៃជ្រូកធ្លាក់ចុះខ្លាំង ក្រសួងពាក់ព័ន្ធនឹងបើកកិច្ចប្រជុំអន្តរក្រសួងដើម្បីស្វែងរកដំណោះស្រាយ

ព័ត៌មាន
ក្រោយពិនិត្យឃើញថា នៅក្នុងរយៈពេល ០២ខែចុងក្រោយនេះ ថ្លៃជ្រូករស់ក្នុងស្រុកមានការធ្លាក់ចុះខ្លាំង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានស្នើឱ្យរដ្ឋមន្ត្…

តើសហរដ្ឋអាមេរិកសម្រេចដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតអ្វីខ្លះទៅលើរុស្ស៊ី និងចិន?

ព័ត៌មាន
មន្ត្រីអាមេរិកពីររូបបានទម្លាយប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៩ ខែធ្នូនេះថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី និងចិន ដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ